ពលរដ្ឋ​ពីរ​ស្រុក​ក្នុង​ខេត្ត​កំពង់ស្ពឺ​ប្រកាស​បន្ត​បិទ​ផ្លូវ​ប្រឆាំង​នឹង​ក្រុមហ៊ុន​បំផ្ទុះ​ភ្នំ​យក​ថ្ម

ដោយ ម៉ម មុនីរតន៍
2016-02-02
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
បំផ្ទុះ​ថ្ម​ភ្នំ​ខេត្ត​កំពង់ស្ពឺ ២០១៦ ៨៥៥
១៦-មករា-២០១៦៖ តំបន់​ការដ្ឋាន​បំផ្ទុះ​ភ្នំ​យក​ថ្ម ឋិត​នៅ​ភូមិ​ដីក្រហម ឃុំ​ធម្មតាអរ ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ។
RFA/Morm Moniroth

ប្រជាពលរដ្ឋ​ប្រកាស​ជំហរ​ជា​ថ្មី​ទៀត​ថា ពួក​គាត់​នឹង​បិទ​ផ្លូវ​បន្ត​ទៀត​នៅ​ថ្ងៃ​ទី​៣ កុម្ភៈ ប្រឆាំង​ក្រុមហ៊ុន អេច្ឆ.ធី.ខេ (HTK) របស់​លោក​ឧកញ៉ា ហ៊ុន តូ ដែល​ត្រូវ​ជា​ក្មួយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

អ្នក​ភូមិ​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន​នេះ​ក្រៅ​ពី​រំខាន​ការ​រស់នៅ​របស់​អ្នក​ស្រុក​ហើយ ថែម​ទាំង​បាន​បំផ្លាញ​ផ្លូវ​នៅ​ក្នុង​សហគមន៍​ថែម​ទៀត​ផង។ ចំណែក​ភាគី​តំណាង​របស់​ក្រុមហ៊ុន អេច្ឆ.ធី.ខេ បដិសេធ​ក្នុង​ការ​បកស្រាយ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ។

តំណាង​ប្រជាពលរដ្ឋ​បាន​អះអាង​ថា ពួក​គាត់​សម្រេច​បន្ទន់​ឥរិយាបថ​ក្នុង​រយៈពេល​ខ្លី ក្រោយ​ពី​ការ​ចរចា​មិន​ទទួល​បាន​ផល​រួច​មក ក៏ប៉ុន្តែ នេះ​ពុំ​មែន​បាន​ន័យ​ថា បោះ​បង់​គោល​ជំហរ​បិទ​ផ្លូវ​ចោល​ឡើយ។

អ្នក​ភូមិ​និយាយ​ថា ការ​សម្រេច​ដក​ថយ​មួយ​ជំហាន​នៅ​ពេល​នេះ បន្ទាប់​ពី​មាន​ការ​សម្របសម្រួល​ពី​អាជ្ញាធរ​ពាក់ព័ន្ធ និង​តំណាង​ក្រុមហ៊ុន ចេញ​មុខ​តតាំង​ជាមួយ​អ្នក​ភូមិ ឈាន​ចូល​ដល់​ថ្ងៃ​ទី​ពីរ​នៃ​ការ​បិទ​ផ្លូវ​នេះ។

លោកស្រី ម៉ី ភួង រស់នៅ​ភូមិ​ប្រាសាទ ឃុំ​មហាសាំង ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ បញ្ជាក់​ថា ប្រជាពលរដ្ឋ​សម្រេច​បិទ​ផ្លូវ​ប្រឆាំង​ក្រុមហ៊ុន អេច្ឆ.ធី.ខេ នេះ​ពីរ​ថ្ងៃ​មក​ហើយ ក៏ប៉ុន្តែ​នៅ​តែ​ពុំ​ទាន់​មាន​ដំណោះស្រាយ។ លោកស្រី​បន្ថែម​ថា មូលហេតុ​ដែល​ពលរដ្ឋ​បិទ​ផ្លូវ​មិន​ឲ្យ​អ្នក​ដំណើរ​ឆ្លង​កាត់​នេះ ដោយសារ​ដី​ហុយ​បណ្ដាល​មក​ពី​រថយន្ត​ដឹក​ថ្ម ហើយ​បណ្ដាល​ឲ្យ​ផ្លូវ​ត្រូវ​ខូចខាត។ ម្យ៉ាង​វិញ​ទៀត អ្វី​ដែល​អ្នក​ភូមិ​ទាមទារ​នៅ​ពេល​នេះ គឺ​ស្នើ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​ក្រាល​កៅស៊ូ ឬ​ចាក់​បេតុង ដើម្បី​បញ្ចៀស​ការ​ហុយ​ដី។ លើស​ពី​នេះ​ទៀត លោកស្រី ម៉ី ភួង ព្រមាន​ថា បើ​គ្មាន​ជម្រើស​ទេ នៅ​ថ្ងៃ​ទី​៣ កុម្ភៈ ពលរដ្ឋ​នឹង​បិទ​ផ្លូវ​ជា​ថ្មី​ទៀត មិន​ឲ្យ​រថយន្ត​របស់​ក្រុមហ៊ុន អេច្ឆ.ធី.ខេ ឆ្លង​កាត់​ឡើយ រួម​ទាំង​អ្នក​ដំណើរ​ផង។ លោកស្រី​បន្ត​ថា «រឿង​កិច្ចការ​ខាង​ក្រុមហ៊ុន​គេ​ឥត​ធ្វើ​ទេ។ គេ​ឲ្យ​រដ្ឋាភិបាល​ធ្វើ ហើយ​ប្រជាពលរដ្ឋ​ថា​បើ​សិន​ក្រុមហ៊ុន​ឥត​ធ្វើ​ទេ គឺ​បិទ​ផ្លូវ​ហើយ។ គេ​ពន្យារ​មួយ​ថ្ងៃ​នេះ​ទៀត ស្អែកៗ​ហ្នឹង​គេ​ដាក់​បង្គោល​ដាក់​អី​ហើយ»

បើ​ទោះ​ជា​បែប​ណា អភិបាល​ស្រុក​សំរោងទង លោក ស៊ីម រតនៈ បញ្ជាក់​ថា កិច្ច​ប្រជុំ​ត្រី​ភាគី​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ កុម្ភៈ គឺ​ភាគី​ក្រុមហ៊ុន​ច្រាន​ចោល​ការ​ទាមទារ​របស់​អ្នក​ភូមិ ដែល​ចង់​បាន​ផ្លូវ​ក្រាល​កៅស៊ូ ឬ​ចាក់​បេតុង។

ប្រជាពលរដ្ឋ​ប្រមាណ ១០០​នាក់​មក​ពី ១០​ភូមិ ចំណុះ​ឲ្យ​ស្រុក​ចំនួន​ពីរ គឺ​ក្នុង​ស្រុក​សំរោងទង និង​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ បាន​បិទ​ផ្លូវ​តាំង​ពី​ថ្ងៃ​ទី​១ កុម្ភៈ មក​ម្ល៉េះ។

ប្រជាពលរដ្ឋ​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន អេច្ឆ.ធី.ខេ ដែល​តំណាង​ក្រុមហ៊ុន​បាន​អះអាង​ថា ម្ចាស់​វិនិយោគ គឺ​លោក ហ៊ុន តូ ក្មួយ​ប្រុស​បង្កើត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​ឲ្យ​ខូច​ផ្លូវ​ដែល​អ្នក​ភូមិ​ប្រើប្រាស់ និង​មាន​ដី​ហុយ​រាល់​ថ្ងៃ។

យ៉ាង​នេះ​ក្តី តំណាង​ក្រុមហ៊ុន អេច្ឆ.ធី.ខេ លោក ម៉ែន ចន្ថា បដិសេធ​ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ដោយ​អះអាង​យ៉ាង​ខ្លី​ថា លោក​ពុំ​មែន​ជា​អ្នក​បម្រើ​ការ​ឲ្យ​ក្រុមហ៊ុន អេច្ឆ.ធី.ខេ នេះ​ទេ។

ពាក់ព័ន្ធ​នឹង​វិវាទ​នេះ ភាគី​ក្រុមហ៊ុន អេច្ឆ.ធី.ខេ លោក តាន់ ឃុន បាន​បំភ្លឺ​កាល​ពី​ពាក់​កណ្ដាល​ខែ​មករា ថា ក្រុមហ៊ុន​មាន​ចម្ងាយ​ពី​រោង​ម៉ាស៊ីន​កិន​ថ្ម​មក​ផ្លូវ​ជាតិ​ប្រហែល ៧​គីឡូម៉ែត្រ។ ម្យ៉ាង​វិញ​ទៀត ខាង​ក្រុមហ៊ុន​បាន​ថែទាំ ជួសជុល​ផ្លូវ និង​ស្រោច​ទឹក​ជា​ប្រចាំ​មិន​ឲ្យ​ហុយ​ធូលី និង​កម្ទេច​ថ្ម ដែល​នាំ​ឲ្យ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​នៅ​តាម​ដង​ផ្លូវ​ឡើយ។ បន្ថែម​ពី​លើ​នេះ​ទៀត បើ​ក្រុមហ៊ុន​ប្រព្រឹត្ត​ខុស​ពី​បទដ្ឋាន​បច្ចេកទេស​របស់​ក្រសួង ក្រុមហ៊ុន​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

អភិបាល​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ លោក ស៊ីម រតនៈ ថ្លែង​ថា ការ​ដោះស្រាយ​ចំពោះ​មុខ​នៅ​ពេល​នេះ គឺ​ស្នើ​ឲ្យ​ពលរដ្ឋ​បើក​ផ្លូវ ដើម្បី​ឲ្យ​អ្នក​ដំណើរ​ឆ្លង​កាត់​សិន។ លោក​បន្ថែម​ថា ជំហាន​បន្ទាប់ គឺ​អាជ្ញាធរ​ពាក់ព័ន្ធ នឹង​ដោះស្រាយ​ជាមួយ​ភាគី​ក្រុមហ៊ុន​ជា​ថ្មី​ម្ដង​ទៀត ដើម្បី​រក​ច្រក​ចេញ។ លោក​បន្ត​ថា «រឿង​ហ្នឹង​យើង​មាន​តែ​ទៅ​ពិភាក្សា​គ្នា​ជាមួយ​ក្រុមហ៊ុន ដើម្បី​សិក្សា​រក​លទ្ធភាព​ណា​មួយ​ជួយ​ដោះស្រាយ​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់»

ក្នុង​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន អេច្ឆ.ធី.ខេ ដែល​បាន​បំភ្លឺ​កាល​ពី​ពាក់​កណ្ដាល​ខែ​មករា បញ្ជាក់​ថា ក្រុមហ៊ុន​នេះ​បាន​សុំ​សិទ្ធិ​ធ្វើ​អាជីវកម្ម​ការដ្ឋាន​ថ្ម​ចាប់​តាំង​ពី​ខែ​មិថុនា ឆ្នាំ​២០០៨។ ម្យ៉ាង​វិញ​ទៀត ក្រុមហ៊ុន​នេះ​បាន​ផ្តល់​កម្លាំង​ពលកម្ម​ឲ្យ​ពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ប្រចាំ​ខែ​ពី ៣០​នាក់​ទៅ ៤០​នាក់ ដែល​ជា​កូន​របស់​អ្នក​ភូមិ​ថែម​ទៀត​ផង។

ប្រជាពលរដ្ឋ​អះអាង​ថា សំខាន់​ពួក​គាត់​ចង់​ឲ្យ​ក្រុមហ៊ុន​ដែល​បំផ្ទុះ​ភ្នំ​យក​ថ្ម​នៅ​ភ្នំ​ស្រី​ស្រណោះ ធ្វើ​ផ្លូវ​កៅស៊ូ ឬ​ចាក់​បេតុង។ ការ​ព្យាយាម​ស្រោច​ទឹក​ដើម្បី​បញ្ចៀស​ការ​ហុយ​ដី វា​ពុំ​មែន​ជា​ជម្រើស​ល្អ​ប្រសើរ​ឡើយ។ បើ​ទោះ​ជា​បែប​ណា ភាគី​ខាង​ក្រុមហ៊ុន បាន​បដិសេធ​ថា ខ្លួន​ពុំ​មាន​លទ្ធភាព​ធ្វើ​ផ្លូវ​ចាក់​កៅស៊ូ ឬ​បេតុង​នោះ​ទេ។

បច្ចុប្បន្ន មាន​ភ្នំ​ជាច្រើន​នៅ​ក្នុង​ស្រុក​សំរោងទង និង​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ត្រូវ​បាន​ឈ្មួញ​ធ្វើ​អាជីវកម្ម ដោយ​បំផ្ទុះ​ភ្នំ​យក​ថ្ម​ជា​រៀង​រាល់​ថ្ងៃ។ ភ្នំ​ខ្លះ បាន​រាប​ស្ទើរ​ដល់​បាត​ដី ហើយ​ភ្នំ​ខ្លះ​ទៀត កំពុង​ដំណើរ​ការ។ អ្នក​ជំនាញ​បរិស្ថាន​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល យល់​ឃើញ​ថា ប្រទេស​កម្ពុជា នឹង​ប្រឈម​មុខ​ការ​រាំង​ស្ងួត និង​រដូវ​ភ្លៀង​លែង​ទៀងទាត់ បន្ទាប់​ពី​រ៉ែ បឹងបួ និង​ព្រៃ​ឈើ ស្ទើរ​បាត់បង់​អស់​ទៅ​ហើយ​នោះ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល