នាយកប្រតិបត្តិសមាគមធាងត្នោត លោក អ៊ី សារ៉ុម ថា សមាគមរបស់លោកចាក់ផ្សាយរឿង ខ្ញុំជាឈុត វុទ្ធី នៅល្ងាចថ្ងៃទី២២ មេសា នេះ បើទោះបីជាក្រសួងវប្បធម៌រារាំងមិនឲ្យចាក់ផ្សាយក្ដី។
លោក អ៊ី សារ៉ុម បញ្ជាក់ថា មូលហេតុដែលលោកចាក់ផ្សាយរឿងនេះ ដោយលោកយល់ថា លោក ឈុត វុទ្ធី គឺជាសកម្មជនការពារព្រៃឈើដ៏សកម្មមួយរូប ហើយការស្លាប់របស់លោកទៀតសោត ក៏មិនត្រូវបានអាជ្ញាធររកយុត្តិធម៌ឲ្យបានទៀត រហូតមកដល់បច្ចុប្បន្ន៖ « ខ្ញុំចង់ចាក់រឿងនេះ គឺយើងចង់មើលឃើញជីវិតតស៊ូរបស់លោក ឈុត វុទ្ធី ដែលជាសកម្មជនដ៏លេចធ្លោ ការពារព្រៃឈើ យើងមិនយល់ថាហេតុអីបានជារដ្ឋាភិបាលមិនចង់ឲ្យចាក់បញ្ចាំងអ៊ីចឹង។ សង្គមស៊ីវិល និងអ្នកធ្វើការខាងដីធ្លី រួមនឹងអ្នករងគ្រោះដីធ្លីជាដើម ចង់ឃើញខ្សែជីវិតក្នុងភាពយន្តឯកសារហ្នឹង » ។
លោក អ៊ី សារ៉ុម បន្តថា លោកបានត្រៀមខ្លួនរួចរាល់ហើយ ទោះបីជាក្រសួងវប្បធម៌មកហាមឃាត់ក្ដី ។ ការចាប់ផ្សាយនេះមានអ្នកទស្សនាជាង១០០នាក់ នៅការិយាល័យសមាគមធាងត្នោត នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
កាលថ្ងៃទី១៨ មេសា ក្រសួងវប្បធម៌ និងវិចិត្រសិល្ប បានហាមមិនមជ្ឈមណ្ឌលមេត្តាហោស៍ (Meta House) ដាក់បញ្ចាំងភាពយន្ត លោក ឈុត វុទ្ធី ដោយសារមេត្តាហោស៍ មិនបានសុំអនុញ្ញាតច្បាប់ពីក្រសួង។ ប៉ុន្តែផលិតករអ្នកស្រី ហ្វ្រាន ឡាំប្រីកស៍ (Fran Lambricks) រំពឹងថា ក្រសួងនឹងអនុញ្ញាតឲ្យដាក់បញ្ចាំងខ្សែភាពយន្តឯកសារនេះនៅពេលខាងមុខ។
តែយ៉ាងណាក៏ដោយ ក្រោយពីគម្រោងចាក់ផ្សាយរឿងនេះនៅថ្ងៃទី២០ មេសា បរាជ័យមក ខ្សែភាពយន្តឯកសារនេះ ក៏ត្រូវបានសកម្មជនការពារតំបន់អារ៉ែង ដែលរដ្ឋាភិបាលបណ្ដេញចេញពីកម្ពុជា គឺលោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) បានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) របស់លោកចំនួន៣ភាគ ហើយក៏មានការចែករំលែកជាច្រើននៅលើហ្វេសប៊ុក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។