សង្គម​ស៊ីវិល​ថ្កោល​ទោស​ការ​ដុត​គំនរ​ឈើ​ក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​វៀតណាម

0:00 / 0:00

សង្គម​ស៊ីវិល​ថ្កោលទោស​ចំពោះ​ការ​ដុត​បំផ្លាញ​គំនរ​ឈើ​ក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច ប៊ិញ ភឿក ក្រចេះ រាប់ប៊ើ១ (Binh Phuoc Kratie Rubber 1) របស់​វៀតណាម នៅ​ខែត្រ​មណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី​២១ ខែ​មករា បន្ទាប់​ពី​​ប្រតិបត្តិការ​របស់​កម្លាំង​ប្រដាប់​អាវុធ​នៃ​គណៈកម្មការ​ជាតិ​បង្ក្រាប​បទល្មើស​ព្រៃឈើ ឡោមព័ទ្ធ​ទីតាំង​ស្តុក​ឈើ​ជា​ច្រើន​ទីតាំង នៅ​ខែត្រ​មួយ​ចំនួន​នៅ​ភាគ​ឦសាន។ លើស​ពី​នេះ សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចាប់​ជនល្មើស​ផ្ដន្ទាទោស​តាម​ច្បាប់ និង​ដាក់ទោស​ចំពោះ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ណា​ដែល​ពាក់ព័ន្ធ​នឹង​អាជីវកម្ម​ព្រៃឈើ​ខុសច្បាប់។

​មន្ត្រី​សង្គម​ស៊ីវិល នៅ​ថ្ងៃ​ទី​២៣ ខែ​មករា អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដាក់ទោស និង​ពិន័យ​ធ្ងន់ធ្ងរ​ចំពោះ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច និង​អ្នក​ពាក់ព័ន្ធ​ទាក់ទិន​ល្មើស​ព្រៃឈើ ជាពិសេស​គឺ​ការ​ដុត​បំផ្លាញ​ឈើ​ប្រណិត​ជា​ច្រើន​គំនរ ដើម្បី​បំផ្លាញ​ភស្តុតាង។ សង្គម​ស៊ីវិល​ចាត់​ទុក​ការ​ដុត​បំផ្លាញ​ឈើ​ប្រណិត​ជា​ច្រើន​ម៉ែត្រគូប​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មករា ថា​ជា​អំពើ​ផ្គើន​នឹង​បទបញ្ជា​របស់​រដ្ឋាភិបាល និង​ផ្គើន​នឹង​គណៈកម្មការ​ជាតិ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដែល​កំពុង​បំពេញភារកិច្ច។

មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​សមាគម​អាដហុក (ADHOC) ខែត្រ​មណ្ឌលគិរី លោក សុក រដ្ឋា ចាត់​ទុក​ការ​ដុត​បំផ្លាញ​ឈើ​ជាច្រើន​ម៉ែត្រគូប​ក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច ប៊ិញ ភឿក ក្រចេះ រាប់ប៊ើ ១ របស់​វៀតណាម ថា ជា​ការ​ទាល់ច្រក និង​មិន​ទទួល​ខុសត្រូវ​របស់​ក្រុមហ៊ុន និង​ភាគី​ពាក់ព័ន្ធ បន្ទាប់ពី​ប្រតិបត្តិការ​ចុះ​បង្ក្រាប​របស់​កងកម្លាំង​ចម្រុះ​ប្រដាប់​អាវុធ​គ្រោង​ចុះ​ត្រួតពិនិត្យ​តំបន់​នោះ។

លោក​ថា ករណី​នេះ​គឺ​ជា​សញ្ញា​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ល្មើសច្បាប់​ទាក់ទិន​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ដ៏​ធំ​ជា​ច្រើន​ឆ្នាំ​កន្លង​មក៖ «កើត​ចេញ​ពី​អ្នក​ដែល​ឃុបឃិត កន្លង​ទៅ​ពាក់ព័ន្ធ​បទល្មើស​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​ក្នុង​ទីតាំង នៅ​ក្រុមហ៊ុន​នេះ គាត់​មាន​ចេតនា​ធ្វើ​ការ​ដុត​បំផ្លាញ និង​កម្ទេច​នៃ​បទល្មើស​ឧក្រិដ្ឋ​ព្រៃ​ឈើ​នេះ។ សមាគម​យើង​ខ្ញុំ​មាន​ការ​ថ្កោលទោស»

​លោក សុក រដ្ឋា អះអាង​ថា ក្រុមហ៊ុន​របស់​វៀតណាម និង​អ្នក​ពាក់ព័ន្ធ ត្រូវ​ទទួល​ទោស​ទាក់ទិន​ការ​ផ្ដល់​មធ្យោបាយ​ទីតាំង និង​ការ​លាក់បាំង​ព័ត៌មាន​នៃ​បទល្មើស​ឧក្រិដ្ឋកម្ម​ព្រៃឈើ ថា​អាច​ឃុបឃិត​ទទួល​ផល​ប្រយោជន៍​ពី​ការ​ផ្ដល់​មធ្យោបាយ និង​ទីតាំង​ដល់​ឈ្មួញ។

លោក សុក រដ្ឋា កត់សម្គាល់​ថា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ប៊ិញ ភឿក ក្រចេះ រាប់ប៊ើ ១ អាច​ជា​ឃ្លាំង​មួយ​ដែល​អាច​បម្លែង​ឈើ​ខុស​ច្បាប់​ឲ្យ​មក​ស្របច្បាប់ ដោយ​ដឹក​ពី​ខាង​ក្រៅ​មក​ស្តុក​ទុក​ក្នុង​ក្រុមហ៊ុន ហើយ​ដាក់​ឈ្មោះ​ថា ជា​ឈើ​ស្របច្បាប់​នៅ​បរិវេណ​ដី​ក្រុមហ៊ុន​ដែល​រដ្ឋាភិបាល​ផ្ដល់​សិទ្ធិ៖ «ដុត​បំផ្លាញ​វត្ថុ​តាង​នៃ​បទល្មើស​នេះ វា​ជា​សកម្មភាព​មួយ​ផ្គើន ផ្គើន​ទៅ​នឹង​ច្បាប់​ព្រៃឈើ ផ្គើន​ទៅ​នឹង​ចំណាត់​ការ​របស់​រដ្ឋាភិបាល។ បើ​ទោះ​បី​ជា​សកម្មភាព​នេះ​កើត​ឡើង​ជា​អំពើ​របស់​អ្នក​ណា​ក៏ដោយ អ្នក​រក​ស៊ី​ឈើ ជា​ម្ចាស់​ឈ្មួញ​ឈើ ត្រូវ​តែ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ហើយ​គណៈកម្មការ​ត្រូវ​តែ​មាន​ការ​ផ្ដន្ទាទោស​ដើម្បី​ទុកជា​គំរូ»

​វិទ្យុ​អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​តំណាង​ក្រុមហ៊ុន ប៊ិញ ភឿក ក្រចេះ រាប់ប៊ើ ១ របស់​វៀតណាម បាន​ទេ នៅ​ថ្ងៃ​ទី​២៣ ខែ​មករា។

ក្រុមហ៊ុន ប៊ិញ ភឿក ក្រចេះ រាប់ប៊ើ ១ របស់​វៀតណាម វិនិយោគ​ដំណាំ​ឧស្សាហកម្ម​កៅស៊ូ ទទួល​សិទ្ធិ​វិនិយោគ​លើ​ផ្ទៃដី​ជាង ១​ម៉ឺន​ហិកតារ​តាំង​ពី​ឆ្នាំ​២០១០ ឋិត​នៅ​ឃុំ​ស្រែ​ឈូក ស្រុក​កែវសីមា ខែត្រ​មណ្ឌលគិរី។

​ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​ក្រុម​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក​បណ្ឌិត សុខ ទូច បាន​បង្ហោះ​រូបភាព​គំនរ​ឈើ​ដែល​ដុត​បំផ្លាញ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា ឲ្យ​ដឹង​ថា ការ​ដុត​បំផ្លាញ​ឈើ​ប្រណិត​គឺ​មិន​ត្រឹមត្រូវ ហើយ​ក៏​មិន​មែន​ជា​ដំណោះស្រាយ​ទេ។ ទី​១ បំផ្លាញ​ព្រៃឈើ ទី​២ បំផ្លាញ​បរិស្ថាន គួរ​ដាក់​ដេញថ្លៃ​ដើម្បី​យក​ថវិកា​មក​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា និង​ជួសជុល​ផ្លូវ​ដែល​បាន​បំផ្លាញ​ដោយសារ​ការ​ដឹក​ឈើ ហើយ​ការ​ធ្វើ​បែប​នេះ​ត្រូវ​ផាក​ពិន័យ​ទ្វេដង។

ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូច ឡេង ចាត់​ទុក​ការ​ដុត​បំផ្លាញ​ឈើ​ជា​ច្រើន​ម៉ែត្រគូប​របស់​ក្រុមហ៊ុន​វៀតណាម ថា​មើល​ងាយ​ប្រព័ន្ធ​ច្បាប់​របស់​កម្ពុជា៖ «ឈើ​ដែល​ត្រូវ​គេ​បំផ្លាញ​ហើយ អ្នក​ណា​ក៏​យក​មិន​បាន​ដែរ។ នេះ​ជា​ចរិត​មួយ​ឈ្លើយ​ជា​ទីបំផុត មនុស្ស​របៀប​នេះ​មិន​គួរ​ឲ្យ​មាន​វត្តមាន​នៅ​ក្នុង​ស្រុក​ខ្មែរ​ត​ទៅ​ទៀត​ទេ គួរ​តែ​ផ្ដន្ទាទោស​យ៉ាង​តឹងរ៉ឹង​បំផុត​កុំ​ឲ្យ​ប្រព្រឹត្ត​ត​ទៅ​ទៀត»

គំនរ​ឈើ​ដែល​ត្រូវ​បាន​ដុត​បំផ្លាញ​ចោល​ចំនួន ១៧​គំនរ ដែល​មាន​មុខ​កាត់​ចាប់​ពី ៣​តឹក ដល់ ៦​តឹក ប្រវែង​ចាប់​ពី ២​ម៉ែត្រ ដល់ ៣​ម៉ែត្រ ភាគ​ច្រើន​ជា​ប្រភេទ​ឈើ​ប្រណិត ដូចជា​ធ្នង់ ប្រមាណ​ជាង ១០០​ម៉ែត្រគូប ឋិត​ក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ឈ្មោះ ប៊ិញ ភឿក ក្រចេះ រាប់ប៊ើ ១ ឋិត​នៅ​ភូមិ​ចក់ចា ឃុំ​ស្រែឈូក ស្រុក​កែវសីមា ខែត្រ​មណ្ឌលគិរី។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លោក អេង ហ៊ី ដើម្បី​បញ្ជាក់​ពី​ចំណាត់​ការ​លើ​ក្រុមហ៊ុន​វៀតណាម ដែល​បាន​ដុត​បំផ្លាញ​ព្រៃឈើ​ជា​ច្រើន​ម៉ែត្រគូប​នោះ ប៉ុន្តែ​លោក​ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ប្រសិនបើ​មន្ត្រី​បច្ចេកទេស​រក​ឃើញ​ថា ក្រុមហ៊ុន និង​អ្នក​ពាក់ព័ន្ធ​ជាប់​ពាក់ព័ន្ធ​នឹង​អាជីវកម្ម​ព្រៃឈើ​ខុស​ច្បាប់​ត្រូវ​ទទួលទោស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។