ជនជាតិដើមភាគតិចនៅភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ដែលរកឃើញបទល្មើសកាប់រានព្រៃឈើនៅដែនជម្រកសត្វព្រៃលំផាត់ អះអាងថា ក្រុមអាជ្ញាធរភូមិ និងឃុំ ព្យាយាមគំរាមកំហែង និងបំបាក់ស្មារតីសមាជិកសហគមន៍ បន្ទាប់ពីសហគមន៍នាំគ្នាចុះពិនិត្យកន្លែងកាប់រានព្រៃ និងដាក់បណ្ដឹងបរិហារមន្ត្រីមូលដ្ឋានមួយចំនួនដែលសហគមន៍ចាត់ទុកថា មានពាក់ព័ន្ធបទល្មើសព្រៃឈើ។
តំណាងសហគមន៍ភូមិសមុទ្រក្រោម អំពាវនាវសុំឲ្យអាជ្ញាធរខេត្តស៊ើបអង្កេតទៅលើមន្ត្រីមូលដ្ឋានថ្នាក់ភូមិ និងឃុំ ដែលមិនបានបម្រើរាស្ត្រពិតប្រាកដ ហើយព្យាយាមបង្កបញ្ហា ខណៈសហគមន៍ខិតខំការពារព្រៃឈើធនធានធម្មជាតិ កំពុងរងការកាប់រានយកឈើ និងរានយកដីធ្វើជាកម្មសិទ្ធិខុសច្បាប់។
កាលពីថ្ងៃទី១២ ខែសីហា អ្នកភូមិសមុទ្រក្រោម ២០នាក់ រួមជាមួយអ្នកសារព័ត៌មាន និងមន្ត្រីសមាគមអាដហុក (ADHOC) ប្រឈមទៅនឹងក្រុមសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ និងមន្ត្រីអនុរក្សដែនជម្រកសត្វព្រៃប្រដាប់អាវុធមានគ្នាសរុប ៦នាក់ បានមកថតផ្ទះសហគមន៍ និងរថយន្តរបស់អ្នកសារព័ត៌មានដែលផ្ញើទុកនៅភូមិ ហើយនាំគ្នាធ្វើដំណើរទៅតំបន់ភ្នំអាត កន្លែងដែលអ្នកភូមិបានប្រទះឃើញព្រៃឈើរាប់សិបហិកតារថ្មីទៀតត្រូវគេកាប់រានជាលើកទីបីដើម្បីយកដី។ ក្រុមសមត្ថកិច្ចទាំងនោះបានស្ទាក់ផ្លូវធ្វើដំណើរអ្នកភូមិ និងអ្នករួមដំណើរ និងសួររកលិខិតអនុញ្ញាតចូលព្រៃដែនជម្រក និងទាមទារឲ្យសុំការអនុញ្ញាតទើបអាចចូលព្រៃបាន។
តំណាងសហគមន៍ លោក តូច ផល្លា បញ្ជាក់ថា ក្រុមសមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលដ្ឋានមិនបានលើកទឹកចិត្តសកម្មជនដែលជាអ្នកសកម្មក្នុងការពារព្រៃឈើនោះទេ។ ផ្ទុយទៅវិញ ពួកគេបានរកវិធីស្តីបន្ទាស និងចាប់កំហុសបំបាក់ស្មារតីអ្នកភូមិទៅវិញ។ លោកកត់សំគាល់ថា អ្នកភូមិត្រូវការការចូលរួមរបស់អាជ្ញាធរ និងមន្ត្រីជំនាញ ក៏ប៉ុន្តែខណៈអ្នកភូមិអញ្ជើញមន្ត្រីទាំងនោះចុះល្បាតព្រៃពួកគេមិនចូលរួមទេ ប៉ុន្តែបែរជាចោទអ្នកភូមិថា ចូលព្រៃមិនមានការអនុញ្ញាតពីអាជ្ញាធរ៖ «ពួកខ្ញុំអ្នកការពារដី ការពារព្រៃឈើ ហើយដល់គាត់គាបសង្កត់អ៊ីចឹងខ្ញុំមានការប៉ះពាល់ផ្លូវចិត្ត អារម្មណ៍របស់ខ្ញុំមានការភ័យខ្លាច។ គាត់ខឹងថា ខ្ញុំហ្នឹងចេញមុខរឿងស្អីក៏ខ្ញុំៗ បានគាត់ទៅថតដីខ្ញុំហ្នឹង (ប្រធានភូមិ)»។
ចាប់ពីចុងខែមិថុនា រហូតមកទល់នឹងថ្ងៃទី៨ ខែសីហា ពលរដ្ឋភូមិសមុទ្រក្រោម បានចូលព្រៃដាក់ អន្ទាក់សត្វ និងស្វែងរកគោ បានប្រទះឃើញព្រៃឈើនៅខាងជើងភ្នំអាត ត្រូវគេអាររំលំចំនួនបីលើក។ តាមការប៉ាន់ស្មាន ព្រៃជាង ១០០ហិកតារត្រូវបានអាររំលំ មិនទាន់ដុតរាននៅឡើយ។

ពលរដ្ឋភូមិសមុទ្រក្រោម ពីរនាក់ ដែលចូលព្រៃផ្សេងគ្នាអះអាងថា បានប្រទះឃើញសកម្មភាពអាររំលំឈើដោយប្រើម៉ាស៊ីនកាត់ឈើ។ អ្នកអារឈើពីរនាក់ដែលអ្នកភូមិស្គាល់អត្តសញ្ញាណច្បាស់បញ្ជាក់ថា ពួកគេជាអ្នកស៊ីឈ្នួលអាររំលំឈើ ក៏ប៉ុន្តែមិនបានប្រាប់ពីអត្តសញ្ញាណអ្នកជួលជានរណានោះទេ៖ «កាប់ខ្ញុំឃើញអ្នកភូមិហ្នឹងហើយ»។
មេឃុំសេដា លោក អង្គ ប៊ុនធាន បដិសេធថា អាជ្ញាធរមិនបានគំរាមបំបាក់ស្មារតីពលរដ្ឋអ្នកការពារព្រៃឈើនោះទេ។ ផ្ទុយទៅវិញ អាជ្ញាធរបារម្ភពីសុវត្ថិភាពពលរដ្ឋដែលចូលព្រៃគ្មានការសហការពីមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន។ លោកទទួលស្គាល់ថា ពិតជាមានការកាប់រានព្រៃឈើខុសច្បាប់ ក៏ប៉ុន្តែលោកថា អាជ្ញាធរបានចាត់វិធានការទប់ស្កាត់បញ្ហានេះរួចហើយ៖ «អាហ្នឹងជារឿងគាត់ថា ប៉ុន្តែខ្ញុំអត់មានគំរាមគាត់ ឬក៏ប្រើអំណាចយ៉ាងនេះ យ៉ាងនោះទៅលើគាត់ទេ។ បាទ! កាលមុនមានអ្នកកាប់ឈើខ្ញុំក៏ប្រាប់ទៅប៉ុស្តិ៍ ប៉ុស្តិ៍ក៏ទាក់ទងទៅបរិស្ថានទៅមើលគេកាប់មែនម្ដងនេះអត់មានអ្នកណាកាប់ទៀតទេ ទៅទប់ស្កាត់អស់ហើយ»។
ជនជាតិដើមភាគតិចឃុំសេដា បានថែរក្សា និងអាស្រ័យផលព្រៃឈើនៅតំបន់ភ្នំអាត តាមប្រពៃណីច្រើនជំនាន់មកហើយ។ បច្ចុប្បន្នសហគមន៍បានស្នើសុំកាត់ចេញពីព្រៃដែនជម្រកសត្វបង្កើតជាព្រៃអភិរក្សសហគមន៍ផ្លូវការប្រមាណ ៣ពាន់ហិកតារ។ ករណីនេះអាជ្ញាធរកំពុងរៀបចំឯកសារកាត់ចេញដីជាង ១.២០០ហិកតារ ស្នើសុំទៅថ្នាក់ជាតិប្រគល់ឲ្យសហគមន៍អភិរក្ស។
នាយកស្ដីទីដែនជម្រកសត្វព្រៃលំផាត់ លោក សាន សានី ទទួលស្គាល់ថា ដីចាប់ពីភ្នំអាត មកខាងជើង អាជ្ញាធរកំពុងរៀបចំស្នើទៅថ្នាក់ជាតិកាត់ចេញពីដែនជម្រកសត្វប្រគល់ឲ្យសហគមន៍អភិរក្ស ក៏ប៉ុន្តែបច្ចុប្បន្នឋិតក្រោមការគ្រប់គ្រងរបស់ក្រុមអនុរក្ស។ ហេតុនេះការចេញចូលតំបន់ដែនជម្រកសត្វព្រៃត្រូវសុំការអនុញ្ញាត និងការសហការពីមន្ត្រីអនុរក្ស។ លោកថា ក្រុមអនុរក្សបានរៀបចំឯកសារប្ដឹងជនពាក់ព័ន្ធកាប់រានព្រៃយកដីនោះហើយ ក៏ប៉ុន្តែលោកមិនបញ្ជាក់ពិស្ដារពីអត្តសញ្ញាណជនពាក់ព័ន្ធនោះទេ។

តំណាងអ្នកភូមិសមុទ្រក្រោម ចំនួន ៩នាក់ បានដាក់បណ្ដឹងបរិហារក្រុមមន្ត្រីមូលដ្ឋាន និងមន្ត្រីជំនាញបរិស្ថាន ៧នាក់ដែលអ្នកភូមិចាត់ទុកថា បានអនុគ្រោះឲ្យកើតមានបទល្មើសព្រៃឈើក្នុងដែនសមត្ថកិច្ចរបស់ខ្លួនជូនអយ្យការសាលាដំបូងខេត្តរតនគិរី កាលពីខែកក្កដា។ ទន្ទឹមនោះដែរសហគមន៍បានរកឃើញឯកសារកិច្ចសន្យាទិញលក់ឈើមូលធ្វើឡើងដោយមេភូមិអនុប្រធានភូមិរួមជាមួយ។
ប្រធានអនុប្រធានសហគមន៍ភូមិសមុទ្រក្រោម ដែលបានផ្ដិតមេដៃលក់ដើមឈើនៅចំណុចភ្នំអាត ក្នុងដែនជម្រកសត្វព្រៃទៅឲ្យឈ្មួញកាលពីចុងឆ្នាំ២០១៦ មានតម្លៃ ១ម៉ឺន ៥ពាន់ដុល្លារទៀតផង។
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើសមាគមអាដហុក ខេត្តរតនគិរី លោក ឌិន ខុន្នី ចាត់ទុកបទល្មើសព្រៃឈើនៅតំបន់ភ្នំអាត ថាជាឧក្រិដ្ឋកម្មព្រៃឈើ ខណៈឈើមានតម្លៃរាប់ពាន់ដើមត្រូវគេកាប់ធ្វើអាជីវកម្ម និងព្រៃឈើរាប់រយហិកតារត្រូវគេរានយកដីខុសច្បាប់។ លោកថា មន្ត្រីអនុរក្ស និងអាជ្ញាធរមូលដ្ឋាននៅតំបន់នោះ គឺជាអ្នកទទួលខុសត្រូវ ហេតុនេះបណ្ដឹងបរិហាររបស់សហគមន៍គឺមានលក្ខណៈត្រឹមត្រូវដែលស្ថាប័នពាក់ព័ន្ធត្រូវប្រញាប់ស៊ើបអង្កេតរកជនល្មើសមកទទួលខុសត្រូវចំពោះមុខច្បាប់។ លើសពីនេះទៀត លោកអំពាវនាវឲ្យបញ្ឈប់ការគំរាមកំហែងបំភិតបំភ័យទៅលើពលរដ្ឋជាអ្នកចូលរួមទប់ស្កាត់បទល្មើសព្រៃឈើ ស្របតាមការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «ទិដ្ឋភាពដែលខ្ញុំមើលឃើញនេះមិនមែនមនុស្សធម្មតាអាចប្រព្រឹត្តបទល្មើសគគ្រឹកគគ្រេងយ៉ាងនេះធ្វើបានទេ ប្រាកដមានអ្នកសម្រួល អ្នកផ្ដល់ការអនុញ្ញាត និងអ្នកចូលរួម»។
នៅថ្ងៃទី១៦ ខែសីហា សហគមន៍ភូមិសមុទ្រក្រោម ជាង ៥០នាក់ បានជួបប្រជុំជាមួយតំណាងអង្គការបណ្ដាញគាំទ្រជនជាតិដើមភាគតិចខេត្តរតនគិរី (ICSO)។ ក្នុងកិច្ចប្រជុំនោះ សហគមន៍បានអំពាវនាវឲ្យអាជ្ញាធរស៊ើបអង្កេតផងដែរទៅលើដីព្រៃកប់សពដីត្រៀមបម្រុងសម្រាប់សាងសង់ប៉ុស្តិ៍សុខភាព សង់អគារគណបក្ស និងដីសម្រាប់សាងសង់សាលាឃុំដែលអ្នកភូមិអះអាងថា ត្រូវបានគេលក់ដូរខុសច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។