ប្រជាសហគមន៍ការពារព្រៃឡង់ នៅស្រុកជ័យសែន ខេត្តព្រះវិហារ ស្នើសុំអាជ្ញាធរជួយឃ្លាំមើលសុវត្ថិភាពរបស់ពួកគាត់ និងចាត់វិធានការផ្លូវច្បាប់ទៅលើក្រុមជនល្មើស។ ការស្នើសុំនេះ ក្រោយពេលពួកគេមួយចំនួនរងការគំរាមកំហែងដល់អាយុជីវិត បន្ទាប់ពីប្រជាសហគមន៍សហការជាមួយមន្ត្រីបរិស្ថាន ចុះចាប់គោយន្តដឹកឈើចេញពីតំបន់ព្រៃឡង់ ជាច្រើនគ្រឿងកាលពីយប់ថ្ងៃទី១៧ ខែមករា។
សកម្មជនការពារព្រៃឡង់ នៅស្រុកជ័យសែន មួយចំនួនដែលរងការគំរាមកំហែងដល់អាយុជីវិតកាន់តែបារម្ភពីសុវត្ថិភាព ហើយអ្នកខ្លះមិនហ៊ានសម្រាកនៅផ្ទះសម្បែងរបស់ខ្លួននៅពេលយប់ថែមទៀតផង។
ប្រជាសហគមន៍ការពារព្រៃឡង់ រស់នៅឃុំធ្មា សុំមិនបញ្ចេញឈ្មោះ ឱ្យដឹងថា ថ្មីៗនេះក្រុមជនល្មើសបានគំរាមកំហែងមកលើប្រជាសហគមន៍ជាចំហតែម្ដង។ បញ្ហានេះកើតឡើងក្រោយពេលសកម្មជនការពារព្រៃឡង់ ស្រុកជ័យសែន ចំនួន ៤នាក់ រួមនឹងមន្ត្រីបរិស្ថានចំនួន ២នាក់ផង បានស្ទាក់ចាប់គោយន្តដឹកឈើចេញពីតំបន់ព្រៃឡង់ ចំនួន ៤គ្រឿង កាលពីយប់ថ្ងៃទី១៧ មករា។ បន្ថែមពីនេះ មានវត្ថុតាងមួយចំនួនទៀត ដូចជា ម៉ាស៊ីនអារឈើ ២គ្រឿង ឈើប្រណិតប្រភេទកកោះ ធ្នង់ ផ្ដៀក ជិត ៣ម៉ែត្រគូប និងមនុស្សចំនួន ៥នាក់។ វត្ថុតាងទាំងនោះ សហគមន៍បានបញ្ជូនទៅឱ្យមន្ត្រីជំនាញដើម្បីដោះស្រាយ។ ក្រោយមក នៅល្ងាចថ្ងៃទី១៨ មករា មានមនុស្សពីរនាក់ដែលជាម្ចាស់គោយន្ត និងឈើទាំងនោះ ឈ្មោះ រោច និងឈ្មោះ ហេង មកគំរាមសម្លាប់លោក និងសកម្មជនម្នាក់ទៀតដល់ផ្ទះតែម្ដង។ លើសពីនេះទៀត ពួកគេតែងផ្ដាំផ្ញើតាមអ្នកភូមិជាបន្តបន្ទាប់ឱ្យប្រយ័ត្ន និងត្រូវដោះស្រាយយកវត្ថុតាង ដែលបញ្ជូនទៅឱ្យមន្ត្រីជំនាញប្រគល់ជូនពួកគេវិញ៖ «ខ្ញុំចង់ឱ្យអាជ្ញាធរ ឬខាងសមត្ថកិច្ច ជួយចាត់វិធានការធ្វើម៉េច កុំឱ្យខាងក្រុមបទល្មើសហ្នឹងមកគំរាមកំហែងដល់ក្រុមសហគមន៍។ ធ្វើម៉េចចេះសហការជាមួយក្រុមសហគមន៍ផង»។
ប្រភពដដែលអះអាងថា ពួកគាត់មិនសូវហ៊ានចេញដើរនោះឡើយ ពិសេសនៅពេលយប់។ ករណីនេះ ប្រជាសហគមន៍នៅមិនទាន់ដាក់ពាក្យប្តឹងទៅសមត្ថកិច្ចមូលដ្ឋានឡើយទេ ពីព្រោះពួកគេមិនសូវមានជំនឿ ម្យ៉ាងយល់ថា ប្រសិនបើសមត្ថកិច្ចមិនចាត់វិធានការ ពួកគាត់កាន់តែប្រឈមជាមួយក្រុមជនល្មើសថែមទៀត។
អាស៊ីសេរី មិនទាន់អាចទាក់ទងពលរដ្ឋឈ្មោះ រោច និង ហេង ព្រមទាំងមេប៉ុស្តិ៍ឃុំធ្មា លោក ព្រំ រួត បានទេ នៅថ្ងៃទី២៥ មករា។
បណ្ដាញស្នូលព្រៃឡង់ ខេត្តកំពង់ធំ លោក សុខ ប្លោក លើកឡើងថា បញ្ហាប្រឈមរបស់ពួកគាត់ជាមួយក្រុមជនល្មើស តែងតែកើតមានឡើង។ លោកបញ្ជាក់ថា ក្នុងមួយរយៈពេលចុងក្រោយ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ សហការល្អជាមួយសហគមន៍ ព្រោះរាល់ពេលពួកគាត់ស្នើសុំកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះល្បាតព្រៃ គឺពួកគេតែងចូលរួម។ ប្រភពដដែលអះអាងថា ទោះបីជាមានកិច្ចសហការល្អជាមួយមន្ត្រីជំនាញ និងសមត្ថកិច្ចក៏ដោយ ប៉ុន្តែរាល់ពេលចុះល្បាតក្នុងព្រៃនៅពេលយប់ម្តងៗ ប្រជាសហគមន៍តែងដាក់វេនគ្នាយាមជាប្រចាំ ពីព្រោះក្រុមជនល្មើសបច្ចុប្បន្នមានទាំងអាវុធកែច្នៃ ហើយខ្លះអាចមានកាំភ្លើងទៀតផង។
អ្នកសម្របសម្រួលលេខាធិការដ្ឋានបណ្ដាញព្រៃឡង់ លោក សេង សុខហេង មានប្រសាសន៍ថា ករណីគំរាមកំហែងដល់អាយុជីវិតសកម្មជនការពារព្រៃឡង់ នៅខេត្តព្រះវិហារ ខាងលោកនឹងប្រមូលភស្តុតាងឱ្យបានច្រើន ដើម្បីដាក់ពាក្យប្ដឹងទៅអាជ្ញាធរពាក់ព័ន្ធ៖ «ព្រោះថានៅប្រទេសកម្ពុជា មានច្បាប់ ហើយអាជ្ញាធរដែនដី រួមទាំងមន្ត្រីមូលដ្ឋានមិនគួរបណ្ដោយឱ្យជនល្មើសធ្វើអ្វីតាមតែអំពើចិត្តនោះទេ»។
ព្រៃឡង់ មានព្រំប្រទល់ជាប់ខេត្តចំនួន៤ គឺខេត្តព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និងខេត្តក្រចេះ ដែលមានទំហំផ្ទៃដីជាង ៤៣ម៉ឺនហិកតារ។ កាលពីថ្ងៃទី៩ ឧសភា ២០១៦ រដ្ឋាភិបាលបានដាក់បញ្ចូលតំបន់ព្រៃឡង់ ជាតំបន់ដែនជម្រកសត្វព្រៃ។
លោក សេង សុខហេង អះអាងថា ករណីគំរាមកំហែងសកម្មជនការពារព្រៃឡង់ កើតមានស្ទើរតែគ្រប់ខេត្ត ដោយគ្រាន់តែខេត្តខ្លះមានលក្ខណៈធ្ងន់ធ្ងរ និងខេត្តខ្លះទៀតមិនសូវធ្ងន់ធ្ងរប៉ុណ្ណោះ។ លោកបន្ថែមថា ប្រសិនបើអាជ្ញាធរមិនចាត់វិធានការចំពោះក្រុមជនល្មើសទេ នឹងអាចបង្កគ្រោះថ្នាក់ដល់ប្រជាសហគមន៍នៅថ្ងៃខាងមុខ។ ម្យ៉ាងទៀត ការណ៍នេះបង្ហាញថា អាជ្ញាធរអាចជាប់សង្ស័យទទួលបានផលប្រយោជន៍ណាមួយពីក្រុមជនល្មើសតែម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។