រដ្ឋបាលខេត្តព្រះសីហនុ ព្រមានចាត់វិធានការតាមផ្លូវច្បាប់ទៅលើអ្នកជាប់ពាក់ព័ន្ធ ឬនៅពីក្រោយបទល្មើសលួចកាប់ទន្ទ្រានដីព្រៃឈើដែលរដ្ឋាភិបាលបម្រុងទុកជាឧទ្យានជាតិនៅលើកោះរ៉ុង។
មន្ត្រីសង្គមស៊ីវិលសាទរចំពោះសារព្រមានផ្លូវច្បាប់របស់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីថែរក្សា និងអភិរក្សព្រៃឈើនៅលើកោះរ៉ុង ឲ្យបានគង់វង្សនៅថ្ងៃអនាគត។
ក្រោយពីបានចុះពិនិត្យជាក់ស្ដែងនៅតាមមូលដ្ឋានមួយចំនួននៅលើកោះរ៉ុង រួចមក អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានប្រកាសធ្វើសន្និសីទកាសែតភ្លាមៗ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ដោយស្នើដល់ប្រតិបត្តិករទេសចរណ៍ ពិសេសប្រជាពលរដ្ឋទាំងអស់ដែលមានលំនៅឋាននៅក្នុងមូលដ្ឋាននេះ ឲ្យចូលរួមសហការថែរក្សាការពារព្រៃឈើ នៅលើកោះរ៉ុង ឲ្យបានគង់វង្សទាំងអស់គ្នា ទោះដីធ្លីដែលមានដុះព្រៃឈើទាំងនោះ ស្ថិតនៅក្នុងចំណែកក្បាលដីដែលរដ្ឋាភិបាល ឬមន្ត្រីជំនាញចុះវាស់កាត់ឆ្វៀលផ្ដល់ជូនប្រើប្រាស់ស្របច្បាប់បែបណាក្តី។
លោកពន្យល់ថា ព្រៃឈើ និងតំបន់ឆ្នេរនៅលើកោះរ៉ុង គឺជាសក្ដានុពលដ៏សំខាន់សម្រាប់ទាក់ទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍ឲ្យចូលមកទស្សនាតំបន់កោះ ប៉ុន្តែលោកថា បើព្រៃឈើត្រូវរលាយហិនហោច ទេសចរនឹងលែងចាប់អារម្មណ៍ចូលទៅកម្សាន្តតាមតំបន់កោះទៀតទេនៅថ្ងៃអនាគត។
លោក យន្ត មីន បញ្ជាក់ថា នៅថ្ងៃខាងមុខ ប្រសិនបើប្រជាពលរដ្ឋ ឬប្រតិបត្តិករទេសចរណ៍ត្រូវការកាប់ដើមឈើដែលដុះនៅលើចំណែកក្បាលដីរៀងៗខ្លួន សម្រាប់ធ្វើការអភិវឌ្ឍអ្វីមួយគឺស្នើឲ្យប្រជាពលរដ្ឋត្រូវជូនដំណឹង ឬសុំការអនុញ្ញាតពីអាជ្ញាធរស្ថាប័នពាក់ព័ន្ធជាមុន បើមិនមិនដូច្នេះទេនឹងប្រឈមមុខច្បាប់ធ្ងន់ធ្ងរ៖ «សុំឲ្យបងប្អូនប្រជាពលរដ្ឋយើងរួមសហការគ្នាជាមួយរដ្ឋបាលខេត្តព្រះសីហនុ យើងការពារព្រៃឈើ ហើយបើព្រៃឈើទាំងនោះ ស្ថិតក្នុងដីរបស់ខ្លួនក៏ត្រូវជួយការពារទុក ដើម្បីជួយការពារបរិស្ថាននៅតំបន់នោះ និងជួយដល់តម្លៃដីមានកើនខ្ពស់ ពីព្រោះដីធ្លីនៅលើកោះរ៉ុង អាដីមានព្រៃឈើ និងដីគ្មានព្រៃឈើ ខ្ញុំជឿថា ដីមានព្រៃឈើ គឺពលរដ្ឋអាចលក់បានតម្លៃខ្ពស់ជាដីមិនមានព្រៃឈើទៅទៀត។ ឥឡូវនេះ និន្នាការពិភពលោក គឺគេងាកមកការពារព្រៃឈើ និងបរិស្ថានអស់ហើយ បើយើងការពារព្រៃឈើនៅលើកោះរ៉ុងបាន គឺចំណេញទាំងបានជួយការពារបរិស្ថាន និងចំណេញដល់សេដ្ឋកិច្ចថែមទៀត»។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បដិសេធថា ដីព្រៃឈើធម្មជាតិមានដើមធំៗ ដែលរដ្ឋាភិបាលត្រៀមបម្រុងដាក់បញ្ចូលជាឧទ្យានជាតិកោះរ៉ុង គឺមិនមានសកម្មភាពកាប់បំផ្លាញព្រៃឈើកើតឡើងនោះទេ ប៉ុន្តែទទួលស្គាល់ថា មានការកាប់រានព្រៃរបោះមានដើមឈើតូចៗ នៅលើចំណែកក្បាលដីរបស់ប្រជាពលរដ្ឋ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចសម្បទានកាត់ឆ្វៀលជូនប្រជាពលរដ្ឋប្រើប្រាស់ស្របច្បាប់ដើម្បីអភិរក្សមូលដ្ឋានរបស់ពួកគាត់នៅតាមភូមិមួយចំនួន។
លោក យន្ត មីន បញ្ជាក់បន្ថែមថា ទៅថ្ងៃអនាគត រដ្ឋាភិបាល ឬមន្ត្រីជំនាញក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងលែងចុះមកកាត់ឆ្វៀលដីផ្ដល់ជូនប្រជាពលរដ្ឋនៅលើកោះរ៉ុង ទៀតហើយ។ ដូច្នេះស្នើឲ្យអ្នកជាប់ពាក់ព័ន្ធការប៉ុនប៉ងលួចកាប់រានដីព្រៃធ្វើកម្មសិទ្ធិ ត្រូវបញ្ឈប់សកម្មភាពកាប់ និងដុតព្រៃរានយកដីនៅលើកោះរ៉ុង ទៀតអី និងងាកមករួមសហការគ្នាជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីការពារ និងអភិរក្សព្រៃឈើនៅលើកោះរ៉ុង ឲ្យបានទាំងអស់គ្នាសម្រាប់ទាក់ទាញកំណើនភ្ញៀវទេសចរឲ្យចូលមកទស្សនាមូលដ្ឋាននេះ៖ «សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានជាប់ពាក់ព័ន្ធដីធ្លីនៅលើកោះរ៉ុង ទាំងអស់គ្នា គឺត្រូវរួមគ្នាការពារព្រៃឈើ ហើយបើចាំបាច់ត្រូវកាប់ព្រៃឈើ ឬចាំបាច់អភិវឌ្ឍនៅលើដីលើកោះរ៉ុង ត្រូវសុំច្បាប់មកអាជ្ញាធរ»។

យ៉ាងនេះក្តី តំណាងក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប (Royal Group) លោក ឈុន ប៊ុនថា នៅតែទទូចឲ្យអាជ្ញាធរបន្ថែមកម្លាំងសមត្ថកិច្ចជំនាញមករួមសហការជាមួយក្រុមហ៊ុនឲ្យបានច្រើននាក់ទៀត ដើម្បីរួមគ្នាចុះល្បាតទប់ស្កាត់សកម្មភាពកាប់បំផ្លាញព្រៃឈើនៅលើកោះរ៉ុង ឲ្យមានប្រសិទ្ធភាព។ ជាងនេះរដ្ឋបាលខេត្តព្រះសីហនុ ក៏ត្រូវជួយទប់ស្កាត់សំណង់អនាធិបតេយ្យ ដែលបានមកសាងសង់ខុសច្បាប់បានចូលមកសង់នៅលើដីព្រៃកាប់រានថ្មីៗ នៅតាមមូលដ្ឋានមួយចំនួន មានភូមិកោះតូច ភូមិដើមស្វាយ ភូមិដើមថ្កូវ និងភូមិសុខសាន្ត នៃសង្កាត់កោះរ៉ុង។
តំណាងឲ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាអគ្គនាយកដែលក្រុមហ៊ុននេះទទួលបានដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍រយៈពេលវែងនៅលើកោះរ៉ុង។
លោក ឈុន ប៊ុនថា អះអាងថា បើរដ្ឋបាលខេត្តព្រះសីហនុ និងមន្ត្រីស្ថាប័នពាក់ព័ន្ធមិនរួមសហការគ្នាទប់ស្កាត់សកម្មភាពលួចកាប់ព្រៃឈើឲ្យមានប្រសិទ្ធភាពទេ លោកបារម្ភខ្លាចទៅថ្ងៃអនាគតភ្ញៀវទេសចរ ពិសេសភ្ញៀវអន្តរជាតិនឹងលែងចាប់អារម្មណ៍ និងឈប់ចូលមកកម្សាន្តកោះរ៉ុង តទៅទៀតទេ៖ «ខ្ញុំតំណាងឲ្យក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប តាំងពីឆ្នាំ២០០៨ មក ហើយខ្ញុំសង្កេតឃើញថា ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ គឺសម្រស់ធម្មជាតិនៅលើកោះរ៉ុង មានសោភណភាពស្រស់ស្អាតមែនទែន គឺមិនត្រឹមមានឆ្នេរខ្សាច់ស្រស់ស្អាតទេ សូម្បីតែព្រៃប្រឹក្សានៅលើកោះ ក៏ស្រស់បំព្រងដែរ។ ប៉ុន្តែដោយមានការកាប់ទន្ទ្រានព្រៃក្នុងរយៈពេលខ្លី ក្នុងអំឡុងពេលដែលអាជ្ញាធរថ្នាក់ជាតិបានចុះមកវាស់វែងកាត់ឆ្វៀលដីតាមរូបមន្តស្បែកខ្លាជូនប្រជាពលរដ្ឋ នៅលើសង្កាត់កោះរ៉ុង រួចមកព្រៃឈើនៅលើកោះរ៉ុង ក៏ត្រូវបានបំផ្លាញពីសំណាក់ជនមានអំណាច និងអ្នកមានទ្រព្យមួយចំនួនលួចឃុបឃិតកាប់រានដីព្រៃធ្វើកម្មសិទ្ធិឯកជនអនាធិបតេយ្យកើតឡើង»។
អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី ដែលធ្លាប់ចុះទៅពិនិត្យផ្ទាល់នៅតាមភូមិខ្លះ នៅលើសង្កាត់កោះរ៉ុង កាលពីពេលថ្មីៗ។ អ្នកស្រីស្នើដល់រដ្ឋបាលខេត្តនេះ ត្រូវបន្ថែមកម្លាំងមន្ត្រីជំនាញចុះឃ្លាំមើលសកម្មភាពកាប់ព្រៃឈើធម្មជាតិ នៅលើកោះរ៉ុង ឲ្យបានជាប្រចាំ និងត្រូវផ្ដល់មធ្យោបាយធ្វើដំណើរចុះល្បាតព្រៃ និងជួយផ្គត់ផ្គង់ចំណីអាហារដល់មន្ត្រីជំនាញទាំងនោះឲ្យបានគ្រប់គ្រាន់ ដើម្បីឲ្យផែនការការពារព្រៃឈើនៅលើកោះរ៉ុង ទទួលបានលទ្ធផលល្អ។
អ្នកស្រី សុធារី បន្ថែមថា ការកាប់ព្រៃឈើ ទោះនៅលើចំណែកក្បាលដីដែលរដ្ឋាភិបាលបានកាត់ឆ្វៀលដើម្បីប្រើប្រាស់ស្របច្បាប់ក្តី ឬមិនទាន់ស្របច្បាប់ក្ដី គឺម្ចាស់កាន់កាប់នីមួយៗ មិនត្រូវកាប់ឆ្ការព្រៃឈើ ដែលដុះនៅលើដីទាំងនោះចោលទេ ព្រោះព្រៃឈើជាប្រភពទឹក ហើយអាចជួយការពារកម្ដៅថ្ងៃ ឬប្រែប្រួលអាកាសធាតុនានា និងជាពិសេសព្រៃឈើ គឺជាប្រភពទាក់ទាញកំណើនភ្ញៀវទេសចរឲ្យចូលមកទស្សនាកោះរ៉ុង។
កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានសម្រេចបង្កើតតំបន់ការពារធម្មជាតិចំនួន ៣បន្ថែមទៀត នៅខេត្តព្រះសីហនុ និងខេត្តព្រះវិហារ ត្រូវរៀបចំដាក់ជាឧទ្យានជាតិរួមមាន ឧទ្យានជាតិកោះរ៉ុង តំបន់អភិរក្សទឹកសាបបឹងព្រែកទប់ ខេត្តព្រះសីហនុ និងតំបន់បេតិកភណ្ឌភ្នំត្បែង ខេត្តព្រះវិហារ ឲ្យក្លាយជាឧទ្យានជាតិ។
នាយកទីចាត់ការអន្តរវិស័យសាលាខេត្តព្រះសីហនុ លោក នួន ប៊ុនថុល មានប្រសាសន៍ថា ចំនួនផ្ទៃដីសរុបទាំងផ្ទៃដីដែលរដ្ឋាភិបាលបានកាត់ឆ្វៀលជូនប្រជាពលរដ្ឋកាន់កាប់ និងដីព្រៃឈើនៅលើកោះរ៉ុង ទាំងអស់សរុបមានចំនួនជិត ១ម៉ឺនហិកតារ។ ក្នុងនោះដីព្រៃឈើការពារអភិរក្សប្រមាណ ២.៦០០ហិកតារ ត្រូវរាជរដ្ឋាភិបាលត្រៀមបម្រុងដាក់បញ្ចូលឲ្យក្លាយជាឧទ្យានជាតិកោះរ៉ុង ដែលមិនអាចឲ្យផ្នែកពាក់ព័ន្ធទន្ទ្រានកាប់រានធ្វើកម្មសិទ្ធិជាដាច់ខាត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។