ព្រៃសហគមន៍ជនជាតិដើមភាគតិចព្នងភូមិចឹង ក្នុងឃុំឃ្សឹម ស្រុកស្នូល ខែត្រក្រចេះ ដែលមានផ្ទៃដីជាង ៣ពាន់ហិកតារ ត្រូវបានអ្នកមានអំណាច និងពលរដ្ឋចំណាកស្រុកមួយចំនួន ឈូសឆាយធ្វើអាជីវកម្មអស់ស្ទើរទាំងស្រុង ហើយបច្ចុប្បន្ននៅសល់ប្រហែល ៦រយហិកតារ ដែលសុទ្ធសឹងជាព្រៃរេចរឹល និងដើមឈើមិនទាន់គ្រប់អាយុតិចតួច។ សហគមន៍បានដាក់ពាក្យប្ដឹងរឿងនេះ ទៅអាជ្ញាធររដ្ឋាភិបាល និងតុលាការ ដើម្បីទាមទារដីមកវិញ ក៏ប៉ុន្តែមិនមានលទ្ធផល។
សហគមន៍ជនជាតិដើមភាគតិចព្នងជាច្រើនគ្រួសារ កាលពីពេលថ្មីៗ នេះ បានរកកិច្ចអន្តរាគមន៍មកសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ដើម្បីពិភាក្សាផ្នែកច្បាប់ ពាក់ព័ន្ធព្រៃសហគមន៍ភូមិចឹង ដែលកំពុងរងការឈូសឆាយ ដើម្បីបម្លែងជាកម្មសិទ្ធិឯកជន និងធ្វើអាជីវកម្មបែបអនាធិបតេយ្យ បើទោះជាព្រៃនេះត្រូវបានចុះបញ្ជីជាព្រៃអភិរក្សក្ដី។
អនុប្រធានសហគមន៍ការពារព្រៃឈើភូមិចឹង លោក អៀន សុខា ឲ្យដឹងនៅថ្ងៃទី៧ មករាថា អ្នកភូមិបានកំណត់មុខសញ្ញាឈ្មួញដែលជាអ្នកមានអំណាច និងបានផ្ដល់ដំណឹងទៅអាជ្ញាធរឲ្យជួយដោះស្រាយច្រើនសាមកហើយ តែពុំទទួលលទ្ធផល។ លើសពីនេះទៀត សហគមន៍បានដាក់ពាក្យប្តឹងរឿងនេះទៅតំណាងអយ្យការខែត្រក្រចេះរួចហើយដែរ ប៉ុន្តែនៅតែពុំមានវិធានការច្បាប់។ លោកសង្កត់ធ្ងន់ថា ឈ្មួញដែលមានងារជាឯកឧត្ដមឈ្មោះ ឡេង អូន បានរំលោភយកដីអស់ជាង ៣រយហិកតារ ឈ្មោះ ហួន ប៉ែល ឈ្មោះ ចែម និងឈ្មោះ អ៊ុក សោភ័ណ និងពលរដ្ឋចំណាកស្រុកមួយផ្សេងទៀត បាននាំគ្នាឈូសឆាយដីព្រៃសហគមន៍ ធ្វើអាជីវកម្មជាបន្តបន្ទាប់តាំងពីឆ្នាំ២០១២ រហូតមកទល់ពេលនេះ៖ «វានៅតែទន្ទ្រាននៅតែកាប់នៅតែលក់នៅតែដូរ ឈ្មួញមកពីក្រៅ ទាហាន ប៉ូលិស និងអ្នកមានអំណាចមានលុយ មកទន្ទ្រានយកលក់ អាខ្លះអត់មកធ្វើទេ មកយកលក់»។
មេភូមិចឹង លោក ឆ្មាំង ស្មីមេ បារម្ភថា ពលរដ្ឋ និងអ្នកមានឥទ្ធិពលមួយចំនួន បាននាំគ្នាសម្រុកកាប់រានព្រៃសហគមន៍មកធ្វើជាសម្បត្តិឯកជន បង្កការលំបាករបស់អាជ្ញាធរស្រាយ។ លោកថា មូលហេតុដែលអាជ្ញាធរលំបាកដោះស្រាយ ដោយសារជនល្មើស សុទ្ធសឹងជាអ្នកមានអំណាច និងអ្នកមានធនធាន ហើយអាជ្ញាធរមូលដ្ឋានតូចតាច គ្មានឥទ្ធិពលជាវិជ្ជមានដោះស្រាយករណីនេះនោះទេ គឺបានត្រឹមតែផ្ដល់ដំណឹងទៅថ្នាក់លើ។ ក៏ប៉ុន្តែថ្នាក់លើបែរជាស្ងាត់ឈឹងទៀត៖ «បទល្មើសទី១មានអ្នកអំណាច ទី២ គេមានលុយ គេមានអំណាចដូចដំបូក តែខ្ញុំដូចក្បាលស្រូវ។ ខ្ញុំរាល់ថ្ងៃជួបការលំបាកច្រើនមែនទែន»។
មេឃុំឃ្សឹម លោកស្រី ក្លាន សារ៉េត ទទួលស្គាល់ថា ព្រៃសហគមន៍ពិតជារងការកាប់ទន្ទ្រានមែន តែអាជ្ញាធរឃុំ និងសមាជិកសហគមន៍ តែងចុះអន្តរាគមន៍ទប់ស្កាត់ច្រើនករណីមកហើយ។ លោកស្រីថា ពលរដ្ឋចំណាកស្រុកមួយចំនួន បាននាំគ្នាលួចកាប់រានព្រៃយកដី នៅពេលយប់ និងនៅគ្រាដែលសហគមន៍ធ្វេសប្រហែល។ តែទោះជាយ៉ាងណាក្ដី លោកស្រីថា អាជ្ញាធរឃុំសម្រេចថា នឹង មិនឯកភាពទទួលពាក្យស្នើសុំកាន់កាប់ដីធ្លី ឋិតក្នុងតំបន់ព្រៃសហគមន៍ជាដាច់ខាត៖ «ក្នុងនាមខ្ញុំជាតំណាងអ៊ីចឹង ខ្ញុំប្រាប់ពួកគាត់ហើយថា កុំឲ្យមានលូកលាន់តទៅទៀតអ្នកដែលមកទន្ទ្រានអាចប្រឈមគេចាប់ ខ្ញុំអត់ដឹងឮ។ តែគាត់នៅតែលួចឆ្មក់ទៀត។ ពលរដ្ឋការពារដែរ តែមិនដឹងធ្វើម៉េចបានទេ ខ្ញុំអត់តម្រិះហើយ»។
មន្ត្រីស៊ើបអង្កេតសមាគមអាដហុក ខែត្រក្រចេះ លោក ឌិន ខន្នី ដែលចុះអង្កេតរឿងនេះ រកឃើញថា ឈ្មួញមានអំណាចសម្រុកទន្ទ្រានដីព្រៃអភិរក្សរបស់សហគមន៍ធ្វើជាកម្មសិទ្ធិខុសច្បាប់ ហើយពុំមានការអនុវត្តច្បាប់ គឺជាសញ្ញាបញ្ជាក់ថា វប្បធម៌និទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍នៅតែជាក្តីបារម្ភក្នុងសង្គមកម្ពុជា ដែលជះឥទ្ធិពលអាក្រក់ដល់ជីវភាពពលរដ្ឋ និងបរិស្ថាន។ លោកថា សហគមន៍ការពារព្រៃឈើបានកំណត់មុខសញ្ញាអ្នកប្រព្រឹត្ត និងអ្នកស៊ីឈ្នួលឈូសឆាយរួចហើយ ប្រសិនបើតុលាការ និងអាជ្ញាធររដ្ឋាភិបាលមានឆន្ទៈទប់ស្កាត់ និងអនុវត្តច្បាប់ មិនពិបាកទេ៖ «គេមិនបានអនុវត្តតាមច្បាប់ទេ គេអនុវត្តតាមបញ្ជាអ្នកមានអំណាច ឬមានលុយធ្វើឲ្យអ្នកប្រព្រឹត្តរួចខ្លួនហើយ ទទួលបានផលប្រយោជន៍ប្រព្រឹត្តបទល្មើសហើយពុំមានអាជ្ញាធរដោះស្រាយ។ ករណីនេះគឺជាអយុត្តិធម៌ក្នុងសង្គម»។
សហគមន៍ការពារព្រៃឈើភូមិចឹង មានផ្ទៃដីចំនួន ៣ពាន់ ៣៦ហិកតារ (៣.០៣៦) ដែលសហគមន៍ជនជាតិដើមភាគតិចព្នង ដាក់ពាក្យស្នើសុំជាព្រៃអភិរក្សតាំងពីមុនឆ្នាំ២០១២ ហើយរហូតដល់ឆ្នាំ ២០១៦ ទើបក្រសួងសាមីចុះបញ្ជីទទួលស្គាល់ជាព្រៃអភិរក្សរបស់ជនជាតិដើមភាគតិចព្នង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។