ផ្លូវជាតិលេខ៦អា (6A) ដែលកំពុងធ្វើលាតសន្ធឹងពីភ្នំពេញ តាមខេត្តកណ្ដាល និងដល់ស្រុកចំនួនបីក្នុងខេត្តកំពង់ចាម កំពុងហុយដីទ្រលោម។ ពលរដ្ឋរស់នៅទីនោះ និងអ្នកធ្វើដំណើររអ៊ូរទាំថា ក្រុមហ៊ុនម៉ៅការធ្វើផ្លូវ មិនបានយកចិត្តទុកដាក់លើបញ្ហានេះ។ ប្រជាពលរដ្ឋសំណូមពរឲ្យក្រុមហ៊ុនម៉ៅការ ស្រោចទឹកយ៉ាងហោចណាស់មួយថ្ងៃបីដង។ ទាក់ទងរឿងនេះដែរ តើអាជ្ញាធរមានចំណាត់ការយ៉ាងណាហើយចំពោះក្រុមហ៊ុនម៉ៅការ? ចំណែកពលរដ្ឋ តើពួកគេប៉ះពាល់យ៉ាងណាដល់សុខភាព?
ដីហុយដូចអ័ព្ទធ្លាក់នៅពេលមានម៉ូតូ ឬឡានបើកឆ្លងកាត់ផ្លូវជាតិលេខ៦អា ដែលកំពុងធ្វើ។ ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវ អះអាងថាក្រុមហ៊ុនស្ទើរតែមិនស្រោចទឹក បើទោះពួកគេស្នើសុំយ៉ាងណាក៏ដោយ។
អង្គុយក្រោមផ្ទះសង់ពីឈើដែលព័ទ្ធជុំវិញដោយលំអងធូលីដី ប្រជាពលរដ្ឋរស់នៅភូមិល្វាង ឃុំថ្នល់ដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម លោក អូ ថេន រៀបរាប់ថា ចាប់តាំងពីមានការធ្វើផ្លូវ ដីក៏ចាប់ផ្ដើមហុយគ្មានសល់មួយថ្ងៃដែរ។ លោកថា លោកសប្បាយចិត្តចំពោះការធ្វើផ្លូវនេះ ប៉ុន្តែទាមទារឲ្យក្រុមហ៊ុន និងរដ្ឋាភិបាល គួរគិតគូរពីសុខភាពពលរដ្ឋផង៖ «គេមិនបាញ់ទឹកឲ្យសោះ ហុយមើលអីឃើញ»។
ពលរដ្ឋមួយរូបទៀត លោកស្រី សឿន វ៉ាន ឲ្យដឹងថា ចាប់តាំងពីដីហុយខ្លាំងមក កូនអ្នកស្រីឈឺ និងក្អកគ្រប់ៗគ្នា។ លោកស្រីថា ពេលខ្លះលោកស្រីត្រូវយកកូនតូចទៅស្នាក់នៅផ្ទះអ្នកផ្សេងដែលនៅឆ្ងាយពីផ្លូវ។ ស្ត្រីរូបនេះ ទាមទារឲ្យក្រុមហ៊ុនជួយស្រោចទឹកជាប្រចាំ ឬយ៉ាងហោចណាស់ឲ្យបានមួយថ្ងៃបីដង គឺពេលព្រឹក ពេលថ្ងៃ និងពេលល្ងាច៖ «កូនឈឺក្អកឃើញស្លេះឡើងក្រហម»។
ផ្ទះប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវជាតិលេខ៦អា ផ្ទះខ្លះបិទទ្វារចោល ផ្ទះខ្លះទៀតត្រូវធូលីដីព័ទ្ធជុំជិតឃើញតែដីក្រហម។ ចំណែកអ្នកប្រកបរបរលក់ដូរចំណីអាហារ អ្នកខ្លះប្ដូរមុខរបរផ្សេង និងអ្នកខ្លះទៀតបានផ្អាកលក់ដូរ ដោយរង់ចាំផ្លូវធ្វើរួច ទើបចាប់ផ្ដើមលក់ដូរវិញ។
លោក ឆាយ ចំរើន ជាអ្នកលក់បាយតាមបណ្តោយផ្លូវនេះ ឲ្យដឹងថា ចាប់តាំងពីដីហុយ ភ្ញៀវមកហូបបាយនៅហាងរបស់លោកថយចុះខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។ លោកសំណូមពរឲ្យក្រុមហ៊ុនម៉ៅការ ធ្វើផ្លូវឲ្យបានលឿន និងជួយស្រោចទឹកជាប្រចាំ៖ «ភ្ញៀវថយចុះប្រហែល ៧០ភាគរយ។ លក់រាល់ថ្ងៃកុំឲ្យដាច់ម៉ូយ»។
ផ្លូវជាតិលេខ៦អា ដំណើរការសាងសង់ក្រោមប្រាក់កម្ចីឥណទានពីរដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រុមហ៊ុនចិន ឈ្មោះ សៀង ហៃ ទទួលបានសិទ្ធិម៉ៅការសាងសង់ផ្លូវនេះ។ ផ្លូវថ្មីនេះជាប្រភេទផ្លូវធំ ឬហៅថាផ្លូវហាយវ៉េ (High Way) ដែលមានទទឹងប្រវែងជាង ៣០ម៉ែត្រ និងទ្រូងផ្លូវសួនច្បារថែមទៀតផង។
អ្នកបើកបរឡានម្នាក់នៃក្រុមហ៊ុននេះថ្លែងសុំមិនបញ្ចេញឈ្មោះ ឲ្យវិទ្យុអាស៊ីសេរី ដឹងថា ក្នុងនាមលោកជាអ្នកធ្វើការងារនៅទីនេះ ក៏មានការលំបាកចំពោះដីហុយនេះដែរ។ លោកថា បុគ្គលិកផ្សេងៗទៀតធ្លាប់បានស្នើឲ្យថៅកែក្រុមហ៊ុនម៉ៅការនេះ ស្រោចទឹកដែរ ប៉ុន្តែថៅកែក្រុមហ៊ុនមិនបានស្តាប់តាមទេ៖ «គ្រឿងចក្រចិន ប្រើមិនគ្រប់គ្រាន់ គេមិនសូវគិតរឿងសុខភាព»។
រថយន្តដែលបើកបរឆ្លងកាត់ផ្លូវនេះ ភាគច្រើន គឺបើកបរក្នុងល្បឿនលឿន ទោះដីហុយខ្លាំងយ៉ាងណាក្តី។ អ្នកភូមិថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងញឹកញាប់ណាស់ ដោយសារតែដីហុយមើលគ្នាមិនឃើញ។
វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺពីតំណាងក្រុមហ៊ុន សៀង ហៃ បានទេ។ បុគ្គលិកផ្នែកបើកឡានទឹកនៃក្រុមហ៊ុននេះម្នាក់ ប្រាប់ឲ្យដឹងថា ក្រុមហ៊ុនខ្វះឡាន និងពិបាករកទឹកស្រោច ដូច្នេះក្រុមការងារមិនអាចស្រោចទឹកបានគ្រប់កន្លែងទេ។ លោកថា ក្រុមការងារផ្ដោតយកចិត្តទុកដាក់ការស្រោចទឹកតែកន្លែងសំខាន់ៗ ដូចជាទីប្រជុំជន និងនៅការដ្ឋានប៉ុណ្ណោះ៖ «យើងមិនអាចស្រោចបានទាំងអស់ផ្លូវវែងពេក»។
ចំណែកអភិបាលស្រុកបាធាយ ខេត្តកំពង់ចាម លោក ឡោ ចាន់លី ថ្លែងឲ្យដឹងថា កន្លងមកអភិបាលខេត្តកំពង់ចាម និងលោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានអន្តរាគមន៍រឿងដីហុយនេះដែរ ប៉ុន្តែលោកថា ក្រុមហ៊ុនមិនអាចអនុវត្តតាមការស្នើសុំទាំងស្រុងបានទេ។ ទោះយ៉ាងណាក្តី លោកអភិបាលស្រុក ស្នើពលរដ្ឋឲ្យអត់ធ្មត់ និងទាមទារឲ្យអ្នកបើកបរកុំបើកបរក្នុងល្បឿនលឿនលើផ្លូវកំពុងធ្វើនេះ៖ «សូមបងប្អូនពលរដ្ឋ និងអ្នកធ្វើដំណើរមានការយោគយល់»។
ទាក់ទងរឿងសុខភាព ប្រធានគ្លីនិក ជិន ណាន លោកវេជ្ជបណ្ឌិត ផេង ហុល ពន្យល់ថា ប្រជាពលរដ្ឋដែលរស់នៅកន្លែងដីហុយ ប៉ះពាល់ខ្លាំងដល់ផ្លូវដង្ហើម។ លោកវេជ្ជបណ្ឌិតផ្តល់ដំបូន្មានថា ពលរដ្ឋត្រូវពាក់ម៉ាស ឬរុំមុខឲ្យជិត និងត្រូវការងារភ្នែកដោយលាងសម្អាតភ្នែកឲ្យបានញឹកញាប់៖ «ជំងឺផ្លូវដង្ហើមប៉ះពាល់សួត ដីហុយធ្វើឲ្យមេរោគចូលសួត»។
តាមគម្រោង ផ្លូវជាតិលេខ៦អា ចាប់ពីភ្នំពេញ រហូតដល់រង្វង់មូលស្រុកស្គន់ ខេត្តកំពង់ចាម នឹងត្រូវបញ្ចប់នៅមុនបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ៕
វីដេអូស្ដីពីការធ្វើផ្លូវជាតិលេខ៦អា
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។