អាជ្ញាធរ​មូលដ្ឋាន​និង​ប្រធាន​សហគមន៍​នៅ​រតនគិរី​រង​ការ​ចោទ​ថា​ឃុបឃិត​គ្នា​ឈូស​ឆាយ​ដី​ព្រៃ​អភិរក្ស

0:00 / 0:00

ពលរដ្ឋ​រស់នៅ​ភូមិ​កែងសាន់ ឃុំ​សេដា ស្រុក​លំផាត់ ខែត្រ​រតនគិរី ចោទ​មេ​ភូមិ មេ​ឃុំ ប្រធាន​សហគមន៍ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ថា បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍​ជាង ៥០០​ហិកតារ។ អ្នក​ភូមិ​កែងសាន់ មួយ​ចំនួន បាន​ផ្ដិត​មេដៃ​ប្ដឹង​អាជ្ញាធរ​ភូមិ-​ឃុំ មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​ប្រធាន​សហគមន៍​ទៅ​ស្ថាប័ន​អយ្យការ​ខែត្រ​រតនគិរី ពី​បទ​អនុគ្រោះ​ឲ្យ​កើត​មាន​បទល្មើស​ព្រៃ​ឈើ​នៅ​តំបន់​អភិរក្ស។

​អ្នក​ភូមិ​កែងសាន់ មួយ​ចំនួន​ដែល​បាន​ផ្ដិត​មេដៃ​ប្ដឹង​អាជ្ញាធរ​មូលដ្ឋាន ប្រធាន​សហគមន៍ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ រំពឹង​ថា តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ដល់​សហគមន៍​ដែល​រងគ្រោះ​ដោយសារ​ការ​បាត់បង់​ធនធាន​ធម្មជាតិ ដែល​អាជ្ញាធរ​មូលដ្ឋាន​ធ្វើ​មិន​ដឹង​មិន​ឮ និង​ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍ ដើម្បី​បម្លែង​ជា​សម្បត្តិ​បុគ្គល។

​ពលរដ្ឋ​រស់​នៅ​ភូមិ​កែងសាន់ ឃុំ​សេដា ស្រុក​លំផាត់ លោក ស្រូត មុត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ ខែ​មករា ថា អ្នក​ភូមិ​មាន​ភស្តុតាង​ជាក់លាក់​ដែល​បញ្ជាក់​ថា ដី​ព្រៃ​សហគមន៍​នៅ​ចំណុច​អូរ​បោក និង បឹងរំចក ឋិត​ក្នុង​ឃុំ​សេដា ស្រុក​លំផាត់ ជាង ៥០០​ហិកតារ ត្រូវ​ឈ្មួញ​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ និង​មន្ត្រី​ជំនាញ​យក​គ្រឿងចក្រ​ឈូស​ឆាយ​ឲ្យ​ក្លាយ​ជា​វាល។ លោក​ថា ទីតាំង​ឈូស​ឆាយ​ដែល​អ្នក​ភូមិ​ប្រទះ​ឃើញ គឺ​មាន​គំនរ​ឈើ​ជា​ច្រើន​ម៉ែត្រ​គូប​នៅ​មិន​ទាន់​ដុត​កម្ទេច​ចោល នៅ​គ្រា​ដែល​គំនរ​ឈើ​មួយ​ចំនួន​ធំ​ត្រូវ​គេ​ដុត​កម្ទេច​ចោល​ដើម្បី​បំបាត់​ភស្តុតាង។

លោក​បញ្ជាក់​ថា អ្នក​ភូមិ​ប្រទះ​ឃើញ​គ្រឿងចក្រ​ច្រើន​គ្រឿង​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍​នោះ ហើយ​បាន​រាយការណ៍​ទៅ​មេ​ភូមិ និង​មេឃុំ ក៏ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន មិន​ចាត់​វិធាន​នោះ​ទេ៖ «សួរ​មេ​ភូមិ អាជ្ញាធរ ថា​នរណា​ឈូស​ឆាយ​ដី​ព្រៃ​ហ្នឹង? គាត់​ថា មិន​ដឹង​ទេ។ ពួក​ខ្ញុំ​ទៅ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ពេល​ដែល​ឈប់​ស្កាត់​ហើយ អ្នក​ប្រព្រឹត្ត និង​ពួក​ឈូស​ឆាយ​ហ្នឹង​គាត់​ថា មេ​ភូមិ និង​មេ​ឃុំ​ឲ្យ​ខ្ញុំ​ហើយ​ដី​ហ្នឹង​មាន​ប្លង់ ដល់​ខ្ញុំ​សុំ​មើល​ទៅ​មាន​ប្លង់​មែន»

ព្រៃ​សហគមន៍​ភូមិ​កែងសាន់ គឺ​ជា​ផ្នែក​មួយ​នៃ​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ មាន​ផ្ទៃដី​ជាង ៤​ពាន់​ហិកតារ ដែល​ពលរដ្ឋ​នៅ​តំបន់​នោះ ដាក់​ពាក្យ​ស្នើ​សុំ​អាជ្ញាធរ​ខែត្រ និង​ក្រសួង​សាមី ដើម្បី​ចុះ​បញ្ជី​ជា​ព្រៃ​អភិរក្ស​របស់​សហគមន៍​តែ​ពុំ​ទាន់​ឆ្លើយ​តប។

កាល​ពី​ខែ​តុលា ឆ្នាំ​២០១៧ តំណាង​ពលរដ្ឋ​ភូមិ​កែងសាន់ មួយ​ចំនួន និង​មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​អាដហុក បាន​ដាក់​ពាក្យ​ប្ដឹង​ករណី​នេះ​ទៅ​ស្ថាប័ន​អយ្យការ​សាលាដំបូង​ខែត្រ​រតនគិរី ដោយ​ចោទ​មេ​ឃុំ អភិបាល​ស្រុក​លំផាត់ និង​មន្ត្រី​ជំនាញ ១០​នាក់ ពី​បទ​អនុគ្រោះ​ឲ្យ​កើត​មាន​បទល្មើស​ព្រៃឈើ​នៅ​ព្រៃ​សហគមន៍​ភូមិ​កែងសាន់។ មក​ទល់​ពេល​នេះ សំណុំ​រឿង​នេះ​ឋិត​ក្នុង​ការ​ស៊ើបអង្កេត​របស់​តំណាង​អយ្យការ​នៅ​ឡើយ។

អាស៊ីសេរី មិន​អាច​ទាក់ទង​មេ​ឃុំ​សេដា លោក អង់ ប៊ុនធៀង ដើម្បី​សុំ​ការ​បញ្ជាក់​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២ ខែ​មករា ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។ តែ​លោក អង់ ប៊ុនធៀង ធ្លាប់​បញ្ជាក់​ថា អាជ្ញាធរ​មិន​ជាប់​ពាក់ព័ន្ធ​កាប់​រាន​ព្រៃ​នោះ​ទេ។ លោក​ថា ពលរដ្ឋ​នៅ​មូលដ្ឋាន​បាន​ស៊ី​ឈ្នួល​កាប់​រាន​ឲ្យ​ឈ្មួញ ឋិត​ក្នុង​តំបន់​ព្រៃ​អភិរក្ស តែ​បច្ចុប្បន្ន​បាន​ដោះស្រាយ​រួច​អស់​ហើយ។ ចំណែក​ឯ​ឈ្មួញ​ក៏​បញ្ឈប់​ទិញ​ដី​នៅ​តំបន់​នោះ​ដែរ ដោយសារ​ដី​នោះ​ឋិត​ក្នុង​តំបន់​ព្រៃ​ការពារ និង​ព្រៃ​សហគមន៍៖ «អត់​មាន​អី​ទេ រឿង​ព្រៃ​តាំង​ពី​មុន ឥឡូវ​នេះ​ព្រៃ​ហ្នឹង​គ្មាន​ពី​ណា​កាប់​ទេ»

មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ នៃ​សមាគម​អាដហុក ខែត្រ​រតនគិរី លោក ឌិន ខន្នី ដែល​ចុះ​អង្កេត​រឿង​នេះ​សង្ឃឹម​ថា តុលាការ​រតនគិរី នឹង​ផ្ដល់​យុត្តិធម៌​ជូន​ពលរដ្ឋ និង​ស៊ើប​អង្កេត​រឿង​នេះ​ឲ្យ​គ្រប់​ជ្រុងជ្រោយ ដ្បិត​សំណុំ​រឿង​នេះ​មិន​ពិបាក​រក​ភស្តុតាង​នោះ​ទេ ព្រោះ​សហគមន៍​បាន​កំណត់​អត្តសញ្ញាណ​អ្នក​ភូមិ​ដែល​ជា​អ្នក​ស៊ី​ឈ្នួល​កាប់​រាន​ព្រៃ​នេះ និង​អ្នក​ប្រព្រឹត្ត។

លោក​បញ្ជាក់​ថា ដី​ព្រៃ​ជាង ៥០០​ហិកតារ ឋិត​ក្នុង​តំបន់​ព្រៃ​សហគមន៍ ដែល​ឈ្មួញ​កាប់​រាន​យក​ធ្វើ​ជា​កម្មសិទ្ធិ គឺ​ជា​ភស្តុតាង​សំខាន់​មួយ​ដែល​អាច​បញ្ជាក់​បាន​ថា ឈ្មួញ និង​អាជ្ញាធរ​បាន​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ៖ «ខ្ញុំ​នៅតែ​សង្ឃឹម​ដដែល សំណូមពរ​ឲ្យ​តុលាការ​ពន្លឿន​នីតិវិធី​ដែល​ពលរដ្ឋ​បាន​ប្តឹង​បរិហារ​ផ្លូវ​ការ​ទៅ​កាន់​តុលាការ​ខែត្រ​រតនគិរី ហើយ​សង្ឃឹម​ថា ពលរដ្ឋ​ដដែល​ទៀត​គាត់​នឹង​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​ចូលរួម​ដាក់​បណ្ដឹង​បរិហារ​ការ​ដែល​មិន​ចូលរួម​ទប់ស្កាត់​បទល្មើស​ព្រៃឈើ»

​សហគមន៍​ឲ្យ​ដឹង​ទៀត​ថា សកម្មភាព​កាប់​រាន​ដី​ព្រៃ ពុំ​មែន​តែ​កើត​មាន​ឡើង​តែ​ភូមិ​កែងសាន់ នោះ​ទេ ព្រៃ​នៅ​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ក៏​មាន​សេចក្ដី​រាយការណ៍​មក​ថា ចលនា​កាប់​រាន​ដី​ព្រៃ​ធ្វើ​ជា​សម្បត្តិ​ឯកជន ក៏​កំពុង​រាលដាល​ខ្លាំង​ឡើង បណ្ដាល​ឲ្យ​ព្រៃ​ឈើ​ដែល​ធ្លាប់​ជា​ម្លប់​បៃតង ឬ​ព្រៃស្រោង ក្លាយ​ជា​វាល​ក្ដៅ​ហួតហែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។