ក្រុមប្រជាសហគមន៍ព្រៃឡង់នៅខេត្តកំពង់ធំ និងខេត្តក្រចេះ បារម្ភចំពោះបញ្ហាកាប់បំផ្លាញឈើខុសច្បាប់នៅតែកើនឡើង ពិសេសនៅក្នុងឱកាសបុណ្យអុំទូក។ ពួកគាត់ចង់ឱ្យអាជ្ញាធររដ្ឋាភិបាល ត្រួតពិនិត្យឱ្យបានតឹងរ៉ឹងជុំវិញបញ្ហានេះ។ ចំណែកមន្ត្រីជំនាញលើកឡើងថា បុណ្យទាន គឺសមត្ថកិច្ចខ្លះត្រូវប្ដូរវេនគ្នា ដើម្បីត្រួតពិនិត្យជុំវិញករណីនេះដែរ។
ការបារម្ភនេះ បន្ទាប់ពីពួកគាត់សង្កេតឃើញថា ជារៀងរាល់ឆ្នាំពិតជាមានបញ្ហាដដែលៗនេះកើតឡើង គឺឱ្យតែរដូវបុណ្យទានធំៗរបស់ជាតិ ឈើប្រណីតត្រូវបានដឹកចេញពីព្រៃយ៉ាងអនាធិបតេយ្យ។
បណ្ដាញស្នូលព្រៃឡង់ម្នាក់នៅខេត្តកំពង់ធំ សុំមិនឱ្យបញ្ចេញឈ្មោះឱ្យដឹងថា គ្រាន់តែមុនពេលបុណ្យអុំទូកមកដល់ គឺមានពលរដ្ឋ និងឈ្មួញបន្តចូលកាប់ឈើក្នុងតំបន់ព្រៃឡង់ដដែល ហើយនឹងអាចសម្រុកដឹកចេញនៅពេលបុណ្យអុំទូក ស្របពេលដែលសមត្ថកិច្ចកំពុងវក់វីនឹងការរៀបចំសណ្ដាប់ធ្នាប់បុណ្យទាននោះ។ លោកបន្តថា បច្ចុប្បន្នអ្នកកាប់ឈើទាំងនោះ បានចូលទៅកាប់នៅបរិវេណភ្នំជីជិតពាក់កណ្ដាលព្រៃឡង់តែម្តង។ លោកថា ថ្មីៗនេះពួកលោកបានចុះល្បាត គឺប្រទះឃើញឈើជាច្រើនម៉ែត្រគូប និងរណារអារឈើប្រមាណ ៥គ្រឿង ហើយពេលសួរម្ចាស់រណារទៅ ទើបដឹងថាមានមន្ត្រីយោធានៅទីនោះនៅពីក្រោយខ្នងពួកគាត់៖ «ខ្ញុំគិតថា នៅពេលបុណ្យទាននេះមិនថយទេ ព្រៃឈើនៅតែមានការកាប់ដដែល ហើយជាក់ស្តែងកាលពីម្សិលមិញ ពីម្សិលពួកខ្ញុំបានឃើញច្បាស់ថា ការកាប់បំផ្លាញព្រៃឈើនៅតែមាននៅខាងជើងព្រៃឡង់ ជាព្រៃសហគមន៍ដែលពួកខ្ញុំចុះល្បាតបីយប់បីថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទីបីទីបួននោះ»។
លោកបន្ថែមថា ពលរដ្ឋ គឺជាខែលរបស់ឈ្មួញធំៗដែលបានជួលពួកគាត់ក្នុងមួយថ្ងៃប្រមាណ ៦ម៉ឺនរៀល និងរណារមួយគ្រឿង។ ចំណែកឈ្មួញទាំងនោះ គ្រាន់តែនៅបញ្ជាពីក្រោយ និងជាអ្នករត់ការតែប៉ុណ្ណោះ។ ឈើក្នុងតំបន់ព្រៃឡង់ នៅខេត្តកំពង់ធំ គឺដឹកចេញតាមផ្លូវ៩៩ នៅក្នុងស្រុកសណ្ដាន់ កាត់មកខាងកំពង់ថ្ម ឆ្ពោះមកខេត្តកំពង់ចាម ទៅលក់នៅវៀតណាម និងឈើខ្លះ ត្រូវលក់បន្តនៅតាមដេប៉ូនានា។ ប្រភពដដែលបន្ថែមថា មិនមែនតែតំបន់ព្រៃឡង់ទេ តែនៅទូទាំងប្រទេសកម្ពុជា បទល្មើសព្រៃឈើនឹងកើនឡើងនៅក្នុងឱកាសបុណ្យនេះ។ លោកចង់ឱ្យរាជរដ្ឋាភិបាល គិតគូរចំពោះរឿងនេះ និងចាត់វិធានការឱ្យមានប្រសិទ្ធភាព។
ទាក់ទងបញ្ហានេះ នាយសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ លោក មុនី នាថ មានប្រសាសន៍ថា បទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ គឺមិនមានទេ។ លោកថា អ្វីដែលប្រជាសហគមន៍រកឃើញនោះ គឺសេសសល់ពីមុនមកតែប៉ុណ្ណោះ ពីព្រោះរដូវនេះជារដូវវស្សា គឺពិបាកធ្វើដំណើរ។ ចំណែកការបារម្ភរបស់ប្រជាសហគមន៍ ថានឹងអាចមានបទល្មើសព្រៃឈើកើនឡើងនៅឱកាសបុណ្យអុំទូក លោកថា សមត្ថកិច្ចក៏ត្រូវការឈប់សម្រាកខ្លះដែរ ប៉ុន្តែលោកថា នៅមានមន្ត្រីខ្លះនៅឃ្លាំមើលជុំវិញបញ្ហានេះ៖ «បាទ! ចំពោះរឿងហ្នឹងវិធានការ គឺមានតែបង្គាប់កម្លាំងអាជ្ញាធរគាត់រួមសហការគ្នាបង្ក្រាបបទល្មើសព្រៃឈើហ្នឹង ពេលណាមានបទល្មើសព្រៃឈើចេញមកហ្នឹង យើងសហការគ្នា។ ដូចថាមានរបាយការណ៍មានការរាយការណ៍មកអ៊ីចឹង យើងចុះរួមគ្នាជាមួយអាជ្ញាធរភូមិឃុំស្រុកអ៊ីចឹង»។
នាយសង្កាត់ដដែលកត់សម្គាល់ថា ហាក់មិនមានបទល្មើសព្រៃឈើកើតឡើងនោះទេ នៅពេលពិធីបុណ្យជាតិធំៗកន្លងមក។ យ៉ាងណា ប្រជាសហគមន៍យល់ថា បើទោះបីជាបទល្មើសព្រៃឈើកើតឡើងយ៉ាងគគ្រឹកគគ្រេងស្ទើរតែអស់ព្រៃទៅហើយក្តី ក៏មន្ត្រីជំនាញ និងអាជ្ញាធរ តែងបដិសេធការពិតដដែល។
មិនខុសពីបណ្ដាញស្នូលព្រៃឡង់ នៅខេត្តកំពង់ធំ ទេ លោក គឹម សុខន ជាបណ្ដាញស្នូលព្រៃឡង់នៅខេត្តក្រចេះ វិញនិយាយថា លោកហាក់មិនមានជំនឿលើអាជ្ញាធរជំនាញឡើយ ពីព្រោះបទល្មើសព្រៃឈើមកដល់ពេលនេះ គ្មានការថយចុះទេ។ ជាងនេះទៅទៀតនោះ លោកកាន់តែបារម្ភថា ពិធីបុណ្យអុំទូក គឺជាឱកាសសម្រាប់ឈ្មួញឈើ និងមន្ត្រីខ្លះ ឆ្លៀតពេលប្រកបមុខរបរខុសច្បាប់របស់ខ្លួន៖ «គ្រប់ស្ថាប័ន ជាពិសេសរដ្ឋបាលព្រៃឈើហ្នឹង! ជាសំខាន់ទៀត សូមឱ្យរដ្ឋាភិបាលធ្វើយ៉ាងណាជំរុញការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ ធ្វើម៉េចអស់លោកសូមលោកយកចិត្តទុកដាក់ជីវភាពប្រជាពលរដ្ឋអ្នកក្រីក្រ គឺអត់មានអីពឹងទេ។ បើអស់ព្រៃឡង់ គឺហាក់បីដូចជាអស់ឆ្នាំងបាយគាត់ហើយ គាត់អត់មានអីទីពឹងទេ»។
ដោយឡែកនាយកអង្គការការពារធនធានធម្មជាតិ លោក ឈឹម សាវុធ យល់ថា មិនចាំបាច់តែមានពិធីបុណ្យទានធំៗរបស់ជាតិទេ ប៉ុន្តែការដឹកជញ្ជូនឈើខុសច្បាប់នៅស្រុកខ្មែរសព្វថ្ងៃ គ្មានការថយចុះបន្តិចណាឡើយ។ លោកបន្ថែមថា មន្ត្រីជំនាញព្រៃឈើ រួមនិងកងកម្លាំងប្រដាប់អាវុធទាំងនោះហើយ ដែលជាអ្នកឃុបឃិតជាមួយឈ្មួញឈើធំៗបំផ្លាញធនធានធម្មជាតិនៅស្រុកខ្មែរ។ លោកថា បើតាមមើលពីស្ថានភាពរកស៊ីឈើនៅពេលបច្ចុប្បន្ន ឈើប្រណីត គឺស្ទើរតែអស់ហើយ នៅឡើយតែឈើប្រណីតប្រភេទលេខពីរប៉ុណ្ណោះ តែវានឹងអាចឈានទៅរកការវិនាសក្នុងពេលឆាប់ៗខាងមុខនេះ៖ «បើនិយាយទៅ ឥឡូវហ្នឹងនិយាយឱ្យស្រួលស្តាប់ និយាយឱ្យពលរដ្ឋងាយស្តាប់ ឈើនៅស្រុកខ្មែរនៅសេសសល់នៅតែខេត្តស្ទឹងត្រែង ចន្លោះស្រុកសៀមប៉ាង យើងចំណុច ១០១ប៉ុកឫស្សីព្រំដែនឡាវ រហូតដល់វីរជ័យ តំបន់កន្ទុយនាគទេ។ ចន្លោះស្រុកសៀមប៉ាង ស្រុកវ៉ឺនសៃ និងស្រុកតាវែង។ តែបីស្រុកហ្នឹងទេ ឈើឥឡូវគេសម្រុកកាប់យ៉ាងរង្គាលហើយ អ៊ីចឹងឈើហ្នឹងអត់គិតភាគរយទេ ពាក់កណ្ដាលឆ្នាំក្រោយ មិនស្រួលម៉ាប្រាំង គឺអស់ទាំងស្រុងតែម្តងឈើប្រភេទឈើប្រណីតនៅស្រុកខ្មែរ»។
លោកបន្ថែមថា បើទោះបីជាគណបក្សសង្គ្រោះជាតិ ចូលធ្វើការនៅក្នុងសភាជាមួយគណបក្សប្រជាជនកម្ពុជា ក៏ដោយចុះ ប៉ុន្តែលោកមិនមានសង្ឃឹមថានឹងទប់ស្កាត់បទល្មើសព្រៃឈើបានឡើយ ដរាបណាមិនមានរដ្ឋាភិបាលថ្មីទេ ហើយរដ្ឋាភិបាលថ្មីនោះ នៅតែមិនយកច្បាប់មកអនុវត្តទៀតនោះ។ លោកថា ព្រៃឈើអាចគង់វង្សសម្រាប់ក្មេងជំនាន់ក្រោយបាន លុះត្រារាជរដ្ឋាភិបាលយកច្បាប់មកអនុវត្ត ហើយមានឆន្ទៈពិតប្រាកដដើម្បីការពារព្រៃឈើ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។