ក្រសួងសុខាភិបាល បានសម្ពោធឲ្យប្រើប្រាស់អគារវះកាត់កុមារមួយ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅព្រឹកថ្ងៃទី៣១ ខែមីនា ដើម្បីជួយវះកាត់កុមារឆែបមាត់ ឆែបក្រអូម និងពិការមុខមាត់នៅកម្ពុជា ក្រោមជំនួយឧបត្ថម្ភពីអង្គការ អុបភឺរ៉េស៊ិន ស្មាល (Operation Smile)។
អគារវះកាត់កុមារមាត់ឆែប ត្រូវបានសម្ពោធប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣១ មីនា ដោយធ្វើការវះកាត់ដោយឥតគិតថ្លៃ។
លោកសាស្ត្រាចារ្យនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ងី ម៉េង ឲ្យដឹងក្នុងពិធីសម្ពោធអគារវះកាត់កុមារថា ខាងមន្ទីរពេទ្យបានសហការជាមួយអង្គការ អុបភឺរ៉េស៊ិន ស្មាល ជួសជុល និងសាងសង់បន្ទប់វះកាត់នៅជាន់ទី៣ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អស់ថវិកាជាង ១សែន ៦ម៉ឺនដុល្លារ (១៦២.១៥២,៧០ដុល្លារ)។ អង្គការ អុបភឺរ៉េស៊ិន ស្មាល ក៏បានឧបត្ថម្ភនូវឧបករណ៍វះកាត់ និងគ្រឿងបរិក្ខារវេជ្ជសាស្ត្រដល់មន្ទីរពេទ្យសរុបប្រមាណជាង ២លាន ៦សែនដុល្លារ (២.៦៦៣.១៨០ដុល្លារ) សម្រាប់ប្រើប្រាស់ក្នុងបេសកកម្មវះកាត់កុមារឆែបមាត់ដោយឥតគិតថ្លៃ។
ចាប់តាំងពីឆ្នាំ២០០២ ដល់ដើមឆ្នាំ២០១៤ អង្គការ អុបភឺរ៉េស៊ិន ស្មាល កម្ពុជា បានជួយធ្វើការវះកាត់ដោយឥតបង់ប្រាក់ និងជួយឧបត្ថម្ភដល់ការស្នាក់នៅ អាហារហូបចុក ចំណាយលើការធ្វើដំណើរពីតាមបណ្ដាខេត្ត បានចំនួន ៣៥លើក សរុបចំនួនជាង ៣ពាន់នាក់ (៣.២៩២នាក់)។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ថ្លែងថា អគារវះកាត់ថ្មីនេះនឹងចូលរួមចំណែកមួយផ្នែកទៀតដល់មន្ទីរពេទ្យសម្រាប់ផ្តល់សេវាថែទាំព្យាបាលជូនពលរដ្ឋ ពិសេសចូលរួមអភិវឌ្ឍក្នុងការកាត់បន្ថយភាពឆែបមាត់នៅកម្ពុជា៖ «បានរួមចំណែកមួយផ្នែកទៀតយ៉ាងសំខាន់ដល់មន្ទីរពេទ្យ ក្នុងការផ្តល់សេវាថែទាំព្យាបាលជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់ រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា យើង»។
លោកស្រី សំា ហ៊យ មកពីខេត្តព្រៃវែង ដែលមានកូនអាយុ ៧ខែ មានមាត់ឆែប ឲ្យដឹងថា គាត់ស្នាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ២ថ្ងៃហើយ ដើម្បីរង់ចាំឲ្យគ្រូពេទ្យវះកាត់មាត់ឆែបកូនគាត់។ លោកស្រីបន្តថា ប្រសិនគ្រូពេទ្យយកថ្លៃសេវាព្យាបាលនោះ គាត់នឹងត្រឡប់ទៅផ្ទះវិញ ព្រោះអត់លុយវះកាត់។ ប៉ុន្តែ គ្រូពេទ្យប្រាប់ថា ការវះកាត់នោះឥតគិតថ្លៃសេវា ហើយឧបត្ថម្ភថ្លៃអាហារ និងធ្វើដំណើរថែមទៀត៖ «គេ (គ្រូពេទ្យ) ប្រាប់ថាគេដេរនោះអត់យកលុយទេ យើងគ្រាន់តែអស់លុយថ្លៃហូបចុក ដល់ពេទ្យគេមកប្រាប់ថាឲ្យបាយយើងហូបដែរ»។
អង្គការ អុបភឺរ៉េស៊ិន ស្មាល បានចុះកិច្ចព្រមព្រៀងជាមួយក្រសួងសុខាភិបាល កាលពីថ្ងៃទី១៧ មីនា ឆ្នាំ២០០៣ អំពីការវះកាត់កុមារឆែបមាត់ ឆែបក្រអូម និងពិការមុខមាត់នៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។