ពលរដ្ឋនៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង បារម្ភអំពីការកាប់ទន្ទ្រានដីព្រៃសហគមន៍ភ្នំជម្រកសត្វអស់រាបពាន់ហិកតារ។ សកម្មភាពកាប់ទន្ទ្រាននោះកើតឡើងចាប់តាំងពីដើមឆ្នាំ២០១៥ រហូតមក ដោយមានកម្មករជាច្រើនក្រុមបានបោះតង់ និងសង់ខ្ទមស្នាក់នៅក្នុងព្រៃសហគមន៍នោះ។
ពលរដ្ឋរស់នៅភូមិឆ្វាំង ឃុំសំអាង អះអាងថា មុនឆ្នាំ២០១៤ ព្រៃសហគមន៍ភ្នំជម្រកសត្វសំបូរព្រៃស្រោង ឬព្រៃក្រាស់ ហើយជាដែនជម្រកសត្វព្រៃច្រើនប្រភេទរស់នៅ តែបច្ចុប្បន្នកំពុងក្លាយទីវាលអស់មួយផ្នែកធំ ដែលត្រូវគ្រប់គ្រងជាសម្បត្តិឯកជន។ ពួកគេថា បើអាជ្ញាធររដ្ឋាភិបាល និងមន្ត្រីរដ្ឋបាលព្រៃឈើមិនអន្តរាគមន៍ឲ្យទាន់ពេលទេ ការបំផ្លាញព្រៃនេះនឹងកាន់តែរីកធំឡើងៗ។
ពលរដ្ឋរស់នៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ លោក អ៊ុក ម៉ៅ ឲ្យដឹងនៅថ្ងៃទី២១ កក្កដា ថា ក្រុមកម្មករចំណូលថ្មីបានសង់ខ្ទមជាង ១០ខ្ទម នៅបរិវេណដីព្រៃសហគមន៍ ដើម្បីកាប់ឆ្ការព្រៃធ្វើកសិកម្មចាប់ពីឆ្នាំ២០១៥ រហូតមក។ ក្រុមកម្មករទាំងនោះប្រើម៉ាស៊ីនអារឈើស្វ័យប្រវត្តិ ឬត្រង់ស៊ីន័រ កាប់រំលំដើមឈើធំៗ ហើយដុតចោលរួចដាំដំឡូងមី ស្វាយចន្ទី។
លោកថា មកទល់ពេលនេះ ការសម្រុកកាប់ទន្ទ្រាននេះអស់រាប់ពាន់ហិកតារហ៊ុមព័ទ្ធជុំវិញព្រៃសហគមន៍ត្រង់ចំណុចអូរឆ្កូត ត្រពាំងព្រៃ និងតំបន់ភ្នំធំ។ លោកសង្ស័យថា ការបណ្ដោយឲ្យកើតមានករណីនេះ អាចមានការឃុបឃិតជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងអាជ្ញាធរមូលដ្ឋានមួយចំនួន៖ «ទីមួយដូចខ្ញុំនិយាយអ៊ីចឹង បារម្ភសត្វព្រៃ ធម្មជាតិ តែអស់ព្រៃឈើ គឺមានខ្យល់ មានព្យុះហើយ អ៊ីចឹងបានសំណូមពរឲ្យជំនាញខាងហ្នឹង លោកជួយទប់ស្កាត់ផង បើលោកនៅតែឃុបឃិតជាមួយអ្នកមានលុយ មានអំណាច ប្រហែលជាក្មេងសារក្រោយបាត់បង់យ៉ាងច្រើន»។
អនុប្រធានសហគមន៍ភ្នំជម្រកសត្វ លោក ជ្រោង គង់ បញ្ជាក់ថា មន្ត្រីរដ្ឋបាលព្រៃឈើមិនឯកភាពឲ្យសហគមន៍ទប់ស្កាត់បទល្មើសព្រៃឈើដើម្បីអនុវត្តច្បាប់ទេ ត្រឹមតែជូនដំណឹងនៅមន្ត្រីជំនាញ តែនៅពេលសហគមន៍ប្រទះឃើញបទល្មើសផ្សេងៗក្នុងព្រៃសហគមន៍ បានរាយការណ៍ទៅមន្ត្រីរដ្ឋបាលព្រៃឈើ តែមន្ត្រីជំនាញមិនបានអន្តរាគមន៍ករណីនេះទាន់ពេលទេ បណ្ដាលឲ្យជលល្មើសគេចខ្លួនបាន។
លោកកត់សម្គាល់ថា ការបាត់បង់ព្រៃសហគមន៍នេះ គឺជាការមិនយកចិត្តទុកដាក់របស់មន្ត្រីរដ្ឋបាលព្រៃឈើ អាជ្ញាធរមូលដ្ឋាន និងភាពធូររលុងនៃការអនុវត្តច្បាប់៖ «ឲ្យមានសហគមន៍ការពារដីព្រៃសហគមន៍។ បើសិនមិនការពារដីនេះវាចេះតែខើចទៅៗ ជិតអស់ហើយ។ ខ្ញុំនឹកឃើញថា អាណិតកូនចៅជំនាន់ក្រោយ មិនអើពើដូចសព្វថ្ងៃនេះ ក្នុងព្រៃវាចេះតែទន្ទ្រានជិតអស់ហើយ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងនាយខណ្ឌរដ្ឋបាលព្រៃឈើ លោក ឈៀង តុលា ដើម្បីសុំការបំភ្លឺករណីនេះបានទេ នៅថ្ងៃទី២១ ខែកក្កដា ព្រោះទូរស័ព្ទចូលច្រើនដងពុំមានអ្នកទទួល។
ជំទប់ទី១ឃុំសំអាង លោក គាំ រាំសា ទទួលស្គាល់ថា ព្រៃសហគមន៍ភ្នំជម្រកសត្វមានការកាប់បំផ្លាញជាប្រព័ន្ធដោយពលរដ្ឋចំណូលថ្មី ខណៈអាជ្ញាធរពាក់ព័ន្ធនៅមិនទាន់មានវិធានការដោះស្រាយនៅឡើយ។ លោកថា ព្រៃសហគមន៍មានព្រំប្រទល់ជាក់លាក់ បើទោះបីមានការកាប់ឆ្ការក្តីក៏អាជ្ញាធរមិនផ្ដល់សិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ដល់អ្នកពាក់ព័ន្ធដែរ។ លោកថា អាជ្ញាធរជំនាញក៏កំពុងស៊ើបអង្កេតរកអ្នកពាក់ព័ន្ធករណីនេះដែរ៖ «ដូចជាអារដូចអី ឲ្យធ្វើកិច្ចសន្យាបន្តិចបន្តួចវាក៏ឈប់ដែរ តែវាលំបាក បើលួចអារឃើញថា វាពិបាក ដែលយើងមិនឃើញមុខ យើងចាប់វាអត់បាន បើចាប់វាអាស្រ័យលើសមត្ថកិច្ច និងរដ្ឋបាលព្រៃឈើ ហើយសហគមន៍បើចាប់បានច្រើនតែមានការសម្របសម្រួល»។
ព្រៃសហគមន៍ភ្នំជម្រកសត្វ ឋិតនៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ មានផ្ទៃដីចំនួនជាង ៤ពាន់ (៤.៤៤៦,១៦) ហិកតារ ត្រូវបានអាជ្ញាធរខែត្រស្ទឹងត្រែង ទទួលស្គាល់ជាផ្លូវការនៅដើមឆ្នាំ២០១៥។ ចំណែកសហគមន៍បានស្នើសុំបន្តទៀតទៅថ្នាក់ជាតិ ដើម្បីចុះបញ្ជីព្រៃសហគមន៍ភ្នំជម្រកសត្វជាដីព្រៃសមូហភាពនៅដើមឆ្នាំ២០១៥ តែមិនទាន់មានការឆ្លើយតប។
សេចក្ដីរាយការណ៍របស់សហគមន៍ឲ្យដឹងទៀតថា សកម្មភាពកាប់ទន្ទ្រានដីព្រៃសហគមន៍នោះ ក៏ជាប់ពាក់ព័ន្ធពលរដ្ឋនៅមូលដ្ឋាន អាជ្ញាធរស្រុកដែលលក់ដីព្រៃ និងដីសហគមន៍ឲ្យពលរដ្ឋចំណូលថ្មីដើម្បីទទួលបានផលប្រយោជន៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។