ជនជាតិដើមភាគតិចចារ៉ាយ រស់នៅភូមិគងធំ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បង្ហាញកង្វល់ពីគម្រោងរុករករ៉ែរបស់ក្រុមហ៊ុនអង្គរហ្គោល (Angkor Gold) នៅក្នុងសហគមន៍ពួកគេ។ ការបារម្ភនេះ ត្រូវបានសហគមន៍លើកឡើងនៅក្នុងការជួបពិភាក្សាគ្នានៅភូមិគងធំ នៅថ្ងៃទី២០ ខែមេសា រវាងសហគមន៍ជាង ៦០នាក់ ជាមួយមន្ត្រីអង្គការសង្គមស៊ីវិលចំនួនបីអង្គការ។
អ្នកភូមិគងធំ នៅតែបន្តជំទាស់មិនឲ្យក្រុមហ៊ុនអង្គរហ្គោល ចូលទៅស្រាវជ្រាវរុករករ៉ែលោហៈក្នុងតំបន់អ្នកភូមិអភិរក្ស ទោះបីក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណធ្វើការស្រាវជ្រាវពីក្រសួងរ៉ែ និងថាមពល រួចហើយក្ដី។
បញ្ហាដែលសហគមន៍បារម្ភរួមមាន ខ្លាចក្រុមហ៊ុនយកដីធ្វើឲ្យប៉ះពាល់បរិស្ថានទឹក និងបង្កជាតិពុល។ ប្រតិបត្តិការស្រាវជ្រាវរ៉ែ របស់ក្រុមហ៊ុនមិនបានពិគ្រោះយោបល់ជាមួយពលរដ្ឋបានទូលំទូលាយ ខ្លាចបាក់ស្រុតដីដោយសារការស្រាវជ្រាវរ៉ែ ប៉ះពាល់ជំនឿប្រពៃណីសហគមន៍ ខ្លាចកើតមានបញ្ហាអសន្តិសុខលួចប្លន់ និងគ្រោះថ្នាក់ចរាចរណ៍ក្នុងសហគមន៍ ខ្លាចក្រុមហ៊ុនរកឃើញរ៉ែ ហើយផ្ទេរទៅឲ្យក្រុមហ៊ុនផ្សេង ចំណែកសហគមន៍មិនបានទទួលផលប្រយោជន៍ពីគម្រោងអភិវឌ្ឍន៍។ ក្រុមហ៊ុនធ្វើខុសទីតាំងកំណត់តាមអាជ្ញាប័ណ្ណ ក្រុមហ៊ុនហាមមិនឲ្យប្រជាពលរដ្ឋកាប់ចម្ការ និងចេញចូលការដ្ឋានក្រុមហ៊ុន និងសហគមន៍សុំឲ្យមានការធានាពីអង្គការសង្គមស៊ីវិលក្នុងការដោះស្រាយទំនាស់រវាងសហគមន៍ និងក្រុមហ៊ុន។
សមាជិកសហគមន៍ លោក សេវ និន បញ្ជាក់ថា អ្នកភូមិគ្មានជំនឿលើការសន្យារបស់ក្រុមហ៊ុនស្ដីពីវិធានការដោះស្រាយផលប៉ះពាល់សហគមន៍នោះទេ។ លោកថា សហគមន៍ប្រកាន់ជំហរមិនជួបពិភាក្សាជាមួយក្រុមហ៊ុននោះឡើយ៖ «គេជួបជុំក្រុមហ៊ុនរ៉ែ បញ្ហារឿងដីធ្លីហ្នឹង ហើយវាពាក់ព័ន្ធប្រជាពលរដ្ឋ...»។
ក្រុមហ៊ុនអង្គរហ្គោល នៃប្រទេសអូស្ត្រាលី កាលពីថ្ងៃទី២៥ ខែមីនា បានរៀបចំវេទិកាសម្របសម្រួលមួយដើម្បីពិភាក្សាជាមួយសហគមន៍ស្ដីពីការជំទាស់របស់អ្នកភូមិមិនឲ្យក្រុមការងារក្រុមហ៊ុនចុះស្រាវជ្រាវរ៉ែលោហៈក្នុងតំបន់ពួកគាត់រស់នៅ។ អ្នកភូមិបាននាំគ្នាដើរចេញ បន្ទាប់ពីអ្នកភូមិបង្ហាញបដាបីផ្ទាំងមានន័យបដិសេធមិនឲ្យក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែ។ ជនជាតិដើមភាគតិចមានសិទ្ធិការពារដីធ្លីធនធានធម្មជាតិ និងចាត់ទុកធនធានធម្មជាតិជាអាយុជីវិតសហគមន៍។
អគ្គនាយកក្រុមហ៊ុនអង្គរហ្គោល លោក ម៉ាយ៍ខ វីកស៍ (Mike Weeks) បានអះអាងរួចហើយថា ក្រុមហ៊ុននឹងអនុវត្តគោលការណ៍គោរពច្បាប់សិទ្ធិដីធ្លី និងសិទ្ធិមនុស្សជាមូលដ្ឋាន បើទោះបីក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណស្របច្បាប់រួចហើយក្តី។ លោកថ្លែងថា ក្រុមហ៊ុនប្រកាន់ជំហរមិនធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ប្រជាពលរដ្ឋ ហើយរាល់ប្រតិបត្តិការរបស់ក្រុមហ៊ុនគឺមានការឯកភាព និងចូលរួមពីសហគមន៍៖ «សិទ្ធិកាន់កាប់ដីធ្លីគឺជាសិទ្ធិបងប្អូនជនជាតិដើមភាគតិចគេគោរព គ្មានការរំលោភសិទ្ធិទេ»។
ទោះជាយ៉ាងណាក៏ដោយ ប្រធានកម្មវិធីយុត្តិធម៌នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក ឡាយ សុវត្ថរ៉ា កត់សំគាល់ថា កន្លងទៅសហគមន៍នៅខ្វះព័ត៌មាន និងកិច្ចពិគ្រោះយោបល់ស្ដីពីគម្រោងវិនិយោគវិស័យរ៉ែលោហៈរបស់ក្រុមហ៊ុន។ លោកថា សង្គមស៊ីវិលនឹងព្យាយាមពិគ្រោះយោបល់លើកទឹកចិត្តឲ្យមានការចូលរួមរវាងដៃគូពាក់ព័ន្ធនឹងសហគមន៍ទាក់ទិនគម្រោងស្រាវជ្រាវរ៉ែលោហៈរបស់ក្រុមហ៊ុន៖ «វាជាឱកាសល្អដែលគាត់បានប្រមូលផ្ដុំគ្នាជាមួយអង្គការដៃគូ ហើយគាត់បានបង្ហាញពីសុច្ឆន្ទៈពីកង្វល់ទាំងឡាយពាក់ព័ន្ធបញ្ហារ៉ែដែលក្រុមហ៊ុនឯកជនបានមកអភិវឌ្ឍន៍នៅតំបន់ពួកគាត់»។
នៅខេត្តរតនគិរី សហគមន៍ជនជាតិដើមភាគតិចចំនួនបីរួមមាន សហគមន៍ភូមិតាំងម្លូ ក្នុងស្រុកអណ្ដូងមាស និងសហគមន៍ភូមិប្លង់ និងភូមិគងធំ ស្រុកអូរយ៉ាដាវ បានជំទាស់មិនក្រុមហ៊ុនអង្គរហ្គោល ចូលទៅសិក្សាស្រាវជ្រាវរ៉ែលោហៈក្នុងតំបន់សហគមន៍អភិរក្សនៅឡើយ។ ចំណែកសហគមន៍ជនជាតិដើមភាគតិចភូមិពាក់ ស្រុកអូរយ៉ាដាវ បានទទួលយកគម្រោងស្រាវជ្រាវរ៉ែរបស់ក្រុមហ៊ុនអង្គរហ្គោល និងយល់ព្រមឲ្យក្រុមហ៊ុនមេស្កូហ្គោល (Mesco Gold) ធ្វើអាជីវកម្មវ៉ែមាសនៅក្នុងតំបន់អភិរក្សសហគមន៍ បន្ទាប់ពីក្រុមហ៊ុនបានដោះស្រាយផលប៉ះពាល់សហគមន៍បានត្រឹមត្រូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។