"អ្នក​ផ្ទុក​សារធាតុ​ថ្នាំ​ញៀន​គឺ​ជា​ជន​រងគ្រោះ​ដែល​ត្រូវ​ការ​គាំពារ​និង​ព្យាបាល"

0:00 / 0:00

អង្គការ​ខាណា (Khana) បាន​ចេញ​ផ្សាយ​របាយការណ៍​ប៉ាន់ស្មាន​ថា កម្ពុជា​មាន​អ្នក​ប្រើប្រាស់​គ្រឿងញៀន ១៣.០០០​នាក់ ក្នុង​នោះ​អ្នក​ប្រើប្រាស់ ១.០៨៦​នាក់ នៅ​រាជធានី​ភ្នំពេញ។ មន្ត្រី​ក្រសួង​មហាផ្ទៃ ទទួល​បន្ទុក​គ្រឿងញៀន​បញ្ជាក់​ថា បញ្ហា​គ្រឿងញៀន​មិន​ត្រឹមតែ​វាយ​លុក​នៅ​តាម​ទីប្រជុំជន និង​ទីក្រុង​ទេ ទន្ទឹម​នឹង​នេះ ថ្នាំ​ញៀន​បាន​បន្ត​រីករាយ​ដាល់​បន្ថែម​ទៀត​ទៅ​ដល់​ជនបទ​ដែរ។

សំឡេង​អ្នក​ធ្លាប់​ប្រើប្រាស់​ថ្នាំ​ញៀន៖ «យើង​បាត់បង់​អារម្មណ៍​ខ្លួន​ឯង​ទី​មួយ​យើង​លេង​គ្រាន់​តែ​យើង​ដាក់​ចូល​ក្នុង​ខ្លួន​ហើយ យើង​បែក។ លេង​យូរៗ​ទៅ​យើង​បែក គេ​ហៅ​ថា​បែក ទី១ យើង​ចេះ​តែ​ស្ដាប់​ភាសា​ពី​ខាង​ក្រៅៗ គេ​ចង់​មក​ចាប់​យើង ប៉ូលិស​មក​ចាប់​យើង តាម​ពិត​ឥត​មាន​ទេ»

ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ជា​ដៃគូ​អភិវឌ្ឍន៍​ប្រយុទ្ធ​ប្រឆាំង​សារធាតុ​ថ្នាំញៀន​បាន​ចាត់​ទុក​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ថា គឺ​ជា​ក្រុម​គោលដៅ​ដែល​រងគ្រោះ ហើយ​ចាំបាច់​ណាស់​ត្រូវ​ការ​ការពារ និង​ព្យាបាល​ដោយ​យកចិត្ត​ទុកដាក់​ពី​សង្គម និង​ក្រុម​គ្រួសារ។

ការ​ថ្លែង​ដូច​នេះ​របស់​មន្ត្រី​ជាន់​ខ្ពស់​អង្គការ​ខាណា ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​ពិគ្រោះ​យោបល់​ស្ដីពី​យុទ្ធនាការ​គាំទ្រ និង​បញ្ឈប់​ទណ្ឌកម្ម​លើ​អ្នក​ប្រើប្រាស់​ថ្នាំញៀន កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មិថុនា ក្នុង​រាជធានី​ភ្នំពេញ។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខាណា លោក ជួប សុខចំរើន ឲ្យ​ដឹង​ថា មាន​អ្នក​ដែល​ធ្លាប់​ប្រើប្រាស់​សារធាតុ​ញៀន​ជា​ច្រើន​មក​ហើយ ក្រោម​ការ​គាំពារ​កម្មវិធី​ដោយ​អង្គការ​ខាណា ចាប់​តាំង​ពី​ឆ្នាំ​២០០៤ មក​ដែល​ពួក​គេ​បាន​វិល​ត្រឡប់​ទៅ​រក​សភាព​ដើម​វិញ។

ថ្វី​បើ​ពុំ​មាន​តួលេខ​ពិត​ប្រាកដ លោក ជួប សុខចំរើន យល់​ឃើញ​ថា ការ​ធ្វើ​សមាហរណកម្ម​របស់​ពួក​គេ​វិញ​នេះ បញ្ជាក់​ថា ប្រសិន​បើ​ពុំ​មាន​ការ​គាំពារ និង​មើល​ថែ​ពី​សង្គម​ទេ នោះ​ពួក​គេ​នឹង​មិន​មាន​ឱកាស​ទៀត​ឡើយ៖ «មាន​បងប្អូន​ដែល​គាត់​ទទួល​បាន​ចំណេះដឹង និង​ជំនាញ​តាមរយៈ​ការ​ផ្ដល់​ប្រឹក្សា​របស់​យើង ហើយ​យើង​ជំរុញ​គាត់ និង​បញ្ជូន​គាត់​ទៅ​រក​វិជ្ជាជីវៈ​ហ្នឹង គឺ​គាត់​បាន​ផ្ដាច់ការ​ប្រើប្រាស់​គ្រឿងញៀន​មែន»

ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក កែ គឹមយ៉ាន ថ្លែង​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ថា អ្នក​ប្រើប្រាស់ និង​ជួញ​ដូរ​គ្រឿងញៀន​ក្នុង​រយៈ​ពេល ៦​ខែ​នៅ​ដើម​ឆ្នាំ​២០១៦ នេះ មាន​ចំនួន​កើន​ឡើង ៨.៤០០​នាក់ ធៀប​នឹង​ឆ្នាំ​២០១៥។

អតីត​អ្នក​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន និង​ផ្ដាច់​សារធាតុ​ថ្នាំញៀន​នេះ គឺ​លោក អ៊ុក ថា រស់​នៅ​សង្កាត់​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ ពន្យល់​ថា ថ្នាំញៀន​នេះ​កាល​បើ​ចូល​ក្នុង​ខ្លួន​ហើយ​គឺ​ធ្វើ​ឲ្យ​បាត់បង់​ស្មារតី មាន​អារម្មណ៍​រវើរវាយ សប្បាយ និង​ភ្លេច​អស់​ទុក្ខ​កង្វល់៖ «ទី​មួយ​ប្រើប្រាស់​គ្រឿងញៀន​លើក​ដំបូង​គឺ​ប្រើប្រាស់​គ្រាប់។ ប្រើ​១​គ្រាប់​ចែក​ចេញ​គ្នា​ដល់​ទៅ ៨​នាក់។ វា​មាន​ក្លិន​ឈ្ងុយ​ដល់​ក្លិន​ឈ្ងុយ​ទៅ ជក់​ទៅ​គឺ​សប្បាយ​ណាស់។ ជក់​ទៅ​សប្បាយ​មែន ឆ្ងាញ់​ជាង​មុន។ វា​សប្បាយ ធ្វើ​ឲ្យ​បំបាត់​អស់​ទុក្ខ​ទាំង​ប៉ុន្មាន​ដែល​យើង​មាន»

មន្ត្រី​ទទួល​បន្ទុក​គ្រឿងញៀន​នៃ​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា សព្វថ្ងៃ​កម្ពុជា មាន​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ជាង ១​ម៉ឺន​នាក់ ក្នុង​នោះ​មាន​ជាង ៧​ពាន់​នាក់​កំពុង​ទទួល​ព្យាបាល​នៅ​មណ្ឌល​បណ្ដោះអាសន្ន​ទាំង​រដ្ឋ និង​ឯកជន​ចំនួន ១០។ ការ​ចរាចរ​គ្រឿងញៀន​ដែល​ធំ​បំផុត ត្រូវ​គេ​កំណត់​មុខសញ្ញា​ថា គឺ​ចេញ​មក​ពី​តំបន់​ត្រីកោណមាស។

ដោយ​ឡែក របាយការណ៍​របស់​អង្គការ​ខាណា វិញ​រក​ឃើញ​ថា មាន​ប្រជាពលរដ្ឋ​ជាង ១២​លាន​នាក់ ក្នុង​ចំណោម​បណ្ដា​ប្រទេស​ជាង ៩៣​ប្រទេស កំពុង​ប្រើប្រាស់​គ្រឿងញៀន​តាមរយៈ​ការ​ចាក់​សឺរ៉ាំង។ របាយការណ៍​នេះ​ក៏​បង្ហាញ​ពី​តួលេខ​ប៉ាន់​ប្រមាណ​ដែរ​ថា ប្រជាជន​កម្ពុជា ចំនួន ១៣​ម៉ឺន​នាក់ ប្រើប្រាស់​គ្រឿងញៀន តាម​រយៈ​ការ​ចាក់​សឺរ៉ាំង និង​ផ្ទាល់។ ក្រៅ​ពី​នេះ​វិញ អ្នក​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ប្រមាណ ១.៣០០​នាក់។ ទន្ទឹម​នឹង​អ្នក​រស់​នៅ​ជាមួយ​ជំងឺ​អេដស៍ ហើយ​ប្រើប្រាស់​គ្រឿងញៀន​តាមរយៈ​ការ​ចាក់​សឺរ៉ាំង ប្រមាណ​ជិត ២៥​ភាគរយ (២៤.៨) គឺ​ជា​អត្រា​មួយ​ដ៏​ខ្ពស់​បំផុត។

ម្យ៉ាង​វិញ​ទៀត នៅ​មាន​អត្រា​អ្នក​ប្រើប្រាស់​ម្ជុល និង​សឺរ៉ាំង​ឡើង​វិញ ដែល​មាន​សារធាតុ​គ្រឿងញៀន​ជិត ៣១​ភាគរយ (៣១.៩)។

មន្ត្រី​ក្រសួង​មហាផ្ទៃ ទទួល​ស្គាល់​ថា ការ​ទប់ស្កាត់​ការ​រត់ពន្ធ​គ្រឿងញៀន​នេះ គឺ​ពុំ​មែន​ជា​រឿង​ងាយស្រួល​ឡើយ។ លើស​ពី​នេះ អ្នក​រក​ស៊ី​គ្រឿងញៀន គឺ​ប៉ិនប្រសប់​ជាង​សមត្ថកិច្ច​ទៅ​ទៀត។ បើ​ទោះ​ជា​បែប​ណា ការ​បង្ក្រាប​កន្លង​ទៅ គេ​សង្កេត​ឃើញ​ថា ភាគ​ច្រើន​គឺ​ជា​មនុស្ស​ដែល​មាន​ឥទ្ធិពល​នៅ​ក្នុង​សង្គម មាន​បុណ្យស័ក្ដិ និង​ខ្នង​បង្អែក អាច​ជា​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល ឬ​ថា​អាច​ជា​សមត្ថកិច្ច​ជាដើម។

អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នាយ​ឧត្ដមសេនីយ៍ មាស វីរិទ្ធ ថ្លែង​ថា បញ្ហា​គ្រឿងញៀន​គឺ​ជា​បន្ទុក​មិន​មែន​តែ​កម្ពុជា​ទេ ប៉ុន្តែ​កង្វល់​នេះ​គឺ​នៅ​ជុំវិញ​ពិភពលោក។ លោក​បន្ត​ថា កម្ពុជា​គឺ​ប្រទេស​ដែល​ឆ្លងកាត់ និង​ការ​រត់ពន្ធ​គ្រឿងញៀន។ ការ​ចរាចរ​គ្រឿងញៀន​នេះ បាន​ទាញ​ឲ្យ​កម្ពុជា ត្រូវ​ជួប​នូវ​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​នេះ​ដែរ៖ «ការ​ផលិត ការ​ចរាចរ ការ​ដាំដុះ និង​ការ​ជួញដូរ​គ្រឿងញៀន​ទាំង​ធម្មជាតិ និង​សំយោគ គឺ​មាន​ការ​កើន​ឡើង ហើយ​ក្នុង​នោះ​ចំនួន​អ្នក​ប្រើប្រាស់​គ្រឿងញៀន​នៅ​លើ​ពិភពលោក​ក៏​មាន​ការ​កើន​ឡើង​ដែរ»

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ដុត​បំផ្លាញ​គ្រឿងញៀន​ជិត ១.៦០០​គីឡូក្រាម (១.៥៦៦) ដែល​គិត​ជា​ទឹក​លុយ​មាន​ទំហំ​ប្រមាណ​ជិត ១០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក។ តួលេខ​ដែល​បាន​បំផ្លាញ​នេះ គឺ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​៣​ករណី ដែល​សមត្ថកិច្ច​បង្ក្រាប​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នេះ។

មន្ត្រី​ជំនាញ​ក្រសួង​មហាផ្ទៃ​បញ្ជាក់​ថា ចំនួន​គ្រឿងញៀន​គឺ​នៅ​មាន​ច្រើន​ជាង​នេះ​ទៀត ដែល​សមត្ថកិច្ច​ចាប់​បាន ហើយ​និង​ត្រូវ​ដុត​បំផ្លាញ​ចោល​ក្នុង​ពេល​ខាង​មុខ។

ស្ថិត​ក្នុង​វ័យ​ប្រមាណ ៣៦​ឆ្នាំ លោក អ៊ុក ថា ឲ្យ​ដឹង​ថា លោក​ធ្លាប់​រស់​នៅ​ជា​មួយ​គ្រឿងញៀន​ជាង ១០​ឆ្នាំ ទម្រាំ​នឹង​ផ្ដាច់​បាន​នេះ គឺ​លោក​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​ដែល​មាន​នៅ​ក្នុង​គ្រួសារ និង​ខាត​​ពេល​វេលា​អស់​ជា​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ។

លោក​បន្ត​ថា ទម្រាំ​ភ្ញាក់​រលឹក​វិញ ស្ទើរ​ហួស​ពេល​ទៅ​ហើយ។ ជាង​នេះ​ទៀត លោក អ៊ុក ថា ចង់​ឃើញ​យុវជន និង​ពលរដ្ឋ​ទាំង​អស់​ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន៖ «ស្ដាយ​ក្រោយ​ជា​ខ្លាំង! ខ្ញុំ​ផ្ដាំផ្ញើ​ដល់​យុវជន​ជំនាន់​ក្រោយ​កុំ​ឲ្យ​សាកល្បង​គ្រឿងញៀន​ដូច​ជា​ខ្ញុំ​ជា​គំរូ​ស្រាប់។ គេ​ថា​លេង​គ្រឿងញៀន​ទៅ​សាច់​ស្អាត កុំ​ជឿ​គេ​ឲ្យ​សោះ។ លេង​គ្រឿងញៀន​ទៅ​ធ្វើ​ឲ្យ​យើង​ខូច​សុខភាព ឆាប់​ចាស់​ជាង​មុន និង​ធ្វើ​ឲ្យ​សង្គម​រឹត​តែ​ស្អប់​ខ្ពើម​យើង​កាន់​តែ​ខ្លាំង​ឡើង»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2016-06-28

រថយន្ត​ដែល​សមត្ថកិច្ច​បាញ់ ស្ទឹងត្រែង ៨៥៥

រថយន្ត​ដែល​សមត្ថកិច្ច​ខេត្ត​ស្ទឹងត្រែង បាញ់​ដោយ​សង្ស័យ​ថា​ដឹក​ឈើ​ខុស​ច្បាប់ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៦។

ស្ដាប់ ឬ ទាញ​យក​សំឡេង

00:00/00:00

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (ADHOC) អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខែត្រ និង​តំណាង​អយ្យការ​ខែត្រ​ស្ទឹងត្រែង ស៊ើប​អង្កេត​បន្ទាន់​ចំពោះ​ករណី​សមត្ថកិច្ច​ខែត្រ​ស្ទឹងត្រែង ប្រើប្រាស់​អាវុធ​បាញ់​រះ​លើ​រថយន្ត​ជា​ច្រើន​គ្រាប់​ដែល​សង្ស័យ​ថា ដឹក​ឈើ​ប្រណិត។ សមាគម​អាដហុក សម្ដែង​ក្ដី​បារម្ភ​ពី​ការ​ប្រើប្រាស់​អាវុធ​របស់​សមត្ថកិច្ច​ថា ជា​ទម្រង់​អាច​ប៉ះពាល់​ដល់​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​អសន្តិសុខ​សង្គម។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា ថា អនុប្រធាន​មន្ទីរ​ទំនាក់ទំនង​រដ្ឋសភា និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ​នគរបាល​ខែត្រ​ស្ទឹងត្រែង លោក ប៉ូ លី យក​កាំភ្លើង​បាញ់​រះ​លើ​រថយន្ត​សាំយ៉ុង (Samyung) និង​រថយន្ត​កាមេរី បាលែន (Camry) ដែល​សង្ស័យ​ថា ដឹក​ឈើ​ប្រណិត​ពី​ស្រុក​សៀមប៉ាង កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឋិត​នៅ​ចំណុច​ព្រៃ​ចាស់​លើ​ផ្លូវ​ជាតិ​លេខ​៧អា (7A) ក្នុង​ភូមិ​គីឡូ​លេខ​៨ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង។

​សមាគម​អាដហុក ចង់​ឃើញ​អាជ្ញាធរ​ពាក់ព័ន្ធ​ស្រាវជ្រាវ​រក​មូលហេតុ​នាំ​ឲ្យ​កើត​មាន​ករណី​ នេះ និង​ស្រាវជ្រាវ​រក​លិខិត​បេសកកម្ម​នានា​ទាក់ទិន​ការ​ប្រើប្រាស់​អាវុធ​របស់​ នគរបាល​ដើម្បី​បញ្ជាក់​ពី​ភាព​ស្រប​ច្បាប់។

មន្ត្រី​សម្របសម្រួល​នៃ​សមាគម​អាដហុក ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល សង្ស័យ​ថា ការ​បាញ់​រះ​លើ​រថយន្ត​ដឹក​ឈើ​ប្រណិត គឺ​ជា​ហេតុផល​ទារ​ប្រាក់​ដើម្បី​ជា​ថ្នូរ​ដោះលែង ឬ​ក៏​បាញ់​ដើម្បី​ឲ្យ​រថយន្ត​ឈប់​ដើម្បី​ជំរិត​ទារ​ប្រាក់។ លោក​ថា ប្រសិនបើ​សមត្ថកិច្ច​ទាំង​នោះ​ពុំ​មាន​បេសកកម្ម​ប្រើប្រាស់​អាវុធ ហើយ​បាន​បាញ់​ដោយ​សេរី គឺ​ជា​ទង្វើ​ខុស​ច្បាប់។ លោក​ថា ប្រសិន​សមត្ថកិច្ច​ទាំង​នោះ​មាន​លិខិត​បញ្ជា​បេសកកម្ម​ប្រើប្រាស់​អាវុធ ក៏​ពុំ​មាន​សិទ្ធិ​យក​កាំភ្លើង​បាញ់​បង្ក្រាប​អ្នក​រក​ស៊ី​ឈើ​ដែរ ដរាបណា​ជនល្មើស​មិន​មាន​អាវុធ​តដៃ។

លោក ហូ សំអុល បារម្ភ​ថា ការ​ប្រើប្រាស់​កាំភ្លើង​បាញ់​បោះ​ដោយ​សេរី​ពុំ​មាន​ច្បាប់ទម្លាប់​គឺ​ជា​ ទម្រង់​អសន្តិសុខ​សង្គម​ធ្ងន់ធ្ងរ​ដែល​ជា​ដើមចម​បង្ក​ភាព​ភ័យ​ខ្លាច​ដល់​ ពលរដ្ឋ៖ «បង្ក្រាប​ក្នុង​ឆន្ទៈ​បទល្មើស​ពិតប្រាកដ កុំ​ថា​ថ្ងៃ​ណា​ឈ្មួញ​ឲ្យ​លុយ ឬ​ក៏​ឧក្រិដ្ឋជន​ឲ្យ​លុយ​ទៅ​មិន​បង្ក្រាប បើកដៃ​ឲ្យ ថ្ងៃ​ណា​មិន​បាន​ឲ្យ​បែរ​ជា​បង្ក្រាប»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ស្នងការ​នគរបាល​ខែត្រ​ស្ទឹងត្រែង លោក ម៉ៅ តារា និង​អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក គៀត ចន្ថារិទ្ធ ដើម្បី​សុំ​ការ​អធិប្បាយ​បន្ថែម​ចំពោះ​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា។

ចំណែក​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា ការ​ផ្ទុះ​អាវុធ​ត្រូវ​មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ មិន​អាច​អាង​អំណាច​បាញ់​បោះ​ដោយ​សេរី​នោះ​ទេ។ លោក​ស្នើ​ឲ្យ​អភិបាល​ខែត្រ​ស្ទឹងត្រែង លោក ម៉ុម សារឿន ស៊ើប​អង្កេត​រក​ឫសគល់​ករណី​នេះ ហើយ​ចាត់វិធានការ​ផ្អែក​តាម​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អាវុធ៖ «ព្រោះ​អាវុធ​មិន​បាន​ចែង​បាញ់​បោះ​សេរី​ដើម្បី​អាង​ខ្លួន​ជា​ស្អី​ទេ មុន​ផ្ទុះ​អាវុធ​ត្រូវ​មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ។ ដូច្នេះ​ស្នើ​ឲ្យ​គណៈ​បញ្ជាការ​ឯកភាព​ខែត្រ (អភិបាលខែត្រ) មាន​វិធានការ​យ៉ាង​ម៉េច? ស៊ើបអង្កេត​ស្រាវជ្រាវ​តាមច្បាប់»

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក គៀត ចន្ថារិទ្ធ ធ្លាប់​មាន​ប្រសាសន៍​ថា មាន​បទល្មើស​ខ្លះ នគរបាល​បាន​យក​កាំភ្លើង​បាញ់​ហើយ​សរសេរ​ក្នុង​របាយការណ៍​ថា ផ្ទុះ​អាវុធ​ដោយ​អចេតនា។ លោក​ណែនាំ​ឲ្យ​នគរបាល​ទាំង​អស់​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ ជា​ពិសេស​ការប្រើប្រាស់​អាវុធ​ជាដើម ហើយ​លោក​ក៏​ជំរុញ​ឲ្យ​ន​របាល​អនុវត្ត​ច្បាប់​ដោយ​យុត្តិធម៌ ស្មោះត្រង់ និង​មាន​វិជ្ជាជីវៈ៖ «ដេញ​គេ​ពី​ក្រោយ បាញ់​គេ ដល់​ដាក់​របាយការណ៍​មក​ថា ផ្ទុះ​អាវុធ​ដោយ​អចេតនា។ លេង​របៀប​ហ្នឹង​អត់​បាន​ទេ! នគរបាល​ត្រូវ​យុត្តិធម៌ ស្មោះត្រង់ និង​វិជ្ជាជីវៈ សុខទុក្ខ​ពលរដ្ឋ​នៅ​លើ​ដៃ​របស់​នគរបាល នៅ​លើ​ប៊ិច​របស់​នគរបាល»

​លោក ហូ សំអុល កត់សម្គាល់​ថា កាល​ពី​ចុង​ខែ​ឧសភា ឆ្នាំ​២០១៦ មាន​ករណី​បាញ់​បោះ​បណ្ដាល​ឲ្យ​ពលរដ្ឋ​ភ្ញាក់ផ្អើល​នៅ​ពេល​ឮ​សំឡេង​កាំភ្លើង​ បាញ់​រះ​ច្រើន​គ្រាប់​ចេញ​ពី​បរិវេណ​ផ្ទះ​អតីត​អភិបាល​ខែត្រ​ស្ទឹងត្រែង លោក ឡូយ សូផាត បច្ចុប្បន្ន​ជា​តំណាងរាស្ត្រ​មណ្ឌល​ខែត្រ​ស្ទឹងត្រែង តែ​មក​ទល់​ពេល​នេះ សមត្ថកិច្ច​មិនទាន់​បង្ហាញ​មូលហេតុ​នៃ​ការ​បាញ់​បោះ​នោះ​នៅ​ឡើយ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។