ក្រសួង​បរិស្ថាន​បញ្ជាក់​ពី​មូលហេតុ​ត្រី​ងាប់​និង​មាន​ភ្លើង​ឆេះ​ព្រៃ

ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​ទន្លេសាប បាន​ចេញ​សេចក្ដី​ប្រកាស​រួម​គ្នា​មួយ​នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា បញ្ជាក់​ពី​មូលហេតុ​ដែល​នាំ​អោយ​មាន​ត្រី​ងាប់​នៅ​ក្នុង​បឹង​អភិរក្ស​ទន្លេឆ្មា និង​ភ្លើង​ឆេះ​ព្រៃ​នៅ​តាម​មាត់​បឹង​ទន្លេសាប។

ករណី​ត្រី​ងាប់​ជាង ៦០​តោន ក្នុង​តំបន់​រ៉ាមសា បឹង​ទន្លេឆ្មា ក្នុង​ខេត្ត​កំពង់ធំ នោះ គឺ​បណ្ដាល​មក​ពី​អាកាសធាតុ​ក្ដៅ​ហួត​ហែង ធ្វើ​អោយ​ទឹក​បឹង​រីង​រាក់ ស្រប​ពេល​ដែល​ក្នុង​បឹង​សំបូរ​ភក់​ច្រើន បាន​ធ្វើ​អោយ​បាត់បង់​លំហូរ​ទឹក និង​ទឹក​ឡើង​កម្ដៅ​ធ្វើ​អោយ​បរិមាណ​អុកស៊ីហ្សែន​ថយ​ចុះ។ ចំណែក​បាតុភូត​ខ្យល់​កន្ទ្រាក់​ក្នុង​តំបន់​នោះ បាន​ធ្វើ​អោយ​ផុស​ភក់​ឡើង នាំ​អោយ​ត្រី​ស្ទះ​ស្រកី។ បញ្ហា​នេះ​នាំ​អោយ​ត្រី​ដែល​ត្រូវ​ការ​អុកស៊ីហ្សែន ខ្ពស់​ពុល​ងាប់។

ក្រសួង​ក៏​បាន​បញ្ជាក់​ពី​ករណី​ភ្លើង​ឆេះ​ព្រៃលិចទឹក​នៅ​តាម​តំបន់​មួយ​ចំនួន​ក្នុង​បណ្ដា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប ថា​រហូត​មក​ដល់​ពេល​នេះ​នៅ​តែ​បន្ត​ឆាបឆេះ​នៅ​ឡើយ ដោយសារ​តែ​អាកាសធាតុ​ក្ដៅ​ខ្លាំង។ សេចក្ដី​ប្រកាស​នោះ​បន្ត​ថា មូលហេតុ​ឆេះ​ព្រៃ គឺ​ដោយសារ​ការ​ដុត​ព្រៃ​ចាប់​សត្វ និង​ភ្លើង​ដែល​ពលរដ្ឋ​បន្សល់​ពី​ការ​ដាំ​ស្ល​រួច​មិន​បាន​ពន្លត់។ បើ​ទោះ​ជា​យ៉ាងណា​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​សហការ​ចាត់​វិធានការ​ពន្លត់​ភ្លើង​ជា​បន្ត​បន្ទាប់៕

សូម​ស្ដាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក សូត សុខប្រាថ្នា រាយការណ៍​អំពី​ស្ថានភាព​នៅ​តំបន់​បឹង​ទន្លេ​ឆ្មា ក្នុង​ខេត្ត​កំពង់ធំ ដូច​ត​ទៅ៖

0:00 / 0:00

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។