វេជ្ជបណ្ឌិត​មក​ពី​ជុំវិញ​ពិភពលោក​ជួប​គ្នា​នៅ​សៀមរាប​ចែក​រំលែក​ជំនាញ​ដើម្បី​ទប់ទល់​នឹង​ជំងឺ​ឆ្លង

0:00 / 0:00

ប្រទេស​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក កំពុង​ភ័យ​ព្រួយ​ដោយសារ​តែ​ជំងឺ​ឆ្លង​ដ៏​ឆាប់​រហ័ស​បាន​កើត​មាន​ជា​បន្តបន្ទាប់។ ក្រុម​វេជ្ជបណ្ឌិត​ផ្នែក​វេជ្ជសាស្ត្រ​មើល​ឃើញ​ថា បញ្ហា​ជំងឺ​ឆ្លង​វា​ពុំ​ត្រឹមតែ​ជា​កង្វល់​របស់​ប្រទេស​ដែល​បាន​ផ្ទុះ​ចេញ​ជា​សញ្ញា​ប៉ុណ្ណោះ​ទេ គឺ​វា​ជា​ក្តី​បារម្ភ​របស់​ពិភពលោក​ទាំង​មូល​ដែល​ត្រូវតែ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង។

ប្រតិភូ​វេជ្ជបណ្ឌិត​ប្រមាណ ៣០០​នាក់​មក​ពី​ប្រទេស​ជុំវិញ​ពិភពលោក បាន​ជួប​ពិភាក្សា​ក្នុង​សន្និសីទ​វិទ្យាសាស្ត្រ​មួយ នៅ​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២៩ ខែ​វិច្ឆិកា។

ក្រុម​ប្រតិភូ​វេជ្ជបណ្ឌិត​ទាំង​នោះ​មក​ពី​ប្រទេស​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច តំបន់​អាស៊ី​ខាង​ត្បូង តំបន់​អាស៊ីអាគ្នេយ៍ អាស៊ី​បូព៌ា អឺរ៉ុប អាមេរិក ទ្វីប​អាហ្វ្រិក និង​អូសេអានី (Oceany) ជាដើម។ ក្រុម​ប្រតិភូ​វេជ្ជបណ្ឌិត​ទាំង​នោះ​បាន​ជួប​ពិភាក្សា​គ្នា​ដើម្បី​ចែក​រំលែក​ចំណេះដឹង និង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ដែល​កំពុងតែ​គំរាមកំហែង​នៅ​តាម​តំបន់​ជាច្រើន​នៃ​ពិភពលោក។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​នៃ​ប្រទេស​កម្ពុជា ដែល​អញ្ជើញ​ចូលរួម​ជា​អធិបតី​នៅ​ក្នុង​សន្និសីទ​វិទ្យាសាស្ត្រ លើក​ទី​៨ ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច និង​តំបន់​អាស៊ីអាគ្នេយ៍ គឺ​លោក ម៉ម ប៊ុនហេង។ លោក​ថ្លែង​នៅ​លើ​វេទិកា​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៩ ខែ​វិច្ឆិកា ថា បច្ចុប្បន្ន​ពុំ​មាន​ប្រទេស​ណា​មួយ​អាច​ដោះស្រាយ​ជា​បន្ទាន់​នូវ​បញ្ហា​សុខភាព​សាធារណៈ ដែល​ប្រកាស​អាសន្ន​តែ​ម្នាក់​ឯង​បាន​ឡើយ។ ពិភពលោក​ទាំងមូល​ត្រូវតែ​រួម​គ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ដែល​គំរាមកំហែង​ដល់​សុខភាព​សាធារណៈ​ទាំង​អស់​គ្នា៖ «ពិភពលោក​កាន់​តែ​ខិត​ជិត​គ្នា​តាម​រយៈ​ការ​កើន​ឡើង​នៃ​ជើង​ហោះហើរ និង​ភាព​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច។ ការ​កើន​ឡើង​នៃ​ចំនួន​ប្រជាពលរដ្ឋ និង​ការ​ប្រឈម​មុខ​យ៉ាង​ជិតស្និទ្ធ​រវាង​មនុស្ស​និង​សត្វ ព្រម​ទាំង​ការ​ផ្លាស់ប្ដូរ​នៃ​អាកាសធាតុ បាន​ជះឥទ្ធិពល​ដល់​បរិស្ថាន ដែល​នឹង​ធ្វើ​ឱ្យ​ហានិភ័យ​ក៏​កើន​ឡើង​ដែរ»

​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺ​របស់​សហរដ្ឋអាមេរិក (US-CDC) ព្រមទាំង​អង្គការ​សុខភាព​ពិភពលោក (WHO) ដែល​ជា​អ្នក​ឧបត្ថម្ភ​ឱ្យ​រៀបចំ​សន្និសីទ​វិទ្យាសាស្ត្រ​នេះ​ឡើង ក៏​កំពុង​មាន​ក្តី​កង្វល់​ចំពោះ​ជំងឺ​ឆ្លង​ជា​ច្រើន​ប្រភេទ ដែល​កំពុង​តែ​គំរាមកំហែង​សុខភាព​សាធារណៈ​នៅ​ក្នុង​ពិភពលោក​ដែរ។

អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​កម្ពុជា និង​ជា​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លង លោក លី សូវ៉ាន់ មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នៅ​ពេល​ដែល​ពិភពលោក និង​ប្រទេស​ជា​ច្រើន​កំពុង​ប្រឈម​មុខ​នឹង​ជំងឺ​ឆ្លង​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​កំពុង​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​ជំងឺ​ឆ្លង​ជា​ច្រើន​ប្រភេទ​ដែរ៖ «បច្ចុប្បន្ន​នេះ​យើង​ព្រួយ​បារម្ភ គឺ​ជំងឺ​ផ្ដាសាយ​ថ្មី​ដែល​យើង​ធ្លាប់​ផ្ទុះ​កាលពី​ឆ្នាំ​២០០៩ និង​កាល​ពី​ឆ្នាំ​១៩១៨-​១៩១៩។ ទី​២ គឺ​ជំងឺ​ដែល​កំពុង​កើត​មាន​ដូចជា​អេបូឡា (Ebola) និង​ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈិម​បូព៌ា​ជាដើម»

លោក លី សូវ៉ាន់ បញ្ជាក់​ថា ការ​ជួប​ប្រជុំ​គ្នា​របស់​ប្រតិភូ​វេជ្ជបណ្ឌិត​នៅ​ឯ​ខេត្ត​សៀមរាប ពេល​នេះ គឺ​ជា​ឱកាស​ដ៏​ល្អ​ក្នុង​ការ​ពិភាក្សា​អំពី​ការ​រក​ឃើញ​ផ្នែក​វិទ្យាសាស្ត្រ​ថ្មីៗ ដើម្បី​ចែក​រំលែក​ជំនាញ និង​រួម​គ្នា ហើយ​ត្រៀម​លក្ខខណ្ឌ​ឆ្លើយ​តប​ចំពោះ​ជំងឺ​ឆ្លង​ដ៏​សាហាវ​ទាំង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។