ប្រជាពលរដ្ឋកម្ពុជា ទាំងចាស់ទាំងក្មេងលើកឡើងថា មន្ទីរពេទ្យគន្ធបុប្ផា គឺជាមន្ទីរពេទ្យដែលពលរដ្ឋជឿទុកចិត្ត និងផ្ដល់តម្លៃជាងគេ។ ពលរដ្ឋខ្មែររាប់ពីអ្នកដែលមានជីវភាពក្រីក្រ រហូតដល់អ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ សុទ្ធតែធ្លាប់ឆ្លងកាត់យកកូនទៅព្យាបាលនៅមន្ទីរនេះ។ ភាពជឿជាក់នេះហើយ ជាហេតុបណ្ដាលឱ្យមានការកើនឡើងនៃអ្នកជំងឺដែលរកសេវាព្យាបាលឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផា នេះ។ ទន្ទឹមគ្នានេះដែរ ប្រធាននិងជាស្ថាបនិកមន្ទីរពេទ្យ លោក ប៊េត រីច្ឆនឺរ (Beat Richner) កំពុងប្រកាសស្វែងរកជំនួយពីគ្រប់មជ្ឈដ្ឋានដើម្បីទ្រទ្រង់ដំណើរការមន្ទីរពេទ្យ។
ពលរដ្ឋកម្ពុជា អះអាងថា មន្ទីរពេទ្យគន្ធបុប្ផា គឺជាមន្ទីរពេទ្យទេវតាដែលជួយសង្គ្រោះកុមារឱ្យផុតពីក្តីស្លាប់ និងបានជួនកាត់បន្ថយភាពក្រីក្រកម្ពុជា។
ឪពុករបស់កុមារម្នាក់ដែលយកកូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា លោក ប៉ោ រិទ្ធ និយាយថា កូនរបស់លោកកើតជំងឺរលាកទងសួត ហើយបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា រយៈពេលពីរថ្ងៃហើយ។ លោកអះអាងថា មុនមកមន្ទីរពេទ្យគន្ធបុប្ផា លោកបាននាំកូនទៅមន្ទីរបង្អែកខេត្តព្រៃវែង ជិតមួយសប្ដាហ៍ ប៉ុន្តែមិនបានធូរស្បើយសោះ។ ហាក់មិនសូវទុកចិត្តលោកគ្រូពេទ្យនៅខេត្តព្រៃវែង និងមិនសូវមានលុយផងនោះ លោកក៏ប្រញាប់ប្រញាល់មកមន្ទីរពេទ្យគន្ធបុប្ផា តែម្ដង។ មានសម្បុរខ្មៅស្រអែម សក់ក្រញាញ់ ដៃជើងធំៗ
និយាយបណ្ដើរ ញ៉ាំបាយប្រអប់នឹងដៃបណ្ដើរនៅក្រោមដើមឫស្សីនៃមន្ទីរពេទ្យគន្ធបុប្ផា៣ លោក ប៉ោ រិទ្ធ លើកឡើងថា លោកសូមអរគុណគ្រូពេទ្យដែលបានយកចិត្តទុក្ខដាក់ព្យាបាលកូនលោក៖ «ខ្ញុំធ្លាប់ដឹងកន្លងមក កូនឈឺធ្ងន់ឱ្យតែមកដឹងតែជា អ៊ីចឹងបានចេះតែមក។ កូនខ្ញុំអាហត់ហ្នឹងពេទ្យផ្សេងមើលអត់ជាសោះ អ៊ីចឹងបានតែមកពេទ្យហ្នឹង»។
បុរសវ័យចំណាស់ម្នាក់ផ្សេងទៀតមកពីខេត្តកំពង់ឆ្នាំង លោក ធឿន មានមតិថា បើគ្មានមន្ទីរពេទ្យគន្ធាបុប្ផា ទេនោះ លោកគិតថា កូនរបស់លោកប្រាកដជាស្លាប់មិនខាន។
ជាបុរសម្នាក់ដែលមានបទពិសោធន៍ដ៏សែនល្វីងជូរចត់ក្នុងជីវិត ដែលម្ដាយឪពុកគ្រប់រូបមិនអាចបំភ្លេចបាននោះ គឺការបាត់បង់កូនជាទីស្រឡាញ់របស់លោកដោយសារការព្យាបាលរបស់គ្រូពេទ្យមិនមានប្រសិទ្ធភាព។ និយាយដល់ការព្យាបាលគ្មានប្រសិទ្ធភាពដែលបណ្ដែតបណ្ដោយឱ្យស្លាប់កូនរបស់លោកនោះ។ ទឹកមុខប្រែស្រពោន កែវភ្នែកឡើងក្រហម ដង្ហើមដកយ៉ាងធំ ហាក់មានទុក្ខពន់ប្រមាណទោះបីពិពណ៌នាប្រាប់យ៉ាងណាក៏មិនអាចមានអ្នកយល់អារម្មណ៍បែបនេះបានដែរ។ កែវភ្នែកសម្លឹងមើលទៅដើមឈើនៅវត្តភ្នំបណ្ដើរ មាត់និយាយប្រាប់វិទ្យុអាស៊ីសេរី បណ្ដើរថា គ្រូពេទ្យស្រុកខ្មែរភាគច្រើនគិតតែពីលុយ មិនខ្វល់ពីជីវិតក្មេងសោះ។
លោកបន្ថែមថា កុមារកម្ពុជា មិនអាចបាត់បង់វត្តមានមន្ទីរពេទ្យគន្ធបុប្ផា បាននោះឡើយ៖ «ជួនអីអ្នកជំងឺហ្នឹងស្រួលហើយចង់សុំចេញអីគេអត់ទាន់ឱ្យចេញទេ គេពិនិត្យទាល់តែជាស្រួលមែនទែនបានឱ្យចេញ។ ខ្ញុំគិតថា ចង់ឱ្យរដ្ឋាភិបាលជួយថវិកាមកមន្ទីរពេទ្យគន្ធបុប្ផា ជាចម្បង។ នៅស្រុកខ្មែរយើងអត់មានគន្ធបុប្ផា ហើយរដ្ឋាភិបាលអត់ជួយមន្ទីរពេទ្យគន្ធបុប្ផា អត់កើតតែម្ដង ទាល់តែរដ្ឋាភិបាលជួយទើបកូនប្រជារាស្ត្រក្រីក្របានរស់»។
រីឯស្ត្រីកូនខ្ចីម្នាក់ ដែលមានអាយុប្រហែងជាង ២០ឆ្នាំ មកពីខេត្តព្រៃវែង និងទើបបានសម្រាលកូនបានត្រឹម ១៩ថ្ងៃ លោកស្រី រស្មី រៀបរាប់ថា ក្រោយពេលសម្រាលកូនរួច លោកស្រីមិនមានទឹកដោះសម្រាប់បំបៅកូនតូច ម្ល៉ោះហើយមានតែយកទឹកដោះគោមកជំនួសទឹកដោះដំបូងរបស់ខ្លួន។ ផ្ទៃមុខមានស្នាមជាំ ក្បាលពាក់មួកក្រណាត់ រុំដោយក្រមាដើម្បីការពារសុខភាពខ្លួនដែលទើបសម្រាលកូនរួច។ ទោះបីខ្លួនទើបតែសម្រាលកូនរួចក៏ដោយចុះ តែម្ដាយវ័យក្មេងរូបនេះហាក់មិនសូវគិតគូរពីខ្លួនឯងប៉ុន្មានទេ។ ញើសហូរប្រណាំងនឹងការនិយាយពីស្ថានភាពជំងឺកូនរបស់លោកស្រីដែលបន្ទោបង់មិនចេញសោះ។
បើសិនមិនមានមន្ទីរពេទ្យគន្ធបុប្ផា ទេ កូនលោកស្រីប្រហែលមិនអាចមានឱកាសដកដង្ហើមដង្ហោយជួបមុខម៉ែនោះទេ៖ «អត់ទល់ទេ គ្រាន់តែវាបត់ជើងមកឈឺក្នុងពោះ វាអត់ចេញសោះ! វាឈឺក្នុងពោះអ៊ីចឹង បត់ជើងមកវាយំទៅ តែឥឡូវគ្រាន់ស្រួលហើយ...»។

ដោយមន្ទីរពេទ្យគន្ធបុប្ផា បានជួយសង្គ្រោះជីវិតកុមារកម្ពុជា ច្រើនហួសពីការគិតនោះ តន្ត្រីករ និងជាគ្រូបង្រៀនផ្នែកតន្ត្រីម្នាក់ លោក យ៉ង ពៅ បាននិពន្ធចម្រៀងមួយបទដើម្បីថ្លែងអរគុណចំពោះមន្ទីរពេទ្យគន្ធបុប្ផា មានចំណងជើងថា គន្ធបុប្ផាមហាសន្ដោស។ ចម្រៀងបទមួយនេះ មានការគាំទ្រយ៉ាងច្រើនពីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook)។
(ចម្រៀង)
រៀងរាល់ថ្ងៃមន្ទីរពេទ្យគន្ធបុប្ផា មានកុមារជាង ៣.០០០នាក់ ត្រូវបានពិនិត្យព្យាបាល។ កុមារឈឺធ្ងន់ជាង ៤០០នាក់ វះកាត់ចំនួន ៧៥ករណី ហើយមានស្ត្រីមានផ្ទៃជាង ៥០០នាក់មកសម្រាលកូននៅមន្ទីរគន្ធបុប្ផា។ ដោយកុមារទាំងនោះភាគច្រើន មានជំងឺធ្ងន់ដែលស្នើប្រមាណ ៨៥% ហើយក្នុងនោះ កុមារដែលមានជំងឺគ្រុនឈាម ៩២% បានទៅរកការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង ៦ព្រឹក មានកុមារឈឺធ្ងន់ចំនួន ១.០៧១នាក់ និងស្ត្រីឆ្លងទន្លេរួចចំនួន ១៨៨នាក់ កំពុងសម្រាកក្នុងមន្ទីរគន្ធបុប្ផា។
ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត ប៊េត រីច្ឆនឺរ បានសរសេរលិខិតសំណូមពរជាសាធារណៈមួយកាលពីថ្ងៃទី១៤ ខែកក្កដា ទៅកាន់សហគមន៍អឺរ៉ុប ដោយលោកស្នើឱ្យសហគមន៍អឺរ៉ុបផ្ដល់ជំនួយ ៥០% នៃជំនួយសរុបដែលសហគមន៍អឺរ៉ុបគ្រោងនឹងផ្ដល់ដល់រដ្ឋាភិបាលកម្ពុជា សម្រាប់ការអភិវឌ្ឍ។ តាមគេហទំព័រសហគមន៍អឺរ៉ុបបង្ហាញថា សហគមន៍អឺរ៉ុបបានផ្ដល់ជំនួយចំនួន ៤១០លានអឺរ៉ូ ដែលស្នើប្រមាណជាង ៥០០លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០១៤-២០២០។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ និយាយថា លោកមិនដឹងពីចំនួនថវិកាសម្រាប់គាំទ្រវិស័យសុខាភិបាលនោះឡើយ។ យ៉ាងណាក៏ដោយ បើតាមមន្ត្រីម្នាក់ក្នុងក្រសួងសុខាភិបាល ដែលសុំមិនបញ្ចេញឈ្មោះអះអាងថា ក្នុងមួយឆ្នាំៗក្រសួងសុខាភិបាលមានលុយជាង ១៦០លានដុល្លារដើម្បីទ្រទ្រង់វិស័យនេះ។
រាជរដ្ឋាភិបាលកម្ពុជា ចូលរួមផ្ដល់ថវិកាចំនួន ៣លានដុល្លារ និងរដ្ឋាភិបាលស្វីស ៤លានដុល្លារប៉ុណ្ណោះ ក្នុងមួយឆ្នាំដល់មន្ទីរពេទ្យគន្ធបុប្ផា។ ទន្ទឹមនឹងនេះដែរ ៨៥% នៃថវិកាប្រចាំឆ្នាំគឺបានមកពីអំណោយសប្បុរសធម៌របស់ប្រជាជនស្វីស តាមរយៈការលេងវីយោឡុង របស់លោកវេជ្ជបណ្ឌិត ប៊េត រីច្ឆនឺរ។
ប្រធានមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត ប៊េត រីច្ឆនឺរ បានទទួលដល់រដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលស្វីស និងសហគមន៍សូមឱ្យផ្ដល់ជំនួយជាចាំបាច់ដល់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ការព្យាបាលរយៈពេល ១០ឆ្នាំទៅមុខទៀត។ បើពុំនោះសោតទេ មន្ទីរពេទ្យមួយនេះនឹងបាត់បង់វត្តមានពីទឹកដីកម្ពុជា នៅពេលខាងមុខឆាប់ៗនេះជាក់ជាមិនខាន។
មន្ទីរពេទ្យគន្ធបុប្ផា ក្នុងឆ្នាំ២០១៥ មានលុយចំនួន ៤៥លានដុល្លារអាមេរិកសម្រាប់ផ្គត់ផ្គង់ការព្យាបាល។ មន្ទីរពេទ្យគន្ធបុប្ផា មានបុគ្គលិកទាំងអស់ ២.៥០០នាក់។ បុគ្គលិកម្នាក់ៗមិនអាចមានសិទ្ធិធ្វើកន្លែងនៅមន្ទីរពេទ្យផ្សេងនោះឡើយ។
ប្រជាពលរដ្ឋកម្ពុជា ទទូចដល់រដ្ឋាភិបាលកម្ពុជា ត្រូវតែគិតគូរឡើងវិញនូវជំនួយ ៣លានដុល្លារដែលបានផ្ដល់ជូនមន្ទីរពេទ្យនេះ។ ដោយពលរដ្ឋស្នើឱ្យបង្កើនការជួយឱ្យបានច្រើនជាងនេះ។
ប្រជាពលរដ្ឋនិយាយថា ស្រុកខ្មែរអ្នកខ្លះជិះរហូតដល់ទិញរថយន្ត រ៉ល រ៉យ និង ប៊ី.អឹម.ដាប់ប៊ែលយូ (Rolls Royce and BMW) និងមានឧកញ៉ាជាង ៧០០នាក់។ ពលរដ្ឋនិយាយថា បើឧកញ៉ាម្នាក់ៗផ្ដល់លុយត្រឹម ២០០ដុល្លារក្នុង១ខែ ក៏អាចចូលរួមសម្រាលការចំណាយរបស់មន្ទីរពេទ្យគន្ធបុប្ផា បានខ្លះដែរ។ ប៉ុន្តែផ្ទុយមកវិញ ម្នាក់ចាយលុយរាប់រយដុល្លារក្នុងមួយថ្ងៃៗ ដើម្បីផឹកស៊ី ចិញ្ចឹមស្រីក្មេង ខណៈរូបលោកវេជ្ជបណ្ឌិត ប៊េត រីច្ឆនឺរ កំពុងព្យាយាមរកប្រាក់ដោយលំបាក ដើម្បីជួយព្យាបាលកុមារ និងស្ត្រីមានផ្ទៃពោះដែលជាអ្នកជំងឺក្រក្រីរាប់រយនាក់នៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។