ថ្ងៃទី២៦ ខែមេសា គឺជាថ្ងៃខួប ៤ឆ្នាំដែល លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ ជាសកម្មជនការពារព្រៃឈើ ត្រូវបានជនមិនស្គាល់មុខបាញ់សម្លាប់នៅកណ្ដាលព្រៃនៃខេត្តកោះកុង ក្នុងពេលលោកចុះបេសកកម្មការងារការពារព្រៃឈើ និងនាំអ្នកកាសែតចុះយកព័ត៌មាន។
នៅមុនបុណ្យខួបនេះមកដល់ មជ្ឈមណ្ឌលមេត្តាហោស៍ (Meta House) បរាជ័យក្នុងការចាក់បញ្ចាំងវីដេអូឯកសារមួយស្ដីពីជីវិតរបស់ លោក ឈុត វុទ្ធី ដែលគម្រោងចាក់បញ្ចាំងខ្សែវីដេអូនេះចាប់ផ្ដើមពីថ្ងៃទី២០ ខែមេសា ប៉ុន្តែត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហាមឃាត់ក្រោមហេតុផល មិនបានសុំច្បាប់ជាមុន។ សង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួន សម្ដែងការហួសចិត្ត និងទាមទារឲ្យរដ្ឋាភិបាល អនុញ្ញាតឲ្យចាក់បញ្ចាំងភាពយន្តមួយនេះឡើងវិញ។
ក្រុមអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋយល់ថា ការហាមប្រាមរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មិនឲ្យមជ្ឈមណ្ឌលមេត្តាហោស៍ ចាក់បញ្ចាំងខ្សែភាពយន្តឯកសារស្ដីពីជីវិតរបស់អតីតអ្នកការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី ដែលត្រូវបានឃាតកបាញ់សម្លាប់កាលពីឆ្នាំ២០១២ ក្រោមហេតុផលថា មិនបានសុំច្បាប់ពីក្រសួងជាមុននោះ គឺជាលេសមិនសមហេតុផលឡើយ។
កូនប្រុសរបស់ លោក ឈុត វុទ្ធី គឺយុវជន ឆឺយ ឧត្ដមរស្មី បានថ្លែងថា លោក និងគ្រួសារមានការសោកស្ដាយខ្លាំងចំពោះបម្រាមរបស់រដ្ឋាភិបាល។ លោកថា ប្រជាពលរដ្ឋកម្ពុជា ភាគច្រើន នៅតែនឹកឃើញពីវីរភាពរបស់ឪពុកលោក ដែលបានប្ដូរផ្ដាច់ និងលះបង់ជីវិតដោយសារក្ដីស្រឡាញ់ និងការការពារធនធានធម្មជាតិនៅកម្ពុជា។ ផ្ទុយទៅវិញ ឪពុកលោក និងគ្រួសារទាំងមូល មិនបានទទួលយុត្តិធម៌ពីប្រព័ន្ធតុលាការឡើយរហូតមកទល់ពេលនេះ ក្រៅតែពីភាពឈឺចាប់ដោយសារសង្គម និងបាត់បង់បង្គោលក្នុងគ្រួសារ៖ « នេះ គឺជាចេតនារបស់រដ្ឋាភិបាល ដែលបង្អាក់មិនចង់ឲ្យគេដឹងពីការស្លាប់របស់ឪពុកខ្ញុំ ចង់បិទសំណុំរឿង។ បើគាត់មិនជាប់ពាក់ព័ន្ធជាមួយការស្លាប់របស់ឪពុកខ្ញុំទេ គាត់គួរតែបើកចំហ ព្រោះឪពុកខ្ញុំគាត់បានជួយជាតិច្រើនណាស់ ជួយការពារធនធានធម្មជាតិ។ ដូច្នេះ មិនគួរមនុស្សស្លាប់ទៅហើយ សូម្បីតែវីដេអូមិនបញ្ចាំងដែរទេ វាហាក់ដូចជាស្អប់ខ្ពើមធ្ងន់ធ្ងរមែនទែន ប្រៀបដូចជាមនុស្សក្បត់ជាតិអ៊ីចឹង »។
វីដេអូឯកសារដែលមជ្ឈមណ្ឌលមេត្តាហោស៍ គ្រោងដាក់បញ្ចាំងនោះមានចំណងជើងជាភាសាអង់គ្លេសថា I am Chut Wutty ឬ ខ្ញុំ ឈុត វុទ្ធី គឺជាការផលិតរបស់ជនជាតិអង់គ្លេស ឈ្មោះ ហ្វ្រាន ឡាំប្រីកស៍ (Fran Lambricks)។ ខ្សែវីដេអូឯកសារនេះ បង្ហាញពីសកម្មភាពរបស់ លោក ឈុត វុទ្ធី មុនពេលលោកត្រូវបានឃាតកបាញ់សម្លាប់ និងបង្ហាញពីបទសម្ភាសន៍នានាជាមួយសកម្មជនការពារធនធានធម្មជាតិ និងគ្រួសារជនរងគ្រោះដែលរស់នៅពឹងផ្អែកលើអនុផលព្រៃឈើ។ ភាពយន្តឯកសារជីវិត លោក ឈុត វុទ្ធី ត្រូវបានដាក់បញ្ចាំងចំនួន ៦លើកហើយនៅតាមរោងភាពយន្តមួយចំនួននៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។
យុវជន ឆឺយ ឧត្ដមរស្មី ដែលបានស្នងតំណែងការពារធនធានធម្មជាតិពីឪពុកនោះអះអាងថា ទោះបីជារដ្ឋាភិបាលហាមក្តី ប៉ុន្តែលោកនៅតែមានគម្រោងបញ្ចាំងវីដេអូនេះនៅលើសួនច្បារសាធារណៈនៅពេលខាងមុខ៖ « ខ្ញុំនឹងបន្តធ្វើទៀត។ ខ្ញុំអត់ខ្លាចទេ ព្រោះប្រជាពលរដ្ឋជាច្រើនគាំទ្រ មានតែរដ្ឋាភិបាលមួយក្តាប់តូចប៉ុណ្ណោះដែលមិនគាំទ្រ »។
លោក ឈុត វុទ្ធី ត្រូវបានឃាតកបាញ់សម្លាប់នៅក្នុងរថយន្តរបស់លោក កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ នៅចំណុចវាលបី ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បន្ទាប់ពីលោក និងអ្នកកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ពីររូបទៀត បានចូលទៅថតរូបភាពគំនរឈើនៅក្នុងក្រុមហ៊ុនកាប់ឈើជាទីកន្លែងកើតហេតុ។ ក្នុងគ្រានោះ មន្ត្រីកងរាជអាវុធហត្ថ ឈ្មោះ អ៊ិន រតនា បានព្យាយាមរារាំងរហូតដល់ផ្ទុះអាវុធស្លាប់ទាំងពីរនាក់ បន្ទាប់ពី លោក ឈុត វុទ្ធី ថតគំនរឈើមួយរបស់ក្រុមហ៊ុនដែលគេស្គាល់ឈ្មោះថា ក្រុមហ៊ុន ធីមប៊ឺ ហ្គ្រីន (Timber Green) ដែលទទួលបានសិទ្ធិពីរដ្ឋាភិបាលក្នុងការស្ដារបាតអាង ដើម្បីធ្វើវារីអគ្គិសនីក្នុងស្រុកថ្មបាំង ខេត្តកោះកុង។
កំពុងអង្គុយជុំគ្នាអានសៀវភៅនៅក្រោមដើមឆត្រក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យុវសិស្សមួយរូបរៀបរាប់ថា ខ្សែវីដេអូស្ដីពីសកម្មភាពរបស់អតីតអ្នកការពារធនធានធម្មជាតិនេះ គឺគ្មានហេតុផលណាមួយ ដែលរដ្ឋាភិបាលត្រូវហាមឃាត់នោះទេ ព្រោះកន្លងមក រដ្ឋាភិបាលតែងតែប្រកាសក្ដែងៗថា នឹងការពារព្រៃឈើឲ្យបាន បើការពារមិនបាន នឹងកាត់អវយវៈចោល។ យុវជនរូបនេះបន្តថា រដ្ឋាភិបាលគួរតែលើកទឹកចិត្ត និងជំរុញឲ្យយុវជនចងចាំនូវគំរូដ៏ក្លាហានរបស់ លោក ឈុត វុទ្ធី និងផលិតវីដេអូរបៀបនេះឲ្យបានច្រើនទៀតផង៖ « ខ្ញុំចង់ឲ្យចាក់ផ្សាយដើម្បីឲ្យប្រជាពលរដ្ឋ ជាពិសេសយុវជនជំនាន់ក្រោយ ឲ្យគាត់បានឃើញនូវស្នាដៃរបស់អ្នកការពារព្រៃឈើ ហើយនាំគ្នាជួយការពារព្រៃឈើដើម្បីឲ្យប្រទេសមានសម្រស់ធម្មជាតិឡើងវិញ »។
មិនខុសគ្នាប៉ុន្មានឡើយ កញ្ញា ឯម សិត អះអាងថា នាងពិតជាចង់ទស្សនាវីដេអូនេះណាស់ ព្រោះកញ្ញាសោកស្ដាយចំពោះការបាត់បង់មនុស្សមានសេចក្ដីក្លាហាន មានឆន្ទៈក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ ដែលកំពុងកើតឡើងនៅកម្ពុជា បច្ចុប្បន្ន។ កញ្ញា ឯម សិត បន្តថា នាងដូចជាមិនយល់ពីបម្រាមរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅពេលនេះឡើយ៖ « ចង់ឲ្យគាត់បញ្ចាំងវីដេអូនេះ ព្រោះបច្ចុប្បន្ន ការប្រែប្រួលអាកាសធាតុកាន់តែកើតមាន ហើយបរិស្ថានចេះតែបាត់បង់ ហើយបើគាត់បំបាត់វីដេអូនេះទៀត វាអត់ស័ក្តិសម »។
កាលពីថ្ងៃទី១៨ ខែមេសា អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ថៃ នរៈសត្យា ថ្លែងថា ការមិនអនុញ្ញាតនេះ គឺមិនមានពាក់ព័ន្ធទៅនឹងរឿងអ្វីផ្សេង ក្រៅតែពីផ្លូវច្បាប់ឡើយ។ មានន័យថា វាមិនមែនដោយសារ លោក ឈុត វុទ្ធី គឺជាសកម្មជនការពារបរិស្ថានដែលធ្លាប់រិះគន់សកម្មភាពរបស់រដ្ឋាភិបាល ឬដោយសារជាប់ពាក់ព័ន្ធរឿងនយោបាយអ្វីនោះទេ។ លោកបញ្ជាក់ថា មូលហេតុសំខាន់ គឺមជ្ឈមណ្ឌលមេត្តាហោស៍ មិនបានសុំការអនុញ្ញាតច្បាប់ពីក្រសួង។ លោកថា ទង្វើនេះ គឺផ្ទុយទៅនឹងច្បាប់របស់កម្ពុជា និងអនុស្សរណៈនៃការយោគយល់គ្នា (MOU) ចុះរវាងក្រសួងវប្បធម៌ និងមជ្ឈមណ្ឌលមេត្តាហោស៍ ក្នុងពេលកន្លងទៅ។
រីឯមន្ត្រីគ្រប់គ្រងផ្នែកបច្ចេកទេសនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ចាត់ទុកថា ការហាមឃាត់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រាន់តែជាលេសមួយប៉ុណ្ណោះ ព្រោះរដ្ឋាភិបាលបារម្ភខ្លាំងខ្លាចប៉ះពាល់ដល់ប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជា ដោយសារថា សកម្មភាពរបស់ លោក ឈុត វុទ្ធី កន្លងមក មិនដែលទទួលបានកិច្ចគាំពារ ឬការការពារពីខាងរដ្ឋាភិបាលឡើយ៖ « ការហាមឃាត់នេះ វាប៉ះពាល់ដល់សិទ្ធិរបស់ប្រជាពលរដ្ឋដែលមានសិទ្ធិនៅក្នុងការទស្សនា និងការចូលរួមបញ្ចេញមតិផ្សេងៗ និងយល់ដឹងពីបញ្ហាផ្សេងៗនៅក្នុងសង្គម ជាពិសេសបញ្ហាបរិស្ថាន និងធនធានធម្មជាតិ »។
លោកថា រដ្ឋាភិបាលគួរតែអនុញ្ញាតឲ្យបញ្ចាំងវីដេអូនោះ ដើម្បីរំឭកពីគំរូវីរភាព និងស្នាដៃរបស់ លោក ឈុត វុទ្ធី ដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់បានដឹងបានឃើញ ហើយរួមគ្នាទប់ស្កាត់ និងការពារបរិស្ថាន និងការពារធនធានធម្មជាតិ។
លោក ឈុត វុទ្ធី មានអាយុជាង ៤០ឆ្នាំ រស់នៅក្នុងភូមិវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ លោកមានកូនចំនួនបីនាក់ ប្រុសម្នាក់ ស្រី ២នាក់។ លោក ឈុត វុទ្ធី បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតទាហានមកពីប្រទេសរុស្ស៊ី។ បន្ទាប់ពីលោកបញ្ចប់ការសិក្សានៅឆ្នាំ១៩៩២ លោក ឈុត វុទ្ធី បានធ្វើការនៅមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា និងធ្វើជាគ្រូបង្ហាត់នាយទាហាននៅក្រសួងការពារជាតិ។ លុះដល់ឆ្នាំ២០០៣ លោក ឈុត វុទ្ធី បានបម្រើការងារនៅអង្គការ គ្លបល វីនេស (Global Witness) មានតួនាទីជានាយករងនៃអង្គការអន្តរជាតិមួយនេះ ដែលធ្វើការឃ្លាំមើលអំពីការកាប់ព្រៃឈើនៅកម្ពុជា។
ក្រោយពីរដ្ឋាភិបាលបានបណ្ដេញអង្គការ គ្លបល វីនេស ចេញពីកម្ពុជា លោកក៏បានបង្កើតអង្គការមួយឈ្មោះថា អង្គការការពារធនធានធម្មជាតិ ដែលគេដឹងថា ជាអង្គការរបស់លោក និងមានជំនួយពីប្រទេសអាល្លឺម៉ង់ (Germany) ដែលមានសកម្មភាពការងារផ្ដោតសំខាន់លើការការពារព្រៃឈើ និងធនធានធម្មជាតិ។ បច្ចុប្បន្ន អង្គការនេះ កូនប្រុសរបស់លោកជាអ្នកដឹកនាំបន្ត។
ស្ទើរមួយជីវិត លោក ឈុត វុទ្ធី រស់នៅតែក្នុងព្រៃ មិនសូវបានជួបជុំក្រុមគ្រួសារឡើយ។ លោក ឈុត វុទ្ធី មិនមែនជាមនុស្សម្នាក់ដែលមានតែទ្រឹស្ដី និងអង្គុយតែនៅក្នុងការិយាល័យនោះទេ។ ក្នុងការបំពេញការងារដ៏សំខាន់នេះ លោកតែងតែចុះទៅដល់សហគមន៍មូលដ្ឋានជួបប្រជាសហគមន៍ និងពិនិត្យមើលព្រៃឈើដោយផ្ទាល់។ លើសពីនេះទៀត លោកតែងតែសង្កេតមើលថា តើមន្ត្រីការពារព្រៃឈើបានអនុវត្តច្បាប់ការពារសម្បត្តិធម្មជាតិដែរឬទេ?
មុនរងការបាញ់សម្លាប់ខណៈចុះបំពេញបេសកកម្មការពារព្រៃឈើនៅខេត្តកោះកុង លោក ឈុត វុទ្ធី បានជួយពង្រឹងស្មារតី និងលើកទឹកចិត្តប្រជាពលរដ្ឋខ្មែរឲ្យហ៊ានក្រោកឡើង ដើម្បីការពារសម្បត្តិធម្មជាតិកម្ពុជា ដោយខ្លួនឯង ដោយមិនត្រូវដេករង់ចាំឲ្យរដ្ឋាភិបាលមកការពារនោះទេ។
ចំពោះការទប់ស្កាត់បទល្មើសព្រៃឈើ លោក ឈុត វុទ្ធី មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី កាលពីលោកមានជីវិតថា ពលរដ្ឋខ្មែរមិនអាចពឹងពាក់រដ្ឋាភិបាលទៀតទេ ពីព្រោះមន្ត្រីដែលមានតួនាទីការពារព្រៃឈើ ឃុបឃិតប្រព្រឹត្តអំពើពុករលួយជាមួយឈ្មួញ ធ្វើឲ្យសម្បត្តិធម្មជាតិកម្ពុជា វិនាសហិនហោច៖ « គាត់ត្រូវតែសហការគ្នាក្រោកឈរឡើងដើម្បីការពារធនធានទាំងអស់នោះ កុំរង់ចាំតែរដ្ឋាភិបាល »៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។