ជំនន់ទឹកភ្លៀងនៅខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៩ ខែសីហា នៅតែបន្តឡើងលិចផ្លូវជាតិលេខ៥ នៅឃុំអូរតាគី ស្រុកថ្មគោល នៅឡើយ ខណៈអាជ្ញាធរខេត្តនេះបើកប្រឡាយរំដោះទឹកចេញខ្លះក៏ដោយ។ អភិបាលខេត្តបាត់ដំបង បញ្ជាក់ថា ស្ថានភាពទឹកនឹងបានស្រុកដូចប្រក្រតីវិញក្នុងពេលឆាប់ៗ។
ប្រជាពលរដ្ឋនៅឃុំអូរតាគី ស្រុកថ្មគោល លើកឡើងថា ស្ថានភាពទឹកជំនន់ដែលលិចផ្លូវជាតិលេខ៥ បានស្រកវិញខ្លះហើយ ក្រោយពីអាជ្ញាធរធ្វើប្រឡាយរំដោះទឹកចេញទៅតំបន់ផ្សេងនោះ៖ «»។
ពលរដ្ឋរស់នៅភូមិវាលទ្រា ឃុំអូរតាគី លោក ឥន ញ៉ក់ ផ្ដល់សម្ភាសន៍ឲ្យអាស៊ីសេរី ខណៈឈរមើលទឹកនៅចិញ្ចើមផ្លូវថា ចាប់ពីអាជ្ញាធរខេត្តបាត់ដំបង បានកាយប្រឡាយបង្ហូរទឹកកាលពីរសៀលថ្ងៃទី២៨ ខែសីហា មក ស្ថានភាពទឹកលិចផ្លូវជាតិលេខ៥ បានស្រកវិញ ប្រសើរជាងថ្ងៃដំបូង៖ «រាល់ឆ្នាំទឹកអត់លិចទេ ទើបឆ្នាំនេះគេធ្វើប្រឡាយធំ ធ្វើឲ្យទឹកហូរមកច្រើន ចំណែករន្ធលូតូចធ្វើឲ្យស្ទះទឹកហូរមិនទាន់ ក៏លើងលិចផ្លូវជាតិតែម្ដង»។

ចំណែកពលរដ្ឋនៅឃុំអូរតាគី ម្នាក់ទៀត លោក វង់ សាត អះអាងថា កាលពីថ្ងៃទី២៨ ខែសីហា ជំនន់ទឹកភ្លៀងឡើងលិចផ្លូវជាតិលេខ៥ នៅភូមិវាលទ្រា ដោយកន្លែងខ្លះទឹកត្រឹមក្បាលជង្គង់ ធ្វើឲ្យរថយន្តស្ទះចរាចរណ៍ប្រមាណ ៥គីឡូម៉ែត្រ។ លោកថា ស្ថានភាពទឹកហាក់មិនទាន់ធូរស្រាលទេ ប្រសិនបើមានភ្លៀងបន្តទៀតនោះ៖ «ខ្ញុំព្រួយខ្លាចទឹកលិចស្រូវអស់ ព្រោះឥឡូវទឹកលិចស្រូវនៅសល់ចុងប្រុយៗ ហើយនៅខាងលិចណោះទឹកឡើងសរហាចតាមស្រែ។ ឥឡូវនេះអ្នកធ្វើស្រូវប្រាំងថ្ងូរគ្រប់គ្នា ព្រោះទឹកលិចខ្លាំងពេកម្ល៉ោះហើយបូមក៏បូមមិនរីងដែរ ព្រោះទឹកវាច្រើនពេក»។
ទាក់ទងនឹងបញ្ហានេះ អភិបាលខេត្តបាត់ដំបង លោក ចាន់ សុផល ដែលបានចុះទៅមើលស្ថានភាពទឹកដល់ទីកន្លែង មានប្រសាសន៍ថា លោកបានបញ្ជាឲ្យមន្ត្រីជំនាញពាក់ព័ន្ធធ្វើប្រឡាយបង្ហូរទឹកនៅខាងលិចផ្លូវជាតិ ដើម្បីរំដោះទឹកមួយចំនួនចេញពីផ្លូវជាតិលេខ៥ ឲ្យបានឆាប់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោក ចាន់ សុផល បន្ថែមថា អាជ្ញាធរស្រុកបានដាក់សមត្ថកិច្ចតាមដានស្ថានភាពទឹកប្រចាំនៅកន្លែងទឹកលិច ព្រមទាំងប៉ូលិសមួយចំនួនផង ដើម្បីសម្រួលចរាចរណ៍ដល់អ្នកដំណើរ៖ «ឥឡូវនេះ ជារួមមេឃស្រឡះគ្រាន់ហើយ ទឹកក៏បានស្រកខ្លះហើយនៅចំពោះទឹកដែលហូរកាត់ផ្លូវជាតិលេខ ៥នេះ ដូច្នេះខ្ញុំគិតថា បើមេឃស្រឡះ ដូច្នេះយើងអាចធានបាននូវការបញ្ចៀសទឹក ធ្វើឲ្យមិនហូរបុកខ្លាំងមកលើផ្លូវជាតិលេខ៥ ទេ ហើយទឹកចេះតែស្រុកជាបន្តបន្ទាប់»។
នៅព្រឹកថ្ងៃទី២៩ ខែសីហា ដដែល ទឹកនៅតែបន្តហូរឆ្លងផ្លូវប្រវែងប្រមាណ ២០ម៉ែត្រ ចំណែកឯចរាចរណ៍នៅលើដងផ្លូវវិញស្ទះម្ដងម្កាល គឺនៅពេលដែលមានរថយន្តដឹកទំនិញធំៗឆ្លងកាត់ច្រើន។ រីឯទឹកដែលអាជ្ញាធររំដោះចេញពីផ្លូវជាតិនោះ បានហូរចូលទៅវាលស្រែ និងភូមិរបស់អ្នកស្រុកនៅតំបន់នោះ ប៉ុន្តែពុំមានការលិចផ្ទះ និងស្រូវនោះទេ។ ពលរដ្ឋឲ្យដឹងថា ទឹកដែលឡើងនេះជាជំនន់ទឹកភ្លៀង បន្ទាប់ពីភ្លៀងធ្លាក់នៅខេត្តបាត់ដំបង ចំនួន ៣ថ្ងៃជាប់ៗគ្នា ដោយហូរមកពីស្ទឹងបវេលចូលមកប្រឡាយក្នុងឃុំអូរតាគី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។