លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋនាំគ្នាថែទាំសុខភាពជាកត្តាសំខាន់បំផុត។ ជាមួយគ្នានេះ លោកមិនភ្លេចឡើយក្នុងការបន្ទោសពលរដ្ឋ ដែលនៅតែនាំគ្នាប្រើប្រាស់ និងបរិភោគ បន្លែ ផ្លែឈើ អាហារ ត្រី សាច់ ដែលមានផ្ទុកសារធាតុគីមី ហើយចេះតែនាំគ្នាបន្ទោសរដ្ឋាភិបាល។ យ៉ាងនេះក្តី ពលរដ្ឋរស់នៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម យល់ថាប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី គឺមិនមានទំនួលខុសត្រូវក្នុងឋានៈមេដឹកនាំរដ្ឋនោះឡើយ។
ជាលើកទីពីរហើយដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរុញការទទួលខុសត្រូវក្នុងការហូបចុក បន្លែ ផ្លែឈើ ត្រីសាច់ ដែលផ្ទុកសារធាតុគីមីទៅលើពលរដ្ឋខ្លួនឯង។ ថ្លែងក្នុងពិធី សម្ពោធអគារព្យាបាលជំងឺថ្មី ដែលមានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្ស៊ី នៅព្រឹកថ្ងៃទី៤ មករា លោក ហ៊ុន សែន ហាក់ងឿងឆ្ងល់ ចំពោះប្រជាពលរដ្ឋដែលចេះតែបន្ទោស ទៅលើរាជរដ្ឋាភិបាល ដែលបណ្ដែតបណ្ដោយឱ្យមានបន្លែផ្លែឈើ ត្រីសាច់ ដែលមានផ្ទុកសារធាតុគីមី ហូរចូលមកប្រទេសកម្ពុជា។ បន្ថែមពីនេះ លោកថា ពលរដ្ឋថែមទាំងបន្ទោសពេទ្យ នៅពេលមានជំងឺ ប៉ុន្តែមិនបានគិតគូរខ្លួនឯងទាល់តែសោះ។ លោកនាយករដ្ឋមន្ត្រី បានបង្ហាញដំណោះស្រាយដ៏ល្អមួយ ដើម្បីការពារសុខភាពផ្ទាល់ខ្លួន និងដើម្បីគេចផុត ពីការប្រើប្រាស់ទំនិញ មានសារធាតុគីមី គឺ ពលរដ្ឋត្រូវពហិការ ឈប់ទិញបន្លែ ផ្លែឈើ ត្រីសាច់ណា ដែលមានផ្ទុកសារធាតុគីមី ទៅគឺវាស្រេចទៅហើយ។ ជាងនេះ លោកថា ពលរដ្ឋគប្បីជំរុញការដាំដុះបន្លែ ផ្លែឈើ ដែលគ្មានសារធាតុគីមី ហើយនាំគ្នាគាំទ្រដើម្បីធានាសុខភាពរបស់ខ្លួន បើទោះបីជាថ្លៃជាងគេ ជាងបន្លែ ផ្លែឈើដែលមានផ្ទុកសារធាតុគីមីក៏ដោយ៖ «បើកុំទិញទៅវាចប់ហើយ។ អ្នកដែលនាំបន្លែបង្ការ ដែលមានសារធាតុគីមី មកលក់គឺវាលែងដាច់ហើយ។ នាំគ្នាធ្វើពហិការ កុំទិញបន្លែបង្ការ ឬ សាច់ដែលមានសារធាតុគីមីទៅ វាចប់រឿងហើយ ចាំបាច់មកជេររដ្ឋាភិបាលធ្វើអី»។
កាលពីថ្ងៃទី២ តុលា ឆ្នាំ ២០១៧ ថ្លែងពីខេត្តសៀមរាប លោក ហ៊ុន សែន បានទម្លាក់ការទទួលខុសត្រូវចំពោះករណីនេះ ទៅលើប្រជាពលរដ្ឋម្ដងរួចមកហើយ។ កាលណោះ លោកថា ជារឿងជ្រុលពេក ដែលមកស្ដីបន្ទោសរដ្ឋាភិបាល រឿងអាហារដែលមានជាតិគីមីនេះ ដែលតាមពិត គួរតែពលរដ្ឋខ្លួនឯងឯណោះទៅវិញទេ ដែលត្រូវស្ដីបន្ទោស ព្រោះមិនចេះមើល៖ «ដូចជាជ្រុលពេកទេដឹងអ្ហ៊ៃ ! ក្រែងទៅទិញ ទិញខ្លួនឯង ស្លៗខ្លួនឯង ? បើអាហ្នឹងជារបស់រដ្ឋាភិបាលយកទៅចែក ឬ ស្លហើយយកទៅចែកចុះ អាហ្នឹងចាំបន្ទោស ប៉ុន្តែនេះ ទៅផ្សារមើលហើយស្ពៃហ្នឹង បន្លែបង្កាហ្នឹង ចុះបើឃើញជាតិគីមីហ្នឹងកុំទិញទៅ។ ផ្តាំមករដ្ឋាភិបាលឲ្យហាមឃាត់ ហើយចុះយើងហាមឃាត់ខ្លួនយើង កុំទិញតែម្ដងទៅ»។
ពលរដ្ឋរស់នៅជាប់ព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ លោក វែន កុសល យល់ថាប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន គឺគ្មានការទទួលខុសត្រូវក្នុងនាម ជាប្រមុខដឹកនាំរដ្ឋនោះឡើយ។ លោកបន្តថា ពលរដ្ឋភាគច្រើនមិនអាចមើលដឹងថា បន្លែ ផ្លែឈើ និង ត្រីសាច់ ប្រភេទណាដែលមានឬ គ្មានផ្ទុកសារធាតុគីមីនោះទេ។ កសិកររូបនេះ បារម្ភណាស់ចំពោះការសម្រុកនាំចូលបន្លែ ផ្លែឈើ និង ត្រី សាច់ ចូលពីប្រទេសជិតខាង ពិសេសប្រទេសវៀតណាម៖ «តាមព្រំដែនចូលរាល់តែថ្ងៃ។ សាច់ជ្រូក សាច់មាន់ សាច់គោហ្នឹង គឺថាខ្ញុំបារម្ភដែល រឿងគីមីនៅស្រុកខ្មែរហ្នឹង ព្រោះអីអ្នកដឹកនាំប្រទេសគាត់អត់មើលផង ហើយអ្នកនៅតាមព្រំដែនក៏អត់មើលទៀត មើលតែលុយ»។
កន្លងមក ផលិតផលនាំចូលពីប្រទេសជិតខាង ពិសេសប្រទេសវៀតណាមជាច្រើនប្រភេទធ្លាប់បានផ្សព្វផ្សាយនៅលើទំព័រកាសែត និងបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក (Facebook) ដូចជានំកញ្ចប់ សម្រាប់ក្មេងញាំ ត្រីចិញ្ចឹមដែលមានប្រភេទដង្កូវក្នុងសាច់ ជ្រូកឈឺ ដែលនាំចូលពីវៀតណាម មកលក់នៅស្រុកខ្មែរ។ ក្នុងនោះក៏មាន មឹក បង្កង និងបង្គាដែលមានចាក់សារធាតុម្យ៉ាង ឱ្យនៅស្រស់បានយូរ ព្រមទាំងប្រភេទបន្លែ ផ្លែឈើ ដែលបាញ់ថ្នាំគីមី ឱ្យនៅស្រស់បានយូរជាដើម។
សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ គណបក្សសង្គ្រោះជាតិ ដែលរស់នៅក្បែរព្រំដែនដែលនោះ លោក ស៊ូ យាន មានប្រសាសន៍ថា ជារៀងរាល់ព្រឹកម៉ោងប្រមាណ៤ ឬ ៥ទាបភ្លឺ ឃើញសកម្មភាពនាំ បន្លែ ផ្លែឈើ ត្រី សាច់ សម្រុកចូលពីប្រទេសវៀតណាម មកលក់តាមបណ្ដាស្រុកជាប់ព្រំដែនក្នុងខេត្តត្បូងឃ្មុំតែម្ដង។ លោកបារម្ភចំពោះករណីនេះ ត្បិតមានពលរដ្ឋមួយចំនួនមានជំងឺក្រពះពោះវៀនជាបន្តបន្ទាប់ ចំណែកមន្ត្រីតាមព្រំដែន ហាក់មិនបានអើពើពិនិត្យឱ្យបានម៉ឺងម៉ាត់ ម្យ៉ាងប្រជាពលរដ្ឋមិនមានលទ្ធភាពអាចដឹងថាប្រភេទទំនិញណា ផ្ទុកសារធាតុគីមីនោះឡើយ៖ «ក្នុងនាមអ្នកទទួលបានអំណាចពីប្រជាពលរដ្ឋហ្នឹងគួរតែការពារអ្វីដែលសុខុមាលភាព របស់ប្រជាពលរដ្ឋ ការពារទឹកដី ការពារផលប្រយោជន៍ជាតិ មិនមែនទម្លាក់កំហុសមកលើប្រជាពលរដ្ឋទាំងស្រុងទេ ព្រោះប្រជាពលរដ្ឋគ្មានឯកទេសជំនាញត្រួតពិនិត្យទៅលើទំនិញនៅលើទីផ្សារបានទេ គឺមានតែមន្ត្រីជំនាញនៅតាមព្រំដែនទេ ដែលជាអ្នកត្រួតពិនិត្យគុណភាពទំនិញនាំចូលនាំចេញ»។
ប្រធានមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គីមអេង មើលឃើញថា ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ទំនងជាលោកចង់ឱ្យពលរដ្ឋប្រឹងប្រែងដាំដុះបន្លែ បង្ការសម្រាប់បរិភោគដោយខ្លួនឯង ដោយសារដីកសិកម្មនៅតាមជនបទ ស្រុកស្រែចម្ការទំនេរច្រើន។ ប៉ុន្តែលោកថា សម្រាប់ពលរដ្ឋនៅទូទាំងប្រទេសពិសេសនៅតាមទីប្រជុំជនឬ ទីក្រុង មិនអាចដាំដុះទាំងអស់គ្នាបានទេ ពោលគឺត្រូវការបន្លែ ផ្លែឈើ នាំមកពីតាមជនបទ ឬនាំពីក្រៅប្រទេសតែម្ដង។ យ៉ាងនេះក្តី លោកថាការបណ្ដែតបណ្ដោយ ឱ្យមានបន្លែ ផ្លែឈើ ត្រីសាច់ដែលផ្ទុកសារធាតុគីមីខ្ពស់ ចូលមកប្រទេសប្រទេសកម្ពុជាច្រើន គឺ មិនត្រឹមតែបណ្ដាលឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែបណ្ដាលឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងប៉ះពាល់ផលិតផល ក្នុងស្រុកថែមទៀតផង៖ «ខ្ញុំឃើញថា ការដែលយើងត្រួតពិនិត្យទៅលើសារជាតិដែលមានធាតុគីមីខ្ពស់ហ្នឹង គឺយើងឃើញថា មិនសូវឃើញការត្រួតពិនិត្យមានប្រសិទ្ធភាពនៅឡើយទេបាទ។ ខ្ញុំឃើញថា ធ្វើបានមួយឈុលៗអីចឹងទៅ»។
លោក យង់ គីមអេង យល់ថាដើម្បីទប់ស្កាត់ការបរិភោគបន្លែផ្លែឈើ និងត្រីសាច់ ដែលមានផ្ទុកសារធាតុគីមី ទីមួយ គឺរាជរដ្ឋាភិបាល ត្រូវពង្រឹងការត្រួតពិនិត្យទំនិញ និងអាហារគ្រប់ប្រភេទដែលនាំចូលពីប្រទេសជិតខាង និងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់។ មួយវិញទៀត ពលរដ្ឋត្រូវឧស្សាហ៍ដាំដុះបន្លែបង្ការ និងចិញ្ចឹមសត្វដោយខ្លួនឯងសម្រាប់បរិភោគប្រចាំថ្ងៃ ដើម្បីកាត់បន្ថយការប្រើប្រាស់ទំនិញមានសារធាតុគីមី ហើយធានាសុខភាព ព្រមទាំងអាចកាត់បន្ថយការចំណាយថែមទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។