Opens in new windowព្រៃឈើសហគមន៍ឃុំស្រែគរ ឬហៅថា ព្រៃអ្នកតារកាកាន់ ដែលនៅសងខាងផ្លូវចូលទៅការដ្ឋានក្រុមហ៊ុនសម្អាតផ្ទៃអាង នៃទំនប់វារីអគ្គិសនីសេសានពីរ ខេត្តស្ទឹងត្រែង ត្រូវបានអ្នកភូមិកាប់ឆ្ការរានដីធ្វើចម្ការ។
អ្នកភូមិអះអាងថា ពួកគេសម្រុកកាប់ឆ្ការព្រៃសហគមន៍ ដើម្បីយកដី ដោយសារតែភូមិរបស់ពួកគាត់ ប្រឈមការជម្លៀស និងត្រូវគំរាមកំហែងដោយទឹកជំនន់ ប្រសិនទំនប់វារីអគ្គិសនីបើកឲ្យដំណើរការ។ ចំណែកអាជ្ញាធរឃុំអះអាងថា ការកាប់រានដីព្រៃយកដីជាអំពើខុសច្បាប់។
ពលរដ្ឋជនជាតិដើមភាគតិចព្នង រស់នៅឃុំស្រែគរ ស្រុកសេសាន ឲ្យដឹងនៅថ្ងៃទី២៥ កញ្ញា ថា អ្នកភូមិនាំគ្នាកាប់ទន្ទ្រានឆ្ការព្រៃសហគមន៍ ដើម្បីយកដីធ្វើចម្ការចិញ្ចឹមជីវិត បន្ទាប់ពីដីធ្លីអាស្រ័យផលរបស់ពួកគេ និងផ្ទះសម្បែងជាដើម នឹងក្លាយជាផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ។
អ្នកភូមិជនជាតិដើមភាគតិចព្នងម្នាក់ក្នុងចំណោមពលរដ្ឋជាច្រើននាក់ទៀត គឺលោក ពុធ ឃឿន។ លោករៀបរាប់ថា អ្នកភូមិជាង ១០០គ្រួសារ បាននាំគ្នាមកកាប់ឆ្ការព្រៃទំហំក្បាលដី ៣០ម៉ែត្រទៅ ៩០ម៉ែត្រ ជម្រៅពី ៥០ម៉ែត្រទៅ ១០០ម៉ែត្រ តាមបណ្តោយអមសងខាងផ្លូវចូលក្រុមហ៊ុនសម្អាតផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ ដោយសំអាងថា ដីនោះជាបរិវេណដីព្រៃសមូហភាពសហគមន៍។
លោកបន្តថា អ្នកភូមិត្រូវការដីធ្វើចម្ការជាកត្តាចាំបាច់ ដើម្បីបង្កបង្កើនផល ទើបពួកគេកាប់ឆ្ការព្រៃដើម្បីដាំដំណាំជាលក្ខណៈគ្រួសារ។ លោកថា រហូតមកដល់បច្ចុប្បន្ន ដីព្រៃសមូហភាពសហគមន៍ដែលអ្នកភូមិកាប់ឆ្ការអស់ប្រហែលជិត ១០០ហិកតារ ចាប់តាំងពីចុងឆ្នាំ២០១៤៖ «សម្អាតត្រូវដាំបន្តិចបន្តួច ស្វាយចន្ទីត្រឹម ៥០ដើមអីតែប៉ុណ្ណឹង។ អ្នកខ្លះគ្រាន់តែសម្អាតកន្លែងធ្វើរោងធ្វើអី ធ្វើខ្ទមធ្វើអីតែប៉ុណ្ណឹង។ មិនមែនកាប់ស្រឡះដូចក្រុមហ៊ុនឈូសទេ តាមពិតក្រុមហ៊ុនខុសច្បាប់ច្រើនជាងប្រជាពលរដ្ឋទៀត នៅតែក្រុមហ៊ុនសម្អាតអាងថាប្រជាពលរដ្ឋខុសដែរ»។
កាលពីថ្ងៃទី១៨ កញ្ញា មន្ត្រីរដ្ឋបាលព្រៃឈើ រួមទាំងកងកម្លាំងប្រដាប់អាវុធ បានចុះទៅហាមឃាត់អ្នកភូមិម្នាក់មិនឲ្យធ្វើខ្ទមក្នុងដីព្រៃសហគមន៍ និងហាមឃាត់អ្នកភូមិឲ្យបញ្ឈប់បន្ទាន់។
ទាក់ទិនករណីនេះដែរ មេឃុំស្រែគរ លោក សៀក មេគង្គ ចាត់ទុកការកាប់ឆ្ការព្រៃសហគមន៍ ដើម្បីយកដីរបស់អ្នកភូមិថាជាករណីខុសច្បាប់។ តែទោះយ៉ាងណាលោកថា អាជ្ញាធរឃុំធ្លាប់បានផ្សព្វផ្សាយអប់រំណែនាំពលរដ្ឋអំពីបទបញ្ជា០១ របស់រដ្ឋាភិបាល និងស្នើឲ្យពលរដ្ឋបញ្ឈប់ជាបន្ទាន់។ លោកបន្តថា អាជ្ញាធរឃុំក៏ធ្លាប់បានជូនដំណឹងទៅអ្នកពាក់ព័ន្ធ ដែលកាប់ឆ្ការព្រៃសហគមន៍ទាំងអស់ឲ្យធ្វើលិខិតស្នើមកអាជ្ញាធរឃុំ ដើម្បីឲ្យអាជ្ញាធររៀបចំឯកសារ និងរបាយការណ៍បញ្ជូនទៅអាជ្ញាធរស្រុក និងអាជ្ញាធរខេត្ត ដើម្បីឲ្យសហគមន៍ទទួលបានសិទ្ធិគ្រប់គ្រងដីដោយស្របច្បាប់៖ «ក្នុងនាមខ្ញុំអាជ្ញាធរ យើងចង់ឲ្យគាត់បានដែរ ក៏ប៉ុន្តែវាផ្ទុយនឹងច្បាប់ ព្រោះអ្នកចាប់ អ្នកខ្លះគេវាស់វែងរួចហើយ អ្នកខ្លះគេមិនទាន់វាស់វែង ពិបាកច្របូកច្របល់។ ដូច្នេះយើងឲ្យភូមិស្រង់ទិន្នន័យឡើងវិញ»។
ព្រៃសហគមន៍ឃុំស្រែគរ មានទំហំជាង ២.៦០០ហិកតារ ជាតំបន់ព្រៃត្រៀមបម្រុងសម្រាប់ការប្រើប្រាស់ជាលក្ខណៈសមូហភាពសហគមន៍ ដែលមិនឋិតក្នុងបរិវេណសម្អាតផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ។
មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ហូ សំអុល រកឃើញថា ផ្នត់គំនិតរបស់ពលរដ្ឋក្នុងឃុំស្រែគរ គឺកំពុងឋិតក្នុងភាពចម្រូងចម្រាសជាមួយក្រុមហ៊ុនសម្អាតផ្ទៃអាង ដោយសារតែអ្នកភូមិកត់សម្គាល់ថា កន្លងមកនេះ ក្រុមហ៊ុនសម្អាតផ្ទៃអាងបានកាប់ព្រៃដើម្បីយកឈើប្រណីត ឋិតក្នុងបរិវេណព្រៃសហគមន៍ ឬក្រៅតំបន់ផ្ទៃអាង ដែលមន្ត្រីជំនាញ ឬអាជ្ញាធរពាក់ព័ន្ធហាក់មើលមិនឃើញ ឬធ្វើការបង្ក្រាបនោះទេ។ ចំណែកអ្នកភូមិ បានកាប់ឆ្ការដីព្រៃសហគមន៍ ដើម្បីយកដីធ្វើកសិកម្មជាលក្ខណៈគ្រួសារ ប៉ុន្តែមន្ត្រីរដ្ឋបាលព្រៃឈើ ឬអាជ្ញាធរពាក់ព័ន្ធ បែរជាធ្វើការការបង្ក្រាបទៅវិញ។ កត្តាទាំងនេះ លោកយល់ថា ការអនុវត្តច្បាប់របស់មន្ត្រីជំនាញ ឬមន្ត្រីរដ្ឋបាលព្រៃឈើរងការរិះគន់ថា ហាក់ធ្វើឡើងដោយពុំស្មើភាព៖ «ឬមួយក៏ដីស្រែគាត់មួយចំនួនត្រូវប៉ះពាល់ទៅនឹងគម្រោងសាងសង់វារីអគ្គិសនី អ៊ីចឹងអាជ្ញាធរខេត្តគួរតែផ្តល់ដីសម្បទានសង្គមកិច្ចមួយឲ្យបានច្បាស់លាស់»។
គោលនយោបាយផ្តល់សំណងផលប៉ះពាល់ប្រជាពលរដ្ឋឃុំស្រែគរ ឋិតក្នុងគម្រោងជម្លៀសប្រជាពលរដ្ឋចេញពីលំនៅឋានទៅតាំងទីលំនៅកន្លែងថ្មី ក្រៅពីសំណងផ្ទះសម្បែង ដីលំនៅឋាន ផលដំណាំ រាជរដ្ឋាភិបាលសម្រេចផ្តល់ដីកសិកម្មជាកម្មសិទ្ធិជូនអ្នកភូមិក្នុងមួយគ្រួសារ ៥ហិកតារដូចគ្នា។ រហូតមកទល់បច្ចុប្បន្ន ប្រជាពលរដ្ឋជាង ២៥៤គ្រួសារក្នុងចំណោមអ្នកភូមិសរុបចំនួន ៥៧០គ្រួសារ មិនទាន់យល់ព្រមទទួលយកសំណងនោះនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
