ឈើប្រណីត និងជាប្រភេទឈើកម្ររាប់រយកំណាត់ ត្រូវបានសមត្ថកិច្ចចម្រុះនៃអាជ្ញាធរខេត្តរតនគិរី រឹបអូសបានពីកន្លែងស្តុកឈើខុសច្បាប់មួយ មានទីតាំងនៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
ការរកឃើញកន្លែងស្តុកឈើខុសច្បាប់នេះ កើតមានឡើងបន្ទាប់ពីសមត្ថកិច្ចបានស្ទាក់ឃាត់រថយន្តទេសចរណ៍ ដឹកជញ្ជូនឈើប្រណីតមួយគ្រឿង ប៉ុនប៉ងដឹកជញ្ជូនឈើទៅកាន់តំបន់ព្រំដែនប្រទេសវៀតណាម កាលពីព្រឹកថ្ងៃទី៦ ខែឧសភា។
អ្នកបើកបររថយន្តបានព្យាយាមបើករថយន្តគេចចេញពីការស្ទាក់ចាប់ រហូតបែកកង់រថយន្ត ក៏ប៉ុន្តែអ្នកបើកបរនៅតែបើករថយន្តទាំងបង្ខំ ហើយបានបើកទ្វាររថយន្តរត់គេចខ្លួនពេលសមត្ថកិច្ចបានតាមទាន់។
ព្រះរាជអាជ្ញារងអមតុលាការខេត្តរតនគិរី លោក ម៉ម វណ្ណដា មានប្រសាសន៍បញ្ជាក់ថា ការបង្ក្រាបនេះ ធ្វើឡើងនៅរសៀលថ្ងៃអង្គារ ទី៦ ខែឧសភា បន្ទាប់ពីសមត្ថកិច្ចបានរកឃើញអត្តសញ្ញាណម្ចាស់រថយន្តដឹកឈើ ដែលរត់គេចពីសមត្ថកិច្ច។ ម្ចាស់ស្តុកឈើ គឺជាជនជាតិវៀតណាម ឈ្មោះក្រៅហៅ ភៀន៖ «នៅក្នុងបទល្មើសហ្នឹងទាក់ទងនៅនឹងប្រភេទឈើដោយកម្រ។ តាមគោលការណ៍ណែនាំ យើងត្រូវតែដាក់វាជាបទល្មើស ហើយត្រូវតែផ្ដន្ទាទោសតាមច្បាប់។គេអាចស្គាល់អត្តសញ្ញាណ ព្រោះគ្រាន់តែយើងចាប់ផ្ដើមបើកទ្វារហ្នឹង គឺវារត់ ប៉ុន្តែជនហ្នឹងវាមានទីលំនៅ ហើយយើងអាចរកឃើញ»។
ឈើដែលសមត្ថកិច្ចរឹបអូសបានមានប្រភេទឈើក្រញូង ធ្នង់ ចំណុះសរុបជិត ប្រាំម៉ែត្រគូប (៤,៨៥៤) ក្នុងនោះឈើធ្នង់ ជាង ៣ម៉ែត្រគូប (៣,៣២០) និងឈើក្រញូង មានទម្ងន់ជាង ១ពាន់គីឡូក្រាម (១.២៩០)។
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើសមាគមអាដហុក (adhoc) លោក ឆាយ ធី កត់សម្គាល់ថា ឈើប្រណីតត្រូវគេប្រើប្រាស់រថយន្តដឹកជញ្ជូនពីស្រុកវ៉ឺនសៃ ស្រុកតាវែង ស្រុកអណ្ដូងមាស ស្រុកអូរយ៉ាដាវ នៅវេលាយប់ ហើយនាំចេញឆ្លងដែនតាមច្រករបៀងព្រំដែនស្រុកអូរយ៉ាដាវ យកទៅលក់ឲ្យឈ្មួញវៀតណាម ដោយបង់ប្រាក់សំណូកទៅឲ្យសមត្ថកិច្ចនៅតាមដងផ្លូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
