Opens in new windowអ្នកផ្ទុកមេរោគអេដស៍នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ម្នាក់ទៀតបានស្លាប់ ដែលជាមនុស្សទី១០ ហើយ ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ជិត ៣០០នាក់។
កូនស្រីអ្នកស្លាប់ គឺអ្នកស្រី ប៊ិន លឿត ថ្លែងខណៈធ្វើបុណ្យសពនៅផ្ទះភូមិរកា កាលពីព្រឹកថ្ងៃទី១ ខែកញ្ញា ថា ម្ដាយរបស់គាត់បានស្លាប់កាលពីរសៀលថ្ងៃទី៣១ ខែ សីហា។
អ្នកស្រីបញ្ជាក់ថា ម្ដាយរបស់អ្នកស្រីឈ្មោះ ឆេង អឿន អាយុ ៧៩ឆ្នាំ បានស្លាប់បន្ទាប់ពីឈឺធ្ងន់ប្រមាណ ១០ថ្ងៃ៖ «គេឲ្យខ្ញុំយកម្ដាយខ្ញុំទៅពេទ្យដែរ តែខ្ញុំមិនបានយកគាត់ទៅពេទ្យទេ ពីព្រោះខ្ញុំមើលអាការៈក្នុងខ្លួនរបស់គាត់ដូចជាធ្ងន់ធ្ងរ ដាច់បាយដាច់ទឹកទៅហើយ។ បើទោះជាខ្ញុំយកគាត់ទៅពេទ្យ ក៏ព្យាបាលមិនជាដែរ ខ្ញុំក៏សម្រេចចិត្តមើលថែគាត់នៅផ្ទះទៅ»។
អ្នកស្រីបន្តថា ម្ដាយអ្នកស្រីធ្វើតេស្តឈាមនៅមណ្ឌលសុខភាពឃុំរកា ឃើញមានមេរោគអេដស៍កាលពីខែមករា ឆ្នាំ២០១៥ កន្លងទៅ។
រហូតមកទល់ពេលនេះអ្នកដែលផ្ទុកមេរោគអេដស៍នៅឃុំរកា មានចំនួន ២៩០នាក់ ក្នុងចំណោមនោះស្លាប់ចំនួន ១០នាក់ គឺស្ត្រីចំនួន ៦នាក់ និងបុរស ៤នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
