ភ្ញៀវទេសចរជាតិអន្តរជាតិ និងមន្ត្រីសង្គមស៊ីវិល បន្តរិះគន់ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីពាក់ព័ន្ធនៅតាមមន្ទីរនានាក្នុងខេត្តព្រះសីហនុ ថាមិនទាន់គ្រប់គ្រងកាកសំណល់រឹងរាវឲ្យមានអនាម័យត្រឹមត្រូវ។
មន្ត្រីសង្គមស៊ីវិល ក៏បានអះអាងថា សកម្មភាពបង្ហូរទឹកស្អុយ ឬកាកសំណល់ចូលទឹកសមុទ្រនៅខេត្តទេសចរណ៍មួយនេះ បានបន្តកើតមាន និងគ្មានការទប់ស្កាត់ពីអាជ្ញាធរទេ។ បញ្ហានេះ អភិបាលខេត្តព្រះសីហនុ ព្រមានថា អាជ្ញាធរខេត្តនេះត្រៀមផាកពិន័យចំពោះម្ចាស់អាជីវកម្ម ឬប្រជាពលរដ្ឋណាដែលទុកដាក់កាកសំណល់រឹងរាវមិនបានល្អនៅតាមទីតាំងនីមួយៗក្នុងពេលឆាប់ៗនេះ។
ភ្ញៀវទេសចរក្នុងស្រុក និងបរទេស បង្ហាញអារម្មណ៍ខ្ពើមរអើមចំពោះក្លិនស្អុយអសោច ដែលភាយចេញពីលូបង្ហូរទឹកស្អុយ និងកាកសំណល់សំរាមហូរចូលទៅក្នុងទឹកសមុទ្រនាខេត្តព្រះសីហនុ។
ភ្ញៀវទេសចរក្នុងស្រុក និងបរទេស ដូចជាមកពីប្រទេសអូស្ត្រាលី បារាំង និងសហរដ្ឋអាមេរិក ជាដើម ដែលចូលទៅកម្សាន្តតាមឆ្នេរមួយចំនួននាខេត្តព្រះសីហនុ ក្នុងខែមេសា នេះបានរិះគន់ថា ឆ្នេរមួយចំនួនក្នុងខេត្តទេសចរណ៍មួយនេះមិនទាន់មានអនាម័យល្អទេ។ ជាងនេះទៀត មានភ្ញៀវទេសចរខ្លះបានក្អួតចង្អោរ កាលបើចុះងូតទឹកសមុទ្រឃើញមានកាកសំណល់សំរាម ឬថង់ប្លាស្ទិក និងទឹកមានក្លិនស្អុយដូចលាមក អណ្ដែតប៉ះរាងកាយពួកគេពេលចុះងូតទឹកសមុទ្រនៅតាមឆ្នេរខ្លះ ពិសេសឆ្នេរអូរឈើទាល។
នៅចុងខែមេសា នេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមួយក្រុមមានសមាជិកប្រមាណ ២០នាក់ ដែលបានជួលទូកទេសចរណ៍ជិះកម្សាន្តតាមឆ្នេរជ័យជម្នះ ឆ្នេរហាវ៉ៃ និងបានមកចុះងូតទឹកនៅឆ្នេរអូរឈើទាល បានប្រាប់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ថា អាជ្ញាធរពាក់ព័ន្ធខេត្តព្រះសីហនុ មិនទាន់គ្រប់គ្រងកាកសំណល់ និងការបង្ហូរទឹកស្អុយចូលសមុទ្របានត្រឹមត្រូវទេ។ ភ្ញៀវទេសចរទាំងនោះ បានស្នើដល់លោកអភិបាលខេត្តព្រះសីហនុ និងមន្ត្រីនៅតាមមន្ទីរពាក់ព័ន្ធនានា មានមន្ត្រីមន្ទីរទេសចរណ៍ ឬមន្ទីរបរិស្ថានជាដើម ពិសេសអភិបាលក្រុងព្រះសីហនុ គួរចុះត្រួតពិនិត្យ ឬទប់ស្កាត់សកម្មភាពបង្ហូរទឹកស្អុយ ឬកាកសំណល់ចូលសមុទ្រឲ្យបានត្រឹមត្រូវ។
ភ្ញៀវទេសចរទាំងជាតិ ពិសេសភ្ញៀវទេសចរបរទេសដែលចូលមកទស្សនាតាមឆ្នេរខេត្តព្រះសីហនុ បង្ហាញអារម្មណ៍ខកចិត្តកាលបើចុះងូតទឹកសមុទ្រ ហើយឃើញទឹកសមុទ្រពោរពេញទៅដោយសំណល់ថង់ប្លាស្ទិក ឬសំរាមផ្សេងៗ និងទឹកមានក្លិនស្អុយអសោច បានរសាត់ប៉ះរាងកាយពួកគេ។
បញ្ហានេះ មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ប្រចាំខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធ ក៏បានអះអាងថា ពិតជាមានករណីបង្ហូរទឹកស្អុយតាមលូ និងកាកសំណល់ផ្សេងៗចូលសមុទ្រនាខេត្តទេសចរណ៍មួយនេះពិតមែន ពិសេសនៅឆ្នេរអូរឈើទាល គឺមានលូបង្ហូរទឹកស្អុយដ៏ធំមួយ បង្ហូរចូលសមុទ្រដោយមិនបានឆ្លងកាត់អាងចម្រោះទឹកស្អាតទេ។ ក្រៅពីនេះ លោកថាក៏មានករណីម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន និងហាងផឹកស៊ីខ្លះទៀតមានទីតាំងជាប់ឆ្នេរសមុទ្រ ត្រូវម្ចាស់ទីតាំងទាំងនោះបានស្ថាបនាលូបង្កប់ក្រោមដី ដើម្បីបង្ហូរទឹកកខ្វក់ចូលទៅក្នុងសមុទ្រ ដើម្បីបំភ័ន្តភ្នែកអាជ្ញាធរថែមទៀត៖ «ក្រុមហ៊ុនដែលប្រមូលសំរាមនាខេត្តព្រះសីហនុ គឺមិនបានប្រមូលសំរាមឲ្យបានអស់ទេនៅតាមទីតាំងមួយចំនួនទេ។ ហើយពាក់ព័ន្ធកាកសំណល់រាវវិញ តាមការសង្កេតឃើញមានលូទឹកស្អុយបង្ហូរចូលសមុទ្រនៅតាមឆ្នេរអូរឈើទាល និងតាមការសាកសួរពលរដ្ឋ ពលរដ្ឋអះអាងថា ការបង្ហូរទឹកស្អុយចូលសមុទ្រនៅតំបន់នេះ ដោយសារតែរដ្ឋមិនទាន់បានភ្ជាប់បណ្ដាញលូទឹកស្អុយមួយចំនួននៅតាមឆ្នេរ ចូលទៅអាងចម្រោះទឹកស្អាតនៅឡើយទេ។ ហើយសកម្មភាពបង្ហូរទឹកស្អុយនេះ នៅតែបង្ហូរតាមលូចូលទៅសមុទ្រនៅតាមរបងអតីតក្រុមហ៊ុនអារីស្តុន នេះជារៀងរាល់ថ្ងៃដដែល»។

ខេត្តព្រះសីហនុ ដែលមានសក្ដានុពលទេសចរណ៍ និងមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់ប្រទេសកម្ពុជា ត្រូវបានប្រសិទ្ធិនាមថាជា «តារារះនាទិសនិរតី»។ ប៉ុន្តែប្រសិទ្ធិនាមនេះ លោក ប៊ួន ណារិទ្ធ រិះគន់ថា អនាម័យកខ្វក់នៅតាមឆ្នេរខ្លះក្នុងខេត្តទេសចរណ៍មួយនេះ មិនសក្ដិសមប្រសិទ្ធិនាមដ៏មានន័យពីរោះនេះទេ ព្រោះបរិស្ថានតាមឆ្នេរមួយចំនួននាខេត្តព្រះសីហនុ មិនទាន់មានអនាម័យ ហើយឆ្នេរខ្លះទៀត ត្រូវឈ្មួញ និងមន្ត្រីមានអំណាចហ៊ុមព័ទ្ធរបងថ្មធ្វើកម្មសិទ្ធិផ្តាច់មុខ ដោយមិនអនុញ្ញាតឲ្យភ្ញៀវទេសចរដើរឆ្លងកាត់នោះទេ៖ «ខ្ញុំមិនយល់ទាល់តែសោះអំពីគម្រោងវិនិយោគទាក់ទាញភ្ញៀវទេសចរ ឲ្យចូលមកកាន់ខេត្តព្រះសីហនុ ប៉ុន្តែបែរជាតំបន់ឆ្នេរដែលថាជាឆ្នេរស្រស់ស្អាតជាងគេនៅលើសកលលោក ស្រាប់តែឃើញមានឆ្នេរភាគច្រើនត្រូវបានក្រុមហ៊ុនដែលបានជួលដីពីរដ្ឋ ឬក៏ក្រុមហ៊ុនវិនិយោគសាងសង់សណ្ឋាគារនៅតាមតំបន់ឆ្នេរហ្នឹង បែរជាធ្វើរបងបិទព័ទ្ធជិតឆ្នេរ ដោយទុកឲ្យស្មៅសំរាមដុះទ្រុបទ្រុលតាមឆ្នេរ។ ហើយភ្ញៀវទេសចរខ្លះដែលឃើញបរិស្ថានមិនល្អ ក៏បានជិះទូកផ្សងគ្រោះថ្នាក់ទៅលេងតាមកោះវិញ»។
ទាក់ទិនបញ្ហានេះ លោក នូ សុផល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានបញ្ជាក់ក្នុងរបាយការណ៍ទិសដៅអនុវត្តន៍សកម្មភាពការងារ និងទិសដៅអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុ ឆ្នាំ២០១៤-២០១៥ ថា ខេត្តនេះមានបញ្ហាប្រឈមមួយចំនួនក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ មានដូចជា ម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ខ្លះមិនបានចូលរួមអនុវត្តច្បាប់ស្ដីពីទេសចរណ៍ តាមការណែនាំរបស់ថ្នាក់ដឹកនាំខេត្ត ឬមន្ទីរទេសចរណ៍នោះទេ។ បញ្ហាមិនទាន់ចូលរួមរបស់ភ្ញៀវទេសចរ ប្រតិបត្តិករទេសចរ និងប្រជាពលរដ្ឋ ក្នុងការថែរក្សាបរិស្ថាន ឬការទុកដាក់សំរាមក្នុងធុងសំរាម និងការបង្ហូរទឹកកខ្វក់ចូលទៅក្នុងសមុទ្រ បានធ្វើឲ្យបាត់បង់សោភ័ណភាព និងតាមឆ្នេរខេត្តព្រះសីហនុ គ្មានអនាម័យ។
លោក នូ សុផល សង្កត់ធ្ងន់ថា បញ្ហាចោលសំណល់រឹងរាវ និងថង់ប្លាស្ទិកចូលទៅក្នុងសមុទ្រ នៅតែជាកង្វល់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ និងបរិស្ថាននាខេត្តព្រះសីហនុ ហើយក៏អាចនាំឲ្យប៉ះពាល់ដល់កំណើនភ្ញៀវទេសចរចូលមកទស្សនាខេត្តនេះនាថ្ងៃអនាគត។
ត្រង់ចំណុចនេះ លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា បញ្ហាទុកដាក់កាកសំណល់ ឬទឹកស្អុយនៅតែជាបញ្ហាចោទសម្រាប់ខេត្តទេសចរណ៍ជាប់មាត់សមុទ្រមួយនេះ។ លោកបន្តថា នឹងជំរុញឲ្យមន្ត្រីនៅតាមស្ថាប័នពាក់ព័ន្ធខេត្តព្រះសីហនុ ចុះពិនិត្យ និងយកចិត្តទុកដាក់ចំពោះការគ្រប់គ្រងការបង្ហូរទឹកស្អុយ និងកាកសំណល់ផ្សេងៗចូលទៅក្នុងសមុទ្រ ដើម្បីរក្សាអនាម័យ និងសោភ័ណភាពឆ្នេរសមុទ្រខេត្តព្រះសីហនុ ឲ្យបានប្រសើរនាថ្ងៃអនាគត។
ជាងនេះ លោក ឈិត សុខុន ក៏បានព្រមានថា នឹងសុំគោលការណ៍ ឬពិនិត្យផ្លូវច្បាប់ ដើម្បីឈានទៅផាកពិន័យទៅលើប្រជាពលរដ្ឋ ឬម្ចាស់អាជីវកម្មទាំងឡាយណាដែលបោះចោលសំរាមគ្មានរបៀបរៀបរយនៅតាមឆ្នេរ ឬតាមទីសាធារណៈ នាំឲ្យប៉ះពាល់សោភ័ណភាពឆ្នេរនានាក្នុងពេលឆាប់ៗនេះ។ លោកថា បញ្ហានេះអាជ្ញាធរខេត្តបានលើកយកសកម្មភាពបោះចោលសំរាមគ្មានសណ្ដាប់ធ្នាប់ ដាក់ជូនប្រធានក្រុមប្រឹក្សាខេត្តដើម្បីពិនិត្យផ្លូវច្បាប់ ឈានដល់ផាកពិន័យអ្នកចោលសំរាមនៅតាមឆ្នេរ ឬតាមទីសាធារណៈឲ្យបានធ្ងន់ធ្ងរ៖ «ខាងកាកសំណល់ ឬសំរាមនេះ គឺយើងបាននិយាយជាញឹកញាប់មកហើយ ហើយទំហំនៃការបោះចោលសំរាមក្នុងខេត្តនេះ គឺអ្នកយកមកចោលគ្មានសណ្ដាប់ធ្នាប់មានចំនួនច្រើនឡើងៗ។ យើងនឹងពិនិត្យឡើងវិញពីច្បាប់ផាកពិន័យ ចំពោះការចោលសំរាមអនាធិបតេយ្យនៅខេត្តជាប់ឆ្នេរសមុទ្រមួយនេះ។ ហើយបញ្ហានេះ យើងនឹងស្នើយោបល់ទៅក្រុមប្រឹក្សាខេត្ត ដើម្បីឲ្យការផាកពិន័យនេះស្របតាមច្បាប់»។
ត្រង់ចំណុចនេះ លោក សុខ សុខុម ប្រធានអង្គការស៊ីអ៊ិនរ៉ូ (CNRO) ប្រចាំខេត្តព្រះសីហនុ ក៏បានរិះគន់ប្រតិបត្តិករទេសចរមួយចំនួនក្នុងខេត្តនេះ ដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ហើយមិនបានចូលរួមសហការសម្អាតអនាម័យឆ្នេរជាមួយអាជ្ញាធរខេត្តឲ្យបានត្រឹមត្រូវ។ មន្ត្រីសិទ្ធិមនុស្សរូបនេះ បានសាទរវិធានការផាកពិន័យទៅលើប្រតិបត្តិករទេសចរ ឬប្រជាពលរដ្ឋដែលបោះចោលសំរាមអនាធិបតេយ្យនៅតាមទីសាធារណៈ និងនៅតាមឆ្នេរជាដើម៖ «មានសំរាម គឺនាំឲ្យប៉ះពាល់ដល់បរិស្ថាន និងចំនួនភ្ញៀវទេសចរចូលមកទស្សនាខេត្តនេះនាថ្ងៃអនាគត។ ភ្ញៀវទេសចរបើកាលណាគេឃើញមានបរិស្ថានមិនស្អាត ឬមានសំរាមចោលរាយប៉ាយពេញឆ្នេរ ឬនៅតាមទីសាធារណៈ ពួកគេនឹងមិនមកទស្សនា ឬមកកម្សាន្តខេត្តព្រះសីហនុ ទៀតទេ ហើយបញ្ហានេះ គឺនាំឲ្យប៉ះពាល់ដល់កំណើនភ្ញៀវទេសចរចូលមកទស្សនាខេត្តនេះនាថ្ងៃខាងមុខ។ ខ្ញុំគាំទ្រវិធានការផាកពិន័យតាមផ្លូវច្បាប់របស់អាជ្ញាធរខេត្ត ទៅលើការទុកដាក់សំរាមមិនបានត្រឹមត្រូវនាថ្ងៃអនាគត»។
បញ្ហានេះដែរ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាពេលកន្លងមកក៏ធ្លាប់ដឹកនាំមន្ត្រីពាក់ព័ន្ធខេត្តព្រះសីហនុ បើកយុទ្ធនាការបំផុសឲ្យប្រជាពលរដ្ឋ និងប្រតិបត្តិករទេសចរ ចូលរួមរក្សាអនាម័យឆ្នេរឲ្យបានគ្រប់គ្នា ប្រយោជន៍ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរឲ្យចូលទស្សនាខេត្តនេះបានកាន់តែច្រើននាថ្ងៃអនាគត។ ជាងនេះ លោកក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធខេត្តជាប់មាត់សមុទ្រ ត្រូវបន្តបំផុសឲ្យប្រជាពលរដ្ឋ ឬក្រុមអាជីវករចូលរួមសម្អាតអនាម័យជាប្រចាំនៅតាមមូលដ្ឋាននីមួយៗ។
ឆ្នេរសមុទ្រប្រទេសកម្ពុជា សរុបមានប្រវែង ៤៤០គីឡូម៉ែត្រ។ ខេត្តមានមូលដ្ឋានជាប់ឆ្នេរសមុទ្ររួមមាន ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។ ខេត្តទាំង ៤នេះ ត្រូវបានដាក់បញ្ចូលជាសមាជិកពេញសិទ្ធិរបស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅប្រទេសសេណេហ្គាល់ (Senegal)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។