ជំនន់​ទឹក​ភ្លៀង​នៅ​ខេត្ត​កំពត​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន

0:00 / 0:00

គណៈកម្មការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត​កំពត អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់ និង​ប្រុងប្រយ័ត្ន​ខ្ពស់ ខណៈ​ដែល​ប្រព័ន្ធ​វាស់​ស្ទង់​កម្ពស់​ទឹក​ជំនន់​បាន​ឲ្យ​ដឹង​ថា ស្ថានភាព​ទឹក​បាន​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន។

បើ​ទោះ​ជា​ស្ថានភាព​ទឹក​បាន​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន​នៅ​តាម​ក្រុង និង​ស្រុក​មួយ​ចំនួន​នៃ​ខេត្ត​កំពត ប៉ុន្តែ​ស្ថានភាព​ទឹក​ផ្នែក​ខាង​លើ​ទំនប់​វារីអគ្គិសនី​កំចាយ នៅ​មិន​ទាន់​ដល់​កម្រិត​ប្រកាស​អាសន្ន​នៅ​ឡើយ​ទេ​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​២៦ កក្កដា។ តាម​រយៈ​ហ្វេសប៊ុក (facebook) របស់​រដ្ឋបាល​សាលា​ខេត្ត​កំពត បញ្ជាក់​ថា កម្ពស់​ទឹក​នៅ​លើ​ទំនប់​វារីអគ្គិសនី​កំចាយ មាន​កម្ពស់ ១៤៩​ម៉ែត្រ ខណៈ​ដែល​ភូមិ​ឃុំ​មួយ​ចំនួន​នៅ​ក្នុង​ស្រុក​ទឹកឈូ បាន​រង​ការ​លិច​ជា​បណ្ដើរៗ​ហើយ។

អាជ្ញាធរ​ខេត្ត​បាន​ជូន​ដំណឹង​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​យក​ចិត្ត​ទុក​ដាក់ និង​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើត​ឡើង​ជា​យថាហេតុ ពិសេស​ប្រុងប្រយ័ត្ន​ចំពោះ​ក្មេង​តូចៗ​កុំ​ឲ្យ​លេង​ទឹក និង​ត្រូវ​ត្រៀម​រៀបចំ​សម្ភារៈ​មធ្យោបាយ​ធ្វើ​ដំណើរ ស្បៀង​អាហារ និង​សត្វ​ពាហនៈ។

តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​ខេត្ត​កំពត មិន​បាន​បញ្ជាក់​ថា ជំនន់​ទឹក​ភ្លៀង​ដែល​បណ្ដាល​ឲ្យ​លិច​ភូមិ​ឃុំ​មួយ​ចំនួន​ក្នុង​ស្រុក​ទឹកឈូ តាម​ដង​មាត់​ព្រែក​កំពត ដោយសារ​ការ​បើក​ទ្វារ​ទឹក​បង្ហូរ​ពី​វារីអគ្គិសនី​នៅ​លើ​ភ្នំ​កំចាយ ឬ​យ៉ាង​ណា​នោះ​ទេ ហើយ​អាស៊ីសេរី ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​អភិបាល​ខេត្ត​កំពត លោក ចាន់ ចេស្ដា បាន​ដែរ​នៅ​ថ្ងៃ​ទី​២៦ កក្កដា ដោយ​លោក​ប្រាប់​ថា​ឲ្យ​ចាំ​មើល​តាម​ហ្វេសប៊ុក។

អ្នក​ភូមិ​នៅ​ឃុំ​កំពង់ក្រែង ស្រុក​ទឹកឈូ ប្រាប់​ថា ទំនប់​វារីអគ្គិសនី​កំចាយ បាន​បើក​ទ្វារ​បង្ហូរ​ទឹក​ពី​ភ្នំ​កំចាយ តាំង​ពី​យប់​ថ្ងៃ​ទី​២៥ កក្កដា មក ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ទឹក​ឡើង​លិច​ភូមិ។ អ្នក​ភូមិ​ប្រាប់​ថា ពួក​គាត់​បាន​ឮ​សំឡេង​ស៊ីរ៉ែន​ប្រកាស​អាសន្ន​យ៉ាង​តិច​ណាស់ ៣​ដង​កាល​ពី​យប់​ថ្ងៃ​ទី​២៥ កក្កដា ដោយ​ម្ដង​នៅ​ម៉ោង ១០​យប់ ម្ដង​ទៀត​ម៉ោង ១១​យប់ និង​ម៉ោង ២​រំលង​អធ្រាត្រ​ម្ដង​ទៀត។

ស្នងការ​នគរបាល​ខេត្ត​កំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធិ ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​២៦ កក្កដា ថា មាន​ពលរដ្ឋ​ជាង ២០០​គ្រួសារ​ក្នុង​ស្រុក​ទឹកឈូ បាន​រង​ការ​ប៉ះពាល់​តិចតួច​នៅ​ឡើយ​ពី​ជំនន់​ទឹក​ភ្លៀង​នៅ​ខេត្ត​កំពត។ លោក​ស្នងការ​បន្ត​ថា បើ​សិន​ភ្លៀង​នៅ​តែ​បន្ត​ទៀត ក្រុង​កំពត ប្រឈម​នឹង​ការ​លិច ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា លោក​បាន​ណែនាំ​ដល់​ប៉ុស្តិ៍​ប៉ូលិស​ឲ្យ​ត្រៀម​ជួយ​ពលរដ្ឋ​រងគ្រោះ និង​ណែនាំ​ដល់​ពលរដ្ឋ​កុំ​ឲ្យ​ក្មេង​តូចៗ​លេង​ទឹក៖ « បើ​សិន​ណា​មេឃ​នៅ​តែ​ភ្លៀង អា​ហ្នឹង​ពិបាក​ដែរ តែ​បើ​សិន​មេឃ​រាំង​លែង​ភ្លៀង មិន​អី​ទេ។ បាន​ត្រៀម​ទូក ត្រៀម​អី​សម្រាប់​ដឹក​ជញ្ជូន​ពួក​គាត់ ស្បៀង ប្រសិន​ណា​បើ​វា​លិច​ដូច​ពីរ​ឆ្នាំ​មុន អា​ហ្នឹង​យើង​ដើម្បី​ជួយ​ពួក​គាត់។ ណែនាំ​ទៅ​ដល់​ប៉ុស្តិ៍​រដ្ឋបាល​ពួក​យើង​ហើយ ឲ្យ​ប្រាប់​ពួក​គាត់ សំខាន់​បំផុត​គឺ​ក្មេង​តូចៗ ហើយ​ទី​២ គឺ​សត្វ​ពាហនៈ។ ពួក​គាត់​ឲ្យ​យក​មក​ទីទួល​សុវត្ថិភាព ពីព្រោះ​ភ្លៀង​បី​បួន​ប្រាំ​ថ្ងៃ​ហ្នឹង​អត់​ឈប់​សោះ ភ្លៀង​រហូត។ ចឹង​ប្រសិន​ណា​ភ្លៀង​នៅ​ធ្លាក់​ចឹង វា​បញ្ហា​ប្រឈម​សម្រាប់​ខេត្ត​កំពត យើង​ដែរ »

ភ្លៀង និង​ខ្យល់​កន្ទ្រាក់​បាន​ធ្លាក់​ជាប់​នៅ​ខេត្ត​កំពត ក្នុង​រយៈពេល​ជិត​មួយ​សប្ដាហ៍​មក​នេះ។ ទឹក​សមុទ្រ​នៅ​ព្រែក​កំពត​ម្ដុំ​មុខ​សាលា​ខេត្ត បាន​ហក់​ឡើង​ខ្លាំង​នៅ​ថ្ងៃ​ទី​២៦ កក្កដា គឺ​សល់​តែ​កន្លះ​ម៉ែត្រ​ទៀត នឹង​លិច​ចូល​ក្នុង​ក្រុង​កំពត ខណៈ​ដែល​ត្រើយ​ម្ខាង​ទៀត​នៃ​ក្រុង​កំពត ទឹក​បាន​ជន់​លិច​ជា​បណ្ដើរៗ​ហើយ។ ចំណែក​អ្នក​នេសាទ​តាម​សមុទ្រ បាន​ផ្អាក​សកម្មភាព​នេសាទ​នៅ​សមុទ្រ​ជាច្រើន​ថ្ងៃ​មក​ហើយ។

សាលា​ខេត្ត​កំពត ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​បង្ការ​ក្នុង​ពេល​មាន​ការ​ហូរ​គំហុក​ទឹក​ភ្លៀង​នៅ​ព្រែក​កំពត និង​ទឹកឈូ ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។