មនុស្សទី៨ ដែលផ្ទុកមេរោគអេដស៍បានស្លាប់កាលពីថ្ងៃទី២០ មេសា កន្លងទៅ។ អ្នកស្លាប់ទី៨នេះ ជាអ្នកជំងឺម្នាក់ក្នុងចំណោមអ្នកដែលផ្ទុកមេរោគអេដស៍ទាំងអ្នកកើតថ្មី និងចាស់ជិត ៣០០នាក់ នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។ មន្ត្រីសុខាភិបាលខេត្តបាត់ដំបង បញ្ជាក់ថា អ្នកដែលស្លាប់ចុងក្រោយនេះគឺជាមនុស្សចាស់ជរាហើយមានសុខភាពទ្រុឌទ្រោម ពិបាកក្នុងការព្យាបាល។
អ្នកដែលស្លាប់នោះសាច់ញាតិនៃសពកំពុងរៀបចំធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះសាច់ញាតិនៅភូមិនិងឃុំរកា។
កូនស្រីទី១នៃសពឈ្មោះ អ្នកស្រី ចាន់ វាសនា ថ្លែងនៅក្រោមរោងបុណ្យសំយាបផ្ទះកាលពីព្រឹកថ្ងៃទី២១ មេសា ថា អ្នកដែលស្លាប់នោះជាម្ដាយរបស់អ្នកស្រី ឈ្មោះលោកយាយ តាត ឆយ អាយុ ៨៩ឆ្នាំ រស់នៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។ លោកយាយបានស្លាប់កាលពីរសៀលថ្ងៃទី២០ មេសាកន្លងទៅ។
អ្នកស្រីបន្តថា ម្ដាយរបស់អ្នកស្រីកន្លងមកពុំមានជំងឺអ្វីធ្ងន់ធ្ងរនោះទេ គឺធ្លាក់ខ្លួនឈឺបន្ទាប់ពីធ្វើតេស្តឈាមនៅមណ្ឌលសុខភាពរកា ហើយមានមេរោគអេដស៍កាលពីថ្ងៃទី១៩ ធ្នូ ឆ្នាំ២០១៤៖ «ម្ដាយខ្ញុំគាត់ធ្លាក់ខ្លួនបន្តិចម្ដងៗ រហូតមក ហើយធ្វើបុណ្យចំរើនអាយុឲ្យគាត់និងសូត្រធម៌ជាបន្តបន្ទាប់ចំនួន ២លើកមកហើយ រហូតដល់ថ្ងៃស្លាប់តែម្ដង»។
ទាក់ទងនឹងបញ្ហានេះ អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង លោក ស៊ូ សានិត មានប្រសាសន៍បញ្ជាក់ថា មនុស្សទី៨ ដែលផ្ទុកមេរោគអេដស៍នៅឃុំរកា ស្លាប់នោះ ពុំមែនស្លាប់ដោយសារមានមេរោគអេដស៍តែមួយមុខនោះទេ គឺដោយសារជាមនុស្សចាស់ជរាហើយមានសុខភាពទន់ខ្សោយជាច្រើនឆ្នាំមកហើយ ធ្វើឲ្យពិបាកក្នុងការមើលថែនិងព្យាបាលឲ្យបានធូរស្រាល៖ «នៅពេលដែលឈឺម្ដងយើងក៏ធ្លាប់រៀបចំបញ្ជូនគាត់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យដែរ ប៉ុន្តែកូនចៅនិងសាមីខ្លួនមិនចង់ទៅព្យាបាលទេ ដោយថាគាត់មានវ័យចាស់ជរាទៅហើយ»។
ទោះយ៉ាងនេះក្ដី មន្ត្រីជំនាញជំងឺអេដស៍ថ្លែងថា អ្នកដែលផ្ទុកមេរោគអេដស៍ត្រូវប្រញាប់ទៅជួបគ្រូពេទ្យរកសេវាថែទាំសុខភាពឲ្យបានឆាប់ជាការប្រសើរ។
ទីប្រឹក្សាបច្ចេកទេសអង្គការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ហៅកាត់ថា ខាណា (Khana )លោក នី សុជាតិ មានប្រសាសន៍ថា អ្នកផ្ទុកមេរោគអេដស៍ដែលរស់នៅស្អាត និងមានអនាម័យល្អ ហើយទទួលសេវាថៃទាំតាមការណែនាំរបស់គ្រូឲ្យបានទៀងទាត់ នឹងមានសុខភាពល្អ រស់រានមានជីវិតដូចមនុស្សធម្មតា៖ «ជាពិសេសសេវាថ្នាំប្រឆាំងមេរោគអេដស៍ឲ្យបានទាន់ពេលវេលា គឺទទួលថ្នាំកាន់តែឆាប់កាន់តែល្អ គឺអាចជួយទាំងការមិនចម្លងមេរោគអេដស៍ទៅអ្នកដទៃផង និងជួយឲ្យសុខភាពរបស់គាត់រឹងមាំបានល្អឡើងវិញផង»។
មន្ត្រីសុខាភិបាលខេត្តបាត់ដំបង ឲ្យដឹងថា រហូតមកទល់ពេលនេះ អ្នកដែលផ្ទុកមេរោគអេដស៍នៅឃុំរកា ទាំងអ្នកដែលឆ្លងចាស់និងអ្នកកើតថ្មីចំនួន ២៨៩នាក់ គឺមនុស្សចាស់ដែលមានអាយុ ៦០ឆ្នាំឡើងទៅចំនួនជិត ៥០នាក់។ ក្នុងចំណោមនោះមានអ្នកស្លាប់ចំនួន ៨នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។