សហគមន៍ក្បាលរមាស ស្រុកសេសាន ខែត្រស្ទឹងត្រែង ព្រមានដុកកម្ទេចគ្រឿងចក្ររបស់ក្រុមហ៊ុនសំអាតបាតអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ បន្ទាប់ពីក្រុមល្បាតរបស់សហគមន៍ ៤០នាក់ ប្រទះឃើញគ្រឿងចក្រចំនួន ៥គ្រឿង បានឈូសឆាយព្រៃក្នុងបរិវេណដីព្រៃសមូហភាពសហគមន៍នៅថ្ងៃទី២៤ ខែមីនា។
សហគមន៍ជនជាតិដើមភាគតិចនៅឃុំក្បាលរមាស ស្រុកសេសាន ទាមទារឲ្យតំណាងក្រុមហ៊ុន និងអាជ្ញាធររដ្ឋាភិបាលផ្ដល់ព័ត៌មានជាក់លាក់ស្ដីពីការកំណត់ព្រំប្រទល់បាតអាងក្នុងតំបន់ព្រៃអភិរក្សរបស់សហគមន៍។
សមាជិកសហគមន៍ជនជាតិដើមភាគតិចឃុំក្បាលរមាស លោក គឹម ឌឿង បារម្ភថា ព្រៃសហគមន៍ឃុំក្បាលរមាស មានព្រៃស្រោង ឬព្រៃក្រាសមួយចំនួននៅសេសសល់ចុងក្រោយជាច្រើនហិកតារ កំពុងប្រឈមនឹងការបាត់បង់។ លោកបន្តថា ក្រុមហ៊ុនបានឈូសឆាយក្នុងបរិវេណដីព្រៃសហគមន៍អស់ប្រមាណ ៣ហិកតារ រយៈពេល ៣ថ្ងៃកន្លងមក។ ចំណែកគ្រឿងចក្ររបស់ក្រុមហ៊ុនបានត្រឡប់ទៅវិញ បន្ទាប់ពីក្រុមល្បាតសហគមន៍ចុះឃាត់ និងព្រមានដុតកម្ទេច។ លោកថា អ្នកភូមិមិនទាន់ទទួលព័ត៌មានស្ដីពីការកំណត់ព្រំប្រទល់សម្អាតបាតអាងពីអាជ្ញាធរមូលដ្ឋាននៅឡើយទេ៖ «សំអាតបាតអាងអី ទីកន្លែងព្រៃតំណម ព្រៃខ្មោច ហើយសំអាតបាតអាងម៉េចទៅរួច។ បើសិនជាអាងស្តុងទឹកមែន ជនជាតិដើមភាគតិចមានដីព្រំកំណត់សមូហភាពរបស់គេ»។
ឆ្លើយតបរឿងនេះ តំណាងក្រុមហ៊ុនសំអាតបាតអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ លោក អ៊ុំ រ៉េត អះអាងថា ក្រុមហ៊ុនបានកំណត់ព្រំប្រទល់សំអាតបាតអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ តាំងពីឆ្នាំ២០១៣ ដែលមានគណៈកម្មការអន្តរក្រសួងចូលរួមត្រួតពិនិត្យ និងវាយតម្លៃ។ លោកថា ក្រុមហ៊ុនបានឈូសឆាយក្នុងបរិវេណបាតអាងដែលកំណត់ជាក់លាក់ និងទទួលស្គាល់ដោយក្រសួងពាក់ព័ន្ធ។
លោកថា តំណាងក្រុមហ៊ុន និងគណៈកម្មការដោះស្រាយផលប៉ះពាល់បានរកមធ្យោបាយពន្យល់ពលរដ្ឋឲ្យចូលរួមសហការចុះស្រង់ស្ថិតិផ្ដល់សំណងផលប៉ះពាល់ជាច្រើនលើក តែអ្នកភូមិនៅតែជំទាស់ និងរារាំងប្រតិបត្តិការក្រុមហ៊ុនអភិវឌ្ឍន៍ទំនប់៖ «ខែបួន ឆ្នាំ២០១៧ ត្រូវទឹកលិចហើយ បើមិនឲ្យគេធ្វើដល់ពេលណាទៀត? ម៉ាស៊ីនគិតលេខមកចុចមើល ដីប៉ុន្មានម៉ឺនហិកតារត្រូវឈូសឲ្យហើយនៅឆ្នាំក្រោយ ហើយប៉ុន្មានខែទៀតខែភ្លៀង យើងឈូសឆាយម៉េចកើត? គាត់អត់យល់ពីសកម្មភាពអភិវឌ្ឍន៍ទេ រាំងស្ទះអ៊ីចឹង។ គាត់នៅតែរឹងទទឹងមិនចូលរួមសហការស្រង់ស្ថិតិ អ៊ីចឹងខ្ញុំ និងគណៈកម្មការអត់មានវិធីពន្យល់ ហើយអ៊ីចឹងគាត់នៅដីទួល»។
ដីព្រៃសហគមន៍ឃុំក្បាលរមាស ស្រុកសេសាន លាតសន្ធឹងលើផ្ទៃដីចំនួនជាង ១ម៉ឺនហិកតារ ដែលមានព្រំប្រទល់ពីភូមិក្របីជ្រំ ឃុំក្បាលរមាស ជាប់មាត់ទន្លេស្រែពក និងជាប់អូរផ្ដៅ។
មេឃុំក្បាលរមាស លោក រឿន សម្បត្តិ និយាយថា គ្រឿងចក្ររបស់ក្រុមហ៊ុនបានឈូសឆាយនៅតំបន់បរិវេណសម្អាតបាតអាង បន្ទាប់ពីមន្ត្រីបច្ចេកទេសបានបែងចែកកំណត់ព្រំប្រទល់ជាក់លាក់។ លោកថា វាជាការលំបាកក្នុងការប្ដូរឥរិយាបថអ្នកភូមិមួយចំនួនដែលជំទាស់នឹងគម្រោងអភិវឌ្ឍន៍ ខណៈអាជ្ញាធររដ្ឋាភិបាលបានព្យាយាមរកមធ្យោបាយអប់រំពួកគាត់ពីការផ្ដល់សំណងផលប៉ះពាល់៖ «គ្រឿងចក្រគេធ្វើទៅតាមចំណុចដែលបានកំណត់ឲ្យ។ គាត់មិនព្រមចេញតាមគម្រោង ស៊ូស្លាប់នៅកន្លែងនោះ។ គាត់ការពារព្រៃឈើសម្រាប់ពួកគាត់»។
ទីប្រឹក្សានៃអង្គការបណ្ដាញការពារទន្លេបី លោក មៀច មាន យល់ថា អាជ្ញាធរមូលដ្ឋានជាសេនាធិការរបស់រដ្ឋាភិបាល ត្រូវប្រាកដថា ព្រំប្រទល់បាតអាងត្រឹមណាដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋឲ្យជ្រាបច្បាស់ពីគម្រោងអភិវឌ្ឍន៍ដើម្បីចៀសវាងបាតុភាពកើតឡើង។ លោកថា ប្រសិនសហគមន៍អភិរក្សព្រៃឈើក្បាលរមាស ទទួលស្គាល់ផ្លូវការ អាជ្ញាធររដ្ឋាភិបាលត្រូវជួបប្រជុំជាមួយសហគមន៍ ហើយដកអាជ្ញាប័ណ្ណពីសហគមន៍ជាមុនសិន ទើបអាចមានសិទ្ធិសម្រេចដីនៅតំបន់នោះ៖ «បើសហគមន៍ព្រៃឈើស្របច្បាប់មែន បើរដ្ឋចង់ដកត្រូវប្រកាសជូនដំណឹង ហើយលុបកិច្ចព្រមព្រៀងរបស់សហគមន៍ចោល។ តែបើមន្ត្រីជំនាញមិនបានប្រកាសទេ សហគមន៍នៅតែមានសិទ្ធិក្នុងការការពារ អ៊ីចឹងអ្នកណាចូលទៅឈូសឆាយក្នុងនោះជារឿងល្មើសច្បាប់»។
គោលនយោបាយផ្ដល់សំណងផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅឃុំក្បាលរមាស ឋិតក្នុងគម្រោងជម្លៀសពលរដ្ឋចេញពីលំនៅឋាននៅតាំងទីលំនៅថ្មី ក្រៅពីផ្ដល់សំណងជាផ្ទះសម្បែង ដីលំនៅឋាន និងផលដំណាំ រាជរដ្ឋាភិបាលសម្រេចផ្ដល់ដីកសិកម្មជាកម្មសិទ្ធិជូនអ្នកភូមិក្នុងមួយគ្រួសារ ៥ហិកតារដូចៗគ្នា។ ទោះជាយ៉ាងណា រហូតបច្ចុប្បន្ន ប្រជាពលរដ្ឋ ៥៣គ្រួសារក្នុងចំណោមអ្នកភូមិសរុបចំនួនជាង ១៤០គ្រួសារ មិនទាន់យល់ព្រមទទួលយកសំណង ហើយប្ដេជ្ញាថា នឹងមិនព្រមចាកចេញពីលំនៅឋានឡើយ ដោយទាមទារបង្កើតផែនការដោះស្រាយផលប៉ះពាល់ដោយខ្លួនឯង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។