សមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ចាម រកឃើញថា ការធ្វើទំនប់នៅក្បាលទឹកឆា ស្ថិតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីពេលកន្លងទៅ គឺធ្វើឲ្យពលរដ្ឋមួយចំនួនអាចប្រឈមនឹងការខ្វះទឹកធ្វើស្រែ និងធ្វើឲ្យដើមឈើនៅទីនោះខ្លះងាប់ទៀតផង។ យ៉ាងណា អាជ្ញាធរវិញបញ្ជាក់ថា ការអភិវឌ្ឍតំបន់នោះ គឺមិនបណ្ដាលឲ្យប៉ះពាល់ដល់ពលរដ្ឋនោះទេ ប៉ុន្តែរឹតតែអាចទាក់ទាញភ្ញៀវទេសចរជាច្រើនថែមទៀត។
ការលើកឡើងដូចនេះ បន្ទាប់ក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ចាម ទទួលបានពាក្យបណ្ដឹងពីពលរដ្ឋ និងការចុះពិនិត្យកាលពីថ្ងៃទី១៨ ធ្នូ នៅរមណីយដ្ឋានទឹកឆា។ ការចុះពិនិត្យដែលមានទាំងមន្ត្រីពាក់ព័ន្ធ និងសមាជិករដ្ឋសភា ពិសេសគឺប្រធានគណៈកម្មការទី៣នៃរដ្ឋសភា ដើម្បីអោយឃើញថា តើការធ្វើទំនប់ទប់ទឹកសម្រាប់ភ្ញៀវទេសចរទៅលេងកម្សាន្ត មានផលប៉ះពាល់ និងផលប្រយោជន៍យ៉ាងណាខ្លះ?
សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម មកពីគណបក្សសង្គ្រោះជាតិ លោក កៅ ចេស្តា មានប្រសាសន៍ថា ទំនប់ក្បាលទឹកដែលធ្វើសម្រាប់បញ្ចាល់ទឹកនៅផ្នែកខាងលើនៃរមណីយដ្ឋានទឹកឆា អាចបណ្ដាលឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនៅផ្នែកខាងក្រោម ដោយសារតែទឹកហូរចុះទៅកាន់តែតិច ធ្វើឲ្យកសិករខ្វះទឹកធ្វើស្រែ។ បន្ថែមពីនេះ ទឹកដែលជោរជន់នៅផ្នែកខាងលើ គឺធ្វើឲ្យដើមឈើមួយចំនួនដែលដុះក្នុងតំបន់ក្បាលទឹកចេញនោះ ត្រូវងាប់ទៀតផង៖ «យើងមិនជំទាស់ទេការធ្វើស្ពានអីហ្នឹង ប៉ុន្តែការធ្វើការ៉ាសដើម្បីបញ្ចាល់ទឹក គឺធ្វើឲ្យងាប់ដើមឈើកន្លែងហ្នឹងទឹកកាន់តែខ្សោយទៅ ហើយបាត់បរិស្ថាននៅតំបន់ហ្នឹង»។
លោក កៅ ចេស្តា បញ្ជាក់ថា ត្បិតតែមានភ្ញៀវទេសចរចូលលេងច្រើនក៏ដោយ ប៉ុន្តែផលប្រយោជន៍ដែលទទួលបាន គឺសម្រាប់មនុស្សមួយក្រុមតូច ពិសេសអ្នកគ្រប់គ្រងប៉ុណ្ណោះ។ លោកយល់ថា ប្រសិនបើធ្វើទំនប់ក៏ធ្វើចុះ ប៉ុន្តែត្រូវបើកបង្ហូរទឹកនៅពេលយប់ ឬពេលមិនមានភ្ញៀវទេសចរមកលេង នោះទើបអាចទទួលបានផលប្រយោជន៍ទាំងអស់គ្នា។
ឆ្លើយតបបញ្ហានេះ អភិបាលស្រុកព្រៃឈរ លោក ទេព រៀមមុនី មានប្រសាសន៍ថា ការអភិវឌ្ឍតំបន់ក្បាលទឹកចេញនៃរមណីយដ្ឋានទឹកឆា គឺដើម្បីប្រែក្លាយតំបន់មួយដែលគេមិនធ្លាប់ស្គាល់ ឲ្យទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងធម្មជាតិ។ លោកបន្តថា ពលរដ្ឋប្រើប្រាស់ទឹកនៅតំបន់នោះ គឺមិនជួបប្រទះបញ្ហាឡើយ។ មិនតែប៉ុណ្ណោះ ថែមទាំងយកទឹកពីតំបន់នោះទៅស្រោចស្រពស្រូវស្រែជាច្រើនហិកតារ នៅតំបន់ផ្សេងថែមទៀត៖ «ការចេញទឹកវាការប្រែប្រួលធម្មជាតិមួយផង ហើយតំបន់នោះជាតំបន់មានដីបួនដប់គីឡូបួនជ្រុង ដែលគ្របដណ្ដប់ក្បាលហុងទឹក។ អ៊ីចឹងវានាំមានប្រភពទឹកល្អ។ ដល់ឥឡូវយើងកាប់អស់ហើយ»។
លោកបន្ថែមថា ការបិទទំនប់ គឺមិនអាចបិទជាប់រហូតបានឡើយ ពោលគឺបិទនៅពេលភ្ញៀវទេសចរទៅលេងប៉ុណ្ណោះ។ លោកបញ្ជាក់ថា ពលរដ្ឋមិនសុខចិត្ត គឺជារឿងបុគ្គល ពុំមែនដើម្បីផលប្រយោជន៍រួមទេ។ យ៉ាងណា កាលពីខែវិច្ឆិកា ពលរដ្ឋនៅស្រុកចំនួនបី គឺស្រុកព្រៃឈរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងស្រុកបារាយណ៍ ខេត្តកំពង់ធំ បានដាក់លិខិតមួយចូលទៅគណៈកម្មការទី៣នៃរដ្ឋសភា គឺគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក ឲ្យពិនិត្យលើបញ្ហានេះ អមដោយស្នាមដៃប្រជាពលរដ្ឋ ៣៦៩នាក់។ ក្នុងលិខិតនោះបញ្ជាក់ថា ការអភិវឌ្ឍនៅតំបន់រមណីយដ្ឋានក្បាលទឹកឆា គឺធ្វើឲ្យប៉ះពាល់ដល់សម្បត្តិធម្មជាតិ ដូចជា ធ្វើឲ្យចរន្តទឹកហូរចេញខ្សោយ និងអាចបាត់បង់នៅពេលខាងមុខ។ រុក្ខជាតិក្នុងទឹកត្រូវងាប់ជាបន្តបន្ទាប់ និងប៉ះពាល់ផលដំណាំប្រជាពលរដ្ឋទៀតផង។
ដោយឡែកប្រធានគណៈកម្មការទីបីនៃរដ្ឋសភា គឺលោក ប៉ុល ហំម មានប្រសាសន៍ថា ការចុះពិនិត្យតាមពាក្យស្នើសុំរបស់ពលរដ្ឋ ខាងគណៈកម្មការនេះយល់ឃើញថា អាជ្ញាធរ និងមន្ត្រីជំនាញគប្បីធ្វើយ៉ាងណាការពារប្រភពទឹកឆាឲ្យមាននិរន្តរភាព អភិវឌ្ឍតំបន់នោះឲ្យក្លាយជាតំបន់ទេសចរណ៍ ក៏ប៉ុន្តែត្រូវគិតគូរដល់ផលប៉ះពាល់បរិស្ថាន និងប្រជាកសិករដែលយកប្រភពទឹកទៅប្រើប្រាស់។ លោករីករាយប្រសិនបើការអភិវឌ្ឍក្បាលទឹកឆា ដូចអ្វីដែលអាជ្ញាធរលើកឡើងនោះ៖ «គណៈកម្មការទីបីធ្វើការ គឺមិនគិតពីបណ្ដឹងរបស់គណបក្សសង្គ្រោះជាតិ ឬរបស់អ្នកណាទេ។ ដូច្នេះ ជាសមត្ថកិច្ចរបស់អាជ្ញាធរហ្នឹងហើយដែលត្រូវពិនិត្យមើល។ ប្រសិនបើអាចធ្វើបានដូចអាជ្ញាធរអះអាងហ្នឹង គឺគណៈកម្មការទីបីស្វាគមន៍»។
យ៉ាងណាលោកថា បញ្ហានេះជាលក្ខណៈបច្ចេកទេសដែលត្រូវការខាងមន្ត្រីជំនាញបកស្រាយ។ ដូច្នេះ គណៈកម្មការទី៣នៃរដ្ឋសភា គ្រោងនឹងអញ្ជើញរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម គឺលោក លឹម គានហោ ឲ្យចូលបំភ្លឺជុំវិញស្ថានភាពទូទៅ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួននៅថ្ងៃទី២៤ ធ្នូ ហើយបញ្ហាក្បាលទឹកឆា ក៏ត្រូវដាក់បញ្ចូលដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។