គ្រូពេទ្យ​នៅ​ខេត្ត​កណ្ដាល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​ព្យាបាល​ជំងឺ​ភ្នែក​ឥត​គិត​ថ្លៃ

គ្រូពេទ្យ​ភ្នែក​ខេត្ត​កណ្ដាល អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​មាន​បញ្ហា​ភ្នែក ឬ​ជំងឺ​ភ្នែក​ឱ្យ​រួសរាន់​មក​ទទួល​សេវា​ពិនិត្យ និង​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ នៅ​មន្ទីរពេទ្យ​បង្អែក​រកាកោង ស្រុក​មុខកំពូល ខេត្ត​កណ្ដាល។

ប្រធាន​សុខភាព​ភ្នែក​ខេត្ត​កណ្ដាល និង​ជា​ប្រធាន​ផ្នែក​ចក្ខុរោគ​នៃ​អគារ​ភ្នែក មន្ទីរពេទ្យ​ជ័យជំនះ ខេត្ត​កណ្ដាល លោក​វេជ្ជបណ្ឌិត លន់ ម៉ារ៉ា មាន​ប្រសាសន៍​ថា ក្រុម​គ្រូ​ពេទ្យ​ភ្នែក​ខេត្ត​កណ្ដាល បើក​យុទ្ធនាការ​ពិនិត្យ​ព្យាបាល​ជំងឺ​ភ្នែក​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ រយៈ​ពេល ៥​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១៣ កុម្ភៈ ឆ្នាំ​២០១៤។

លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា សេវា​វះកាត់​ជំងឺ​ភ្នែក​ឥត​គិត​ថ្លៃ​នេះ គឺ​សហការ​ជា​មួយ​មូលនិធិ​អន្តរជាតិ​នៅ​ប្រទេស​អូស្ត្រាលី ឈ្មោះ ហ្វ្រិដ ហូឡូ (Fred Hollows) ដែល​ធ្វើ​ការ​ផ្ដោត​លើ​ជំងឺ​ភ្នែក។

លោក​វេជ្ជបណ្ឌិត លន់ ម៉ារ៉ា ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៩ កុម្ភៈ លោក​វះកាត់​បញ្ហា​ភ្នែក​ជូន​ពលរដ្ឋ​បាន​ជាង ២០​ករណី និង​ទទួល​ពិគ្រោះ​ព្យាបាល​ជិត ១០០​ករណី។ ជំងឺ​ភ្នែក​ដែល​លោក​បាន​ទទួល​ភាគ​ច្រើន គឺ​ជំងឺ​ភ្នែក​ឡើង​បាយ កន្ទុយ​ថ្លែន ប្រែង​ចាក់​ភ្នែក និង​ជំងឺ​ឡើង​សម្ពាធ​ភ្នែក​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។