មន្ត្រីបរិស្ថានខេត្តកំពង់ធំ លើកឡើងថា បទល្មើសកាប់បំផ្លាញឈើនៅពេលថ្ងៃក្នុងតំបន់ព្រៃឡង់ គឺស្ទើរតែលែងកើតមាន ប៉ុន្តែក្រុមជនល្មើសប្ដូរធ្វើសកម្មភាពនៅពេលយប់ជំនួសវិញ។ សកម្មភាពបទល្មើសកើតមាននៅពេលយប់ គឺបង្កការលំបាកដល់មន្ត្រីជំនាញក្នុងការបង្ក្រាប ប៉ុន្តែមន្ត្រីបរិស្ថាននឹងចាត់វិធានការលើក្រុមជនល្មើសបន្ថែមទៀត។ ប្រជាសហគមន៍ការពារព្រៃឡង់ ខេត្តកំពង់ធំ មើលឃើញថា បទល្មើសពិតជាថយចុះច្រើនគួរឱ្យកត់សម្គាល់។
ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ រកឃើញថា ពលរដ្ឋដែលនាំគ្នាចូលទៅកាប់នឹងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃជម្រកសត្វ គឺមានមេខ្លោងជាអ្នកជួលពួកគាត់ឱ្យចូលទៅកាប់ឈើទាំងនោះ។ ពលរដ្ឋដែលមន្ត្រីជំនាញចាប់បានឆ្លើយថា ថៅកែរបស់ខ្លួនដែលរស់នៅស្រុកសណ្ដាន់ មិនតម្រូវឱ្យធ្វើសកម្មភាពនៅពេលថ្ងៃទៀតទេ ដោយសារមានការចុះល្បាតជាប្រចាំពីសំណាក់មន្ត្រីជំនាញ ហើយប្ដូរទៅធ្វើសកម្មភាពនៅពេលយប់វិញ។
ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ លោក តុប កក្កដា មានប្រសាសន៍នៅថ្ងៃទី២២ ខែកុម្ភៈ ថា នៅក្នុងភូមិសាស្ត្រព្រៃឡង់ នៅខេត្តកំពង់ធំ បទល្មើសកាប់ និងដឹកជញ្ជូនឈើ គឺថយចុះច្រើន។ ការថយចុះនេះ ក្រោយពេលតំបន់ព្រៃឡង់ ត្រូវបានរាជរដ្ឋាភិបាលដាក់ចូលជាតំបន់ព្រៃជម្រកសត្វ ពិសេសចាប់តាំងពីមន្ត្រីបរិស្ថានបានរៀបចំកម្លាំងពិសេស សម្រាប់ចុះល្បាតនៅកណ្ដាលព្រៃទាំងយប់ទាំងថ្ងៃកាលពីចុងខែធ្នូ ឆ្នាំ២០១៦។
លោកមានជំនឿថា បទល្មើសគឺកាន់តែថយចុះថែមទៀត ប្រសិនបើតុលាការស៊ើបអង្កេតរកមេខ្លោង ឬថៅកែរបស់ពលរដ្ឋ ដែលចូលទៅកាប់ឈើនៅតំបន់ព្រៃឡង់ឃើញ ហើយផ្ដន្ទាទោសតាមច្បាប់ដោយគ្មានការយោគយល់។ ជាមួយគ្នានេះ លោកស្នើឱ្យប្រជាពលរដ្ឋបញ្ឈប់របរស៊ីឈ្នួលកាប់ឈើឱ្យឈ្មួញបន្តទៀត៖ «អាជ្ញាធរស្ថាប័នច្បាប់ហ្នឹងឯង អនុវត្តឱ្យមានវិធានការតឹងរ៉ឹងទៅលើថៅកែដែលកម្មករបានឆ្លើយហើយ»។
មន្ត្រីបរិស្ថានដដែលបញ្ជាក់ថា ចាប់តាំងដើមខែមករា ឆ្នាំ២០១៧ មក មន្ត្រីជំនាញបង្ក្រាបបទល្មើសបានជាច្រើនករណី ដូចជា ដកហូតម៉ាស៊ីនអារឈើចំនួន ៦៦គ្រឿង ចាប់ជនសង្ស័យបញ្ជូនទៅតុលាការចំនួន ៣នាក់ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពចូលទៅកាប់ឈើនៅតំបន់ព្រៃការពារ ចំនួន ២៧នាក់។ លើសពីនេះ ដកហូតឈើជាង ២០ម៉ែត្រគូប ដកហូតអន្ទាក់ដាក់សត្វជាង ៥០ខ្សែ ព្រមទាំងអាវុធកែច្នៃមួយចំនួនផង។
សកម្មជនការពារព្រៃឡង់ ស្រុកសណ្ដាន់ លោក ហឿន សុភាព មានប្រសាសន៍ថា បទល្មើសនៅតំបន់ព្រៃជម្រកសត្វគឺពិតជាថយចុះមែន ប៉ុន្តែពេលយប់ឮសំឡេងរណាយន្តមួយចំនួននៅក្នុងព្រៃ ខណៈប្រជាសហគមន៍ចុះល្បាតកាលពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ កុម្ភៈ ថ្មីៗនេះ។ លោកបន្តថា ពេលចុះល្បាតប្រជាសហគមន៍ប្រទះឃើញកំណាត់ឈើជាង ១០កំណាត់ និងឃើញដីចម្ការដែលទើបកាប់រានថ្មីចំនួនពីរកន្លែង ដែលមានទំហំប្រហែល ៥ហិកតារ។ លោកថា មូលហេតុនាំឲ្យបទល្មើសថយចុះ គឺដោយសារការអនុវត្តច្បាប់ និងការខិតខំប្រឹងប្រែងពីសំណាក់មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងសកម្មភាពចុះល្បាតរបស់ប្រជាសហគមន៍ជាដើម។ ប្រភពដដែលយល់ថា ការចាប់ខ្លួនពលរដ្ឋស៊ីឈ្នួលមួយចំនួន គឺដើម្បីឈានទៅចាប់ថៅកែ ឬមេខ្លោងដែលនៅពីក្រោយខ្នងកម្មករស៊ីឈ្នួលកាប់ឈើទាំងនោះ៖ «យើងចង់ឱ្យមានការអនុវត្តច្បាប់ឱ្យបានស្មើភាពគ្នា។ បានន័យថា ទាំងអ្នកក្រ ទាំងអ្នកមាន ទាំងមន្ត្រីធំៗ ហ្នឹងគឺសូមឱ្យធ្វើដូចគ្នា»។
ព្រៃឡង់ត្រូវបានរាជរដ្ឋាភិបាលសម្រេចដាក់ជាតំបន់ព្រៃជម្រកសត្វ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ដោយមានទំហំផ្ទៃដីសរុបជាង ៤៣ម៉ឺនហិកតារ គ្របដណ្ដប់លើខេត្តចំនួន៤ គឺខេត្តព្រះវិហារ ខេត្តកំពង់ធំ ក្រចេះ និងខេត្តស្ទឹងត្រែង។
អ្នកសម្របសម្រួលលេខាធិការដ្ឋានបណ្ដាញការពារព្រៃឡង់ លោក សេង សុខហេង បញ្ជាក់ថា ស្ថានភាពបទល្មើសនៅទឹកដីខេត្តកំពង់ធំ គឺថយចុះគួរឱ្យកត់សម្គាល់ ប៉ុន្តែតំបន់ផ្សេងទៀត បទល្មើសគឺនៅតែកើតមានដដែល ដោយគ្រាន់តែជាការប្ដូររូបភាពពីការដឹកជញ្ជូនតាមរថយន្តធំៗ មកតាមរយៈគោយន្តច្នៃ ឬដឹកដោយម៉ូតូជំនួសវិញ។
លោកយល់ថា ដើម្បីឱ្យស្ថានភាពបទល្មើសកាន់តែថយចុះជាងនេះទៀត ស្ថាប័នពាក់ព័ន្ធ ពិសេសតុលាការត្រូវស៊ើបអង្កេតរកអ្នកនៅពីក្រោយខ្នងប្រជាពលរដ្ឋ និងផ្ដន្ទាទោសតាមច្បាប់ ពីព្រោះបទល្មើសកន្លងមក គឺជាប់ពាក់ព័ន្ធមន្ត្រីអាជ្ញាធរមួយចំនួនរហូតដល់មន្ត្រីឧកញ៉ាខ្លះ និងមន្ត្រីក្នុងជួររដ្ឋាភិបាលធំៗមួយចំនួនថែមទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។