Opens in new windowប្រធានមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត ប៊េត រីច្ឆនឺរ (Beat Richner) ប្រកាសលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក (facebook) របស់លោកថា គិតត្រឹមខែសីហា ឆ្នាំ២០១៥ មានកុមារឈឺជាង ៨ម៉ឺននាក់ (៨០.១៩៣នាក់) មករកសេវាព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ ពោលគឺមកយកថ្នាំព្យាបាល ហើយវិលទៅផ្ទះវិញ។
កុមារឈឺធ្ងន់មានប្រមាណជិត ២ម៉ឺននាក់ (១៥.៨៩៣នាក់) បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា។ ក្នុងនោះ កុមារប្រមាណជាង ២ម៉ឺននាក់មានជំងឺគ្រុនឈាមធ្ងន់ធ្ងរ ដែលមានកំហាប់ឈាមខ្ពស់ ឬក៏ស្ថិតក្នុងសភាពអស់ជីពចរ។
កុមារដែលមានជំងឺរលាកស្រោមខួរ និងរលាកខួរក្បាលប្រមាណ ៣១០នាក់ ហើយកុមារដែលការវះកាត់ទូទៅមានជិត ២ពាន់ករណី (១.៧១០នាក់)។ បន្ថែមពីលើនេះ ស្ត្រីមានផ្ទៃពោះចំនួនជាង ១ពាន់នាក់ (១២.៩៦០នាក់) មកពិនិត្យតាមដានផ្ទៃពោះនៅផ្នែកសម្ភពនៃមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប។
កុមារកម្ពុជា ដែលមានជំងឺគ្រុនឈាមធ្ងន់ធ្ងរនៅទូទាំងប្រទេសកម្ពុជា មានប្រមាណ ៩២% មកពិនិត្យព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ហើយជំងឺទូទៅឈឺធ្ងន់ប្រមាណ ៨៥% ក្នុងនោះ ៨០% នៃកុមារមានជំងឺ គឺភាគច្រើនមកពីគ្រួសារទីទ័លក្រ។ មន្ទីរពេទ្យគន្ធបុប្ផា ក្នុងមួយថ្ងៃចំណាយថវិកាជាង ១២ម៉ឺនដុល្លារសហរដ្ឋអាមេរិក ហើយក្នុង ១ឆ្នាំ ចំណាយថវិកាជាង ៤២លានដុល្លារ។ មន្ទីរពេទ្យគន្ធបុប្ផា មានបុគ្គលិកទាំងអស់ ២.៥០០នាក់។ ក្នុងមួយថ្ងៃៗមានកុមារជាង ៣ពាន់នាក់ មករកសេវាព្យាបាលនៅមន្ទីរពេទ្យនេះ។
ប្រធានមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត ប៊េត រីច្ឆនឺរ ទទូចដល់រដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលស្វីស (Switzerland) និងសហគមន៍អឺរ៉ុប ឲ្យផ្តល់ជំនួយដល់មន្ទីរពេទ្យគន្ធបុប្ផា បើពុំនោះទេ មន្ទីរពេទ្យមួយនេះនឹងបាត់បង់វត្តមានពីទឹកដីកម្ពុជា ជាក់ជាមិនខាននៅពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
