សហគមន៍​ខេត្ត​រតនគិរី​អះអាង​ថា​ជនជាតិ​វៀតណាម​ចូល​កាប់​ឈើ​ក្នុង​ព្រៃ​អភិរក្ស

0:00 / 0:00

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច និង​មន្ត្រី​មូលដ្ឋាន​ភូមិ​ឃ្វែង ឃុំ​យ៉ាទុង ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី អះអាង​ថា ក្រុម​ពលរដ្ឋ​វៀតណាម ជា​ក្រុមៗ បាន​ឆ្លង​ដែន​ចូល​មក​អារ​រំលំ​យក​ឈើ​មូល​ទ្រង់ទ្រាយ​ធំ​ក្នុង​ព្រៃ​អភិរក្ស ហើយ​ដឹក​ជញ្ជូន​ឆ្លង​ដែន​តាម​ច្រក​របៀង​ព្រំដែន ចូល​ទៅ​ប្រទេស​វៀតណាម។ ប្រជា​សហគមន៍​បញ្ជាក់​បន្ថែម​ថា តាម​ការ​សាកសួរ ពលរដ្ឋ​វៀតណាម ទាំង​នោះ​អះអាង​ថា តម្រួត​ព្រំដែន​ខ្មែរ​ជា​អ្នក​អនុញ្ញាត​ឲ្យ​ពួក​គេ​ចូល​កាប់​ឈើ​ក្នុង​តំបន់​នោះ។

មន្ត្រី​មូលដ្ឋាន និង​សហគមន៍​ភូមិ​ឃ្វែង អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​រតនគិរី ចុះ​ស៊ើប​អង្កេត​ជា​បន្ទាន់ ករណី​ពលរដ្ឋ​វៀតណាម ចូល​កាប់​ឈើ​ទ្រង់ទ្រាយ​ធំ​នៅ​តំបន់​ព្រៃ​ស្រោង ចំណុច​អូរតាង៉ត ជាប់​នឹង​ប៉ុស្តិ៍​ការពារ​ព្រំដែន​អូរលាវ។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​ភូមិ​ចូល​ព្រៃ​ដាក់​អន្ទាក់​សត្វ​កាល​ពី​ចុង​សប្ដាហ៍​មុន បាន​ប្រទះ​ឃើញ​ជនជាតិ​វៀតណាម ជា​ក្រុមៗ​មាន​គ្នា​សរុប​ជាង ១០​នាក់ ខ្លះ​នាំ​គ្នា​អារ​រំលំ​ឈើ ខ្លះ​ប្រើ​គ្រឿងយន្ត​ដឹក​ជញ្ជូន​ឈើ​ឆ្លង​ច្រក​របៀង​ចូល​ទៅ​ប្រទេស​វៀតណាម។

ប្រធាន​ភូមិ​ឃ្វែង លោក ដាន ជីប បញ្ជាក់​ឲ្យ​ដឹង​ថា សកម្មភាព​កាប់​ឈើ​នោះ​មាន​សភាព​ធ្ងន់ធ្ងរ គឺ​ឈើ​រាប់​ពាន់​ដើម​ត្រូវ​គេ​កាប់។ នេះ បើ​តាម​ការ​បញ្ជាក់​ពី​សហគមន៍​ដែល​បាន​ទៅ​ដល់​កន្លែង​កាប់​ឈើ។ លោក​បន្ត​ថា អ្នក​ភូមិ​មិន​មាន​លទ្ធភាព​ទប់ស្កាត់​ការ​កាប់​ឈើ​នេះ​បាន​ទេ ពីព្រោះ​ពលរដ្ឋ​វៀតណាម ដែល​ចូល​មក​កាប់​ឈើ​អះអាង​ថា តម្រួត​ព្រំដែន​ខ្មែរ​នៅ​ប៉ុស្តិ៍​អូរលាវ ជា​អ្នក​អនុញ្ញាត​ឲ្យ​ពួក​គេ​ចូល​មក​កាប់​ឈើ​នៅ​តំបន់​នោះ៖ «គេ​កាប់​ឈើ​គ្រប់​ប្រភេទ​តែ​ម្តង ឈើ​ធ្នង់ ឈើ​ក្រំ ដើម​ផ្ចឹក គេ​កាប់​ឡើង​វាល​ចាប់​ពី​មុខ ១៥​ឡើង វា​កាប់​អស់​យក​ទៅ​វៀតណាម យក​តាម​ប៉ុស្តិ៍​អូរលាវ»

កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា សហគមន៍​ភូមិ​ឃ្វែង មាន​គ្នា ១៧​នាក់ បាន​ចុះ​ល្បាត​ព្រៃ និង​ប្រទះ​ឃើញ​ជនជាតិ​វៀតណាម ជាង ១០​នាក់ កំពុង​អារ​រំលំ​ឈើ។ ភ្លាមៗ​នោះ សហគមន៍​បាន​ឃាត់​ខ្លួន​ពលរដ្ឋ​វៀតណាម ២​នាក់ ម៉ូតូ​ពីរ​គ្រឿង និង​ម៉ាស៊ីន​កាត់​ឈើ​មួយ​គ្រឿង។ ក្រៅ​ពី​នោះ ក្រុម​អ្នក​អារ​ឈើ​ក្នុង​ព្រៃ បាន​រត់​គេច​ខ្លួន ខណៈ​ក្រុម​សហគមន៍​ឃាត់​ខ្លួន​ពួក​គេ។

សមាជិក​សហគមន៍ លោក រចំ ច្បារ បញ្ជាក់​ថា ក្រុម​អ្នក​ល្បាត​ព្រៃ​បាន​សម្រេច​ដោះ​លែង​ជនជាតិ​វៀតណាម ទាំង​ពីរ​នាក់ និង​ម៉ូតូ​ពីរ​គ្រឿង ដោយសារ​តែ​អ្នក​ភូមិ​បារម្ភ​ពី​សុវត្ថិភាព ខណៈ​ជនជាតិ​វៀតណាម ទាំង​នោះ​អះអាង​ថា ពួក​គេ​មាន​ការ​អនុញ្ញាត​ពី​តម្រួត​ព្រំដែន។ លោក​បន្ត​ថា ក្រុម​ល្បាត​សម្រេច​រឹប​អូស​ម៉ាស៊ីន​កាត់​ឈើ ហើយ​ហាម​ឃាត់​មិន​ឲ្យ​ជនជាតិ​វៀតណាម ទាំង​នោះ​មក​កាប់​ឈើ​បន្ត​ទៀត​ឡើយ៖ «សហគមន៍​គេ​ដឹង គេ​ទៅ​មើល​អន្ទាក់ បាន​គេ​ជួប​គេ​មក​ប្រាប់។ សហគមន៍​ក្នុង​ភូមិ​គេ​ដើរ​ល្បាត​ម្តង​អត់​បាន​ឃើញ​ពីរ​បី បាន​ជួប​ពួក​វៀតណាម កំពុង​កាប់ បាន​យើង​ចាប់។ ពេល​សួរ​ពួក​យួន វា​លាក់​មិន​ដឹង​វា​ភ័យ មិន​ដឹង​វា​ឆ្លើយ​ថា​ពួក​ប៉ុស្តិ៍​ឲ្យ​កាប់»

ទាក់ទិន​សេចក្តី​រាយការណ៍​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី លោក វង សុខសិរី និង​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿង អះអាង​ដូច​គ្នា​ថា នឹង​ចាត់​មន្ត្រី​ចុះ​ស៊ើប​អង្កេត​ករណី​នេះ។

យ៉ាង​ណា​ក៏ដោយ មន្ត្រី​ឃ្លាំ​មើល​ព្រៃ​ឈើ​នៃ​សមាគម​អាដហុក (ADHOC) លោក ឆាយ ធី នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា បាន​ចាត់​មន្ត្រី​ចុះ​ទៅ​ដល់​ភូមិ​ឃ្វែង ដើម្បី​ស៊ើប​ពី​ករណី​នេះ ក៏ប៉ុន្តែ​មិន​បាន​សម្រេច ដោយសារ​តែ​តំបន់​កាប់​ឈើ​ឋិត​ក្នុង​ព្រៃ​ឆ្ងាយ ត្រូវ​ឆ្លង​អូរ និង​ប្រើ​រយៈពេល​ដេក​នៅ​ក្នុង​ព្រៃ​មួយ​យប់។

យ៉ាង​ណា​មិញ លោក​អះអាង​ថា របាយការណ៍​របស់​សហគមន៍​ដែល​បាន​ទៅ​ដល់​កន្លែង​កាប់​ឈើ ឲ្យ​ដឹង​ថា ទំហំ​នៃ​ការ​កាប់​ឈើ​របស់​ពលរដ្ឋ​វៀតណាម នៅ​តំបន់​នោះ​ពិត​ជា​មាន​សភាព​ធ្ងន់ធ្ងរ៖ «គាត់​បញ្ជាក់​ដែរ​ថា ព្រៃ​ហ្នឹង​កាប់​ជា​ហូរហែ​មក​មាន​រយៈពេល​យូរ​ខែ ឈើ​រាប់​ពាន់​ដើម។ វៀតណាម ឆ្មក់​ចូល​ជ្រៅ​ក្នុង​ដី​ខ្មែរ​ដើម្បី​កាប់​នៅ​ពេល​ថ្ងៃ ហើយ​ដឹក​ជញ្ជូន​ទៅ​វិញ​នៅ​ពេល​យប់ ដោយ​ត្រាក់ទ័រ និង​រថយន្ត​កែច្នៃ»

សហគមន៍​ភូមិ​ឃ្វែង ឲ្យ​ដឹង​ថា ព្រៃ​ដែល​ជនជាតិ​វៀតណាម ចូល​កាប់​ឈើ​ជា​តំបន់​ព្រៃ​ស្រោង លាត​សន្ធឹង​រហូត​ទល់​នឹង​ប្រទេស​វៀតណាម សម្បូរ​ទៅ​ដោយ​សត្វ​ព្រៃ និង​ឈើ​មាន​តម្លៃ។ កាល​ពី​ឆ្នាំ​២០០១ មាន​អង្គការ​អភិរក្ស​សត្វ​ព្រៃ បាន​គ្រប់គ្រង​តំបន់​នោះ។ រហូត​ដល់​ឆ្នាំ​២០០៤ អង្គការ​នោះ​ដក​ចេញ ទើប​សហគមន៍​ចូល​ទៅ​អភិរក្ស​ព្រៃ​បន្ត ក៏ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារ​តំបន់​នោះ​កម្រ​ប្រជាពលរដ្ឋ​ទៅ​ដល់ ទើប​ឈើ​មាន​តម្លៃ​ត្រូវ​ជនជាតិ​វៀតណាម ចូល​កាប់​រហូត​បច្ចុប្បន្ន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។