សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា បានពណ៌នាថា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១១ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានកោះហៅលោក ចេហ្វ ដៃហ្គល (Jeff Daigle) អនុប្រធានបេសកកម្ម និងជាភារធារីនៃស្ថានទូតសហរដ្ឋអាមេរិក នៅរាជធានីភ្នំពេញ ដើម្បីសម្ដែងការតវ៉ាជំទាស់នឹងរបាយការណ៍របស់លោក អាឡិចហ្សិនឌឺ អាវីស្សូ (Alexander Arvizu) ជាអតីតអនុប្រធានបេសកកម្មរបស់ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០២ ហើយត្រូវបានចេញផ្សាយដោយគេហទំព័រវីគីលិគ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១១ ទាក់ទងនឹងប្រវត្តិរូបរបស់លោក ហោ ណាំហុង។
សេចក្ដីថ្លែងការណ៍បានបន្តថា លោក ហោ ណាំហុង បានស្នើសុំឲ្យលោក ចេហ្វ ដៃហ្គល ជម្រាបជូនក្រសួងការបរទេសសហរដ្ឋអាមេរិក អំពីការជំទាស់យ៉ាងខ្លាំងទៅនឹងរបាយការណ៍របស់លោក អាឡិចហ្សិនឌឺ អាវីស្សូ ដែលលោកមិនអាចទទួលយកបាន ដោយចាត់ទុកថា ជារបាយការណ៍បរិហារកេរ្តិ៍មកលើរូបលោក។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានមានប្រសាសន៍នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១១ ថា របាយការណ៍នោះខុសពីការពិត ៖ «របាយការណ៍នេះគឺសរសេររបៀបមួលបង្កាច់ ប៉ះពាល់ដល់កិត្តិយសដ៏ធ្ងន់ធ្ងររបស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដូច្នេះឧបនាយករដ្ឋមន្ត្រី លោកកោះហៅភារធារីស្ដីទីស្ថានទូតសហរដ្ឋអាមេរិក កាលពីម្សិលមិញ (១៤ កក្កដា) ដើម្បីធ្វើការតវ៉ាចំពោះរបាយការណ៍នេះ»។
វិទ្យុអាស៊ីសេរី បានទាក់ទងតាមប្រព័ន្ធសារអេឡិចត្រូនិក (Email) ទៅស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា ដើម្បីសុំអត្ថាធិប្បាយជុំវិញការកោះហៅនេះ។
អ្នកនាំពាក្យនៃស្ថានទូតសហរដ្ឋអាមេរិក លោក ម៉ាក វេនិគ (Mark Wenig) និងជាមន្ត្រីកិច្ចការងារសាធារណៈនៃស្ថានទូត បានមានប្រសាសន៍តាមប្រព័ន្ធអ៊ីម៉េលថា យើងនឹងមិនធ្វើអត្ថាធិប្បាយណាមួយលើអត្ថបទរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានលេចធ្លាយនោះទេ។
លោកបានបន្តថា ទោះបីជាយ៉ាងណាក្ដី លោកភារធារី ដៃហ្គល បានបញ្ជាក់ទៅរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា កាលពីម្សិលមិញ គឺថ្ងៃទី១៤ កក្កដា ថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា នៅតែរឹងមាំ និងឈរលើផលប្រយោជន៍ និងគោលដៅរួមគ្នា។ យើងជឿជាក់ថា ក្នុងភាពជាដៃគូ គឺរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ធ្វើការងារយ៉ាងខ្លាំងក្លាដើម្បីកសាងទំនាក់ទំនងល្អនៅកម្ពុជា។
ឯកសាររបស់វីគីលិគជាច្រើនរយទំព័រ ត្រូវបានចេញផ្សាយនៅលើគេហទំព័រ ខេ.អាយ. មីឌា (KI-Media) នៅពេលថ្មីៗនេះ ចុះផ្សាយផ្ដោតលើរបាយការណ៍សម្ងាត់របស់ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា ផ្ញើជូនក្រសួងការបរទេសសហរដ្ឋអាមេរិកលើបញ្ហាជាច្រើន រាប់ទាំងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ការបង្កើតច្បាប់គ្រប់គ្រងអង្គការសង្គមស៊ីវិលដ៏ចម្រូងចម្រាស ការតវ៉ាជំទាស់របស់មន្ត្រីរដ្ឋាភិបាលមិនចង់ឲ្យបង្កើតគណៈកម្មាធិការស៊ើបអង្កេតអំពើពុករលួយនៅក្នុងសាលាក្ដីខ្មែរក្រហម រួមទាំងការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ និងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ជាដើម៕