សហគមន៍​ចាប់​បញ្ជូន​កម្មករ​កាប់​រាន​ព្រៃ​ឈើ​និង​វត្ថុតាង​​​ទៅ​ប៉ូលិស

0:00 / 0:00

ព្រៃឈើ​នៅ​តំបន់​ជម្រក​សត្វព្រៃ​ភ្នំ​ណាំលា ក្នុង​ខេត្ត​មណ្ឌលគិរី នៅ​តែ​រង​ការ​កាប់​រាន​ខុសច្បាប់​ដើម្បី​យក​ដី បើ​ទោះ​បី​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន​ត្រូវ​បាន​ដាក់​ឲ្យ​ការពារ និង​អភិរក្ស​តំបន់​នោះ​យ៉ាង​ណា​ក្តី។ ក្រុម​សហគមន៍​ជនជាតិ​ដើម​ព្នង អ្នក​អភិរក្ស​ព្រៃឈើ​នៅ​តំបន់​នោះ បាន​ចុះ​ល្បាត​ព្រៃ​ជា​ញឹកញយ និង​បាន​អះអាង​ថា ព្រៃឈើ​ជិត ១០០​ហិកតារ​ហើយ​ត្រូវ​គេ​កាប់​រាន ប៉ុន្តែ​មន្ត្រី​ជំនាញ​មិន​អាច​បង្ក្រាប ឬ​ស្រាវជ្រាវ​រក​ជន​ពាក់ព័ន្ធ​ករណី​​នេះ​ឃើញ​នៅ​ឡើយ។

កម្មករ​ស៊ី​ឈ្នួល​កាប់​រាន​ព្រៃឈើ​ម្នាក់ និង​រណារ​យន្ត​កាត់​ឈើ​ពីរ​គ្រឿង ត្រូវ​បាន​សហគមន៍​ការពារ​ព្រៃ​ឈើ​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ឃាត់​ខ្លួន​បញ្ជូន​ទាំង​វត្ថុ​តាង​មក​សមត្ថកិច្ច​ប៉ូលិស។

ការ​ឃាត់​ខ្លួន​នេះ​ធ្វើ​ឡើង​កាល​ពីរ​សៀ​ស​ថ្ងៃ​ទី​២៦ ខែ​មេសា បន្ទាប់​ពី​សហគមន៍​ភូមិ​ពូលុ មួយ​ក្រុម​​​បាន​ល្បាត​ព្រៃ​ហើយ​ប្រទះ​ឃើញ​កម្មករ​ស៊ី​ឈ្នួល​ប្រមាណ ៥ ទៅ ៦​នាក់ កំពុង​អារ​រំលំ​ឈើ​ដោយ​​​ម៉ាស៊ីន​កាត់​ឈើ​នៅ​ចំណុច​ព្រៃ​កប់​សព​ភូមិ​ពូលុ ក្នុង​ព្រៃ​អភិរក្ស​ភ្នំ​ណាំលា។

​តំណាង​សហគមន៍​លោក ឃុត ចាន់រ៉ា រៀបរាប់​ថា នេះ​គឺជា​ជា​សកម្មភាព​លួច​អារ​រំលំ​ឈើ​ក្នុង​​​ព្រៃ​អភិរក្ស​បន្ថែម​ទៀត​ដែល​កម្មករ​ស៊ី​ឈ្នួល​អះអាង​ថា ពួកគេ​ត្រូវ​គេ​ជួយ​ពី​ខេត្ត​កំពង់ចាម ដើម្បី​មក​​​កាប់​រាន​ព្រៃឈើ​យក​ដី។ លោក​បន្ត​ថា ចាប់​ពី​ឆ្នាំ​២០១២ រហូត​បច្ចុប្បន្ន ព្រៃ​ឈើ​នៅ​តំបន់​នោះ​រង​ការ​កាប់​រាន ប៉ុន្តែ​សហគមន៍​មិន​អាច​ដឹង​ពី​អត្តសញ្ញាណ​ជន​ពាក់ព័ន្ធ និង​ឃាត់​ខ្លួន​ពួកគេ​បាន​ទាន់​​​ពេល​វេលា​នោះ​ទេ។

តំណាង​សហគមន៍​លោក ឃុត ចាន់រ៉ា៖ «មិន​ដឹង​កាប់​ជា​លក្ខណៈ​ក្រុមហ៊ុន ឬ​អ្នក​មាន​អំណាច​ណា​ឃុបឃិត​កាប់​ទន្ទ្រាន​ហ្នឹង។ ចាប់​បាន​ម្នាក់​ប៉ុន្មាន​នាក់​ទៀត​រត់​រួច។ សួរ​ទៅ​ថា​ស៊ីឈ្នួល​គេ សុភ័ក្រ បរិស្ថាន​រួច​នៅ​កន្លែង​ហ្នឹង​​អត់​មាន​ឈ្មោះ សុភ័ក្រ បរិស្ថាន​ទេ»

កម្មករ​ស៊ី​ឈ្នួល​ដែល​សហគមន៍​ឃាត់​ខ្លួន​មាន​ឈ្មោះ ទី ហេង រស់​នៅ​ភូមិ​ទួលកណ្តាល ឃុំ​ពពេល ស្រុក​ពញាក្រែក ខែត្រ​កំពង់ចាម បញ្ជាក់​ថា ពួកគេ​មាន​គ្នា ៩​នាក់ ត្រូវ​បាន​មេការ​ឈ្មោះ ភ័ក្រ រស់​​​នៅ​ភូមិ​ជាមួយ​ជួល​មក​ធ្វើការ​នៅ​តំបន់​នោះ ហើយ​ក៏​ប្រើ​ឲ្យ​អារ​រំលំ​ឈើ​នោះ ក៏​ប៉ុន្តែ​ពួកគេ​មិន​ដឹង​ថា​នរណា​ជា​អ្នក​នៅ​ពី​ក្រោយ​មេការ​នោះ​ពិត​ប្រាកដ​ឡើយ។

កម្មករ ទី ហេង៖ «មុន​ដំបូង​ថា មក​ត្រាយព្រៃ​តិចៗ​ព្រៃ​ស្រឡះ​ដាំ​ដំឡូង​ដល់​នេះ​រំលំ​ព្រៃ​មួយ​ហិកតារ គាត់​ចុះ​ចាប់។ បាទ! ព្រៃធំ​ដែរ ព្រៃ​គេ​ត្រួស​ជើង​ក្រោម​រួច បើ​ជួល​មក​ហើយ ខ្ញុំ​ចេះ​តែ​កាប់​ស្មាន​តែ​ដី​គេ​ទិញ​អស់​ហើយ»

នាយ​ប៉ូលិស​ប៉ុស្តិ៍​ឃុំ​ប៊ូស្រា សួន សុភ័ក្រ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ពិស្ដារ​ជុំវិញ​ការ​ឃាត់​ខ្លួន​​​កម្មករ​នេះ​ទេ ក៏ប៉ុន្តែ​លោក​បញ្ជាក់​ខ្លី​ថា បាន​ប្រគល់​កម្មករ​ស៊ី​ឈ្នួល​នោះ​ទៅ​ឲ្យ​មន្ត្រី​មន្ទីរ​បរិស្ថាន​​​រួច​ហើយ នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា។

ចំណែក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី លោក ឈិត សុផល ទទួល​ស្គាល់​ថា មន្ត្រី​លោក​​​បាន​ទៅ​ទទួល​យក​កម្មករ​ស៊ី​ឈ្នួល​នៅ​ពី​ប៉ូលិស​ប៉ុស្តិ៍​ហើយ ប៉ុន្តែ​លោក​មិន​បាន​សាកសួរ​​ព័ត៌មាន​ជាក់លាក់​ជុំវិញ​រឿង​នេះ​នៅ​ឡើយ។ លោក​ទទួល​ស្គាល់​ថា ព្រៃ​អភិរក្ស​ពិតជា​ត្រូវ​បាន​គេ​លួច​​​កាប់​រាន ហើយ​ករណី​នេះ​អ្នក​ភូមិ​នៅ​តំបន់​នោះ​មួយ​ចំនួន​ក៏​មាន​ពាក់ព័ន្ធ​កាប់​រាន​ព្រៃ​នោះ​ដូច​គ្នា។

លោក ឈិត សុផល៖ «យើង​ពិនិត្យ​មើល​តើ​ករណី​ហ្នឹង វា​ប្រព្រឹត្ត​ឡើង​វា​សម​ទៅ​នឹង​លក្ខខណ្ឌ​នៃ​ច្បាប់​គឺ​យើង​ធ្វើ​ទៅ​តាម​​ហ្នឹង​ទៅ»

ទោះ​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា អះអាង​ថា សហគមន៍​បាន​ប្រឹងប្រែង​រួម​ចំណែក​ទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​ចាប់​បាន​​ជន​ពាក់ព័ន្ធ​បញ្ជូន​មក​សមត្ថកិច្ច​ដើម្បី​ស្រាវជ្រាវ​រក​អ្នក​នៅ​ពី​ក្រោយ​សកម្មភាព​ល្មើស​ច្បាប់​នេះ៖ «យើង​នឹង​ធ្វើ​ការ​ឃ្លាំមើល សង្ឃឹម​ថា​ខាង​មន្ត្រី​មន្ទីរ​បរិស្ថាន​នឹង​ធ្វើ​ការ​រឿង​ហ្នឹង​ទៅ​តាម​នីតិវិធី​ច្បាប់​​​ដោយ​គ្មាន​ការយោគយល់ ឬ​អត់ឱន​អ្វី​មួយ​ទេ។ សម្រាប់​ជា​គំរូ​មួយ​សម្រាប់​ជនល្មើស​ផ្សេង​​ទៀត​ចូល​ទៅ​ធ្វើ​បទល្មើស»

​ព្រៃឈើ​នៅ​តំបន់​ភ្នំ​ណាំលា មិន​មែន​មាន​តែ​សកម្មភាព​កាប់​រាន​ព្រៃ​យក​ដី​នោះ​ទេ កាលពី​ខែ​មីនា កន្លង​ទៅ​សហគមន៍​ធ្លាប់​ចាប់​បាន​ក្រុម​ជនជាតិ​វៀតណាម ១៥​នាក់ រួម​ជាមួយ​នឹង​វត្ថុតាង​រួម​មាន គោយន្ត​ច្នៃ​ចំនួន ៤​គ្រឿង រណា​យន្ត ៧​គ្រឿង កាំភ្លើង​ធុន អ៊ឹមសី (M16) ១​ដើម ម៉ូតូ ៩​គ្រឿង ​និង​ឈើ​គគីរ​កាត់​រួច​ប្រមាណ ៤​ម៉ែត្រ​គូប។ ករណី​នេះ​តុលាការ​បានសម្រេច​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​​​នៅ​ពន្ធនាគារ​ខេត្ត​រួច​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។