ព្រះសង្ឃ ៤អង្គ តំណាងគណបក្សនយោបាយ និងយុវជនយុវនារីសរុប ៣០នាក់ ជួបសន្ទនាគ្នាមួយដើម្បីស្វែងយល់ពីទស្សនវិស័យ និងគោលនយោបាយរបស់គណបក្សនយោបាយ ក្នុងការគ្រប់គ្រងចំណូលនៃគម្រោងទាញយករ៉ែនៅកម្ពុជា។ ការជួបគ្នានេះ រៀបចំដោយយុវជនស្ម័គ្រចិត្ត និងអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) នៅព្រឹកថ្ងៃទី២៤ មិថុនា អំពីសារសំខាន់នៃការគ្រប់គ្រងចំណូល។
ទាំងក្រុមយុវជន និងអ្នកនយោបាយពីគណបក្សប្រឆាំងយល់ស្របគ្នាថា ការយល់ដឹងព័ត៌មានអំពីការគ្រប់គ្រងចំណូល បានមកពីការទាញយករ៉ែធម្មជាតិ មានសារសំខាន់ចំពោះអនាគតនៃមនុស្សជំនាន់ក្រោយ។ ពួកគាត់ចង់ឲ្យមានការផ្សាយព័ត៌មានដោយតម្លាភាព និងទូលាយជាសាធារណៈ។
និស្សិតផ្នែកគណនេយ្យមកពីខេត្តកំពង់ចាម កញ្ញា ងួន មួយគាង ថ្លែងថា ការសន្ទនាជាមួយអ្នកនយោបាយតំណាងគណបក្សប្រឆាំង បានជួយឲ្យកញ្ញាជាយុវជនបានយល់ពីយន្តការ និងគោលនយោបាយលើការទាញយករ៉ែនៅកម្ពុជា។ ប៉ុន្តែកញ្ញាសោកស្ដាយដែលតំណាងគណបក្សគ្រប់គ្រងអំណាចមិនបានចូលរួម។ កញ្ញា មួយគាង ចង់ឲ្យក្រសួងពាក់ព័ន្ធផ្ដល់ព័ត៌មានឲ្យបានទូលាយពីចំណូល៖ «ចំណូលដែលបានពីការទាញយករ៉ែ ផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋឲ្យបានដឹង ហើយបែងចែក ឬក៏រៀបរាប់អ្វីដែលយើងទទួលបានហ្នឹង គឺបានពីអីខ្លះ ហើយយើងធ្វើការវិនិយោគផ្សេងៗ ទៀត អភិវឌ្ឍន៍ក្នុងប្រទេសរបស់ខ្លួនទៅលើវិស័យអីខ្លះ។ អ៊ីចឹងផ្សព្វផ្សាយតាមបណ្ដាញសង្គម ឬតាមរយៈព័ត៌មានផ្សេងៗ ឬតាមវិទ្យុទូរទស្សន៍ ហើយឲ្យមានជាវេទិកា ជាពិសេសវេទិកាសម្រាប់យុវជនឲ្យគាត់ជជែកដេញដោលសួរនាំពីចំណូលដែលយើងទទួលបានហ្នឹង បានពីអីខ្លះហើយឲ្យគាត់មានសំណួរឆ្ងល់ត្រង់ណា ចូលរួមដោះស្រាយទាំងអស់គ្នា»។
សមាជិកសភាពីគណបក្សសង្គ្រោះជាតិ លោក ងឹម ញេង មានប្រសាសន៍ថា ព័ត៌មានទាក់ទងនឹងការទាញយករ៉ែនៅកម្ពុជា ដែលជាចំណូលធំមួយរបស់រដ្ឋ នៅតែមិនទាន់មានការផ្សព្វផ្សាយច្បាស់លាស់ប្រកបដោយតម្លាភាពទេ ជាពិសេស គឺព័ត៌មាននៃធនធានខ្សាច់៖ «ការគ្រប់គ្រងដែលអត់មានតម្លាភាព អត់មានយន្តការច្បាស់លាស់ ការខាតបង់ស្ទើរតែទាំងស្រុង ដូចចំណុចតែមួយ គឺការយកធនធានខ្សាច់ ព្រះអង្គលើកហើយ គឺតួលេខខុសគ្នា។ កុំឲ្យថា ឮតែគេថា (សូម) ចូលវ៉ឹបសាយទៅ ខ្សាច់សិង្ហបុរី ខ្សាច់កម្ពុជា នាំទៅសិង្ហបុរី ឃើញខុសហើយ មិនមែនខុសតែបរិមាណទេ តម្លៃក៏ខុសគ្នាដែរ។ តម្លៃនៅស្រុកគេអត់អាចកុហកទេ គឺសុច្ចរិតភាព»។
និស្សិតសកលវិទ្យាល័យជាតិគ្រប់គ្រង លោក ហេង គឹមហុង គាំទ្រឲ្យមានការអនុគ្រោះចំពោះវិនិយោគវិស័យនេះ ដើម្បីផ្ដល់ការងារ និងជំនាញដល់ពលរដ្ឋ។ ប៉ុន្តែលោកសំណូមពរឲ្យមានការពិគ្រោះយោបល់ និងយន្តការច្បាស់លាស់។
អ្នករៀបចំកិច្ចពិភាក្សារវាងយុវជនជាមួយគណបក្សនយោបាយ នៅថ្ងៃទី២៤ មិថុនា និងជាទីប្រឹក្សាផ្នែកបច្ចេកទេស និងគោលនយោបាយនៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន អ្នកស្រី គឹម ណាតាសា មានប្រសាសន៍ថា ខាងអ្នកស្រីបានអញ្ជើញតំណាងគណបក្សប្រជាជនឲ្យមកចូលរួមកិច្ចពិភាក្សានេះដែរ ប៉ុន្តែពួកគាត់មិនអាចមកបាន។
អ្នកស្រីថ្លែងថា ការរៀបចំឲ្យមានកិច្ចពិភាក្សានេះ ក៏ព្រោះតែយុវជនចាប់អារម្មណ៍លើវិស័យប្រេងឧស្ម័ន និងរ៉ែ ចាប់តាំងពីឆ្នាំ២០០៧ មក។ ការស្វែងយល់នេះ ផ្ដោតលើការគ្រប់គ្រងចំណូលនៃគម្រោងយករ៉ែដំបូងសំខាន់ៗ ៣ នៅកម្ពុជា គឺការបូមប្រេងកាតក្នុងប្លុក A ខេត្តព្រះសីហនុ គម្រោងជីករ៉ែមាសរបស់ក្រុមហ៊ុន Mesco Gold នៅខេត្តរតនគិរី និងក្រុមហ៊ុន Renaissance Minerals នៅខេត្តមណ្ឌលគិរី។ អ្នកស្រីថា ក្រុមហ៊ុនទាំងនេះបញ្ចប់ការរុករក ហើយកំពុងសុំអាជ្ញាប័ណ្ណជីកយក។ ទោះជាយ៉ាងនេះក្ដី លោក ងឹម ញេង ថ្លែងថា រ៉ែមាសត្រូវបានគេជីកយកខ្លះហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។