សមាជិកអង្គការសម្ព័ន្ធទន្លេកម្ពុជា (RCC) ជាង ២០ស្ថាប័ន និងក្រសួងរ៉ែ និងថាមពល បានចុះអង្កេតផលប៉ះពាល់ទំនប់វារីអគ្គិសនីសេសានក្រោម២ ខេត្តស្ទឹងត្រែង នៅថ្ងៃទី២៧ កក្កដា។ បន្ទាប់ពីការចុះអង្កេត ក្រសួងរ៉ែ និងថាមពល រួមទាំងសមាជិកអង្គការសម្ព័ន្ធទន្លេកម្ពុជា រៀបចំវេទិកាសាធារណៈស្ដីពីទំនប់វារីអគ្គិសនីសេសានក្រោម២ នៅថ្ងៃទី២៨ កក្កដា។
សហគមន៍ជនជាតិដើមភាគតិចដែលរងផលប៉ះពាល់ពីការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ សម្ដែងក្តីរីករាយ ស្របពេលដែលក្រុមអង្គការចំនួនជាង ២០ស្ថាប័នដែលជាសមាជិកសម្ព័ន្ធទន្លេកម្ពុជា រួមទាំងរដ្ឋលេខាធិការនៃក្រសួងរ៉ែ និងថាមពល បានចុះសិក្សាស្វែងយល់ផលប៉ះពាល់ទំនប់វារីអគ្គិសនីសេសានក្រោម២ និងការផ្តល់សំណងទូទាត់ជូនពលរដ្ឋរងផលប៉ះពាល់ ជាដើម។
សហគមន៍ជនជាតិដើមភាគតិចទាំងនោះ អំពាវនាវឲ្យរដ្ឋាភិបាលទទួលយកទុក្ខកង្វល់របស់អ្នកភូមិ និងជំរុញឲ្យក្រុមហ៊ុនទទួលខុសត្រូវចំពោះការផ្តល់សំណងទូទាត់ ជាដើម។ ការចុះសិក្សាស្វែងយល់នេះ សហគមន៍យល់ថា គឺជាសញ្ញាវិជ្ជមានមួយសម្រាប់ពលរដ្ឋរងផលប៉ះពាល់មានជំនឿចិត្ត ដើម្បីចង់បង្ហាញនូវទុក្ខកង្វល់របស់ខ្លួនជាសាធារណៈស្ដីពីភាពចន្លោះប្រហោងនៃក្រុមហ៊ុន និងការបាត់បង់ប្រពៃណីវប្បធម៌ជនជាតិដើមភាគតិច ជាដើម។
តំណាងពលរដ្ឋជនជាតិដើមភាគតិចព្នង លោក ស្រ៊ុន សៀន ចាប់អារម្មណ៍ថា ក្រសួងរ៉ែ និងថាមពល រួមទាំងអង្គការសង្គមស៊ីវិលជាច្រើន ចូលរួមត្រួតពិនិត្យពីដំណើរការនៃការសាងសង់លំនៅឋានជូនដល់ពលរដ្ឋរងផលប៉ះពាល់ មានសារសំខាន់ណាស់ ដែលសហគមន៍រំពឹងថា ក្រុមអង្គការទាំងនោះសហការយ៉ាងជិតស្និទ្ធនឹងរដ្ឋាភិបាល ធ្វើយ៉ាងណាជំរុញឲ្យក្រុមហ៊ុនទទួលបន្ទុកសាងសង់ទទួលខុសត្រូវរាល់សំណងទូទាត់ពលរដ្ឋរងផលប៉ះពាល់ ដែលចាំបាច់ត្រូវជម្លៀសចេញពីលំនៅឋាន។ លោកថា ភាពចន្លោះប្រហោងនៃការផ្តល់ជាសំណងទូទាត់ទាំងលំនៅឋាន និងដីស្រែចម្ការ រួមទាំងដីសហគមន៍ គឺជាចំណុចសំខាន់ដែលសហគមន៍រងផលប៉ះពាល់បានត្រៀមខ្លួនរួចជាស្រេច និងលើកឡើងក្នុងវេទិកាសាធារណៈនៅថ្ងៃទី២៨ កក្កដា៖ «ខ្ញុំសូមប្រកាសអ៊ីចឹង បើគ្មានអ្វីពិតប្រាកដច្បាស់ ខ្ញុំមិនព្រមចេញពីភូមិកំណើតខ្ញុំទេ»។
អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង និងជាអភិបាលរងខេត្ត លោក ដួង ពៅ មានប្រសាសន៍ថា ពលរដ្ឋដែលមិនព្រមចាកចេញពីភូមិកំណើត គណៈកម្មាធិការដោះស្រាយផលប៉ះពាល់ គ្រោងរៀបចំលំនៅឋានជូនដល់ពួកគាត់រួចជាស្រេច រួមទាំងដីកសិកម្មជាដើម។ លោកថា ពេលណាដែលទំនប់បើកឲ្យដំណើរការ ទឹកនឹងលិចលង់លំនៅឋានអ្នកភូមិ ហើយអ្នកភូមិអាចប្ដូរឥរិយាបថមករស់នៅលំនៅឋានថ្មីបានគ្រប់ពេល។
រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក អ៊ិត ប្រាំង ថ្លែងថា ការដោះស្រាយផលប៉ះពាល់ គឺមិនអាចតម្រូវទៅតាមការចង់បានរបស់បុគ្គលឡើយ គឺធ្វើឡើងតម្រូវយកតាមមតិភាគច្រើន ដូចជាការផ្តល់សំណងដីកសិកម្មទៅតាមស្ថានភាពដីជាក់ស្តែង ដែលធានាថា ពលរដ្ឋអាចធ្វើកសិកម្មប្រមូលផលបាន៖ «និយាយគ្នាជាមួយខេត្តហើយថា បងប្អូនមកពេលណា មកទៅ មកមើលផ្ទះផងទៅ ហើយមកមើលស្រែផងទៅ មើលស្រែទៅស្រែណារៀបចំធ្វើបានធ្វើទៅ»។
មន្ត្រីអង្គការសម្ព័ន្ធទន្លេកម្ពុជា និងជានាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា លោក តឹក វណ្ណារ៉ា ថ្លែងថា បន្ទាប់ពីការចុះដល់មូលដ្ឋានទំនប់ផ្ទាល់ ពលរដ្ឋដែលរងផលប៉ះពាល់ រួមទាំងគណៈកម្មាធិការដោះស្រាយផលប៉ះពាល់ខេត្ត តំណាងក្រុមហ៊ុន និងរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ព្រមទាំងអ្នកពាក់ព័ន្ធផ្សេងទៀត បានត្រៀមថ្លែងក្នុងវេទិកាសាធារណៈ ដែលចំណុចសំខាន់ដើម្បីអង្គការទន្លេកម្ពុជា ធ្វើជារបាយការណ៍។ លោកថា ការផ្តល់ឱកាសបើកទូលាយសម្រាប់ការសន្ទនាក្នុងចំណោមសហគមន៍ ក្រុមហ៊ុន និងរដ្ឋាភិបាលអំពីទុក្ខកង្វល់របស់សហគមន៍ទាក់ទិនទំនប់សេសានក្រោម២ គឺជាមូលដ្ឋានសំខាន់ ដែលគ្រប់ភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់សម្របសម្រួល៖ «បញ្ហាប្រជាជនដែលនៅ ដែលព្រម ឬព្រមហើយ គាត់មានបញ្ហាអី យកមកដាក់លើតុមក យើងជជែកគ្នា»។
យ៉ាងនេះក្តី មន្ត្រីសម្របសម្រួលនៃបណ្ដាញទន្លេបី លោក មៀច មាន ជំរុញឲ្យក្រុមហ៊ុនទទួលបន្ទុកសាងសង់ទំនប់នេះ កែប្រែចរន្តបង្ហូរទឹកដែលជាសារធាតុគីមីចូលទន្លេ ព្រោះប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានត្រី និងគុណភាពទឹក ជាបញ្ហាចម្បងធ្វើឲ្យពលរដ្ឋអាស្រ័យផលទឹកទន្លេមានជំងឺស្បែកជាដើម។ លោកកត់សម្គាល់ថា ការបង្ហូរកាកសំណល់សារធាតុគីមីរបស់ក្រុមហ៊ុន នឹងធ្វើឲ្យត្រីជាច្រើនប្រភេទនៅក្នុងទន្លេត្រូវស្លាប់ និងអ្នកភូមិជាច្រើននៅខាងក្រោមទន្លេសេសាន មានជំងឺស្បែក៖ «ត្អូញត្អែរថា ធ្វើឲ្យពួកគាត់ហ្នឹងកើតកមរមាស់ផ្សេងៗ វាបណ្ដាលមកពីការបញ្ចេញចោលរបស់ទឹកហ្នឹងឯង»។
អង្គការអភិរក្សធនធានជលផលពិភពលោក ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ធ្លាប់ជំរុញឲ្យក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ បង្កើតប្រព័ន្ធចរន្តទឹកផ្សេងទៀតដែលតភ្ជាប់ពីដៃទន្លេសេសាន ដើម្បីឲ្យត្រីអាចបន្លាស់ទីបាន។
ដោយឡែកប្រធានផ្នែកបច្ចេកទេសនៃទំនប់វារីអគ្គិសនីសេសានក្រោម២ ជាជនជាតិចិន លោក មួ វ៉ុនផេង (Mou Wonpeng) ឲ្យដឹងនៅថ្ងៃទី២៧ កក្កដា ថា ក្រុមហ៊ុនមានផែនការរៀបចំកសាងប្រឡាយទឹកតាមអូរចាស់បែកចេញពីទន្លេសេសាន រំលងទំនប់ជាច្រើនគីឡូម៉ែត្រតាមការស្នើរបស់អង្គការអភិរក្សធនធានជលផលពិភពលោក។ លោកបញ្ជាក់ថា គម្រោងនេះនឹងដំណើរការឆាប់ៗខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។