ប្រឡាយអភិវឌ្ឍន៍ដែលយកទឹកពីស្ទឹងស្ពានស្រែង ជាប់ព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ កំពុងប៉ះពាល់ដល់ស្រូវរបស់ប្រជាកសិករជិត ១ពាន់ហិកតារ ដោយស្រែខ្លះគ្មានទឹក និងស្រែខ្លះទៀតមានទឹកជន់លិចលង់ខ្លាំងខុសពីធម្មតា។
ប្រឡាយអភិវឌ្ឍន៍នេះ កំពុងអនុវត្តគម្រោងដោយក្រុមហ៊ុនចិន ដើម្បីនាំទឹកសម្រាប់ស្រោចស្រពវិស័យកសិកម្មនារដូវប្រាំង។
អាជ្ញាធរស្រុកស្រីស្នំ ខេត្តសៀមរាប និងមន្ត្រីពាក់ព័ន្ធខ្លះទៀតកំពុងជួបប្រជុំគ្នា ដើម្បីរិះរកមធ្យោបាយល្អក្នុងការបញ្ចៀសទឹកជំនន់ដែលចាល់ខ្លាំង ដោយសារទំនប់អភិវឌ្ឍន៍កំពុងតែគំរាមកំហែងទៅលើស្រូវរបស់ប្រជាកសិករជាច្រើនរយហិកតារនៅក្នុងឃុំចំនួន៥។
ទឹកជំនន់ដែលបណ្ដាលមកពីភ្លៀងខ្លាំង ហើយហូរមកចាល់នឹងទំនប់ដែលក្រុមហ៊ុនចិន ស្ថាបនានោះ កំពុងធ្វើឱ្យកសិករជាច្រើនគ្រួសារ ព្រួយបារម្ភអំពីការខូចខាតស្រូវរបស់ពួកគេ ប្រសិនបើទឹកនៅតែបន្តលិចរយៈពេលយូរ។
សមាជិកក្រុមប្រឹក្សាស្រុកស្រីស្នំ ១រូប គឺលោក ហូយ ឈិន។ លោកមានប្រសាសន៍ថា កាលពីព្រឹកថ្ងៃសុក្រ ទី១៩ ខែកញ្ញា អាជ្ញាធរស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនផ្នែកទៀត បានជួបប្រជុំគ្នាដើម្បីរិះរកវិធីដោះស្រាយទៅលើបញ្ហាទឹកដែលចាល់នឹងទំនប់ ហើយជន់លិចស្រូវជាច្រើនរយហិកតារនោះ។ មន្ត្រីដដែលបញ្ជាក់ថា រយៈពេលជិតមួយសប្ដាហ៍មកហើយ ទឹកភ្លៀងដែលហូរពីតំបន់ភ្នំតាមស្ទឹងស្ពានស្រែង បានមកចាល់នឹងទំនប់ ធ្វើឱ្យលិចលង់ស្រូវរបស់ប្រជាកសិករជាច្រើនឃុំ នៃស្រុកស្រីស្នំ៖ «នេះកំពុងប្រជុំដោះស្រាយរឿងទឹកលិចស្រូវ ព្រោះវាជន់លើកមុន ក៏ទឹកវាលិចដែរ ហើយនៅពេលវាទើបតែងើបបានបន្តិច ទឹកជន់លើកក្រោយនេះមកលិចមួយសាទៀត នៅមិនទាន់ស្រកទេ។ ចាំមើលអភិបាល គាត់ថាចុះទៅមើល ដើម្បីឱ្យចិន កាយបង្ហូរចេញ»។
ប្រភពព័ត៌មានពីតាមបណ្ដាភូមិខ្លះនៃស្រុកស្រីស្នំ ឱ្យដឹងថា អ្នកភូមិរាប់សិបគ្រួសារ កំពុងរងការប៉ះពាល់ដោយសារតែទឹកជំនន់គំរាមកំហែងស្រូវរបស់ពួកគេ។
មេភូមិជ្រោយនាងងួន នៃឃុំជ្រោយនាងងួន លោក ឌី ប៊ុនស៊ាន ឱ្យដឹងថា ទឹកជំនន់បានជន់លិចស្រែនៅភូមិរបស់គាត់កាលពី ៣ថ្ងៃមុន ធ្វើឱ្យប្រជាពលរដ្ឋប្រមាណ ១០គ្រួសារ ក្នុងចំណោមអ្នកភូមិសរុប ៧០គ្រួសារ កំពុងរងការប៉ះពាល់ពីទឹកជំនន់នោះ៖ «ទឹកលិចបាន ៣ថ្ងៃ ទើបតែស្រក ផុសឃើញចុងស្រូវបន្តិចៗ មានរលួយខ្លះៗទៅហើយ ជាប់នឹងមាត់ប្រឡាយប្រហែល ៥ហិកតារ វារលួយម្ដុំៗ មិនរលួយទាំងអស់ទេ នៅវាទើបតែផុសស្រូវបន្តិចៗ»។
ចំណែកមេភូមិឫស្សីសាញ់ លោក អាន ពិសី ឱ្យដឹងស្រដៀងគ្នាថា ស្រូវប្រជាពលរដ្ឋក្នុងភូមិរបស់លោក កំពុងលិចទៅក្នុងទឹកប្រហែលជិត ២០០ហិកតារ ក៏ប៉ុន្តែលោកមិនអាចប៉ាន់ស្មានថាតើវាអាចខូចខាត ឬក៏យ៉ាងណាទេ ពីព្រោះលោកមិនទាន់ដឹងថា ទឹកវានឹងស្រកផុតនៅពេលណាពិតប្រាកដ៖ «វាកល់នឹងប្រឡាយចិនណា! ប៉ែកខាងលិច លិចប្រហែល ១៥០ហិកតារ ហើយនេះកំពុងតែបង្ហូរទឹកចេញ យើងមិនទាន់ដឹងថាផលប៉ះពាល់យ៉ាងម៉េចទេ។ បើបង្ហូរ គឺបង្ហូរហើយ ប៉ុន្តែទឹកចេះតែមកពីលើថែមទៀត ឯរឿងខូច ឬមិនខូច យើងអត់ទាន់ដឹង ពីព្រោះវាទើបតែលិចបាន ២-៣ថ្ងៃ។ ខ្ញុំព្រួយបារម្ភដែរ បានទាក់ទងទៅក្រុមហ៊ុនចិន ហើយក្រុមហ៊ុនគេចុះមកជួយកាប់ប្រឡាយបង្ហូរទឹកចេញ»។
នៅស្រុកស្រីស្នំ ដោយសារតែទំនប់ និងប្រឡាយអភិវឌ្ឍន៍ ដែលស្ថាបនាដោយក្រុមហ៊ុនចិន ដើម្បីយកទឹកពីស្ទឹងស្ពានស្រែង សម្រាប់ស្រោចស្រពវិស័យកសិកម្មនៅរដូវប្រាំងនោះ គឺកំពុងធ្វើឱ្យឃុំខ្លះទទួលរងទឹកជំនន់លិចស្រូវ និងឃុំខ្លះទៀតខ្វះទឹក ដោយសារតែស្ទះមិនអាចចូលដល់។ អាជ្ញាធរស្រុកស្រីស្នំ និងមន្ត្រីកសិកម្ម កំពុងតែស្វែងរកការដោះស្រាយទៅលើបញ្ហាទាំងពីរនេះឱ្យមានភាពប្រសើរ។
ប្រធានការិយាល័យកសិកម្មស្រុកស្រីស្នំ លោក ណាត ស៊ីនួម មានប្រសាសន៍ថា ទឹកភ្លៀងដែលហូរតាមស្ទឹងស្ពានស្រែង បានចូលតាមប្រឡាយអភិវឌ្ឍន៍ដែលស្ថាបនាដោយក្រុមហ៊ុនចិន កាលពីថ្ងៃទី១៣ ខែកញ្ញា កន្លងទៅ ហើយនៅថ្ងៃទី១៤ គឺទឹកដែលហូរតាមប្រឡាយ បានជន់ខ្លាំង និងបានបែកចូលទៅតាមស្រែ បណ្ដាលឱ្យជន់លិចស្រូវចំនួន ៩៣០ហិកតារ។ មន្ត្រីដដែលបញ្ជាក់ថា ក្នុងចំណោមស្រូវដែលទឹកលិចជិត ១ពាន់ហិកតារនោះ រហូតដល់ថ្ងៃទី១៩ ខែកញ្ញា គឺទើបតែស្រកបានចំនួន ៣៧០ហិកតារ នៅសល់ប្រមាណជាង ៥០០ហិកតារ នៅតំបន់ខាងក្រោម បន្តលិចនៅឡើយ៖ «វាស្រកទៅពីលើនេះទៅ វានៅខាងត្រាំសសរ វាមាន ៥ភូមិទៀត បើគិតជាផ្ទៃដីខ្ទង់ ៥០០ហិកតារជាងទៀតនោះ កំពុងតែលិច។ ដូច្នេះ បើការសន្និដ្ឋានរបស់ខ្ញុំ វាមិនទាន់អាចឱ្យដល់ទៅខូចទេ ពីព្រោះស្រូវទឹកជំនន់លិចត្រឹម ៧-១០ថ្ងៃអត់អីទេ។ មានតំបន់ខ្លះដែលស្ទះ និងប្រឡាយចិន វាអត់ វាអត់មានទឹក។ ដូច្នេះ បងប្អូនសំណូមពរមកលោកមេឃុំ លោកអភិបាលស្រុកស្រីស្នំ គេបានរៀបចំចាត់ចែងអស់ហើយ កាយបង្ហៀរពីកន្លែងណាដែលលិច ទៅដាក់នៅកន្លែងគ្មានទឹក។ ដូច្នេះ វាអាចមានទឹកគ្រប់ស្រែ»។
មន្ត្រីការិយាល័យកសិកម្មស្រុកស្រីស្នំ ឱ្យដឹងថា តំបន់ដែលមានទឹកជំនន់លិចស្រូវ ចាប់តាំងពីថ្ងៃទី១៤ ខែកញ្ញា រហូតមកដល់ថ្ងៃទី១៩ គឺនៅឃុំស្លែងស្ពាន សរុបផ្ទៃដីស្រែប្រមាណ ១០០ហិកតារ ឃុំជ្រោយនាងងួន ផ្ទៃដីស្រែដែលលិចទឹកប្រមាណ ៧០ហិកតារ។ ចំណែកឯឃុំប្រិយ និងឃុំក្លាំងហាយ សរុបផ្ទៃដី ១៥០ហិកតារ ក៏ប៉ុន្តែរហូតមកដល់ថ្ងៃទី១៩ ខែកញ្ញា ទឹកជំនន់បានស្រកជិតផុតពីតំបន់ទាំងនោះហើយ។
មន្ត្រីស្រុកស្រីស្នំ ឱ្យដឹងថា ប្រឡាយ និងទំនប់អភិវឌ្ឍន៍សម្រាប់នាំទឹកពីស្ទឹងស្ពានស្រែង ស្រោចស្រពវិស័យកសិកម្មនៅរដូវប្រាំង ដែលកំពុងធ្វើឱ្យមានទឹកជំនន់លិចស្រូវនៅតំបន់ខ្លះ ហើយតំបន់ខ្វះទៀត ស្ទះទឹកចូលមិនដល់នោះ គឺក្រុមហ៊ុនចិន បានអនុវត្តគម្រោងសាងសង់រយៈពេល ៣ឆ្នាំ ដោយរហូតមកដល់ពេលនេះ គម្រោងស្ថាបនាជិតរួចរាល់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។