ក្រុមយុវជន ព្រះសង្ឃ មកតំបន់ផ្សេងៗ ព្រមទាំងប្រជាសហគមន៍ការពារព្រៃឈើនៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ នាំគ្នាចូលរួមកម្មវិធីបោះជំរំដាំកូនឈើនៅតំបន់ព្រៃសហគមន៍ក្បាលខ្លា ដែលជាទ្រនាប់តំបន់ព្រៃឡង់ ក្រោមការរៀបចំឡើងដោយអង្គការស្ពានសន្តិភាព ដោយមានកិច្ចសហការពីអង្គការជាដៃគូមួយចំនួនទៀត។ យុវជន និងព្រះសង្ឃ បានមើលឃើញពីសក្ដានុពលតំបន់ព្រៃសហគមន៍មួយចំនួន នឹងចង់ឱ្យរាជរដ្ឋាភិបាលប្រែក្លាយតំបន់ព្រៃសហគមន៍ក្បាលខ្លា ជាតំបន់ទេសចរណ៍បែបធម្មជាតិទៀតផង។
ព្រៃសហគមន៍ក្បាលខ្លា ស្ថិតនៅឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ គឺជាតំបន់ទ្រនាប់តំបន់ព្រៃឡង់ និងជាអតីតតំបន់ព្រៃឡង់ ពីមុនមក។ ព្រៃសហគមន៍មួយនេះ មានដើមឈើធំតូចនៅសល់ច្រើន បើប្រៀបធៀបទៅនឹងព្រៃសហគមន៍នៅតំបន់ផ្សេងទៀត។
ក្រៅពីដើមឈើតូចធំនៅសេសសល់ហើយ ប្រជាសហគមន៍អះអាងថា មានពពួកសត្វព្រៃជាច្រើនប្រភេទ ដូចជាជ្រូកព្រៃ សំពោច ប្រើស ឈ្លូស ទន្សាយ ស្វា ទោច និងពពួកល្មូនជាដើម។
ដំណើរទស្សនកិច្ចព្រៃសហគមន៍មួយនេះ ដែលមានទាំងការដាំកូនឈើប្រណិតជាង ១ពាន់ដើមនៅចំណុចធ្លាប់រងការកាប់រានកន្លងមក រៀបចំឡើងដោយអង្គការស្ពានសន្តិភាព សហការជាមួយអង្គការដៃគូ រយៈពេល ៤ថ្ងៃ កាលពីថ្ងៃទី៤ ដល់ថ្ងៃទី៧ កក្កដា។ ក្រុមយុវជន ព្រះសង្ឃ និងមន្ត្រីសង្គមស៊ីវិលដែលចូលរួមលើកឡើងថា ប្រសិនបើតំបន់មួយនេះប្រែក្លាយជាតំបន់ទេសចរណ៍បែបធម្មជាតិ វាមិនត្រឹមតែរួមចំណែកស្តារជីវភាពប្រជាពលរដ្ឋម្ចាស់ស្រុកដើម្បីកាត់បន្ថយភាពក្រីក្រប៉ុណ្ណោះទេ ប៉ុន្តែគឺជារនាំងយ៉ាងរឹងមាំមិនឱ្យមានសកម្មភាពកាប់បំផ្លាញព្រៃឈើបន្តទៀត។
ចម្ងាយពីភូមិទៅដល់កណ្ដាលព្រៃសហគមន៍ក្បាលខ្លាមានប្រវែងជាង ១០គីឡូម៉ែត្រ ដោយអ្នកចូលរួមត្រូវធ្វើដំណើរតាមម៉ូតូខ្លះ និងភាគច្រើនតាមគោយន្តឆ្នៃ ឆ្លងកាត់ស្រែចម្ការរបស់អ្នកភូមិជាហូរហែក្បែរមាត់ស្ទឹងសែន តាមផ្លូវដ៏លំបាកនារដូវវស្សាផង៖ «សំឡេងគោយន្ត»។

សម្រាកនៅចំណុចទីស្នាក់ការថ្មីរបស់ប្រជាសហគមន៍បានមួយយប់ កាលពីព្រឹកថ្ងៃទី៥ កក្កដា ក្រុមអ្នកចូលរួមទាំងអស់ក៏នាំគ្នាបន្តដំណើរចេញទៅគោលដៅដែលជាកន្លែងដាំកូនឈើប្រណិត។ កូនឈើប្រណិតជាង ១ពាន់ដើម រួមមាន បេង នាងនួន គ្រញូង និងគគីរ ជាដើម។
យុវជនមកពីខេត្តកំពង់ឆ្នាំង ម្នាក់ លោក ចាប វិបុល បានឲ្យដឹងថា លោករីករាយដោយបានចូលរួមពិធីដាំកូនឈើ និងទស្សនាសម្រស់ព្រៃព្រឹក្សានៅតំបន់ព្រៃសហគមន៍ក្បាលខ្លា។ លោកបន្តថា ការដាំកូនឈើ និងការពារព្រៃឈើមិនឱ្យបាត់បង់គឺជាកត្តាសំខាន់នាំឱ្យប្រទេសកម្ពុជា នៅមានភាពស្រស់បំព្រងដោយធម្មជាតិ ដែលពិភពលោកចង់បាន ព្រមទាំងជាកេរដំណែលសម្រាប់ក្មេងជំនាន់ក្រោយ៖ «សំណូមពររបស់ខ្ញុំក្នុងនាមជាខ្មែរម្នាក់ ចង់ឱ្យបងប្អូន ពិសេសប្រជាជនខ្មែរ ចូលរួមប្រើប្រាស់ ឬសម្ភារៈផ្សេងៗ ដែលកុំឱ្យយកពីព្រៃឈើ»។
ក្រុមអ្នកចូលរួមដាំកូនឈើជាង ១០០នាក់ ព្រមទាំងព្រះសង្ឃចំនួន ៣អង្គផង មិនបានស្ដាប់សំឡេងសត្វបក្សាបក្សីនៅពេលយប់ទេ ត្បិតរយៈពេល ៣យប់ ដែលពួកគាត់សម្រាន្ត និងគង់នៅកណ្ដាលព្រៃនោះ ភ្លៀងធ្លាក់ជាប់រហូត។ យ៉ាងនេះក្តី នៅពេលថ្ងៃ ក្រុមអ្នកស្រលាញ់ធម្មជាតិ អាចស្ដាប់សំឡេងបក្សាបក្សី និងរៃយំស្រែកយ៉ាងទ្រហឹងអ៊ឹងអ័ព្ទ៖ «សំឡេងសត្វយំ»។
យុវតីម្នាក់មកពីរាជធានីភ្នំពេញ កញ្ញា រឿន វិសេសខន្តី បញ្ជាក់ថា ជាលើកទីមួយហើយ ដែលបានបោះតង់ស្នាក់នៅកណ្ដាលព្រៃ និងបានចូលរួមដាំកូនឈើឡើងវិញ។ កញ្ញាថែមទាំងចង់ឃើញយុវជន និងប្រជាសហគមន៍នៅតំបន់ផ្សេងៗ នៅប្រទេសកម្ពុជា ចូលរួមថែរក្សា និងស្តារឡើងវិញនូវគម្របព្រៃឈើនៅស្រុកខ្មែរ ពីព្រោះព្រៃឈើមានសារសំខាន់សម្រាប់ជីវិតមនុស្សនិងសត្វ៖ «ខ្ញុំយល់ថា ធនធានព្រៃឈើនៅប្រទេសកម្ពុជា គឺមានសារសំខាន់ដូចជាអាចផ្គត់ផ្គង់នូវធនធានទឹក ហើយនៅពេលមានទឹកជំនន់ ឬមានភ្លៀងខ្លាំងដើមឈើធំៗអាចស្របទឹកបាន»។
ព្រៃសហគមន៍ក្បាលខ្លា មានទំហំជិត ២ពាន់ហិកតារ (១៨០០) ដែលបានបង្កើតឡើងកាលពីឆ្នាំ២០០៦ និងទទួលស្គាល់ពីស្ថាប័នជំនាញថ្នាក់ខេត្តនៅឆ្នាំ២០១៥។
ព្រះតេជព្រះគុណ ព្រះនាម ព្រឹម ហួន និមន្តមកពីរាជធានីភ្នំពេញ មានថេរដីកាថា ការចូលរួមរបស់ព្រះអង្គ ពីព្រោះតែព្រៃឈើមានសារសំខាន់ ប៉ុន្តែពលរដ្ឋដែលចូលរួមការពារកន្លងមកមិនសូវមានច្រើនប៉ុន្មានទេ។ លើសពីនេះ ព្រះអង្គចង់ឃើញពលរដ្ឋកាន់តែច្រើនចាប់អារម្មណ៍ទៅបញ្ហាវិនាសសកម្មព្រៃឈើ និងបញ្ហាប្រឈមនានា ដោយសារបាត់បង់ធនធានធម្មជាតិ ព្រមទាំងលើកទឹកចិត្តឱ្យពលរដ្ឋទាំងអស់កាន់តែស្រលាញ់ព្រៃឈើបន្ថែមទៀត។
ព្រះតេជព្រះគុណដដែលយល់ថា ប្រសិនបើតំបន់ព្រៃសហគមន៍មួយនេះ ក្លាយជាតំបន់អេកូទេសចរណ៍ គឺអាចផ្ដល់ប្រយោជន៍ជាច្រើនដល់អ្នកភូមិ ដូចជាអាចរក្សាមុខរបរប្រពៃណីរបស់ពួកគាត់បានដដែល។ មានប្រភពចំណូលតាមរយៈនាំភ្ញៀវទេសចរមកលេងកម្សាន្ត អាចរក្សាព្រៃឈើឱ្យនៅគង់វង្ស និងផ្ដល់ជាជម្រកសម្រាប់សត្វព្រៃគ្រប់ប្រភេទ៖ «រៀបចំអភិវឌ្ឍន៍តំបន់សហគមន៍ហ្នឹងទៅជាតំបន់ អេកូទេសចរណ៍ អាត្មាគិតថា ល្អមែនទែន»។
ព្រៃសហគមន៍ក្បាលខ្លា បច្ចុប្បន្នផ្ដល់ផលប្រយោជន៍ដល់ពលរដ្ឋចំនួនពីរភូមិ គឺភូមិស្រែចង់ និងភូមិក្បាលខ្លា។ ប្រយោជន៍ទាំងនោះ តាមរយៈមុខរបរប្រពៃណី ដូចជារកវល្លិ ជ័រ ផ្ដៅ រកឃ្មុំ បេះផ្សិតក្ងោកទៅលក់ និងចាប់អាពីងលក់នៅពេលទំនេរ។
ប្រធានគណៈកម្មការព្រៃសហគមន៍ក្បាលខ្លា លោក វង់ សាន មានប្រសាសន៍ថា ចាប់តាំងពីមានអង្គការមួយចំនួន ពិសេសអង្គការស្ពានសន្តិភាពបំផុសគំនិតឱ្យមានសកម្មភាពដាំកូនឈើឡើងវិញ និងលើកទឹកចិត្តដល់ប្រជាសហគមន៍ផងនោះ ពលរដ្ឋនៅឃុំរបស់លោកហាក់ផ្លាស់ប្ដូរឥរិយាបថច្រើន។ ឥរិយាបថដែលមិនសូវយកចិត្តទុកដាក់ស្រលាញ់ព្រៃឈើ និងចូលរួមប្រព្រឹត្តបទល្មើសបានប្រែក្លាយមកជាការចូលរួមការពារយ៉ាងសកម្ម ហើយកាត់បន្ថយសកម្មភាពបទល្មើសផ្សេងៗ ជាដើម។
ប្រធានសហគមន៍រូបនេះ ត្រេកអរណាស់ ប្រសិនបើតំបន់ព្រៃសហគមន៍របស់ពួកគាត់ត្រូវបានរាជរដ្ឋាភិបាលដាក់បញ្ចូលជាតំបន់ទេសចរណ៍បែបធម្មជាតិនោះ៖ «ខ្ញុំគិតឃើញថា ព្រៃឈើគឺជាឆ្នាំងបាយរបស់ប្រជាពលរដ្ឋហើយ។ ពួកគាត់អាចរកបានពីអនុផលព្រៃឈើ តិចតួចផ្សំពីស្រែចម្ការរបស់គាត់»។

ទាក់ទងបញ្ហានេះ ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ លោក តុប កក្កដា មានប្រសាសន៍នៅថ្ងៃទី១១ ខែកក្កដា ថា ចំពោះតំបន់ព្រៃឡង់ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ជាគោលការណ៍របស់ក្រសួង តម្រូវឱ្យស្ថាប័នមន្ទីរពិនិត្យមើលផ្នែកណាមួយនៃតំបន់ការពារមួយនេះចំពោះទំហំផ្ទៃដីមិនលើសពី ១០ហិកតារសម្រាប់ដាក់ជាតំបន់អេកូទេសចរណ៍។
ចំណែកតំបន់ព្រៃសហគមន៍ក្បាលខ្លា គឺមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានទេ ដូច្នេះលោកមិនដឹងថា មានការសម្រេចបែបណាឡើយ ប៉ុន្តែលោកយល់ឃើញថា ប្រសិនបើតំបន់ទាំងនោះដាក់ជាតំបន់ទេសចរណ៍ គឺពិតជាផ្ដល់អត្ថប្រយោជន៍ច្រើនដល់ប្រជាពលរដ្ឋមូលដ្ឋាន៖ «ប្រសិនបើតំបន់ហ្នឹងវាទាក់ទាញទេសចរណ៍ បង្កើតទៅវាអាចរកចំណូលដើម្បីកាត់បន្ថយ ឬបំបែរចេញពីបទល្មើស»។
កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលប្រកាសបង្កើតតំបន់ព្រៃឡង់ ជាតំបន់ដែនជម្រកសត្វព្រៃ មានផ្ទៃដីជាង ៤៣ម៉ឺនហិកតារ (៤៣១.៦៨៣) គ្របដណ្ដប់លើខេត្តចំនួន ៤ រួមមានខេត្តព្រះវិហារ ខេត្តកំពង់ធំ ក្រចេះ និងខេត្តស្ទឹងត្រែង ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។ អង្គការស្ពានសន្តភាពប្រារព្ធពិធីដាំកូនឈើប្រណិតនៅតំបន់ព្រៃក្បាលខ្លា ចំនួន ៣លើករួចមកហើយតាំងពីឆ្នាំ២០១៥ មក។
នាយកប្រតិបត្តិអង្គការស្ពានសន្តិភាព លោក ស៊ុម ច័ន្ទមុនី មានប្រសាសន៍កាលពីថ្ងៃទី៥ កក្កដា ដែលចូលរួមដំណើរទស្សនកិច្ចតំបន់ព្រៃក្បាលខ្លា ដែរនោះថា មូលហេតុខាងលោករៀបចំកម្មវិធីបោះជំរំដាំកូនឈើនៅព្រៃសហគមន៍មួយនេះ ព្រោះមើលឃើញថា ប្រជាសហគមន៍បានយកចិត្តទុកដាក់ខ្ពស់ និងសកម្មលើការងារការពារព្រៃឈើជាងគេ។ បន្ថែមពីនេះ ដើម្បីបង្ហាញដល់សាធារណជនមួយចំនួនបានស្វែងយល់ពីស្ថានភាពការងារ ជីវភាពរស់នៅរបស់ពលរដ្ឋ និងសម្រស់ធម្មជាតិនៅតំបន់ព្រៃសហគមន៍ ព្រមទាំងលើកទឹកចិត្តដល់ពួកគាត់ចំពោះសកម្មភាពការពារព្រៃឈើផងដែរ៖ «គឺយើងនឹងលើកទឹកចិត្តដល់អង្គការដៃគូ និងបុគ្គលដែលគាត់ស្រលាញ់ធនធានធម្មជាតិចូលរួមទៅតាមលទ្ធភាពដែលពួកគាត់អាចធ្វើទៅបាន។ មិនថាជាការចូលរួមផ្ទាល់ខ្លួន ឬការផ្ញើជាធនធានផ្ទាល់ខ្លួនក្នុងការការពារហ្នឹងដែរ»។
មន្ត្រីសង្គមស៊ីវិលដដែលយល់ថា ប្រសិនបើតំបន់ព្រៃសហគមន៍ក្បាលខ្លា ក្លាយជាតំបន់ទេសចរណ៍ ពលរដ្ឋមិនត្រឹមតែអាចកែប្រែជីវភាព និងកាត់បន្ថយសកម្មភាពល្មើសច្បាប់ផ្សេងៗប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយការពារគម្របព្រៃឈើនៅកម្ពុជា ឱ្យមានកាន់តែច្រើនសម្រាប់ទប់ទល់បម្រែបម្រួលអាកាសធាតុនៅពេលបច្ចុប្បន្ន។
លោក ស៊ុម ច័ន្ទមុនី ប្ដេជ្ញាថា នឹងសហការជាមួយអង្គការដៃគូអាជ្ញាធរពាក់ព័ន្ធ ប្រជាសហគមន៍ បន្តការងារការពារ និងស្ដារឡើងវិញនូវគម្របព្រៃឈើនៅប្រទេសកម្ពុជា ដើម្បីឱ្យសម្រេចបានតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលមានគម្របព្រៃឈើចំនួន ៦០ភាគរយនៅឆ្នាំ២០៣០៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។