ប៉ូលិសស្រុកអន្លង់វែង បានបញ្ជូនខ្លួនព្រានព្រៃចំនួន ២នាក់ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។ ការបញ្ជូនខ្លួនព្រានព្រៃទាំងពីរនោះ បានធ្វើឡើងបន្ទាប់ពីកាលពី ៣ថ្ងៃមុន ព្រានព្រៃចំនួន ៦នាក់ប្រដាប់ដោយអាវុធ ៤ដើម បានលួចចូលទៅបរបាញ់ក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត ហើយបានសម្លាប់សត្វទន្សោង ១ក្បាលទម្ងន់ជាង ១តោន រួចវះយកសាច់ចែកគ្នា។
ព្រះសង្ឃមួយអង្គដែលជាអ្នកគ្រប់គ្រង និងការពារព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ អំពាវនាវឲ្យតុលាការខេត្តនេះ ផ្ដន្ទាទោសបុរស ២នាក់ដែលជាព្រានព្រៃឲ្យបានធ្ងន់ធ្ងរ ដើម្បីឲ្យរាងចាល និងបញ្ឈប់សកម្មភាពបរបាញ់សត្វព្រៃតទៅទៀត។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីបុរសទាំងពីរនាក់នោះ ព្រមទាំងបក្ខពួក ៤នាក់ទៀត បានលួចចូលទៅក្នុងតំបន់ព្រៃសហគមន៍ ហើយបានបាញ់សម្លាប់សត្វទន្សោង ១ក្បាលទម្ងន់ជាង ១តោន រួចហើយពួកគេត្រូវបានប៉ូលិសចាប់ខ្លួនកាលពីថ្ងៃទី២២ ខែមេសា កន្លងទៅ។
ប្រធានសហគមន៍ព្រៃឈើសង្ឃរុក្ខវ័ន្ត គឺព្រះភិក្ខុ ប៊ុន សាលួត។ ព្រះអង្គមានថេរដីកាថា កាលពី ៣ថ្ងៃមុន មានបុរស ៣នាក់នៅភូមិគោកសំព័រ ឃុំលំទង នៃស្រុកអន្លង់វែង និងបក្ខពួក ៣នាក់ទៀត បានលួចចូលទៅបរបាញ់សត្វព្រៃនៅក្នុងតំបន់ព្រៃការពាររបស់ព្រះអង្គ។ បុរសទាំងនោះ បានបាញ់សម្លាប់សត្វទន្សោង ១ក្បាលទម្ងន់ជាង ១តោន ហើយវះយកសាច់ចែកគ្នា។ ភ្លាមៗដែរ ព្រះអង្គបានទទួលព័ត៌មានអំពីរឿងសម្លាប់សត្វព្រៃនោះ ហើយក៏ប្ដឹងទៅប៉ូលិសរដ្ឋបាលប៉ុស្តិ៍ត្រពាំងតាវ និងប៉ូលិសការពារព្រំដែនវរ៩០៥ ចុះទៅដល់ផ្ទះ ហើយចាប់ខ្លួនជនប្រព្រឹត្តិបាន ២នាក់ ម្នាក់ឈ្មោះ សារិ វឿង និងម្នាក់ទៀតឈ្មោះ ពេត ឆៃយា។ ចំណែកអ្នកដៃដល់ក្នុងការបាញ់សម្លាប់សត្វនោះឈ្មោះ នួន ហល់ បានរត់ចុះពីលើផ្ទះគេចខ្លួនរួច។
ព្រះភិក្ខុ ប៊ុន សាលួត មានថេរដីកាទៀតថា សត្វទន្សោង គឺជាប្រភេទសត្វកម្រជិតផុតពូជទៅហើយ ដោយសារតែនៅតាមតំបន់ជាច្រើននៃប្រទេសកម្ពុជា បាត់បង់ព្រៃឈើដែលជាទីជម្រករបស់វា។ បច្ចុប្បន្ន សត្វប្រភេទនេះមានរស់នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត ប្រហែលមិនដល់ ១០០ក្បាលទេ៖ « អាត្មាក៏សំណូមពរទៅដល់ព្រះរាជអាជ្ញាដែរ គឺឲ្យផ្ដន្ទាទោសទៅតាម កុំឲ្យអ្នកក្រោយចេះតែហ៊ានសម្លាប់សត្វព្រៃទៀត »។
ទោះបីជាយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ ដើម្បីសុំការអធិប្បាយជុំវិញការចោទប្រកាន់ព្រានព្រៃទាំងពីរនាក់នោះបានថាយ៉ាងណានៅឡើយ នៅថ្ងៃទី២៥ ខែមេសា។
មេបញ្ជាការប៉ូលិសការពារព្រំដែនវរលេខ៩០៥ លោក ស៊ុំ សារឿន មានប្រសាសន៍ថា បន្ទាប់ពីទទួលព័ត៌មានថាមានការសម្លាប់សត្វទន្សោង គឺកម្លាំងរបស់លោក បានសហការជាមួយប៉ូលិសប៉ុស្តិ៍ត្រពាំងតាវ ចុះចាប់ខ្លួនព្រានព្រៃទាំងនោះបាន ២នាក់៖ « ទៅដល់ឃើញតែគ្រោងឆ្អឹង វាប្រលេះសាច់យកអស់ ហើយខ្ញុំបានបទបញ្ជាពីថ្នាក់លើមក កម្លាំងខ្ញុំក៏សហការជាមួយអធិការដ្ឋានស្រុកអន្លង់វែង ចុះចាប់ខ្លួនជនល្មើស »។
អ្នកសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន បានគាំទ្រចំពោះសមត្ថកិច្ចដែលចាប់ខ្លួនអ្នកបាញ់សម្លាប់សត្វព្រៃ បញ្ជូនឲ្យតុលាការផ្ដន្ទាទោសនេះ។
ព្រះភិក្ខុ ប៊ុន សាលួត ឲ្យដឹងថា នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត ដែលមានទំហំជាង ១ម៉ឺន ៨ពាន់ហិកតារ បច្ចុប្បន្នមានសត្វព្រៃចតុប្បាទ និងសត្វស្លាបរស់នៅប្រមាណ ១០០ប្រភេទ។ នេះជាលើកទីពីរហើយ ដែលព្រានព្រៃបានលួចសម្លាប់សត្វទន្សោង បន្ទាប់ពីជាង ១ខែមុន ព្រានព្រៃធ្លាប់បានបាញ់សម្លាប់សត្វទន្សោងធំ ១ក្បាលក្នុងព្រៃសង្ឃរុក្ខវ័ន្តដដែលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។