ក្រុមយុវជន ប្រជាពលរដ្ឋ និងកុមារប្រមាណជិត ១០០នាក់ មកពីតាមភូមិមួយចំនួនក្នុងសង្កាត់អំពិល នាជាយទីក្រុងសៀមរាប បានរួមគ្នាធ្វើយុទ្ធនាការទប់ស្កាត់ជំងឺ គ្រុនឈាម ជាលើកដំបូងនៅក្នុងសហគមន៍ដែលពួកគេរស់នៅកាលពីព្រឹកថ្ងៃសុក្រ ទី២៣ ខែសីហា។
ប្រធានសាខាក្រុមប្រឹក្សាយុវជនកម្ពុជា ប្រចាំខេត្តសៀមរាប គឺលោក ជា ផុង ជាអ្នកដឹកនាំធ្វើយុទ្ធនាការនេះ លោកបានមានប្រសាសន៍ថា យុទ្ធនាការប្រយុទ្ធនឹងជំងឺគ្រុនឈាមពេលនេះ ក៏ជាគោលបំណងបំផុសយុវជនឱ្យយល់ពីតម្លៃនៃការចូលរួមក្នុងសហគមន៍ ដើម្បីធ្វើការងារពាក់ព័ន្ធនឹងសុខភាពជាមួយប្រជាពលរដ្ឋក្នុងតំបន់ ដែលពួកគេរស់នៅផ្ទាល់។
លោក ជា ផុង៖ «គឺយើងចង់ឱ្យ ប្រជាពលរដ្ឋហ្នឹងឯង គាត់មានការចូលរួម និងយល់អំពីសារសំខាន់ការទប់ស្កាត់ជំងឺគ្រុនឈាម ពីព្រោះរដូវនេះជារដូវភ្លៀង វាអាចមានផលប៉ះពាល់ជាច្រើន ជាពិសេស គឺប្អូនៗកុមារដែលគាត់អាចនឹងទទួលរងជំងឺគ្រុនឈាម សម្រាប់ពួកគាត់។ នេះជាជំហានទី១ នៃការផ្សព្វផ្សាយជំងឺគ្រុនឈាមតែម្ដង ហើយដោយសារនៅតំបន់នេះ គឺរាងដាច់ស្រយាលបន្តិច ប្រជាពលរដ្ឋខ្លះគាត់អត់បានយល់វិធានការទប់ស្កាត់ជំងឺគ្រុនឈាមទេ»។
យុវជន ចំនួន ២ក្រុម បានស្ម័គ្រចិត្តសម្ដែងល្ខោនអប់រំ អំពីជំងឺគ្រុនឈាមជូនប្រជាពលរដ្ឋនៅសង្កាត់អំពិល ឱ្យបានយល់ដឹងនៅក្នុងយុទ្ធនាការទប់ស្កាត់ជំងឺគ្រុនឈាមនេះ។
ប្រជាពលរដ្ឋ មួយចំនួនបាននិយាយថា ពីមុនមកគេនៅស្រពិចស្រពិលចំពោះវិធានការទប់ស្កាត់ជំងឺគ្រុនឈាម ក៏ប៉ុន្តែពេលនេះ គឺគេកាន់តែយល់ច្បាស់។
អ្នកស្រី អ៊ុយ ប៉ឹប អាយុ ៦១ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិគោកច័ន្ទ បានមានប្រសាសន៍ថា ចៅរបស់គាត់ធ្លាប់កើតជំងឺគ្រុនឈាម ដោយសារតែគាត់ និងកូនៗរបស់គាត់ទៅធ្វើស្រែ ហើយទុកចៅតូចៗឱ្យនៅផ្ទះ បណ្ដោយឱ្យមូសខ្លាខាំ។ ស្ត្រីដដែលបានបញ្ជាក់ថា ពេលនេះគាត់បានយល់ច្បាស់អំពីវិធីការពារជំងឺគ្រុនឈាម ហើយរំពឹងថា ចៅតូចៗរបស់គាត់អាចនឹងមិនកើតជំងឺគ្រុនឈាមទៀតទេ៖ «យល់ខ្លះៗ បោសសម្អាតផ្ទះសម្បែង ក្មេងលេងក្រៅពាក់អាវឱ្យជិត ការពារកុំឱ្យមូសខាំ កុំឱ្យមានគ្រលុកទឹកអីដក់នៅកៀនផ្ទះ។ ការពារឱ្យស្អាត កុំឱ្យមានគ្រុនឈាម។ គ្រុនបន្តិចបន្តួច ឆាប់ទៅពេទ្យ ខ្លាច។ ខ្ញុំយល់តែប៉ុណ្ណេះឯង ខ្ញុំនេះចាស់ចាំខ្លះ អត់ខ្លះ»។
មន្ត្រីផ្នែកសុខភាព បានឱ្យដឹងថា ជំងឺគ្រុនឈាមក្នុងឆ្នាំនេះមានការថយចុះ បើប្រៀបធៀបជាមួយនឹងឆ្នាំមុន។

អនុ ប្រធានគ្រូពេទ្យកុមារនៃមន្ទីរពេទ្យកុមារអង្គរមិត្តគ្មានព្រំដែន នៅក្នុងខេត្តសៀមរាប គឺលោកវេជ្ជបណ្ឌិត ង៉ែត វិសេស បានមានប្រសាសន៍ថា នៅក្នុងអំឡុងខែកក្កដា និង សីហា កាលពីឆ្នាំ២០១២ កន្លងទៅ មន្ទីរពេទ្យរបស់លោកបានទទួលអ្នកជំងឺគ្រុនឈាមប្រមាណពី ១០០ ទៅ ២០០ករណីក្នុងមួយខែៗ ក៏ប៉ុន្តែ រយៈពេលដូចគ្នាក្នុងឆ្នាំ២០១៣ គឺមន្ទីរពេទ្យបានទទួលអ្នកជំងឺគ្រុនឈាមប្រមាណ ១០០ករណីក្នុង១ខែ។ តួលេខនេះ មានន័យថា ក្នុងរយៈពេល ៧ខែឆ្នាំ២០១៣ គឺជំងឺគ្រុនឈាមបានថយចុះជាងកាលពីឆ្នាំមុនប្រមាណ ៤០%។
លោកវេជ្ជបណ្ឌិត ង៉ែត វិសេស បានបញ្ជាក់ថា ការថយចុះនេះ មានមូលហេតុមួយចំនួន៖ «ជំងឺ គ្រុនឈាមវាមានឆ្នាំវាផ្ទុះ វាខ្ទង់ ៤-៥ឆ្នាំម្ដង។ ដល់ឥឡូវ វាផុតឆ្នាំវា។ អាហ្នឹងជាករណីមួយ ហើយករណីមួយទៀត ប្រហែលជាប្រជាពលរដ្ឋយល់ដឹងច្រើនក៏មិនដឹង ពីព្រោះនេះជាការគិតរបស់ខ្ញុំ ព្រោះយើងមើលឃើញទៅវាអាចអីចឹង។ ប៉ុន្តែ មានកត្តាផ្សេងទៀត ខាងមន្ទីរសុខាភិបាល ឬក្រសួងសុខាភិបាល គាត់ចុះចែកថ្នាំអាបេត អីហ្នឹង អាហ្នឹងវាមិនមែនជាផ្នែករបស់ខ្ញុំទេ ទាល់តែខាងមន្ទីរសុខាភិបាលបានគាត់ដឹង»។
ក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា ធ្លាប់បានបង្ហាញរបាយការណ៍ថា ក្នុងរយៈពេល ៥ខែនៃឆ្នាំ២០១៣ មានអ្នកស្លាប់ដោយសារជំងឺគ្រុនឈាមចំនួន ១៥នាក់។ ទោះយ៉ាងណា ចំនួននេះ គឺថយចុះបើប្រៀបធៀបទៅនឹងរយៈពេល ៥ខែដូចគ្នានៃឆ្នាំ២០១២ កន្លងទៅ គឺមានអ្នកស្លាប់ដោយសារជំងឺគ្រុនឈាម ១៧នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។