មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងអ្នកស្រាវជ្រាវផ្នែកបរិស្ថាន ជំរុញឱ្យប្រជាពលរដ្ឋ និងហាងទំនើប កាត់បន្ថយការប្រើថង់ប្លាស្ទិក ដោយងាយមកប្រើថង់បរិស្ថាន ឬហៅថាថង់ក្រដាសវិញ ក្នុងន័យការពារមិនឱ្យមានផលប៉ះពាល់ចំពោះបរិស្ថាន សុខភាព ការរស់នៅរបស់ប្រជាជន និងកុំឱ្យមានផលប៉ះពាល់លើវិស័យទេសចរណ៍។ ការលើកឡើងនេះ ធ្វើឡើងក្នុងសិក្ខាសាលាថ្នាក់ជាតិស្ដីពី ការកសាងគោលនយោបាយ និងលិខិតបទដ្ឋានសមស្របដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក នៅថ្ងៃទី ២២ មករា ក្រុងភ្នំពេញ។
ការសិក្សារបស់អង្គការ មូលនិធិអករា (ACRA Foundation) បង្ហាញថា ការប្រើប្រាស់ថង់ប្លាស្ទិកមិនត្រឹមតែធ្វើឲ្យប៉ះពាល់បរិស្ថាន និងការរស់នៅប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យកម្ពុជាត្រូវខាតបង់លុយទៅលើកម្លាំងពលកម្មលើថង់ប្លាស្ទិក។
កម្ពុជាត្រូវចំណាយលុយប្រចាំឆ្នាំលើកម្មករសំអាតប្លាស្ទិក ប្រមាណជាង ១ពាន់ដុល្លារ ក្នុងខេត្តព្រះសីហនុ ៩ពាន់ដុល្លារ នៅសៀមរាប និង៩ពាន់ដុល្លារ ក្នុងក្រុងភ្នំពេញ។
សាស្ត្រាចារ្យ និងជាអ្នកស្រាវជ្រាវផ្នែកបរិស្ថាន លោក ស្ពាន់ វិន និយាយថា មានថង់ប្លាស្ទិកប្រហែល ១០លានថង់ ត្រូវបានប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងទីក្រុងភ្នំពេញ។ ការប្រើថង់នេះ គឺច្រើនជាង១០ដងបើប្រៀបធៀបជាមួយបណ្ដាប្រទេសក្នុងតំបន់អឺរ៉ុប និងប្រទេសចិន។
លោកបន្តថា នៅកម្ពុជាការប្រើថង់ប្លាស្ទិក ត្រូវបានផ្ដល់ជូនអតិថិជនដោយមិនគិតលុយ និងមានប្រជាពលរដ្ឋ ហាក់មិនយល់ពីផលប៉ះពាល់របស់ប្លាស្ទិកនោះទេ។ តាមការស្រាវជ្រាវបង្ហាញយ៉ាងច្បាស់ថា ថង់ប្លាស្ទិកបង្កការខាតបង់ចំពោះសង្គមបរិស្ថាន ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ទេសចរណ៍ និងសុខភាពមនុស្សសត្វ៖ «យើងគួរតែមានយន្តការ និងបទដ្ឋានច្បាប់ជាក់លាក់ដើម្បីអាចកាត់បន្ថយ ការបង្កើតថង់ប្លាស្ទិក និងលើកស្ទួយការប្រើថង់បរិស្ថាន ដើម្បីធានាថា ការកាត់បន្ថយថង់ប្លាស្ទិក និងកាត់បន្ថយផលប៉ះពាល់ចំពោះបរិស្ថាន និងមានប្រព័ន្ធអេកូឡូស៊ី»។
របាយការណ៍សង្ខេប កម្រាស់ ៧៩ទំព័រ របស់អង្គការអករា (ACRA Foundation) បង្ហាញថា ថង់ផ្លាស្ទិចត្រូវបានប្រជាជនប្រើប្រាស់ក្នុងទីផ្សារកម្ពុជាតាំងពីឆ្នាំ១៩៩០។ ម្យ៉ាងវិញទៀត ដោយសារថង់ប្លាស្ទិកមានភាពងាយស្រួលប្រើ ស្រាល និងមិនជ្រាបទឹក ម្ល៉ោះហើយការប្រើថង់ប្លាស្ទិក ក្លាយជាផ្នែកមួយនៃជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋកម្ពុជា។
ទន្ទឹមនឹងនេះដែរ អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារ នៃក្រសួងបរិស្ថាន លោក ហេង ណារ៉េត មានប្រសាសន៍ថា ថង់ប្លាស្ទិក គឺជាកត្តាចម្បងនៃសំណល់រាយប៉ាយនៅកម្ពុជា។
លោកបន្ត បើផ្នែកតាមការសិក្សាថ្មីនេះ បង្ហាញថា ថង់ប្លាស្ទិកបណ្ដាលឱ្យស្ទះប្រព័ន្ធលូបង្ហូរទឹក ក្លាយជាសំរាមរាយប៉ាយនៅតាមដងផ្លូវ និងធ្វើឱ្យទីលានចាក់សំរាមងាយពេញយ៉ាងឆាប់រហ័ស៖ «យើងប្រើពាក្យសំរាម និងសំណល់រឹងតាមរយៈការអនុវត្តកម្មវិធី ៣អ៊ែរ។ កម្មវិធី៣អ៊ែរហ្នឹងមានន័យថា កាត់បន្ថយការបង្កើត ការប្រើឡើងវិញ និងការ កែច្នៃ ឡើងវិញ។ អ៊ីចឹងថង់ប្លាស្ទិកហ្នឹង ក៏នៅក្នុងផ្នែកហឹ្នងដែរ ព្រោះថា និយមន័យពាក្យសំរាម និងសំណល់គឺគ្របដណ្ដប់ទាំងប្លាស្ទិកហ្នឹងឯង។ យើងមានហើយផ្លូវច្បាប់ក្នុងការទប់ស្កាត់ តាមរយៈការអនុវត្តន៍កម្មវិធី៣អ៊ែរ»។
រដ្ឋាភិបាលកម្ពុជា ប្រកាសឱ្យអនុវត្តន៍ អនុក្រឹត្យស្ដីពី គ្រប់គ្រងសំរាមសំណល់រឹង នៅទីប្រជុំជន ដើម្បីអាចកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។ អនុក្រឹត្យនេះ ប្រកាសឱ្យអនុវត្តន៍ តាំងពីខែសីហា ឆ្នាំ២០១៥ ប៉ុន្តែរហូតមកទល់នឹងពេលនេះ អនុក្រឹត្យគ្រប់គ្រងសំរាមសំណល់រឹង នៅទីប្រជុំជនហាក់មិនមានប្រសិទ្ធភាពនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។