ក្រុមយុវជនដែលគាំទ្រគណបក្សសង្គ្រោះជាតិ នៅខេត្តសៀមរាប ប្រមាណ ៣០០នាក់ បានធ្វើវេទិកាសាធារណៈជាមួយគ្នានៅឯតំបន់កន្ធាយកូម សង្កាត់ចុងឃ្នៀស ក្នុងបឹងទន្លេសាប កាលពីព្រឹកថ្ងៃអាទិត្យ ទី១០ ខែកក្កដា។
វេទិកាសាធារណៈដែលមានចំណងជើងថា «ម្ចាស់បឹងទន្លេសាប» នោះ គឺពួកគេសម្ដែងការព្រួយបារម្ភជាខ្លាំងទៅលើបញ្ហាពូជត្រីចេះតែបាត់បង់ទៅ ដោយសារការនេសាទខុសច្បាប់ និងការកាប់បំផ្លាញព្រៃលិចទឹកដែលជាជម្រកត្រីពងកូន ជាដើម។
ក្រុមយុវជន និងប្រជាពលរដ្ឋជាច្រើន បានសម្ដែងការព្រួយបារម្ភថា ប្រសិនបើរដ្ឋាភិបាលមិនព្រមចាត់វិធានការក្តៅទប់ស្កាត់សកម្មភាពនេសាទខុសច្បាប់ និងការកាប់បំផ្លាញព្រៃលិចទឹកដើម្បីទន្ទ្រានយកដីនៅក្នុងបឹងទន្លេសាបឲ្យទាន់ពេលវេលាទេនោះ គឺពូជមច្ឆជាតិអាចនឹងបាត់បង់គ្មានសល់នៅពេលដ៏ខ្លីខាងមុខ។
ការព្រួយបារម្ភនេះ បានលើកឡើងនៅក្នុងវេទិកាសាធារណៈមួយដែលរៀបចំឡើងដោយក្រុមមន្ត្រីមកពីគណបក្សសង្គ្រោះជាតិ នៅសង្កាត់ចុងឃ្នៀស នៃបឹងទន្លេសាប។
យុវជនម្នាក់ដែលមកពីស្រុកជីក្រែង ភាគខាងកើតរបស់ខេត្តសៀមរាប ក្នុងចំណោមយុវជនប្រមាណ ៣០០នាក់ផ្សេងទៀតដែលចូលរួមក្នុងវេទិកាម្ចាស់បឹងទន្លេសាប គឺលោក ឈឿម លំអង។ លោកបានចោទសួរទៅមន្ត្រីគណបក្សប្រឆាំងថា តើគណបក្សសង្គ្រោះជាតិ ដែលមានអាសនៈនៅក្នុងសភាដែរនោះ ពេលបច្ចុប្បន្នមានលទ្ធភាពប៉ុណ្ណាក្នុងការជំរុញឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ទៅលើកិច្ចការពារធនធានជលផលនៅក្នុងបឹងទន្លេសាប? ការចោទសួរបែបនេះ ដោយសារតែលោកមើលឃើញថា បទល្មើសនេសាទកំពុងតែកើតមានជាច្រើនកន្លែងនៅជុំវិញតំបន់ដែលគាត់រស់នៅ៖ « ពេលដែលគណបក្សសង្គ្រោះជាតិ ជាប់ឆ្នោតក្នុងអាណត្តិនេះ មានវិធានការ ឬក៏យុទ្ធសាស្ត្រយ៉ាងដូចម្ដេច ដើម្បីប្រឆាំងការនេសាទត្រីខុសច្បាប់ »។
ប្រជាពលរដ្ឋម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះ បានចោទប្រកាន់ថា ជនជាតិវៀតណាម ជាច្រើនដែលកំពុងរស់នៅលើផ្ទៃទឹកនៃបឹងទន្លេសាប គឺជាអ្នកដែលពាក់ព័ន្ធយ៉ាងសំខាន់ក្នុងការធ្វើឲ្យផលនេសាទត្រីថយចុះ។ ប្រជាពលរដ្ឋរូបនោះមានប្រសាសន៍ថា បច្ចុប្បន្ន ធនធានត្រីនៅក្នុងបឹងទន្លេសាប គឺល្មមនឹងឲ្យប្រជាពលរដ្ឋខ្មែរនេសាទយកទៅចិញ្ចឹមជីវិត ក៏ប៉ុន្តែបច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរមិនបានទទួលផលពីនេសាទគ្រប់គ្នាទេ ពីព្រោះតែជនជាតិវៀតណាម ជាច្រើនបានដណ្ដើមធនធានជលផលទាំងនេះ៖ « បើសិនពួកនេះនៅក្នុងទឹក ទោះបីជាឯកឧត្តមលែងត្រីក្នុងមួយឆ្នាំ ២០០តោនក៏អត់នៅសល់ដែរ។ អ៊ីចឹងតើមានវិធានការយ៉ាងម៉េច ដើម្បីឲ្យជនជាតិវៀតណាម ទាំងនោះឡើងមកលើគោកឲ្យអស់ »។
អ្នកតំណាងរាស្ត្រ និងសកម្មជននៃគណបក្សសង្គ្រោះជាតិ បានយល់ស្របទៅនឹងកង្វល់របស់ប្រជាពលរដ្ឋទាំងនោះ ហើយអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវរួមគ្នាដើម្បីការពារធនធានជលផល និងព្រៃលិចទឹកក្នុងបឹងទន្លេសាបតទៅទៀត។
អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តសៀមរាប លោក ម៉ែន សុថាវរិន្ទ្រ មានប្រសាសន៍ថា បឹងទន្លេសាបជាបឹងធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ប្រៀបបានទៅនឹងកូនសមុទ្រទឹកសាបមួយ។ បឹងនេះជាជម្រកត្រីទឹកសាបដ៏សំខាន់បំផុតដែលមានត្រីរាប់ពាន់អំបូរ ក៏ប៉ុន្តែបច្ចុប្បន្ននេះ ធនធានជលផលរបស់បឹងទន្លេសាបកំពុងទទួលរងនូវការនេសាទធ្វើអាជីវកម្មហួសកម្រិត ដែលគួរឲ្យព្រួយបារម្ភចំពោះការបាត់បង់ពូជមច្ឆាធ្ងន់ធ្ងរ៖ « ការធ្លាក់ចុះធនធានជលផល ធ្វើឲ្យប្រជានេសាទត្អូញត្អែរគ្រប់គ្នាអំពីការពិបាករកត្រី ដើម្បីចិញ្ចឹមជីវិត និងក្រុមគ្រួសារ »។
សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប លោក សុខ គឹមសេង បានកត់សម្គាល់ឃើញថា រាល់បទល្មើសនេសាទនៅក្នុងបឹងទន្លេសាបនៃខេត្តនេះ ភាគច្រើនមិនមែនជាអ្នកនេសាទតូចតាចទេ។ លោក សុខ គឹមសេង រិះគន់មន្ត្រីរដ្ឋាភិបាល ថាហាក់ដូចជាធ្វើការបង្ក្រាបទៅលើការនេសាទខុសច្បាប់ដោយមិនចំគោលដៅពិតប្រាកដនៅឡើយ ដូចជាអ្នកដាក់មងប្រវែង ៥០ម៉ែត្រទៅ ១០០ម៉ែត្រ សុទ្ធតែខុសច្បាប់ ប៉ុន្តែប្រសិនបើឈ្មួញនេសាទដោយអូសម៉ាញ់ និងកាណូតធំៗ គឺមិនខុសទេ ហើយក៏មិនដែលមន្ត្រីជំនាញណាចុះបង្ក្រាបដែរ។ បញ្ហាម្យ៉ាងទៀត ការកាប់បំផ្លាញព្រៃលិចទឹកដើម្បីរុករានយកដី ក៏កំពុងកើតមានជាច្រើនកន្លែងដែរ៖ « មិនមែនការពារមួយថ្ងៃបានទេបងប្អូន។ ដូច្នេះយើងត្រូវរួមគ្នាការពារថែមទៀត។ សង្ឃឹមលើមន្ត្រីឲ្យការពារ គឺមិនបានទេ ដោយសារតែវាមានចំណុចរសើបច្រើនពេក »។
វេទិកាសាធារណៈដែលធ្វើឡើងនៅតំបន់បឹងទន្លេសាប កាលពីថ្ងៃទី១០ ខែកក្កដា នោះ គឺមានអាជ្ញាធរក្រុងសៀមរាប និងសមត្ថកិច្ចខ្លះបានតាមឃ្លាំមើល ប៉ុន្តែមិនបង្ហាញប្រតិកម្មអ្វីទេ។
អភិបាលក្រុងសៀមរាប លោក សូ ប្លាតុង ដែលនៅចាំឃ្លាំមើលឆ្ងាយពីវេទិកាមានប្រសាសន៍ថា នេះជាសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។ ទោះយ៉ាងណា លោកច្រានចោលការលើកឡើងរបស់ប្រជាពលរដ្ឋ ដែលចោទប្រកាន់ថាអាជ្ញាធរព្រងើយកន្តើយក្នុងការបង្ក្រាបបទល្មើសនេសាទនោះ គឺមិនពិតទេ៖ « មិនមែនថាយើងមិនបានបង្ក្រាប ឬក៏មិនបានចុះទេ គឺជំនាញមួយៗ និងគណៈបញ្ជាការអីគាត់តែងចុះជាប់ជាប្រចាំ »។
កាលពីដើមឆ្នាំ២០១៦ អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផលដែលហៅកាត់ថា ហ្វេកថ៍ (Fact) ក៏ធ្លាប់សម្ដែងការព្រួយបារម្ភចំពោះការនេសាទត្រី និងជីវចម្រុះក្នុងបឹងទន្លេសាបថយចុះខ្លាំង ដោយសារតែរដូវប្រាំងអូសបន្លាយរយៈពេលវែង ធ្វើឲ្យបឹងអភិរក្សត្រីពូជមួយចំនួនបានរីង និងគោករាក់ រួមនឹងការនេសាទខុសច្បាប់ដោយមានការបង្ក្រាបតិចតួចផងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។