"ក្រុម​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ​អេដស៍​នៅ​តែ​រង​ការ​មាក់ងាយ"

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

ក្រុម​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ​អេដស៍ នៅ​តែ​រង​ការ​មាក់ងាយ​មិន​ផ្តល់​តម្លៃ និង​មិន​មាន​ឱកាស​ស្មើ​ភាព​គ្នា​នៅ​ចំពោះ​ការងារ និង​ការ​សិក្សា​ក្នុង​សង្គម។ នេះ​ជា​ការ​លើក​ឡើង​ក្នុង​សិក្ខាសាលា​ស្ដីពី​កង្វល់​របស់​ក្រុម​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ​អេដស៍ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ កញ្ញា។

មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា ដើម្បី​អាច​ទទួល​បាន​ការ​ទទួល​ស្គាល់​តម្លៃ​ពី​សង្គម ក្រុម​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ​អេដស៍ ត្រូវ​ហ៊ាន​លើក​ឡើង​នូវ​បញ្ហា​របស់​ខ្លួន ទាមទារ​សិទ្ធិ​សេរីភាព និង​ភាព​ស្មើ​គ្នា​នៅ​ក្នុង​សង្គម។

ក្រុម​បុរស​ស្រឡាញ់​បុរស ក្រុម​ស្រី​ស្រស់ ក្រុម​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍ ក្រុម​នារី​បម្រើ​សេវា​កម្សាន្ត និង​ក្រុម​យុវជន​ចាក់ និង​ប្រើ​ថ្នាំ​ញៀន លើក​ឡើង​ថា ក្រុម​ពួក​គេ​នៅ​តែ​ប្រឈម​មុខ​ខ្ពស់​ដដែល​ក្នុង​ការ​ឆ្លង​មេរោគ ជំងឺ​អេដស៍ និង​រង​ការ​មាក់ងាយ​ពី​សង្គម​គ្រួសារ គ្រូពេទ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា ហាក់​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គាត់៖ «»។

កញ្ញា​ម្នាក់​និយាយ​ថា នៅ​ពេល​មិត្តភ័ក្ដិ​កញ្ញា​ដឹង​ថា កញ្ញា​មាន​ផ្ទុក​មេរោគ​អេដស៍ មិត្តភ័ក្ដិ​ទាំង​នោះ​មិន​និយាយ​រក​កញ្ញា និង​គិត​កញ្ញា​ជា​មនុស្ស​បាត​សង្គម និង​បង្ក​ឲ្យ​សង្គម​មាន​ភាព​មិន​ល្អ​ប្រសើរ។ កញ្ញា​និយាយ​ថា ថ្វីត្បិតតែ​កញ្ញា​មាន​ផ្ទុក​មេរោគ​អេដស៍ ប៉ុន្តែ​កញ្ញា​មិន​ដែល​បង្ក​បញ្ហា​អ្វី​ក្នុង​សង្គម​នោះ​ទេ។ បន្ថែម​ពី​លើ​នេះ កញ្ញា​ខិតខំ​ប្រឹងប្រែង​រៀន​សូត្រ ដើម្បី​ក្លាយ​ជា​សរសៃ​ឈាម​ដ៏​សំខាន់​សម្រាប់​សង្គម​នៅ​ថ្ងៃ​អនាគត៖ «»។

អ្នក​សម្រប​សម្រួល​របស់​សហគមន៍​ស្ត្រី​ផ្ទុក​មេរោគ​អេដស៍​ជំងឺ​អេដស៍​កម្ពុជា កញ្ញា ព្រុំ ដាលីស លើក​ទឹក​ចិត្ត​ក្រុម​បុរស​ស្រឡាញ់​បុរស ក្រុម​ស្រី​ស្រស់ ក្រុម​យុវជន​ចាក់ និង​ប្រើ​គ្រឿង​ញៀន ឲ្យ​ទៅ​ធ្វើ​តេស្ដ​ឈាម​ដើម្បី​រក​មេរោគ​អេដស៍ និង​ដើម្បី​ទប់ស្កាត់​ជំងឺ​មួយ​នេះ។ ម្យ៉ាង​វិញ​ទៀត ប្រជាពលរដ្ឋ​កម្ពុជា មិន​ត្រូវ​មាក់ងាយ​ពួក​គាត់​នោះ​ទេ ព្រោះ​ថា ការ​រើសអើង​ចំពោះ​ក្រុម​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ​អេដស៍​ក្នុង​សង្គម ជា​ហេតុ​អាច​បណ្ដាល​ឲ្យ​បាត់​ធនធាន​មនុស្ស​ដ៏​មាន​សក្ដានុពល​ជាច្រើន​នៅ​កម្ពុជា។

របាយការណ៍​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើ​ស្បែក និង​កាមរោគ នៃ​ក្រសួង​សុខាភិបាល បង្ហាញ​ថា ក្រុម​បុរស​ស្រឡាញ់​បុរស​នៅ​តែ​ជា​ក្រុម​ប្រឈម​មុខ​ខ្ពស់​នឹង​ការ​កើត​ជំងឺ​អេដស៍​នៅ​ឡើយ គឺ​ប្រមាណ​ជា ៧០០​នាក់​ក្នុង​ចំណោម​ក្រុម​បុរស​ស្រឡាញ់​បុរស​ជាង ៣​ម៉ឺន​នាក់ ស្មើ ២,៣%។ ដោយឡែក​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​មាន​ការ​ធ្លាក់​ចុះ​មក​ត្រឹម ០,២៨% ក្នុង​ឆ្នាំ​២០១៤ ដែល​មាន​ន័យ​ថា លែង​មាន​បញ្ហា​ទៀត​ហើយ។

ប្រធាន​អង្គការ​ខាណា (KHANA) លោក ជួប សុខចំរើន មាន​ប្រសាសន៍​ថា ក្រុម​បុរស​ស្រឡាញ់​បុរស និង​ក្រុម​ស្រី​ស្រស់ ឬ​ក្រុម​ភេទ​ទី​បី​មួយ​ចំនួន មិន​ហ៊ាន​ទៅ​រក​សេវា​ធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេដស៍ ព្រោះ​ពួក​គេ​មាន​ការ​ខ្មាស​អៀន និង​រង​ការ​រិះគន់​ពី​សង្គម។ ក្រុម​បុរស​ស្រឡាញ់​បុរស និង​ក្រុម​ស្រី​ស្រស់ ក៏​ជា​ធនធាន​ដ៏​មាន​សារសំខាន់ ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​សង្គម​ជាតិ​ដែរ។ ម្ល៉ោះ​ហើយ បើ​ពួក​គាត់​មិន​ចេញ​មុខ ឬ​សង្គម​មិន​ទទួល​ស្គាល់ មាន​ន័យ​ថា គឺ​ជា​ការ​បិទ​សិទ្ធិ​សេរីភាព៖ «គាត់​អត់​ចង់​ប្រើ​ស្រោម​ទេ ដោយសារ​គាត់​គិត​ថា មិន​មែន​រឿង​ពាក់ព័ន្ធ​សុខ​ស្រួល​ទេ ប៉ុន្តែ​គាត់​គិត​ថា ភេទ​ដូច​គ្នា​ហ្នឹង​អត់​មាន​មេរោគ​អេដស៍​ទេ។ វិធីសាស្ត្រ​ដែល​យើង​ព្យាយាម​ពន្យល់​គាត់​ហ្នឹង គឺ​ថា អេដស៍​នៅ​តែ​ជា​បញ្ហា ហើយ​យើង​អត់​ដឹង​ថា នរណា​ខ្លះ​មាន​ផ្ទុក​នោះ​ទេ មាន​តែ​ការ​ប្រឹក្សា​យោបល់​ញឹកញាប់​នេះ​ហើយ ទើប​ជា​មធ្យោបាយ​ល្អ»

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើ​ស្បែក និង​កាមរោគ​នៃ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី ពេញស៊ុន ឆ្លើយ​តប​ថា ក្រុម​បុរស​ស្រឡាញ់​បុរស ក្រុម​ស្រី​ស្រស់ ក្រុម​យុវជន​ចាក់ និង​ប្រើ​គ្រឿង​ញៀន គួរ​ហ៊ាន​លើក​ឡើង​នូវ​បញ្ហា​នានា​ដែល​ខ្លួន​ប្រឈម ជាពិសេស​បញ្ហា​សុខភាព។ ជំងឺ​អេដស៍ នឹង​ក្លាយ​ជា​ឃាតក​លាក់​មុខ បើ​គាត់​មិន​ទៅ​ធ្វើ​តេស្ដ​ឈាម ដើម្បី​រុក​រក​មេរោគ​អេដស៍​ទេ​នោះ។

ការ​សិក្សា​នៅ​ក្នុង​ឆ្នាំ​២០១៤ បង្ហាញ​ថា ក្រុម​បុរស​ស្រឡាញ់​បុរស​មាន​ចំនួន​ជាង ៣​ម៉ឺន​នាក់​ទូទាំង​ប្រទេស​កម្ពុជា ដែល​ក្នុង​នោះ ៥២,៦% រស់នៅ​ទីប្រជុំជន និង ៤៧,៤% រស់នៅ​ជនបទ។ ចំនួន​ក្រុម​បុរស​ស្រឡាញ់​បុរស​នេះ​មាន​ការ​កើន​ឡើង បើ​ធៀប​ទៅ​ឆ្នាំ​២០០៨ ដែល​មាន​ប្រមាណ​ជាង ២​ម៉ឺន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។