មន្ត្រីសង្គមស៊ីវិល ខេត្តព្រះសីហនុ ស្នើឲ្យប្រជាពលរដ្ឋ ពិសេសសមត្ថកិច្ចស្ថាប័នជំនាញស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្តនេះ ត្រូវរួមគ្នាឈប់ទទួលទានអាហារ ឬមុខម្ហូបចម្អិនពីសាច់សត្វព្រៃតទៅទៀត ព្រោះជាការលើកទឹកចិត្ត ឲ្យបទល្មើសសម្លាប់សត្វព្រៃបន្តកើតមានធ្ងន់ធ្ងរថែមទៀត នាថ្ងៃអនាគត។
អ្នកឃ្លាំមើលការងារអភិវឌ្ឍសង្គម បានកត់សម្គាល់ថា នៅតាមភោជនីយដ្ឋាន ឬហាងផឹកស៊ីភាគច្រើន នាខេត្តព្រះសីហនុ មានដាក់លក់មុខម្ហូបចម្អិនពីសាច់សត្វព្រៃស្ទើរគ្រប់ប្រភេទ ដោយចំហ ប៉ុន្តែបែរជាមិនឃើញមានកម្លាំងសមត្ថកិច្ចពីស្ថាប័នពាក់ព័ន្ធណាមួយ ចេញមុខបង្ក្រាបទេកន្លងមក។
អ្នកស្រី ជៀប សុធារី អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ បានឲ្យអាស៊ីសេរីដឹងតាមទូរស័ព្ទនៅថ្ងៃពុធ ទី១៣ ខែធ្នូ ថា មុខម្ហូបចម្អិនពីសាច់សត្វព្រៃ នៅតាមអាហារដ្ឋាន ឬភោជនីយដ្ឋានភាគច្រើន នាខេត្តទេសចរណ៍មួយនេះ គឺកំពុងពេញនិយម និងមានភាពសម្បូរបែបប្រហាក់ប្រហែលគ្នាអាហារសមុទ្រដែរ។ អ្នកស្រីបន្តថា រាល់ថ្ងៃនេះ នៅតាមហាងផឹកស៊ី ឬភោជនីយដ្ឋានភាគច្រើននាខេត្តព្រះសីហនុ ភ្ញៀវអាចកុម្ម៉ង់មុខម្ហូបចម្អិនពីសាច់ព្រៃបានដោយសេរី ហើយម្ចាស់ហាងនីមួយៗ មិនញញើតដាក់លក់សត្វព្រៃនេះទេ។
អ្នកឃ្លាំមើលសង្គមរូបនេះ ទទូចដល់សមត្ថកិច្ចនគរបាលនិងស្ថាប័នកងរាជអាវុធហត្ថខេត្ត ជាពិសេស អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ជួយទប់ស្កាត់បទល្មើសសត្វព្រៃ ដែលកំពុងដាក់លក់យ៉ាងអនាធិបតេយ្យនៅតាមភោជនីយដ្ឋាននានា។
អ្នកស្រី សុធារី ក៏បានស្នើឲ្យភ្ញៀវទាំងអស់រួមគ្នាធ្វើពហិការកុំទទួលទានមុខម្ហូប ចម្អិនពីសាច់សត្វព្រៃតទៅទៀត ដើម្បីរួមគ្នាការពារ និងអភិរក្សសត្វព្រៃ ដែលស្ទើរផុតពូជនៅកម្ពុជា ឲ្យបានគង់វង្ស ជាមួយរាជរដ្ឋាភិបាល៖ «យើងឃើញភាគច្រើនអ្នកដែលទៅទទួលទានអាហារនៅតាមភោជនីយដ្ឋាន ឬហាងផឹកស៊ីភាគច្រើន នាខេត្តព្រះសីហនុ គឺពួកគាត់ អាចកុម្ម៉ង់សាច់សត្វព្រៃទាំងអស់ហ្នឹង មកទទួលទានបានដោយសេរី។ បញ្ហានេះ ខ្ញុំគ្រាន់តែចង់សំណូមពរថា យើងគួររួមគ្នាថែរក្សាការពារ និងអភិរក្សសត្វព្រៃឲ្យបានទាំងអស់គ្នា ដោយចូលរួម នាំគ្នាលះបង់ កុំញាំ កុំកុម្ម៉ង់អាហារ ដែលចម្អិនពីសាច់សត្វព្រៃទាំងនោះ។ ក្នុងនោះម្ចាស់ភោជនីយដ្ឋានទាំងអស់ ក៏គួរកុំទិញសត្វព្រៃទាំងអស់ហ្នឹង ហើយបើសិនជាមានអ្នកយកមកលក់គួរតែណែនាំ និងរាយការជូនកម្លាំងសមត្ថកិច្ច។ ព្រោះនេះ ជាការចូលរួមដែរ បើសិនជាគ្មានអ្នកហូប គ្មានអ្នកទិញ ក៏គ្មានអ្នកចាប់សត្វព្រៃយកមកលក់ដែរ»។
ចំណែក លោក ស្រេង វ៉ាន់លី មន្ត្រីអង្កេតអង្គការលីកាដូ (Licadho) ប្រចាំខេត្តព្រះសីហនុ ក៏បានកត់សម្គាល់ថា នៅតាមភោជនីយដ្ឋាន ឬហាងផឹកស៊ីភាគច្រើន កំពុងបម្រើសេវានាទីប្រជុំជននានា ទាំងទីប្រជុំជនក្នុងក្រុងព្រះសីហនុ និងនៅតាមជាយក្រុងជាដើម មានលក់មុខម្ហូបចម្អិនពីសាច់សត្វព្រៃ។ លោកថា សាច់សត្វព្រៃ ទាំងនោះរួមមាន៖ សាច់សត្វឈ្លូស ជ្រូកព្រៃ ក្ដាន់ញ៉ែង កាំប្រម៉ា អណ្ដើក សំពោច សត្វស្លាប សត្វពស់ និងសាច់សត្វត្រកួតជាដើម។
លោកថាបទល្មើសសត្វព្រៃទាំងនេះ មិនដែលឃើញសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធក្រោមឱវាទ នៃរដ្ឋបាលខេត្តព្រះសីហនុ មានកម្លាំងនគរបាល កងរាជអាវុធហត្ថ មន្ត្រីមន្ទីរបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មជាដើម ធ្វើសកម្មភាពចុះបង្ក្រាបទេ៖ «សូមឲ្យអាជ្ញាធរ ឬមន្ត្រីជំនាញ ដែលគ្រប់គ្រង និងអភិរក្សសត្វព្រៃទាំងអស់ហ្នឹង មេត្តាចុះត្រួតពិនិត្យនៅតាមភោជនីយដ្ឋាន ឬតាមហាងនានា ដែលបើកលក់នៅក្នុងខេត្តព្រះសីហនុ ដើម្បីពិនិត្យថា តើមានដាក់លក់មុខម្ហូបចម្អិនពីសាច់សត្វព្រៃដែរឬទេ ? ប៉ុន្តែបើសិនជារកឃើញមានដាក់លក់ គឺស្នើឲ្យសមត្ថកិច្ច មានវិធានការតាមផ្លូវច្បាប់ ឬឈានទៅបិទភោជនីយដ្ឋាន និងហាងផឹកស៊ីទាំងអស់នោះ ជាការព្រមានឲ្យរាងចាល ដើម្បីឈានទៅទប់ស្កាត់បទល្មើសលក់សត្វព្រៃគ្រប់ប្រភេទ ឲ្យមានប្រសិទ្ធភាព ព្រោះគេសង្កេតឃើញថា រាល់ថ្ងៃសត្វព្រៃនៅកម្ពុជាស្ទើរផុតពូជអស់ទៅហើយ»។
ទាក់ទិនបញ្ហានេះ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ធ្លាប់បានលើកឡើងជាបន្តបន្ទាប់ នៅក្នុងកិច្ចប្រជុំចុងខែនីមួយៗ រំលឹកដល់មន្ត្រីស្ថាប័នពាក់ព័ន្ធក្រោមឱវាទឲ្យរួមសហការគ្នាការពារបរិស្ថានព្រៃឈើ សត្វព្រៃ ធនធានធម្មជាតិសមុទ្រ ដែលនៅសេសសល់ ឲ្យបានគង់វង្ស។ ប៉ុន្តែសង្គមស៊ីវិលថា ទ្រឹស្ដីតែមួយមុខមិនអាចការពារសត្វព្រៃ និងធនធានធម្មជាតិបានទេ លុះត្រាតែមានវិធានការបង្ក្រាបទៅតាមច្បាប់ដោយមិនរើសមុខទើបមានប្រសិទ្ធភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។