ក្រុមសកម្មជនការពារព្រៃឈើ និងពលរដ្ឋនៅសហគមន៍ក្នុងតំបន់អារ៉ែង ខេត្តកោះកុង បញ្ជាក់ថា ពួកគេនៅតែព្រួយបារម្ភចំពោះគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីនៅតំបន់អារ៉ែង ដែលនឹងធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងជីវិតរស់នៅរបស់ពួកគេជាច្រើនពាន់គ្រួសារ។
ការព្រួយបារម្ភនេះ ត្រូវលើកឡើងក្នុងសន្និសីទសារព័ត៌មានមួយនៅល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៤ ស្ដីពីជំហររបស់ពួកគាត់ចំពោះគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីនៅតំបន់អារ៉ែង។
គម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់អារ៉ែង ខេត្តកោះកុង បានក្លាយទៅជាប្រធានបទមួយដែលប្រជាពលរដ្ឋ និងសកម្មជនការពារបរិស្ថាន ព្រួយបារម្ភពីការបាត់បង់ និងប៉ះពាល់ដល់ធនធានធម្មជាតិ មានព្រៃឈើ និងសត្វព្រៃកម្រជាច្រើនប្រភេទ ដែលរស់នៅតំបន់ជួរភ្នំក្រវាញ មួយនេះ។
លោក អេឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ស្ថាបនិកនៃអង្គការមាតាធម្មជាតិ បានថ្លែងថា ក្រសួងរ៉ែ និងថាមពល មិនមែនជាសត្រូវរបស់លោកទេ សត្រូវពិតប្រាកដរបស់លោកនោះ គឺក្រុមហ៊ុនស៊ីណូហាដ្រូ (Shynohydro) ដែលបំផ្លាញធនធានធម្មជាតិ និងសត្វព្រៃ ព្រមទាំងសេចក្ដីសុខរបស់ពលរដ្ឋនៅតំបន់អារ៉ែង។ ផលប៉ះពាល់នោះ មិនមែនតែនៅតំបន់អាងឡើយ គឺមានផ្នែកខាងក្រោមៗទៀត៖ «សំឡេង»។
លោកបានបញ្ជាក់ទៀតថា តាមផែនទីរបស់អង្គការស៊ីអាយ (Conservation International) និងរដ្ឋបាលព្រៃឈើ គឺបានបង្ហាញថា តំបន់អាងនោះមានទំហំជាង ២ម៉ឺនហិកតារ ហើយសត្វកម្រ និងសត្វព្រៃចំនួនជាង ២០០ប្រភេទ នឹងរងផលប៉ះពាល់។
លិខិតបំភ្លឺមួយរបស់ក្រសួងរ៉ែ និងថាមពល បានបង្ហាញថា ក្រសួងបានសិក្សាបឋមជាមួយអ្នកជំនាញពីផលប៉ះពាល់នានាពាក់ព័ន្ធនឹងបក្សី ថនិកសត្វ និងមច្ឆជាតិ ដោយត្រួតពិនិត្យអំពីលក្ខខណ្ឌរស់នៅ និងចរាចរណ៍របស់សត្វទាំងនោះ ដើម្បីរកវិធីធ្វើការអភិរក្ស និងកាត់បន្ថយផលប៉ះពាល់ឲ្យនៅតិចបំផុត។ ចំណែកឯការសិក្សាលម្អិតជំហានបន្ទាប់ ក៏នៅមិនទាន់អាចចាប់ផ្ដើមនៅឡើយដែរ។ លិខិតនោះសរសេរទៀតថា គម្រោងនៃការអភិវឌ្ឍវារីអគ្គិសនីស្ទឹងជាយអារ៉ែង ខេត្តកោះកុង នេះ គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។
ជនជាតិដើមភាគតិចជង ដែលរស់នៅតំបន់នោះ គឺអ្នកស្រី ហម ហេន បានថ្លែងថា ផែនការអភិវឌ្ឍន៍ដែលជាគោលនយោបាយកាត់បន្ថយភាពក្រីក្រនោះ គឺទំនងជាជំរុញឲ្យពួកគាត់វិលទៅរកភាពក្រីក្រទៅវិញទេ ដោយត្រូវបង្ខំឲ្យពួកគាត់ចាកចេញពីទីលំនៅ និងកសាងជីវិតថ្មីដែលមិនធ្លាប់ជួបប្រទះនោះ៖ «សំឡេង»។
ក្រុមអ្នកថែរក្សាបរិស្ថាន បានលើកឡើងថា រដ្ឋាភិបាលគួរតែរកវិធីសាស្ត្រថ្មីៗដែលកំពុងបដិវត្តនៅលើពិភពលោក ហើយទាញយកថាមពលពីប្រព័ន្ធទាំងនោះវិញ ជាជាងការអភិវឌ្ឍដែលធ្វើឲ្យប៉ះពាល់ដល់ធនធានធម្មជាតិ ដែលកំពុងតែខ្វះខាតនេះ។
លោក អេឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសិន ថ្លែងថា លោកមិនប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍នោះទេ តែលោកប្រឆាំងការបំផ្លាញព្រៃឈើ និងធនធានធម្មជាតិ៖ «សំឡេង»។
បើទោះជាសកម្មជនការពារបរិស្ថាន កំពុងតែព្រួយបារម្ភពីផលប៉ះពាល់នៃគម្រោងនេះ ប៉ុន្តែលិខិតរបស់ក្រសួងរ៉ែ និងថាមពល សរសេរថា បច្ចុប្បន្ន គឺមិនទាន់មានសកម្មភាពពាក់ព័ន្ធនឹងគម្រោងនេះនៅលើទីតាំងតំបន់អារ៉ែងនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។