បទល្មើសព្រៃឈើទ្រង់ទ្រាយធំ និងតូចៗដែលប្រព្រឹត្តឡើងដោយពលរដ្ឋនៅមូលដ្ឋាន និងពលរដ្ឋចំណាកស្រុក បានមកធ្វើកម្មករអារឈើ និងដឹកជញ្ជូនឈើឲ្យអ្នកមានឥទ្ធិពល និងឧកញ៉ាមួយចំនួននៅក្បែរតំបន់បាតអាងនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅខេត្តស្ទឹងត្រែង។ អាជីវកម្មឈើជាក្រុមៗនេះ បានធ្វើឲ្យឈើមូលមានតម្លៃត្រូវគេអាររំលំ រួចដឹកតាមរថយន្តប៉ាកុងចូលទៅផ្ទៃអាងនៃតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ។
រថយន្តប៉ាកុង និងគោយន្តរាប់សិបគ្រឿងគឺជាមធ្យោបាយដឹកជញ្ជូនឈើមូល មុខកាត់ធំៗ ចាប់ពី ៣តឹកឡើងទៅ ចូលតំបន់បាតអាងនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ ក្នុងមួយថ្ងៃៗ។
សហគមន៍រស់នៅឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង សម្ដែងក្តីបារម្ភខ្លាំងពីអនាគតធនធានធម្មជាតិនៅតំបន់នោះថានឹងវិនាសហិនហោចនៅពេលដ៏ខ្លីខាងមុខ ព្រោះបច្ចុប្បន្នសកម្មភាពកាប់ឈើមូល និងការដឹកជញ្ជូនឈើខុសច្បាប់កើតមានគគ្រឹកគគ្រេង។ ចំណែកអាជ្ញាធរមូលដ្ឋាន និងពលរដ្ឋអះអាងថា សមត្ថកិច្ចពាក់ព័ន្ធហាក់ធ្វើមិនដឹងមិនឮ បើទោះបីជាសហគមន៍រាយការណ៍ព័ត៌មាននេះច្រើនសាក្តី។
ពលរដ្ឋរស់ឃុំស្តៅ ស្រុកសេសាន ខែត្រស្ទឹងត្រែង ថ្លែងសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងនៅថ្ងៃទី៨ ខែធ្នូ ថា ក្នុងមួយថ្ងៃៗ កម្មករច្រើនក្រុមអមដោយរថយន្តដឹកឈើច្រើនគ្រឿង និងគោយន្តដឹកឈើមូល បានចូលព្រៃអារឈើនៅតំបន់ក្បែរភូមិសាស្ត្រអ្នកភូមិរស់នៅដោយពុំមានអាជ្ញាធរណាបង្ហាញជំហរច្បាស់លាស់ទប់ស្កាត់ឲ្យមានប្រសិទ្ធភាពនោះទេ ក៏ប៉ុន្តែប្រសិនបើពលរដ្ឋណាចេញមុខទប់ស្កាត់ត្រូវបានអាជ្ញាធរគំរាមកំហែង។
លោកថា ឈើមូលរាប់សិនម៉ែត្រគូបដែលគេអារច្រៀករៀងរាល់ថ្ងៃ និងដឹកជញ្ជូនចូលតំបន់បាតបាតអាងនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរដើម្បីបម្លែងជាឈើស្របច្បាប់ រួចដឹកចេញទៅក្រៅ ឬទៅប្រទេសវៀតណាម នៅតែបន្តកើតមាន៖ «ខ្ញុំព្រួយបារម្ភមែនទែនថា ព្រៃឈើនៅតំបន់នោះរលាយអស់ហើយ ប្រជាជនរអ៊ូរ។ ចង់ស្នើសុំសមត្ថកិច្ច ឬរដ្ឋាភិបាលមកជួយបង្ក្រាបបទល្មើសឲ្យអស់ពីភូមិសាស្ត្រនេះផង»។
មេឃុំស្តៅ ស្រុកសេសាន មកពីបក្សប្រជាជនកម្ពុជា ដែលជាប់ឆ្នោតជាមេឃុំ ៣០ឆ្នាំមកហើយ លោក នួយ ប៊ុនធួយ ឲ្យដឹងថា អាជ្ញាធរឃុំតែងតែធ្វើការបង្ក្រាប ណែនាំជនល្មើស និងអប់រំពលរដ្ឋឲ្យដឹងពីច្បាប់ព្រៃឈើនៅវេទិកាសាធារណៈជារឿយៗ ក្នុងបំណងរួមគ្នាលុបបំបាត់បទល្មើសព្រៃឈើ។ លោកថា បទល្មើសព្រៃឈើពុំមែនជារឿងថ្មីនោះទេ ហើយអាជ្ញាធរតែងតែយកចិត្តទុកដាក់បង្ក្រាប ក៏ប៉ុន្តែមានបុគ្គលមួយចំនួនតែងតែលូចចូលព្រៃកាប់ឈើលក់ ដែលអាជ្ញាធរជំនាញលំបាកទប់ស្កាត់៖ «មានបទល្មើសកើតឡើង វាអាស្រ័យលើប្រជាពលរដ្ឋយើងដែរ ពលរដ្ឋខ្លះ វាអាចលួចធ្វើសកម្មភាពផ្សេងៗ អាហ្នឹងយើងមិនទៅណែនាំអីទេ អ្នកខូចខិលវាធ្វើអ៊ីចឹង»។
នៅតាមបណ្ដាស្រុកផ្សេងទៀតនៅខែត្រស្ទឹងត្រែង រួមមានស្រុកថាឡាបរិវ៉ាត់ ស្រុកសៀមបូក ស្រុកសៀមប៉ាង និងក្រុងស្ទឹងត្រែង ជំនួញឈើតាមគោយន្ត និងតាមម៉ូតូកើតមានជារៀងរាលថ្ងៃ ដែលតាមការប៉ាន់ស្មានក្នុងមួយថ្ងៃគោយន្តមួយគ្រឿងអាចផ្ទុកឈើចាប់ពី ៥ម៉ែត្រគូប និងលើសពីនេះ។ រីឯការដឹកជញ្ជូនឈើតាមម៉ូតូ ចាប់ពីកន្លះម៉ែត្រគូប ឬលើសពីនេះ យ៉ាងហោចណាស់ជាង ១០គ្រឿងឡើងទៅក្នុងមួយយប់ៗ។
មន្ត្រីជាន់ខ្ពស់សមាគមអាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ កត់សម្គាល់ថា ការអនុវត្តច្បាប់ព្រៃឈើរបស់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅតែធូរលុងនៅឡើយ ដែលបណ្តោយឲ្យមានបទល្មើសព្រៃឈើកើតមានដោយពុំមានការទទួលខុសត្រូវ។ លើសពីនេះ ការទទួលប្រយោជន៍ពីបទល្មើសព្រៃឈើរបស់សមត្ថកិច្ចពាក់ព័ន្ធ គឺជាកត្តាដែលនាំឲ្យព្រៃឈើកាន់តែវិនាសហិនហោច។ លោកបញ្ជាក់ថា ពលរដ្ឋត្រូវរួមគ្នាដាក់បណ្តឹងបរិហាររឿងនេះទៅតុលាការ ដើមអាចលុបបំបាត់បទល្មើសព្រៃឈើបានខ្លះ៖ «រួមគ្នាដាក់បណ្ដឹងអ្នកទទួលខុសត្រូវ ទាំងថ្នាក់ខែត្រ និងថ្នាក់ជាតិ បើទោះមិនមានការទុកចិត្ត តែយើងធ្វើម៉េចឲ្យបានច្រើន។ ... ច្បាប់មានប្រសិទ្ធភាពនៅពេលដែលអ្នកប្រព្រឹត្តល្មើសទទួលការផ្ដន្ទាទោស»។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ពលរដ្ឋ និងមន្ត្រីសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ រួមគ្នាដាក់បណ្ដឹងបរិហារមន្ត្រីអាជ្ញាធរ មន្ត្រីជំនាញ និងគណៈកម្មការសហគមន៍ជាង ១០នាក់ ពាក់ព័ន្ធអនុគ្រោះ ឬបណ្ដែតបណ្ដោយឲ្យមានបទល្មើសព្រៃឈើក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៧ សហគមន៍ឃុំស្តៅ ស្រុកសេសាន ប្រមាណ ៤០នាក់ បាននាំគ្នាឃាត់រថយន្ត ៣គ្រឿង ដឹកឈើឆ្លងកាត់ភូមិពួកគាត់នៅបំណងឲ្យសមត្ថកិច្ចអនុវត្តច្បាប់ ក៏ប៉ុន្តែអាជ្ញាធរបែររំដោះរថយន្តទាំងនោះឲ្យឈ្មួញទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។