WHO៖ អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​កម្ពុជា​កើន​ឡើង

0:00 / 0:00

ក្រុម​អ្នក​ជំនាញ​ផ្នែក​សុខភាព​បាន​ចាត់​ទុក​ជំងឺ​ទឹក​នោម​ផ្អែម​ជា​ឃាតក​ដែល​សម្លាប់​ជីវិត​មនុស្ស​ដោយ​ស្ងៀមស្ងាត់។ បច្ចុប្បន្ន​នេះ នៅ​លើ​ពិភពលោក មាន​មនុស្ស ៣៤៧​លាន​នាក់​កើត​ជំងឺ​ទឹក​នោម​ផ្អែម។ ក្នុង​នោះ​ជាង ៨០% នៃ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​ទឹកនោមផ្អែម គឺ​ស្ថិត​នៅ​ក្នុង​ប្រទេស​ដែល​ប្រជាពលរដ្ឋ​មាន​ប្រាក់​ចំណូល​ទាប ឬ​មធ្យម។

តើ​នៅ​ប្រទេស​កម្ពុជា ស្ថានភាព​ជំងឺ​ប្រភេទ​នេះ​ស្ថិត​ក្នុង​កម្រិត​ណា​ដែរ?

របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បង្ហាញ​ថា គិត​ចាប់ពី​ឆ្នាំ​២០០០ មក ចំនួន​អ្នក​ជំងឺ​ទឹកនោមផ្អែម​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ការ​កើន​ឡើង​រហូត។

ជំងឺ​ទឹកនោមផ្អែម​ត្រូវ​បាន​ចាត់​ចូល​ក្នុង​ជំពូក​ជំងឺ​មិន​ឆ្លង​បួន​ប្រភេទ​សំខាន់ៗ ដែល​រួមមាន​ជំងឺ ៣​ផ្សេង​ទៀត គឺ​រោគ​សរសៃ​ឈាម​បេះដូង ជំងឺ​មហារីក និង​ជំងឺ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ។

មន្ត្រី​បច្ចេកទេស​ទទួល​បន្ទុក​កម្មវិធី​ជំងឺ​មិន​ឆ្លង​នៃ​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​នៅ​ប្រទេស​កម្ពុជា លោក​វេជ្ជបណ្ឌិត ឃឹម សំអាត ឱ្យ​ដឹង​ថា តាម​តួលេខ​នៃ​ការអង្កេត​កាល​ពី​ជាង ៣​ឆ្នាំ​មុន ប្រទេស​កម្ពុជា មាន​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​ចំនួន​ប្រមាណ ២​សែន​នាក់។ តួលេខ​នេះ​គឺ​កើន​ឡើង​ទ្វេ​ដង បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០០០ ដែល​មាន​ត្រឹមតែ​ជាង ១​សែន​នាក់​ប៉ុណ្ណោះ។

លោក​វេជ្ជបណ្ឌិត ឃឹម សំអាត៖ «តាម​សិន​ជា​យើង​និយាយ​អំពី​តួលេខ​នៅ​ក្នុង​ឆ្នាំ​២០១០ ដែល​ជា​តួលេខ​លើក​ទី​១ ដែល​ប្រទេស​កម្ពុជា បាន​ធ្វើ​ការអង្កេត​ជា​លក្ខណៈ​ថ្នាក់​ជាតិ​១ នៅ​ទូទាំង​ប្រទេស គឺ​អត្រា​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​មាន​ប្រមាណ​ជា ២,៩% ហើយ​បើ​គិត​ចំនួន​ប្រជាពលរដ្ឋ​វិញ គឺ​មាន​ប្រហែល​ជា​ជាង ២​សែន​នាក់។ ការ​ធ្វើ​អង្កេត​ហ្នឹង គឺ​យើង​ផ្អែក​ទៅ​លើ​ស្ថិតិ​ជំរឿន​ចុង​ក្រោយ​នៅ​ឆ្នាំ​២០០៨ គឺ​ចំនួន​ប្រជាពលរដ្ឋ​មាន​ប្រមាណ​ជា ១៣​លាន​នាក់ ដោយ​អង្កេត​ទៅ​លើ​​ក្រុម​ប្រជាពលរដ្ឋ​ពេញ​វ័យ​ដែល​មាន​អាយុ​ចន្លោះ​ពី ២៥​ឆ្នាំ ទៅ ៦៤​ឆ្នាំ»

​អង្គការ​សុខភាព​ពិភពលោក​បាន​កំណត់​យក​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ជា​ទិវា​ពិភពលោក ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​មាន​ការ​ស្វែង​យល់ និង​ទប់ស្កាត់​ជំងឺ​ទឹកនោមផ្អែម។ តាម​ការ​ប៉ាន់ប្រមាណ​ក្នុង​មួយ​ឆ្នាំៗ ជំងឺ​នេះ​បាន​បណ្ដាល​ឱ្យ​មនុស្ស​ប្រមាណ ៤​លាន​នាក់​ស្លាប់​នៅ​លើ​ពិភពលោក។ ចំនួន​អ្នក​ស្លាប់​ដោយ​ជំងឺ​ទឹក​នោម​ផ្អែម​នឹង​កើន​ឡើង​ទ្វេ​ដង នៅ​ឆ្នាំ​២០៣០។ អត្រា​នៃ​អ្នក​កើត​ជំងឺ​នេះ​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​តាម​ទ្វីប​នានា​ទូទាំង​ពិភពលោក។ ដោយ​ឡែក​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​រួម​មាន​ទាំង​ប្រទេស​កម្ពុជា ផង​នោះ ក្នុង​ចំណោម​មនុស្ស​ពេញ​វ័យ ៥​នាក់ មាន​ម្នាក់​កើត​ជំងឺ​ទឹក​នោម​ផ្អែម។

លោក​វេជ្ជបណ្ឌិត ឃឹម សំអាត គូស​បញ្ជាក់​ថា អាស្រ័យ​ហេតុ​នេះ​ហើយ ទើប​ជាទូទៅ​ការ​អង្កេត​ស្រាវជ្រាវ​អំពី​ស្ថានភាព​ជំងឺ​ទឹកនោមផ្អែម គឺ​ធ្វើ​ឡើង​ទៅ​លើ​ក្រុម​ពលរដ្ឋ​មាន​អាយុ​ចន្លោះ​ពី ២៥​ឆ្នាំ ទៅ ៦៤​ឆ្នាំ ជា​ក្រុម​មនុស្ស​ដែល​មាន​ការ​ប្រឈម​ខ្លាំង​ក្នុង​ការ​កើត​ជំងឺ​ទឹកនោមផ្អែម ជាពិសេស​ស្ត្រី៖ «បើ​យើង​មើល​ទៅ​លើ​ការ​អង្កេត​ហ្នឹង យើង​ឃើញ​ថា ស្ត្រី​មាន​អត្រា ៣,៣% រីឯ​បុរស​មាន​អត្រា ២,៥%។ មាន​ន័យ​ថា ស្ត្រី​កើត​ច្រើន​ជាង​បុរស ពីព្រោះ​ការ​អង្កេត​នោះ យើង​បាន​ឆ្លុះ​បញ្ចាំង​ផង​ដែរ​អំពី​របៀប​រប​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​គាត់ ដូចជា​ការ​ទម្លាប់​ហាត់ប្រាណ ការ​ទម្លាប់​បញ្ចេញ​កម្លាំង​កាយ​ជា​ប្រចាំ​ថ្ងៃ ការ​ទទួល​ទាន​នូវ​របប​អាហារ ។ល។ ជា​កត្តា​មួយ​ដែល​នាំ​ឱ្យ​គាត់​លើស​ទម្ងន់ ឡើង​គីឡូ ដែល​ជា​មូលហេតុ​មួយ​ធ្វើ​ឱ្យ​កើត​ជំងឺ​ទឹកនោមផ្អែម​នេះ​ផង​ដែរ»

ប៉ុន្តែ​ការ​អង្កេត​រក​ឃើញ​ថា ពលរដ្ឋ​ដែល​រស់​នៅ​ទីក្រុង គឺ​ប្រឈម​មុខ​នឹង​បញ្ហា​ជំងឺ​ទឹកនោមផ្អែម ច្រើន​ជាង​ពលរដ្ឋ​ដែល​រស់​នៅ​ទី​ជនបទ​ស្រុកស្រែ​ចម្ការ។

លោក​វេជ្ជបណ្ឌិត ឃឹម សំអាត អធិប្បាយ​អំពី​មូលហេតុ​ចម្បងៗ ដែល​នាំ​ឱ្យ​អ្នក​ទីក្រុង​សំបូរ​កើតរោគ​ប្រភេទ​នេះ ជាពិសេស​គឺ​ការវិវត្តន៍ ឬ​ក៏​ការ​ផ្លាស់ប្ដូរ​ទៅ​រក​ភាព​ទំនើប​ទាន់​សម័យ​នៅ​ក្នុង​ប្រទេស​នីមួយៗ ហើយ​និង​នៅ​លើ​សកលលោក ដែល​ជះឥទ្ធិពល​ទៅលើ​ឥរិយាបថ និង​ទម្លាប់​នៃ​ការ​រស់​នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ។

លោក​វេជ្ជបណ្ឌិត ឃឹម សំអាត៖ «ដោយសារ​តែ​សកលភាវូបនីយកម្ម នគរូបនីយកម្ម នាំ​ឱ្យ​ប្រជាពលរដ្ឋ​មាន​និន្នាការ ទំនោរ​ទៅ​រក​ការ​ទទួល​ទាន​នូវ​របប​អាហារ ដែល​មាន​ចំនួន​កាឡូរី​ខ្ពស់ អាហារ​មាន​ជាតិ​ស្ករ ជាតិ​ខ្លាញ់ ជាតិ​អំបិល អាហារ​កែច្នៃ​មួយ​ចំនួន អាហារ​ខ្ចប់​វេច អាហារ​កំប៉ុង នំ មាន​លក់​នៅ​ផ្សារ​ទំនើប អាហារ​ទាន់​ចិត្ត ដូចជា​ឥឡូវ​យើង​មាន ប៊ើហ្គឺ ភិតហ្សា ភ្លៅ​មាន់​ចៀន ។ល។ ហើយ​និង​ការ​ផ្លាស់ប្ដូរ​ពី​ការ​បញ្ចេញ​កម្លាំងកាយ​ជា​ប្រចាំ។ ឧទាហរណ៍ ផ្លាស់ប្ដូរ​ពី​ការ​ទម្លាប់​ជិះ​កង់ ឬ​មួយ​ក៏​ដើរ​ក្នុង​ចម្ងាយ​មួយ​ដែល​អាច​ដើរ​បាន ផ្ទុយ​ទៅ​វិញ​ប្រើប្រាស់​យានយន្ត មាន​ម៉ូតូ ឡាន។ ហើយ​កត្តា​មួយ​ទៀត គឺ​គាត់​ជក់បារី និង​ទទួល​ទាន​គ្រឿង​ស្រវឹង»

​ជំងឺ​ទឹកនោមផ្អែម​អាច​ធ្វើ​ឱ្យ​ងងឹត​ភ្នែក ខូច​ក្រលៀន ឬ​តម្រងនោម បង្កើន​គ្រោះថ្នាក់​នៃ​ការ​កើត​ជំងឺ​បេះដូង អាច​បង្ក​ឱ្យ​ប៉ះពាល់​ទៅដល់​សរសៃ​ប្រសាទ និង​ដាច់​សរសៃ​ឈាម​ក្នុង​ខ្លួន។

អង្គការ​សុខភាព​ពិភពលោក​បាន​ប៉ាន់​ប្រមាណ​ថា តទៅ​មុខ ជំងឺ​ទឹកនោមផ្អែម​នឹង​ក្លាយ​ទៅ​ជា​ប្រភព​ដ៏​ចម្បង​មួយ​ដែល​ធ្វើ​ឱ្យ​មនុស្ស​រាប់​លាន​នាក់​ស្លាប់​ជា​រៀង​រាល់​ឆ្នាំ​នៅ​ទូទាំង​ពិភពលោក។

ផ្អែក​លើ​ការ​អង្កេត​ថ្នាក់​ជាតិ​ដែល​ធ្វើឡើង​នៅ​រាល់ ៥​ឆ្នាំ​ម្ដង​បង្ហាញ​ថា នៅ​ប្រទេស​កម្ពុជា ចំនួន​ពលរដ្ឋ​ដែល​កើត​ជំងឺ​នេះ នឹង​កើន​ឡើង​ដល់​ជិត ៣​សែន ២​ម៉ឺន​នាក់ នៅ​ឆ្នាំ​២០៣០៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។