កម្មករ​រោងចក្រ​ប្រមាណ​៤០​នាក់​ដួល​សន្លប់

0:00 / 0:00

មន្ត្រី​ជំនាញ​ផ្នែក​ពេទ្យ​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តម្រូវ​អោយ​អ្នក​គ្រប់គ្រង​​រោងចក្រ​កាត់ដេរ ជុន ចៅ [CHUN CHAO (Cambodia) Garment Co., Ltd.] ឋិត​ក្នុង​ភូមិ​ស្រែជម្រៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ កែសម្រួល​បរិស្ថាន​ក្នុង​រោងចក្រ ​បន្ទាប់​ពី​កម្មករ​ប្រមាណ ៤០​នាក់ ​ដួល​សន្លប់​បន្ត​បន្ទាប់​គ្នា​នៅ​ព្រឹក​ថ្ងៃ ទី​៤ ខែ​មីនា។ មន្ត្រី​ជំនាញ​ពេទ្យ​ការងារ​​បាន​ចុះ​ពិនិត្យ​ស្ថានភាព​រោងចក្រ​នៅ​ថ្ងៃ​ដដែល​នេះ​បាន​រក​ឃើញ​ថា ​បញ្ហា​ដួល​សន្លប់​របស់​កម្មករ​នេះ បណ្ដាល​មក​ពី​បរិយាកាស​ក្នុង​រោងចក្រ​មិន​ល្អ ភាយ​ជាតិ​គីមី និង​ការ​ភ័យ​ស្លុត​តៗ​គ្នា។

មន្ត្រី​រដ្ឋបាល​រោងចក្រ​ ជុន ចៅ លោក លឹម ហាងគង់ បញ្ជាក់​ថា មន្ត្រី​ជំនាញ​ពេទ្យ​ការងារ​​បាន​ចុះ​ពិនិត្យ​ស្ថានភាព​រោងចក្រ​ ​បង្គាប់​អោយ​រោងចក្រ​ផ្អាក​ការងារ​បណ្ដោះអាសន្ន ហើយ​អាច​ដំណើរ​ការ​ឡើង​វិញ​នៅ​ថ្ងៃ​ច័ន្ទ សប្ដាហ៍​ក្រោយ។

លោក លឹម ហាងគង់ បន្ត​ថា មន្រ្តី​ជំនាញ​ក៏​បាន​​តម្រូវ​អោយ​រោងចក្រ​កែសម្រួល​បរិស្ថាន​ក្នុង​រោងចក្រ​ធ្វើ​យ៉ាង​ណា​អោយ​មាន​ខ្យល់​ចេញ​ចូល​គ្រប់គ្រាន់ និង​ត្រូវ​ផ្លាស់ប្ដូរ​ទីតាំង​កង្ហារ​ទឹក​មួយចំនួន​ ដែល​មន្រ្តី​ជំនាញ​អះអាង​ថា ដាក់​ខុស​ទីតាំង៖ «អោយ​អនុវត្ត​តែ​ម៉ាស៊ីន​ចម្រោះ​ទម្លាក់​ទឹក​អោយ​កម្មករ​ត្រជាក់​ហ្នឹង​អោយ​កែ​មក​ខាង​នេះ​វិញ​ កុំ​អោយ​ដាក់​នៅ​ជិត​បន្ទប់​ទឹក»

ក្រុម​កម្មករ​នៅ​រោងចក្រ ជុន ចៅ ប្រមាណ ៤០​នាក់ បាន​ដួល​សន្លប់​នៅ​ពេល​ចូល​ធ្វើ​ការ​បាន​ប្រហែល ២​ម៉ោង និង​បន្ទាប់​ពី​មាន​កម្មការិនី​ម្នាក់​ដួល​សន្លប់​ដោយ​ជំងឺ​បេះដូង។ ពួកគេ​បាន​រៀបរាប់​ថា នៅ​មុន​ពេល​ដួល​សន្លប់ ពួក​គេ​មាន​អាការៈ​ណែន​ទ្រូង ថប់​ដង្ហើម ក្អួត​ចង្អោរ និង​ទន់ដៃជើង៖ «រាល់​ថ្ងៃ​អត់​អី​ដល់​ថ្ងៃ​នេះ​​មុន​ដំបូង​សន្លប់​តែ​មួយ​ទេ ដល់​ពេល​យូរៗ​ទៅ​សន្លប់​ច្រើន​ទៅៗ។ ខ្ញុំ​ណែន​ទ្រូង​ចង់​ក្អួត​​​​មិន​ដឹង​គេ​យក​ខ្ញុំ​ដាក់​ឡាន​ថ្មើរ​ម៉ាន មិន​ដឹង​ដល់​ពេទ្យ​ថ្មើរ​ម៉ាន​ផង។ ពេល​ហ្នុង​ខ្ញុំ​ដេរ​សុខៗ មាន​បង​ម្នាក់​នៅ​ក្រុម​មួយ​គាត់​គាំង​បេះដូង​គាត់​ដួល​​សន្លប់​ ពេល​ហ្នុង​ខ្ញុំ​រាង​សើៗ​ដែរ ខ្ញុំ​ទៅ​បន្ទប់​ទឹក ក៏​ញ័រ​ដៃ​ញ័រ​ជើង​សន្លប់​នៅ​បន្ទប់​ទឹក​តែ​ម្ដង។ គេ​ហេតុ​ផល​រឿង​អី​គេ​អត់​ទាន់​រក​ឃើញ​​​ សន្លប់​គ្នា​ច្រើន អ្នក​ខ្លះ​រត់​ចេញ​មក​អត់​អី​ទេ អ្នក​ខ្លះ​រត់​មក​ក្អួត ដូច​ខ្ញុំ​អី​រត់​មក​ក្អួត​អត់​មាន​រឿង​អី​សោះ»

កម្មករ​រោងចក្រ​កាត់ដេរ ជុន ចៅ [CHUN CHAO (Cambodia) Garment Co., Ltd.] នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ សម្រាក​ព្យាបាល​នៅ​គ្លីនិក​ឯកជន​មួយ​ក្រោយ​ពី​ដួល​សន្លប់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ មីនា ឆ្នាំ​២០១៦។
កម្មករ​រោងចក្រ​កាត់ដេរ ជុន ចៅ [CHUN CHAO (Cambodia) Garment Co., Ltd.] នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ សម្រាក​ព្យាបាល​នៅ​គ្លីនិក​ឯកជន​មួយ​ក្រោយ​ពី​ដួល​សន្លប់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ មីនា ឆ្នាំ​២០១៦។ (RFA/Sorn Chanratha)

ក្រុម​កម្មករ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​បី​ទីតាំង​ផ្សេង​គ្នា រួមមាន​មន្ទីរពេទ្យ​បង្អែក​ពោធិចិនតុង គ្លីនិក​ទួលកី និង​គ្លីនិក ហ៊ាង មុន្នីវុធ។

វេជ្ជបណ្ឌិត ហ៊ាង មុន្នីវុធ មាន​ប្រសាសន៍​ថា កម្មករ​ដែល​បាន​សម្រាក​ព្យាបាល​ក្នុង​គ្លីនិក​របស់​លោក បាន​ធូរ​ស្បើយ​វិញ បន្ទាប់​ពី​បាន​ដាក់​សេរ៉ូម​ជំនួយ​កម្លាំង។ លោក​ថា ពួកគេ​ពុំ​មាន​សញ្ញា​នៃ​ការ​ពុល​ណា​មួយ​ទេ ពោល​គឺ​ពួកគេ​ទន់ខ្សោយ និង​ភិតភ័យ​តៗគ្នា។ លោក​ស្នើ​អោយ​ពួកគេ​សម្រាក និង​ទទួល​ទាន​អាហារ​អោយ​បាន​គ្រប់គ្រាន់៖ «ខ្ញុំ​គិត​ថា ដូចជា​គ្មាន​ជំងឺ​អី​ទេ ដោយសារ​យក​មក​យើង​បាន​ឆែក​មើល​គ្រប់​តាំង​ពី​សញ្ញា​ជីវិត​របស់​គាត់​តាំង​ពី ​អ្វី​ផ្សេងៗ​​​​ ដែល​យើង​បាន​ពិនិត្យ​មើល​គឺ​អត់​មាន​អី​ប្រែប្រួល​ទេ។ គាត់​ធូរ​ស្បើយ​វិញ​បន្ទាប់​ពី​ដាក់​សេរ៉ូម និង​ចាក់​ថ្នាំ​បំប៉ន​​កម្លាំង​​ និង​លើក​ទឹក​ចិត្ត​គាត់​ធ្វើ​អោយ​ស្មារតី​គាត់​មាន​សភាព​នឹងន គាត់​មិន​មាន​បញ្ហា​អី​ទៀត​ទេ»

លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ដែរ​ថា អ្នក​ដែល​បាន​ដួល​សន្លប់​មិន​គួរ​ចូល​ធ្វើការ​វិញ​ភ្លាមៗ​ទេ គឺ​ត្រូវ​សម្រាក​ពី​ការងារ​យ៉ាង​ហោច​មួយ​ថ្ងៃ​ទៀត។

របាយការណ៍​របស់​អង្គការ​អន្តរជាតិ​ផ្នែក​ការងារ ហៅ​កាត់​ថា អាយឡូ (ILO) រក​ឃើញ​ថា ការ​ដួល​សន្លប់​របស់​កម្មករ​ក្នុង​រោងចក្រ​នៅ​ពេល​កំពុង​បំពេញ​ការងារ​បណ្ដាល​មក​ពី​បញ្ហា​មួយ​ចំនួន​រួម​មាន​បរិយាកាស​ក្នុង​រោងចក្រ​ដែល​ក្ដៅ​ខ្លាំង និង​ហប់ សារធាតុគីមី ការ​ថែម​ម៉ោង​ច្រើន អាហារ​ខ្វះ​ជីវជាតិ និង​បញ្ហា​ផ្លូវចិត្ត​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។