កម្មកររោងចក្រ គ័នថេក ខេមបូឌា ខបភើរ៉េហ្សិន (Kauntech Cambodia Cooperation Limited) ឬ ខេថេក (Ktec) ស្ថិតនៅតាមដងផ្លូវជាតិលេខ៣ ក្បែរស្ទឹងស្លាគូ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ប្រមាណ ៣០នាក់ បានដួលសន្លប់នៅព្រឹកថ្ងៃទី៣១ មីនា ដោយសង្ស័យថា ពុលក្លិនសំរាមដែលអ្នកបោសសម្អាតរោងចក្រដុតនៅក្បែររោងចក្រ។
កម្មករដែលដួលសន្លប់នោះ ត្រូវបានរថយន្តសង្គ្រោះដឹកជញ្ជូនទៅសង្គ្រោះបន្ទាន់នៅគ្លីនិកក្បែររោងចក្រខ្លះ និងបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តតាកែវខ្លះ។
កម្មករភាគច្រើន ក្រោយពេលដឹងខ្លួនបានប្រាប់អំពីមូលហេតុដែលបណ្ដាលឲ្យកម្មករដួលសន្លប់នៅម៉ោងប្រមាណ ១០ព្រឹកនោះ គឺបណ្ដាលមកពីគេដុតសំរាមដែលលាយឡំទៅដោយស្បោងកៅស៊ូ ជ័រ និងដបជ័រ ធ្វើឲ្យក្លិនស្អុយចូលរោងចក្រក្នុងពេលកម្មករកំពុងធ្វើការ។
សំឡេងកម្មកររួម៖ «ធុំក្លិនគេដុតសំរាម ខ្ញុំអត់ដឹងដែរ ស្រាប់នៅសុខៗដួល។ ដឹងតែឈឺក្បាល វិលមុខ ហើយថប់ដង្ហើម ព្រោះអីធ្លាប់ដុត»។
ក៏ប៉ុន្តែ តំណាងភាគីរោងចក្រ និងជាប្រធានផ្នែកនៃក្រុមកម្មករនៅរោងចក្រនេះ គឺលោក មន សំណាង អះអាងថា ក្លិនដែលគេដុតសំរាមនោះ គ្រាន់តែជាផ្នែកមួយធ្វើឲ្យកម្មករសន្លប់តែប៉ុណ្ណោះ ក៏ប៉ុន្តែមានកត្តារួមផ្សំផ្សេងៗទៀត ដូចជា កម្មការិនីភាគច្រើនមានកូនខ្ចី កម្លាំងខ្សោយសម្រាកមិនគ្រប់គ្រាន់ ដោយសាររវល់មើលកូនពេលយប់។
ក្រៅពីនេះ លោកថា កម្មករខ្លះទៀតហូបចុកមិនគ្រប់គ្រាន់ ឬខំធ្វើការថែមម៉ោងដើម្បីយកលុយចាយចូលឆ្នាំខ្មែរខាងមុខនេះ នាំឲ្យសុខភាពចុះខ្សោយ។
បើតាមគ្រូពេទ្យសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ដែលសុំមិនបញ្ចេញឈ្មោះ ស្ថានភាពជំងឺរបស់កម្មការិនីទាំងនោះបានធូរស្រាលឡើងវិញហើយ បន្ទាប់ពីបានជួយសង្គ្រោះបន្ទាន់រួចមក។
កម្មករជាច្រើនបានបង្ហើបឲ្យដឹងថា ក្រុមរក្សាអនាម័យរោងចក្រ តែងតែដុតសំរាមដែលមានលាយជ័រប្លាស្ទិក រៀងរាល់ថ្ងៃ ធ្វើឲ្យប៉ះពាល់ដល់សុខភាពកម្មករយ៉ាងខ្លាំង។
កម្មការិនី ជិន ធូ អាយុ ២៩ឆ្នាំ ដែលដឹងខ្លួនក្រោយពីសន្លប់ឲ្យដឹងថា កម្មការិនីភាគច្រើន ជាពិសេសអ្នកដែលទើបសម្រាលកូនរួច តែងឈឺក្បាលវិលមុខ ក្អួតចង្អោររាល់ថ្ងៃ ព្រោះធុំក្លិនកៅស៊ូដែលគេដុតនោះ៖ «ខ្ញុំសំណូមពរកុំឲ្យចិន ក្នុងរោងចក្រហ្នឹងដុតសំរាមទៀត ព្រោះកម្មករពុលច្រើនណាស់»។
រោងចក្រ ខេថេក ជារោងចក្រផលិតគ្រឿងអេឡិចត្រូនិក ទើបបើកថ្មី ស្ថិតនៅទីតាំងវាលល្វឹងល្វើយ ព័ទ្ធជុំវិញដោយវាលស្រែ ដែលក្នុងបរិវេណរោងចក្រនេះមិនមានដើមឈើទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។