ដំណោះស្រាយសំណងផលប៉ះពាល់ប្រជាពលរដ្ឋទាក់ទិនគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ឋិតនៅជាបញ្ហាចោទនៅឡើយ ខណៈការសាងសង់ទំនប់ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៧។ តើគណៈកម្មការដោះស្រាយសំណងផលប៉ះពាល់នៃអាជ្ញាធរខេត្តស្ទឹងត្រែង រៀបចំអ្វីបន្ថែមទៀត ដើម្បីបញ្ចប់ការបដិសេធមិនទទួលសំណងរបស់ពលរដ្ឋ?
រយៈពេលមួយឆ្នាំចាប់ពីពេលនេះរហូតដល់ខែមេសា ឆ្នាំ២០១៧ គឺជាពេលវេលាកំណត់ដែលអាជ្ញាធរខេត្តស្ទឹងត្រែង ប្ដេជ្ញាថានឹងស្វែងរកដំណោះស្រាយបញ្ចប់ការតវ៉ារបស់ប្រជាពលរដ្ឋស្ដីពីដំណោះស្រាយផលប៉ះពាល់ ទាក់ទិនការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ខណៈប្រជាពលរដ្ឋប្រមាណ ៣០ភាគរយទៀត មិនព្រមទទួលយកសំណង និងប្ដេជ្ញាមិនព្រមចាកចេញទៅតាំងទីលំនៅថ្មី។
នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង មានប្រសាសន៍ថា អាជ្ញាធរមានផែនការជាក់លាក់ដោះស្រាយបញ្ហានេះជាមួយប្រជាពលរដ្ឋគ្រប់ឃុំ ដែលជំទាស់មិនទទួលសំណង។ លើសពីនេះ កត្តាសំខាន់ គឺអាជ្ញាធរបារម្ភដោយសារតែប្រជាពលរដ្ឋនៅតែមិនអនុញ្ញាតឲ្យក្រុមការងារចុះស្រង់ស្ថិតិទ្រព្យសម្បត្តិ និងអចលនទ្រព្យរបស់អ្នកភូមិ ដែលត្រូវទូទាត់សំណង។

លោកថា អាជ្ញាធរខេត្តមានយុទ្ធសាស្ត្រគ្រោងទុកបន្ថែមទៀត រួមបញ្ចូលទាំងអនុសាសន៍របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ដែលបានសំណូមពរឲ្យអាជ្ញាធរ ចំណាយពេលវេលាច្រើនទៀតជួបពិភាក្សាជាមួយសហគមន៍ និងជ្រើសរើសតំណាងសម្រាប់ប្រើប្រាស់ភាសាជនជាតិដើមភាគតិច ជួបប្រាស្រ័យជាមួយសហគមន៍ជាប្រចាំ និងជាប់លាប់៖ « អនុសាសន៍របស់ អ្នកស្រី រ៉ូណា ស្មីត ( Rhona Smith ) គឺជាអនុសាសន៍ល្អៗមួយចំនួនដែលយើងត្រូវទទួលយក ហើយនិងមួយចំនួនទៀត ជាផែនការរបស់ខេត្តដែលបានគ្រោងទុកជាយូរហើយ។ ឧទាហរណ៍ដូចជា ជួបជាមួយតំណាងសហគមន៍ ជួបជាមួយតំណាងអង្គការសង្គមស៊ីវិល ដើម្បីរកដំណោះស្រាយល្អដើម្បីធ្វើការជាមួយពលរដ្ឋ »។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត បានមកបំពេញទស្សនកិច្ចរយៈពេលបីថ្ងៃនៅខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមីនា។ ក្នុងដំណើរទស្សនកិច្ចនេះ អ្នកស្រី រ៉ូណា ស្មីត បានផ្ដោតការយកចិត្តទុកដាក់បញ្ហាសិទ្ធិមនុស្ស ជាពិសេសសិទ្ធិជនជាតិដើមភាគតិច ដែលរងផលប៉ះពាល់ពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ហើយមិនព្រមទទួលយកសំណងផលប៉ះពាល់ និងមិនព្រមចាកចេញទៅតាំងទីលំនៅថ្មី។
កាលពីថ្ងៃទី២៧ មីនា សហគមន៍ក្បាលរមាស និងសហគមន៍ស្រែគរ រាប់រយនាក់ បានសំណូមពរឲ្យអ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ ជួយអន្តរាគមន៍ទៅលោកនាយរដ្ឋមន្ត្រី ហ៊ុន សែន អំពីទុក្ខកង្វល់របស់ពួកគាត់ បន្ទាប់ពីមានគម្រោងអភិវឌ្ឍន៍តាមដងទន្លេ និងដីសម្បទានសេដ្ឋកិច្ច បង្កផលប៉ះពាល់ជីវភាពពួកគាត់ធ្ងន់ធ្ងរ និងការប្រែប្រួលអាកាសធាតុ។
តំណាងសហគមន៍ភូមិក្បាលរមាស លោក ដាំ សំណាង៖«គាត់មិនព្រមចាកចេញមែន ទោះទំនប់ហ្នឹងធ្វើហើយប៉ុន្មានភាគរយ ឬធ្វើហើយក្តី គាត់សុខចិត្តយកឫស្សី ឬធុងចងបណ្ដែតទឹក»។
តំណាងសហគមន៍ភូមិក្បាលរមាស លោក ដាំ សំណាង បដិសេធដាច់ខាតថា អ្នកភូមិសុខចិត្តបន្តរស់នៅភូមិដែលពួកគាត់កំពុងរស់នៅ បើទោះបីស្ថានភាពទីនោះត្រូវក្លាយជាអាងស្តុកទឹកក៏ដោយ។ លោកថា វប្បធម៌ប្រពៃណី និងផ្នូរសពដូនតាជនជាតិដើមភាគតិច គឺជាកត្តាដែលអ្នកភូមិមិនព្រមទទួលយកគោលនយោបាយសំណងពីក្រុមហ៊ុន៖ « គាត់មិនព្រមចាកចេញមែន ទោះទំនប់ហ្នឹងធ្វើហើយប៉ុន្មានភាគរយ ឬធ្វើហើយក្តី គាត់សុខចិត្តយកឫស្សី ឬធុងចងបណ្ដែតទឹក »។
របាយការណ៍របស់គណៈកម្មការដោះស្រាយសំណងផលប៉ះពាល់នៃអាជ្ញាធរខេត្តស្ទឹងត្រែង ឲ្យដឹងថា ៧០% ទៅ ៨០% នៃប្រជាពលរដ្ឋជាង ១ពាន់គ្រួសាររស់នៅភូមិចំនួន៧ ក្នុងឃុំចំនួន៤ ដែលរងផលប៉ះពាល់ផ្ទៃដីពីការសាងសង់ទំនប់ បានយល់ព្រមទទួលយកគោលនយោបាយសំណងពីក្រុមហ៊ុនសាងសង់ទំនប់។ ដោយឡែកប្រជាពលរដ្ឋជាង ២៥០គ្រួសារក្នុងចំណោមប្រជាពលរដ្ឋជាង ៥០០គ្រួសារនៅឃុំស្រែគរ បានកែប្រែជំហរបដិសេធមិនចាកចេញជាថ្នូរនឹងលក្ខខណ្ឌបីចំណុច ទាមទារសំណងផលប៉ះពាល់បន្ថែម រួមទាំងសំណងផ្នូរសពដូនតាជាលក្ខណៈគ្រួសារ។ ចំណែកប្រជាពលរដ្ឋ ៥៣គ្រួសារក្នុងចំណោមប្រជាពលរដ្ឋ ១៤០គ្រួសារ បដិសេធមិនចាកចេញ។

មេឃុំស្រែគរ លោក សៀក មេគង្គ កត់សម្គាល់ថា ឥរិយាបថអ្នកភូមិបានផ្លាស់ប្ដូរទាក់ទិនលក្ខខណ្ឌបីចំណុចដែលអ្នកភូមិស្នើសុំ ខណៈក្រុមការងារដោះស្រាយផលប៉ះពាល់នៃអាជ្ញាធរខេត្ត ចុះមកជួបពិភាក្សាជាមួយអ្នកភូមិកាលពីថ្ងៃទី២២ ខែមីនា ក្នុងនោះអ្នកភូមិជាង ១៥០នាក់បាននាំគ្នាដើរចេញពីកិច្ចពិភាក្សាជាមួយក្រុមការងារថ្នាក់ខេត្ត។ យ៉ាងនេះក្តី លោកថា អាជ្ញាធរឃុំនៅតែបន្តស្វែងរកដៃគូអង្គការសង្គមស៊ីវិលពាក់ព័ន្ធ ជួយសម្របសម្រួលឲ្យអ្នកភូមិងាកមកពិភាក្សាពីគោលនយោបាយសំណងនេះឡើងវិញ៖ « ខ្ញុំសំណូមពរថ្នាក់ខេត្ត ហើយឲ្យអញ្ជើញអង្គការពាក់ព័ន្ធជួយសម្របសម្រួលដូចជាអង្គការវេទិកាទូទៅនៃអង្គការក្រៅរដ្ឋាភិបាលក្តី។ អាជ្ញាធរមូលដ្ឋានយើងខ្ញុំ តាមគាត់មិនទាន់អស់លទ្ធភាពហើយ »។
ចំណែកតំណាងក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនី លោក អ៊ុំ ប៊ុនរេត ថ្លែងកត់សម្គាល់ថា ក្រុមហ៊ុនអនុវត្តគោលការណ៍ផ្តល់សំណងជាក់លាក់ ចំពោះប្រជាពលរដ្ឋបានចុះបញ្ជីអ្នករងផលប៉ះពាល់ជាក់ស្តែង ដែលមន្ត្រីមូលដ្ឋាន និងគណៈកម្មការដោះស្រាយផលប៉ះពាល់ បានចុះស្រង់ស្ថិតិរួចហើយ។ លោកថា ប្រជាពលរដ្ឋភាគច្រើនបានយល់ព្រមទទួលយកគោលនយោបាយសំណងរួចហើយ។ រីឯប្រជាពលរដ្ឋមួយចំនួនដែលមិនព្រមទទួលយកសំណង ហេតុនេះក្រុមហ៊ុន រួមទាំងគណៈកម្មការដោះស្រាយសំណង នឹងនៅតែបន្តផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឲ្យស្ម័គ្រចិត្តចូលរួមការអភិវឌ្ឍវិស័យអគ្គិសនីនេះ៖ « យើងចុះផ្សព្វផ្សាយបន្ថែម។ យើងព្យាយាមជួបគាត់ផ្ទាល់។ យើងស្តាប់សំណូមពរគាត់ ប៉ុន្តែបញ្ហាប្រឈមរបស់យើង គឺគាត់អត់មកចូលរួមការផ្សព្វផ្សាយ »។
ទាក់ទិនករណីនេះដែរ អតីតមន្ត្រីសម្របសម្រួលនៃអង្គការបណ្ដាញការពារទន្លេបី លោក មៀច មាន ហៅវិធានការជួបពិភាក្សារបស់ក្រុមការងារដោះស្រាយផលប៉ះពាល់ជាមួយពលរដ្ឋ ថាធ្វើឡើងមិនស្របទៅនឹងគោលការណ៍ប្រជាធិបតេយ្យ។ លោកសំណូមពរឲ្យក្រុមការងារ ជួបពិភាក្សាជាមួយពលរដ្ឋ កុំដាក់គំនាបលើពលរដ្ឋ ហើយធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋស្ម័គ្រចិត្តទទួលយកសំណងផលប៉ះពាល់។ លើសពីនេះ ប្រសិនអ្នកភូមិនៅតែបដិសេធវិធានការកាត់បន្ថយកម្ពស់ទំនប់ គឺជាវិធីកាត់បន្ថយផលប៉ះពាល់ប្រជាពលរដ្ឋដែលជាជម្រើសចុងក្រោយ ដើម្បីការសាងសង់ទំនប់អាចសម្រេចបានតាមការគ្រោងទុក៖ « គាត់មកម្តងៗគាត់តែងតែជំរុញឲ្យសហគមន៍ទទួលយកសំណងដែលសហគមន៍មិនព្រម។ ហេតុនេះ គេតែងតែដើរចេញ ព្រោះខាងគណៈកម្មការគាត់ប្រកាន់យកជំហរ ខាងគណៈកម្មការមិនព្រមបើកកិច្ចពិភាក្សារកចំណុចកណ្ដាល »។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង អះអាងថា អាជ្ញាធរខេត្តប្ដេជ្ញាថានឹងយកចិត្តទុកដាក់ធានាសិទ្ធិជនជាតិដើមភាគតិច ដែលរងផលប៉ះពាល់ពីទំនប់វារីអគ្គិសនីសេសានក្រោម២ និងជនជាតិដើមភាគតិចផ្សេងទៀតរស់នៅក្នុងខេត្តនេះ។
ទន្ទឹមនឹងនេះ អាជ្ញាធរខេត្តស្ទឹងត្រែង នឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយអង្គការសង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធ ដើម្បីចូលរួមចំណែករកដំណោះស្រាយដោយផ្តល់ជម្រើសនានានៃការផ្តល់សំណងផលប៉ះពាល់ដល់សហគមន៍៕ SR
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។